Tuesday, December 28, 2010

ឯកឧត្តម​បណ្ឌិត សុខ អាន ទទួលជួប​ឯកអគ្គ​រដ្ឋទូត​សហភាពមីយ៉ាន់ម៉ា​ ដែលនឹង​​ត្រូវ​បញ្ចប់​បេសកកម្មការទូត​នៅ​កម្ពុជា​


 ឯកឧត្តម​ អ៊ុយ វិនសេន (U Win Shein) ឯកអគ្គរដ្ឋទូត​នៃ​សហភាព ​មីយ៉ាន់​ម៉ា​បាន ​ចូល​ជួប​ សម្តែង​ការ​គួសម​ និង​ជម្រាប​លា​ឯកឧត្តម​បណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការ​គណៈរដ្ឋមន្ត្រី​ នាព្រឹក​ថ្ងៃទី២៨ ខែ​ធ្នូ ឆ្នាំ​២០១០ នៅទីស្តីការ​គណៈរដ្ឋមន្រ្តី​ ក្នុង​ឱកាស​ដែល​ ឯកឧត្តម​នឹង​ត្រូវ​បញ្ចប់​បេសកកម្ម​ការទូត​នៅ​ព្រះរាជាណាចក្រកម្ពុជា​។​

 ជាមួយ​នឹង​ការ​សម្តែង​អំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​​ផ្តល់​ការ​គាំទ្រ​ និង​ជួយ​សម្រួល ​បេសកកម្ម​ការ​ទូត​របស់​សហភាព​មីយ៉ាន់​ម៉ា​នៅ​ព្រះរាជាណាចក្រកម្ពុជា​បាន​ល្អ​ប្រសើ​រ។​​ ឯកឧត្តម​ អ៊ុយ វិនសេន (U Win Shein) បាន​មាន​ប្រសាសន៍​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​ការ​រី​កចំរើន​នៃ​ទំនាក់​ទំនង ​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​ពីរ​ មីយ៉ាន់ម៉ា-កម្ពុជា​។ ឯកឧត្តម​ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា​ បាន​មាន ​ប្រសាសន៍​​ឲ្យ​ដឹង​​ថា ភាគី​សហភាពមីយ៉ាន់ម៉ា​បាន​ និង​កំពុង​តែ​ជម្រុញ​ការ​អនុវត្ត​នូវ​ កិច្ច​ព្រម​ព្រៀង​ សហប្រតិបត្តិការ​​រវាង​ប្រទេស​ទាំង​ពីរ​ ជា​ពិសេស​កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ​លើ​វិស័យទេសចរណ៍​ និង​សេវាកម្ម​ទេស​ចរណ៍​ ដែល​​នៅ​ក្នុង​ខែ​ មករា ​ខាងមុខ​នេះ​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​ នៃ​សហភាព មីយ៉ាន់ម៉ា​នឹង​មក​បំពេញទស្សនកិច្ច​ចូល​រួម​ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន​នារាជធានី​ភ្នំពេញ​។
 ឯកឧត្តម​បណ្ឌិត សុខ អាន​ ​បាន​មាន​ប្រសាសន៍​ស្វាគមន៍​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ ឯកឧត្តម​​ឯកអគ្គរដ្ឋ ទូត​សហភាពមីយ៉ាន់ម៉ា​ ដែល​បាន​ជួយ​ជម្រុញ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ កម្ពុជា-មីយ៉ាន់ម៉ា​ឲ្យ​ដំណើរ​ការ​បាន​ល្អ​ ជាពិសេស​គឺ​ការ​រៀបចំឲ្យ​មាន​វត្តមាន​ឯកឧត្តម ថេន សេន (H.E.U Gen. Thein Sein) នាយករដ្ឋមន្រ្តី​មីយ៉ាន់ម៉ា​ ក្នុង​កិច្ច​ប្រជុំ CLMV និង ACMECS ​នៅ​រាជធានី​ភ្នំពេញ​នាពេល​កន្លង​មកនេះ​។​

  ឯកឧត្តម​បណ្ឌិតឧបនាយករដ្ឋមន្រ្តី​ បាន​ចាត់ទុក​ការជម្រុញ​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​ និង​ សេវាកម្ម​​ អាកាសចរណ៍​ដោយ​ត្រង់​​រវាង​ប្រទេស​ទាំង​ពីរ​​ គឺ​ជា​ចំនុច​សំខាន់​នៃ​ការ​បង្កើន​ កិច្ច​ សហប្រតិបត្តិការ ​សេដ្ឋកិច្ច​កម្ពុជា-មីយ៉ាន់ម៉ា​។ ឯកឧត្តម​បណ្ឌិត សុខ អាន បានជម្រាប​ឯកអគ្គរដ្ឋទូត​ សហភាពមីយ៉ាន់ម៉ាថា ប្រតិភូ​សភាពាណិជ្ជកម្ម​កម្ពុជា​ នឹងទៅទស្សនកិច្ច​នៅ​​សហភាព​មីយ៉ាន់ម៉ា​ នាពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ដើម្បី​ពិនិត្យអំពី​​ឱកាស​វិនិយោគទុន​ និង​ជម្រុញ​សហប្រតិបត្តិការ ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។


