Friday, January 21, 2011

រដ្ឋមន្ត្រី​កសិកម្ម​គាំទ្រ​ការ​បង្កាត់​និង​ផ្សព្វផ្សាយ​ពូជ​ត្រីNISHIKI_KOI របស់​ជប៉ុន​នៅ​កម្ពុជា

ភ្នំពេញ ៖ ដោយ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​សមាគម​ចិញ្ចឹម​ត្រី NISHIKI_KOI របស់​ប្រទេស​ជប៉ុន ដែល​មាន​បំណង​នាំ​យក​ពូជ​ត្រី​ទឹក​សាប​ដែល​មាន​ឈ្មោះ NISHIKI_KOI មក​ធ្វើ​ការ​បង្កាត់​ពូជ និង​ផ្សព្វផ្សាយ​នៅ​ប្រទេស​កម្ពុជា​នោះ ឯកឧត្តម បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ​បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​គោល​បំណង​ដ៏​ល្អ​នេះ ដោយ​បាន​ស្នើ​​ឱ្យ​មាន​ការ​ពិភាក្សា​គ្នា​ឱ្យ​បាន​លំអិត​ថែម​ទៀត រវាង​លោក ណៅ ធួក ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល ដើម្បី​ឈាន​ទៅ​ដល់​ការ​អនុវត្ត​ជាក់​ស្តែង​ទៅ​តាម​ទិដ្ឋភាព​ច្បាប់ និង​បច្ចេក​ទេស​នោះ ។
យោងតាមមន្ត្រី​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​ឱ្យ​ដឹង​ថា នៅ​ក្នុង​ពេល​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ ក្រុម​បេសកកម្ម​សមាគម​ចិញ្ចឹម​ត្រី​នៃ​ប្រទេស​ជប៉ុន ដឹកនាំដោយលោក KAZUKI NISHIMURA ចូលជួបសំដែងការ គួរសម និង ពិភាក្សាការងារនៅទីស្តីការក្រសួងកាល ពី​ពេល​កន្លងទៅ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ពី​សភាព​ការណ៍​រួម​នៃ​វិស័យ​កសិកម្ម​របស់​ប្រទេស​កម្ពុជា ដែលរាជរដ្ឋាភិបាល​ក្រោមការ​ដឹកនាំ​ដ៏ឈ្លាសវៃ​របស់​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន បាន​ចាត់​ទុក​ជា​វិស័យ​អាទិភាព​នាំមុខ និង​ជា​ចលករ​ជម្រុញ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ផ្សេង​ទៀត នៅ​ក្នុង​យុទ្ធសាស្ត្រ​ធ្វើ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ ការអភិវឌ្ឍ​សង្គម និង ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ផង​ដែរ ។

នៅក្នុង​ជំនួប​នោះ លោក KAZUKI NISHIMURA បាន​លើក​ឡើង​នូវ​គោល​បំណង​របស់​សមាគម​ចិញ្ចឹម​ត្រី ប្រទេស​ជប៉ុន ចំពោះ​ការ​នាំ​យក​ពូជ​ត្រី NISHIKI_KOI មក​ធ្វើ​ការ​បង្កាត់ និង ផ្សព្វផ្សាយ​នៅ​ប្រទេស​កម្ពុជា ព្រោះថា​ប្រភេទត្រី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​តាម​លក្ខណៈ​បច្ចេកទេស​DNAដែល​ជា​ប្រភេទ​ត្រី​លម្អ​ផង និង​ជា​ប្រភេទ​ត្រី​ដែល​មាន​រស់​ជាតិ​ឆ្ងាញ់​សម្រាប់​ធ្វើ​ម្ហូប​អាហារ​ផងដែរ ។ លោក KAZUKI NISHIMURA បានអះអាង​ថា ប្រសិន​បើ​ទទួល​បាន​ការ អនុញ្ញាត​ពីក្រសួងកសិកម្ម​នោះ សមាគម​ចិញ្ចឹមត្រី​ប្រទេសជប៉ុន​នឹងនាំ​ពូជត្រី NISHIKI_KOI មកធ្វើការ​បង្កាត់ និង ផ្សព្វផ្សាយ ហើយ​កម្ពុជា​នឹង​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ប្រទេស​ទី​១​ដែល​ជា​គោល​ដៅ​របស់​ប្រទេស​ជប៉ុន​ជ្រើសរើស ដោយ​ផ្នែក លើ​ទំនាក់ទំនង​មិត្តភាព​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ជាតិ និង ប្រជាជននោះ៕
ស្នាយពល

No comments:

Post a Comment