 ឯកឧត្តម​បណ្ឌិត សុខ អាន បាន​ថ្លែង​អំណរគុណ​ចំពោះ​រដ្ឋាភិបាល​​សហភាពមីយ៉ាន់ម៉ា​ ដែល​បាន​ ផ្តល់​ជំនួយ​ដល់​កម្ពុជា​នា​ពេល​កន្លង​មក​ ពិសេស​ផ្តល់​អាហារូបករណ៍​រយៈពេល​វែង​ដល់​សមណនិស្សិត​ កម្ពុជា​ ៥៨ អង្គ​ និង​បាន​មាន​ប្រសាសន៍​ស្វាគមន៍​ដល់​ដំណើរ​ការ​ នៃ​ការ​អនុវត្តនូវ​គោល​នយោបាយ​ ៧ ចំនុច​ដោយ​ប្រជាជន​មីយ៉ាន់ម៉ា​ ដើម្បី​កសាង​​មីយ៉ាន់​ម៉ា​ជា​ប្រទេស​ទំនើប​ និង​ប្រជាធិបតេយ្យ​​។

បើកការដ្ឋានស្ពានអាកាសស្តុបពេទ្យ លោកសង្ឃនៅថ្ងៃស្អែក


គំរោងស្ពានអាកាសស្តុបពេទ្យលោកសង្ឃ  នឹង បើកការដ្ឋានថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១០ ស្អែកនេះ  ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា ។
ព័ត៌មានអំពីគំរោងដែលបានចេញផ្សាយ ដោយសាលាក្រុងភ្នំពេញ។

• គំរោង ៖ ស្ពានអាកាសស្តុបពេទ្យលោកសង្ឃ 
• ទីតាំងស្ពាន ៖ ស្ថិតក្នុង ខណ្ខទួលគោក ខណ្ឌសែនសុខ រាជធានីភ្នំពេញ 
• ម្ចាស់គំរោង ៖ សាលារាជធានី 
• ក្រុមហ៊ុនម៉ៅការសាងសង់ ៖ ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា 
• លក្ខណៈពិសេសរបស់ស្ពាន ៖ ស្ពាននេះគឺស្ថិតនៅលើបណ្តោយមហាវិថីសហព័ន្ធរុស្សី ដោយមានបែកខ្នែងភា្ជប់​ទៅវិថិកម្ពុជាក្រោម ជាស្ពានបេតុង ព្រមទាំងបង្កាន់ដៃសង្ខាងកំពស់១,០៨ម៉ែត្រ ដែលស្ថាបនា ឡើងដោយមាន​សួនច្បារនៅពីខាងក្រោមស្ពាន ។ 
• ល្បឿនសុវត្ថិភាព ៖ ៥៥គីឡូម៉ែត្រក្នុងមួយម៉ោង 
• រយៈពេលសាងសង់ ៖ ១៣ខែ 
• ទឹកប្រាក់នឹងត្រូវចំនាយ ៖ ៨,៧០៥,៨០៨$ ដុល្លាសហរដ្ឋអាមេរិក

///  អំពីស្ពានលើដងមហាវិថីសហព័ន្ធរុស្សី
• ប្រវែង៣៤៥ម៉ែត្រ ទទឹង១៥,២០ម៉ែត្រ 
• អាចចរាចរទ្វេរទិស មាន២ខ្សែសំរាប់រថយន្តទៅ និង២ខ្សែមក ជាមួយនឹងរបាំងបេតុងបែងចែកទ្រូងស្ពាន 
• ជំរាល ៥,៧ភាគរយ 
• សសរស្ពានមានចំនួន៩ គំលាតពីសសរនីមួយៗ ប្រវែង២០ម៉ែត្រ និង ៣០ម៉ែត្រ 
• កំពស់សុវត្ថិភាពក្រោមស្ពានត្រង់ចំនុចប្រសព្វផ្លូវ ២៧១ ៥៩៨ និងវិថិកម្ពុជាក្រោម គឺ ៥,៥០ម៉ែត្រ
///  អំពីស្ពានលើដងវិថីកម្ពុជាក្រោម
• ប្រវែង១៦០ម៉ែត្រ ទទឹង៦,៥០ម៉ែត្រ 
• ជាស្ពានឯកទិស ចរាចរក្នុងទិសដៅចុះពីស្ពានធំទៅវិថិកម្ពុជាក្រោម ដែលមាន១ខ្សែសំរាប់រថយន្ត ១ខ្សែសំរាប់ម៉ូតូ 
• ជំរាល ៥,៧ភាគរយ 
• សសរស្ពានមានចំនួន៩ គំលាតពីសសរនីមួយៗ ប្រវែង២០ម៉ែត្រ និង ៣០ម៉ែត្រ 
• កំពស់សុវត្ថិភាពក្រោមស្ពានត្រង់ចំនុចប្រសព្វមហាវិថីសហព័ន្ធរុស្សីនិង វិថីកម្ពុជាក្រោម គឺ ៥,៥០ម៉ែត្រ

លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី អះ​អា​ពី​កំណើន​សេដ្ឋកិច្ច​និង​កាត់បន្ថយ​ភាពក្រីក្រ​

ក្រសួង​អភិវឌ្ឍន៍​ជនបទ​ជា​ក្បាលម៉ាស៊ីន​រថភ្លើង​ក្នុង​ការជំរុញ​ឱ្យមាន​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ស្ទុះ​ទៅ​មុខ​ដោយ​ធ្វើ​ការអភិវឌ្ឍន៍​វិស័យ​ចំរុះ​នៅ​មូលដ្ឋាន ​។ លោក​ឧបនាយករដ្ឋមន្ត្រី​យឹម ឆៃលី ទទួលបន្ទុក​ការអភិវឌ្ឍន៍​ជនបទ​បាន​មានប្រសាសន៍​បែបនេះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ​ខែ​ធ្នូ ឆ្នាំ​២០១០​នេះ នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ ​និង​ទិសដៅ​ការងារ​ឆ្នាំ​២០១១ ​នៃ​ក្រសួង​អភិវឌ្ឍន៍​នៅ​ឯ​សាលសន្និសីទ​ចតុមុខ​ ។​

​លោក​យឹម ឆៃលី​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ធ្វើ​ការកាត់បន្ថយ ភាពក្រីក្រ​ឲ្យ​ចុះពី​ ៣៧ភាគរយ​ នៅ​ឆ្នា​២០០៤ មក​នៅត្រឹម ​៣៥ភាគរយ ​នៅ​ឆ្នាំ​២០០៧ ​និង​២៧ភាគរយ នៅ​ឆ្នាំ​២០០៩ ​។ នៅ​ឆ្នាំ​២០១០​នេះ​គេ​ប៉ាន់ប្រមាណ​ថា​អត្រា​អ្នក​រស់នៅ​ក្រោម​បន្ទាត់​ភាព ក្រីក្រ​ចុះ​មក​នៅត្រឹម​ប្រមាណ​ជា ២៦,៤​ភាគរយ​។ លោក​ឧបនាយករដ្ឋមន្ត្រី​បន្តថា​នៅ​ឆ្នាំ​២០១០ នេះ​កំណើនសេដ្ឋកិច្ច​ប្រទេស​កម្ពុជា​មាន​ការកើនឡើង​ចំនួន​៥​ភាគរយ​បាន​មក​ពី​វិស័យ​កាត់ដេរ​និង វិស័យ​ទេសចរណ៍​ប៉ុន្តែ​ចំពោះ​វិស័យ​សំណង់​ធំៗ​នៅ​កម្ពុជា​នៅ​ពុំទាន់​មានការ​ងើបឡើង​នៅឡើយ​ទេ​បន្ទាប់​ពី​មាន​វិបត្តិ​សេដ្ឋកិច្ច​ចាប់តាំងពី​ឆ្នាំ​២០០៨ ​និង​ឆ្នាំ​២០០៩​មក​នោះ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​យឹម​ ឆៃលី ​ក៍​បាន​មានប្រសាសន៍​បន្ត​ទៀតថាៈ​នៅ​ក្នុង​ឆ្នាំ​២០១០​នេះ​កសិករ​​ផលិត​ស្រូវ​ទទួលបាន​ទិន្នផល​ចំនួន​ ៧,៩​លាន​តោន​ លើសឆ្នាំមុន​ចំនួន ៣,៨លាន​តោន​ សម្រាប់​ផលិត​ជា​អង្ករ​នាំទៅ​លក់​នៅ​ទីផ្សារ​បរទេស​ ៕

អនុប្រធាន​សភា​វៀតណាម​សន្យា​ជំរុញ​វិនិយោគិន​ឲ្យមក​វិនិយោគនៅ​កម្ពុជា​កាន់តែច្រើន​

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា លោក​ង្វៀន ឌឹ​កគៀន អនុប្រធាន​រដ្ឋសភា​វៀតណាម​បាន​មាន ប្រសាសន៍ថា​លោក​ពេញចិត្ត​ដោយ​ឃើញ​ក្រុមហ៊ុន​វៀតណាម​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ដូចជា​វិស័យ​ថាមពល រ៉ែ និង​កសិកម្ម​។​តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​លោក​នឹង​ខិតខំ​ជំរុញ​បន្ថែមទៀត ដើម្បី​ឱ្យ​អ្នក​វិនិយោគទុន​វៀតណាម​មក​វិនិយោគ​នៅ​កម្ពុជា​ឱ្យបាន​កាន់តែ​ច្រើន​។​

​    ​លោក​សង្ឃឹមថា​កម្ពុជា​និង​វៀតណាម​នឹង​ពន្លឿន​ការបោះបង្គោល​ព្រំដែន​ឱ្យបាន​មុន​ឆ្នាំ​២០១២​ហើយ​បន្ទាប់មក​នឹង​ចរចា​ព្រំដែន​សមុទ្រ​ទៀត​ដើម្បី​ទៅ​ថ្ងៃ​អនាគត​បង្កើត​ព្រំដែន​សមុទ្រ​និង​ព្រំដែន​គោក មួយ​ប្រកបដោយ​សន្តិភាព មិត្តភាព សហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​សម្រាប់​ជា​ប្រយោជន៍​ដល់ ប្រជាជន​ទាំង​ពីរ​។​
​    ​លោក​អនុប្រធាន​រដ្ឋសភា​វៀតណាម​បាន​មាន​ប្រសា​ន៍​ដូច្នេះ​ក្នុង​ពេល​លោក​បាន​ដឹកនាំ​គណៈប្រតិភូ​រដ្ឋសភា​វៀតណាម​ចូល​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា​កាលពី​ថ្ងៃ​២៧​ខែ​ធ្នូ​ឆ្នាំ ២០១០​នៅឯ​វិមាន​រដ្ឋ​សភា​។​

​សម្តេច​ហេង សំរិន​បាន​ជម្រាប​គណៈប្រតិភូ​វៀតណាម​ថា​កម្ពុជា​ពេញចិត្ត​ចំពោះ​ការកើនឡើង​ក្នុង ការផ្លាស់ប្តូរ​ផ្នែក​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ហើយ​បាន​អំពាវនាវ​បន្ត​ពង្រីក​ការងារ​វិនិយោគ ទេសចរណ៍​សេដ្ឋកិច្ច​ដើម្បី​ជា​ប្រយោជន៍​ទៅវិញទៅមក​រវាង​រដ្ឋាភិបាល​និង​ប្រជាជន ប្រទេស​ទាំង​ពីរ​។​

​ចំណែក​ស្ថាប័ន​នីតិប្បញ្ញតិ​ប្រទេស​ទាំង​ពីរ មាន​ការផ្លាស់ប្តូ​រទស្ស​ន​កិច្ច​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ថ្នាក់​គណៈកម្មការ​ជំនាញ ក្រុម​មិត្តភាព​សភា និង​ថ្នាក់​អគ្គលេខាធិការដ្ឋាន​។ សម្តេច ហេង សំរិន ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋសភា រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម ដែល​តែងតែ​ផ្ដល់​នូវ​ការគាំទ្រ​និង​កិច្ចសហប្រតិបត្តិការ​ល្អ​ដល់​រដ្ឋសភា រាជរដ្ឋាភិបាល​និង​ប្រជាជនកម្ពុជា​ក្នុង​ការលើកកម្ពស់​ស្ថាប័ន​នីតិប្បញ្ញត្តិ​និតិប្រតិបត្តិ​ជាពិសេស​ក្នុង​ដំណើរការ​ពង្រឹង​សុខសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​៕

ប្រទេស​បង់​ក្លា​ដេស​ត្រូវ​ការ​អង្ករ​ពី​កម្ពុជា​ចំនួន​២០០ពាន់​តោន​នាពេលឆាប់ៗនេះ


(​រូបថត ​សារ៉ាយ​)

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ហោ ណាំ​ហុង​ បាន​ជួប​ពិភាក្សា​ការ​ងារ​ជា​ផ្លូវ​ការ​ជាមួយ​សម​ភាគី​របស់​​លោក​ គឺ​លោក​ជំទាវ​បណ្ឌិត​ Dipu Moni រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​បង់​ក្លា​ដេស​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ធ្នូ។ 
លទ្ធ​ផល​នៃ​ជំនួប​នោះ​យោង​តាម​​ប្រសាសន៍​របស់​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​បាន​​ឱ្យ​ដឹង​ថា ប្រទេស​បង់​ក្លា​ដេស​ចង់​នាំ​ចូល​អង្ករ​​ពី​កម្ពុជា​ប្រមាណ​២០០​ពាន់​តោន​ក្នុង​ពេល​ឆាប់ៗ​នេះ​ ​ព្រម​ទាំង​មាន​បំណង​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាមួយ​គ្នា​ដើម្បី​ជំរុញ​ការ​វិនិយោគ​ដំណាំ​ស្រូវ​នៅ​កម្ពុជា​ផង​ដែរ​។ ទន្ទឹម​នោះ​ប្រទេស​បង់​ក្លា​ដេស​​ចង់​ឱ្យ​មាន​ការ​ព្រម​ព្រៀង​ និង​សហ​ប្រតិ​បត្តិ​ការ​លើ​វិស័យ​​វប្ប​ធម៌​ និង​កិច្ច​ការ​អន្តរ​ជាតិ​ និង​វិស័យ​ផ្សេង​ៗ​ទៀត​សំដៅ​ពង្រឹង​​ទំនាក់​ទំនង​ការ​ទូតឱ្យ​​កាន់​តែ​រឹង​មាំ​បង្ក​លទ្ធ​ភាព​ដល់​អ្នក​វិនិ​យោគ​មក​បណ្តាក់​ទុន​នៅ​កម្ពុជា​។
​ពាក់​ព័ន្ធ​ការ​នាំ​អង្ករ​ចេញ​ពី​កម្ពុជា​ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​​បញ្ជាក់​ថា​​ បង់​ក្លា​ដេស​ក៏​មាន​គំរោង​នឹង​ដាក់​វិនិ​យោគ​យក​គ្រឿង​ចក្រ​ទំនើបៗ​មក​កម្ពុជា​ផលិត​ជា​អង្ករ​ដែល​មាន​គុណ​ភាព​ស្រប​តាម​និយាម​ការ​អន្តរ​ជាតិ​។ រី​ឯ​កម្ពុជា​យើង​ក៏​ខិត​ខំ​ប្រឹង​ប្រែង​ផលិត​ស្រូវ​ឱ្យ​បាន​ច្រើន​បំពេញ​តំរូវ​ការ​បណ្តា​ប្រទេស​ដែល​​ត្រូវ​ការ​​ផង​ដែរ​។ ឆ្លង​តាម​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​លោក​ជំទាវ​រដ្ឋ​មន្ត្រី​ការ​បរទេស​បង់​ក្លា​ដេស​នា​ពេល​នេះ​ គេ​រំពឹង​ថា ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ​​​កាន់​តែ​​ល្អ​ប្រសើរ​៕     

ពិធី​ចុះ​ហត្ថ​លេខា​រវាង​ក្រុម​ហ៊ុន​ណឹម ម៉េង​គ្រុប និង​ក្រុម​ហ៊ុន​ហុង ទុង ចុះ​កិច្ច​ព្រម​ព្រៀង​​ធ្វើ​អាជីវ​កម្ម​រ៉ែរួម​គ្នា

ក្រុម​ហ៊ុន​ណឹម ម៉េង​គ្រុប អិល​ធីឌី បាន​ចុះ​ហត្ថ​លេខា​ជា​មួយ​ក្រុម​ហ៊ុន​ហុង ទុង នៃ​សាធា​រណ​រដ្ឋ​ប្រជា​មានិត​ចិន កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​ធ្នូ នៅ​លើ​កិច្ច​ព្រម​ព្រៀង​ធ្វើ​អាជីវ​កម្ម​រ៉ែ​រួម​គ្នា​នៅ​ស្រុក​ជីក្រែង ខេត្ត​សៀម​រាប។ ពិធី​ចុះ​ហត្ថ​លេខា​នេះ​បាន​រៀបចំ​ឡើង​នៅ​ទីបញ្ជា​ការ​ដ្ឋាន​​អង្គ​រក្ស (តាខ្មៅ ខេត្ត​កណ្តាល) រវាង​លោក​ជំទាវ ឡាយ ស៊ីនាង ណឹម ម៉េង អគ្គ​​នាយិកា​​ក្រុម​ហ៊ុន​ណឹម ម៉េង​គ្រុប និង​លោក​ធិន តុង​ហ្គ័រ នាយក​ក្រុម​ហ៊ុន​ហុង ទុង ក្រោម​អធិ​បតី​ភាព​លោក​នាយ​ឧត្តម​សេនីយ៍ ហ៊ីង ប៊ុន​ហៀង ទីប្រឹក្សា​ផ្ទាល់​សម្តេច​​តេជោ ហ៊ុន សែន និង​ជា​អគ្គ​មេបញ្ជា​ការ​រង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ និង​លោក​សួន សុធី អគ្គ​លេខា​ធិការ​គណៈ​កម្មាធិ​ការ​អភិ​វឌ្ឍន៍​កម្ពុជា។

លោក​ណឹម ម៉េង ថ្លែង​ថា ដើម្បី​ចូល​រួម​អភិ​វឌ្ឍន៍​ប្រកប​ទៅ​ដោយ​ចីរ​ភាព និង​និរន្តរ​ភាព ក្នុង​ន័យ​បង្កើន​ប្រសិទ្ធ​ភាព​នូវ​សក្តានុ​ពល​នៃ​ធន​ធាន​រ៉ែ​របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​ដោយ​ប្រតិ​បត្តិ​តាម​គោល​នយោ​បាយ​យុទ្ធ​សាស្ត្រ​ចតុ​កោណ​ដំណាក់​កាល​ទី​២ របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ដែល​មាន​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ជា​​ប្រមុខ​ដឹក​នាំ​ដ៏​ឆ្នើម ពោរ​ពេញ​ទៅ​ដោយ​បញ្ញា​ញាណ​បាន​កសាង​មាតុ​ភូមិ​កម្ពុជា​ពី​គំនរ​ផេះ​ផង់​ ពី​បាត​ដៃ​ទទេ ដែល​បាន​បន្សល់​ទុក​ពី​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ ប៉ុល ពត ពី​ឆ្នាំ​១៩៧៩​មក ធ្វើ​ឱ្យ​មាន​ស្ថិរ​ភាព​នយោ​បាយ និង​អភិ​វឌ្ឍន៍​ឥត​ឈប់​ឈរ​លើ​គ្រប់​វិស័យ​ជា​រៀង​រហូត​មក​ដល់​សព្វ​ថ្ងៃ។
លោក​​ថ្លែង​ទៀត​ថា ដោយ​ផ្តើម​ចេញ​ពី​ជំនឿ​ជឿ​ជាក់ និង​ទុក​ចិត្ត​យ៉ាង​មុត​មាំ​លើ​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ ប៉ិន​ប្រសប់​របស់​រាជ​រដ្ឋា​ភិបាល​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​កម្ពុជា​បាន​ធ្វើ​សមាហរណ​កម្ម​ចូល​ទៅ​ក្នុង​ប្រទេស​ក្នុង​តំបន់ និង​ពិភព​លោក​ដោយ​ចាប់​យក​ដៃគូ​ អ្នក​វិនិ​យោគ​មក​ធ្វើ​វិនិ​យោគ​យ៉ាង​ច្រើន​លើ​គ្រប់​វិស័យ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដូច​ជា​វិស័យ​ទេស​ចរណ៍ វាយន​ភណ្ឌ កាត់​ដេរ អគ្គិ​សនី។ល។ ពិសេស​វិស័យ​ធន​ធាន​រ៉ែ ដែល​សព្វ​ថ្ងៃ​ក្រុម​ហ៊ុន​ណឹម ម៉េង​គ្រុប និង​ក្រុម​ហ៊ុន​ហុង ទុង នៃ​សាធា​រណ​រដ្ឋ​ប្រជា​មានិត​ចិន​បាន​និង​កំពុង​សហ​ការ​គ្នា​យ៉ាង​ស្អិត​រមួត ដើម្បី​បំរើ​ឱ្យ​សេវា​នេះ​ដំណើរ​ការ​ទៅ​បាន​ដោយ​រលូន និង​ជោគ​ជ័យ​ឆ្ពោះ​ទៅ​រក​ទិស​ដៅ​រួម​ចំណែក​កាត់​បន្ថយ​នូវ​ភាព​ក្រីក្រ​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា តាម​គោល​នយោ​បាយ​ប្រកប​ទៅ​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​របស់​រាជ​រដ្ឋា​ភិបាល ដែល​ជា​ចំណុច​វិជ្ជ​មាន​សំរាប់​ក្រុម​ហុ៊ន​យើង​ខ្ញុំ​ទាំង​២ ទទួល​បាន​នូវ​លទ្ធ​ផល​ជា​ផ្លែ​ផ្កា​នៅ​ពេល​អនា​គត។
លោក​នាយ​ឧត្តម​សេនីយ៍ ហ៊ីង ប៊ុន​ហៀង បាន​មាន​ប្រសាសន៍​ថា ដោយ​ផ្តើម​ចេញ​ពី​ជំនឿ​ជឿ​ជាក់ និង​ទំនុក​ចិត្ត​យ៉ាង​មុត​មាំ​លើ​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋា​ភិបាល​​​ដែល​មាន​សម្តេច​តេជោ ហ៊ុន សែន ​ជា​ប្រមុខ​បាន​ធ្វើ​ឱ្យ​កម្ពុជា​ធ្វើ​សមា​ហរណ​កម្ម​ខ្លួន​ចូល​ក្នុង​តំបន់​ និង​ពិភព​លោក និង​បាន​ចាប់​យក​ដៃគូ​អ្នក​វិនិ​យោ​គិន​មក​ធ្វើ​វិនិ​យោគ​យ៉ាង​ច្រើន​លើ​គ្រប់​វិស័យ​ ដូច​ជា​វិស័យ​ទេស​ចរណ៍ វាយន​ភណ្ឌ​ កាត់​ដេរ អគ្គិ​សនី​ជា​ដើម។ ពិសេស​ធន​ធាន​រ៉ែ ដែល​សព្វ​ថ្ងៃ​ក្រុម​ហ៊ុន​ណឹម ម៉េង​គ្រុប និង​ក្រុម​ហ៊ុន​ហុង ទុង ប្រទេស​ចិន​បាន​និង​កំពុង​សហ​ការ​នាពេល​នេះ ដែល​ជា​ការ​សំដៅ​រួម​ចំណែក​កាត់​បន្ថយ​នូវ​ភាព​ក្រីក្រ​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ តាម​គោល​នយោ​បាយ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា៕

ក្រសួងការ​បរទេស​​កម្ពុជា​បាន​ផ្ញើ​កំណត់​ការទូត​​ទៅកាន់​ប្រទេស​ឡាវ បន្ទាប់​ពី​​​ស្តី​​បន្ទោស​​ធ្ងន់ៗ​​ទៅកាន់​ប្រទេស​ថៃ​ពីការបាញ់​​សម្លាប់​​ ​ពលរដ្ឋ​ខ្មែរ

ប្រទេស​​កម្ពុជា​បាន​​ផ្ញើ​កំណត់​​​ទូត​ទៅក្រសួង​ការ​បរទេស​ឡាវ ដោយ​​ចាត់ទុក​​​ការ​​បាញ់​សម្លាប់​​​ពលរដ្ឋ​​ខ្មែរពីសំណាក់​​ទាហាន​​ព្រំដែនឡាវថា ជា​អំពើ​​រំលោភ​​គោល​​ការណ៍​​មនុស្ស​ធម៌ និង​ច្បាប់​​អន្តរជាតិ ​និងជា​ការ​​រំលោភ​​លើគោលការណ៍​​នៃ​ភាពជា​អ្នក​​ជិត​ខាង​ល្អ​​រវាង​​ប្រទេស​​ទាំង​២ ។ នេះបើ​តាម​ការ​បញ្ជាក់​ប្រាប់​​តាមទូរស័ព្ទ​​ពីសំណាក់​លោក​កុយ​ គួង ​​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​​កម្ពុជា នៅព្រឹកថ្ងៃ​​អង្គារ ទី​​​២៨ ធ្នូ ២០១០ ។ 
ការថ្លែង​​របស់លោក​កុយ គួង យ៉ាង​ដូច្នេះ​ ធ្វើ​ឡើង​​បន្ទាប់ពីប្រជាពលរដ្ឋ​​ខ្មែរ​ម្នាក់​ឈ្មោះ​​​ថាន់ ​សារ៉ាត់ ​ភេទ​ប្រុស អាយុ​​​៤៦​ឆ្នាំ ​រស់​នៅ​ក្នុង​​​ភូមិ​​ដូង ឃុំ​ដូង ​ស្រុករមា​ស​ហែក ​ខេត្ត​ស្វាយ​រៀង​ ត្រូវបាន​ទាហានឡាវ​បាញ់សម្លាប់​​​ក្នុងព្រៃ ខណៈ​​ពេលដែល​បុរស​រូបនោះ​រួមជាមួយមិត្ត​ភក្តិ​​ម្នាក់ទៀត​បាន​​​ទៅ​កាប់ឈើ​​​កាលពីយប់ថ្ងៃទី​​២២​ធ្នូ កន្លង​មក ​។ លោក​កុយ គួង បានស្រង់​អត្ថ​ន័យ​​ក្នុង​កំណត់​ទូត​ផ្ញើ​ជូន​ទៅក្រសួង​ការបរទេស​ឡាវ កាលពីពេលថ្មីៗ​​នេះ ដោយ​បន្ត​ថា ជន​រង​គ្រោះ​​ដែលស្លាប់​​ និងមិត្ត​ភក្តិ​​របស់គេ​នោះ មិន​បាន​ដឹង​ថា ទឹកដីដែល​ពួកគេ​​ចូលនោះ​ជាទឹក​ដី​​របស់ឡាវនោះទេ ។ ​ដូច្នេះ​ការបាញ់រះ​​ទៅលើ​ប្រជាពលរដ្ឋ​​បណ្តាល​ឱ្យ​​​ឈ្មោះ​​ថាន់ សារ៉ាត់ ​​ស្លាប់​នោះ ​គឺជា​អំពើ​រំលោភ​​លើ​គោលការណ៍​​​មនុស្ស​​ធម៌ និង​​ច្បាប់​​អន្តរជាតិ ​និង​គោល​​​ការណ៍​នៃ​ភាពជា​អ្នកជិត​​ខាង​ល្អ​រវាង​ប្រទេស​ទាំង​២ ។ ​កំណត់​​ទូត​ក៏​បានស្នើ​​ឱ្យ​អាជ្ញា​​ធរ​ឡាវ​ធ្វើការ​ស៊ើប​អង្កេត​ និង​ចាប់​​ជនដៃ​ដល់​​​យកមក​ផ្តន្ទា​​ទោស​ផងដែរ ។
សូមរំលឹក​ឡើ​ងវិញថា លោក​ឧប​នា​យក​រដ្ឋ​មន្ត្រី​ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​​ការបរ​ទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​​បាន​មានប្រតិកម្ម​​​ខ្លាំង​ៗ​ថា ទង្វើ​របស់ប្រទេស​ថៃដែលបាន​បាញ់​សម្លាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ជា​បន្តបន្ទាប់ គឺបង្ហាញ​ឱ្យ​ឃើញ​ថា ប្រទេសមួយនេះមិនសមជា​​ប្រទេស​ស៊ីវិល័យមួយ​នោះឡើយ ។​ លោកឧប​នាយក​រដ្ឋ​​មន្ត្រី​​បានថ្លែង​ដូច្នេះ ក្នុង​ឱកាស​ជួប​ពិភាក្សា​ជា​មួយ​លោកជំទាវ​បណ្ឌិត Dipu Moni រដ្ឋមន្ត្រី​​ក្រសួង​ការ​បរ​ទេស​បង់ក្លាដេស​ កាលពី​ព្រឹក​ថ្ងៃទី២៧ ធ្នូ នៅ​​ទីស្តី​ការ​ក្រសួង​ការ​បរទេស​​ និង​សហប្រតិបត្តិការ​អន្តរជាតិ ។
លោក​ឧបនាយករដ្ឋ​មន្ត្រី​ហោ ណាំហុង ​មានប្រសាសន៍​ថា ថ្ងៃនេះ​ក្រសួង​ការ​បរទេស​​​ផ្ញើ​សារកំណត់ទូត​មួយទៅឱ្យ​ភាគីថៃ​ ក្នុងនោះ​យើង​បានប្រើ​ពាក្យ​ធ្ងន់ៗ​អំពីការ​ប្រើ​អំពើហិង្សា​​បាញ់សម្លាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ឆ្លងកាត់​ព្រំដែន​ជា​បន្ត​បន្ទាប់ ។ ​លោក​បានបញ្ជាក់​ថា ប្រជាពល​រដ្ឋ​រងគ្រោះ​ទាំងនោះ​គាត់មិន​បាន​ដឹងទេ អំពី​ព្រំដែន​​ជាក់លាក់​រវាងប្រទេស​ទាំងពីរ ។ ម្យ៉ាង​ទៀត ​​​ព្រៃ​​​ក្រាស់ពេកនៅតាមបណ្តោយព្រំ​ដែន​​​អាច​ធ្វើ​​ឱ្យ​​គាត់​មានការ​ភ័ន្ត​ច្រឡំ ឬ​វង្វេង​ដែល​បណ្តាល​ឱ្យ​ពេលខ្លះ​ចូលទឹកដី​ថៃដោយ​មិន​ដឹង​ខ្លួន ។ ​យ៉ាង​​ណា​ក៏​ដោយ​ចុះ​ ភាគី​ថៃត្រូវ​អនុវត្ត​តាម​ច្បាប់​អន្តរជាតិ​ដើម្បី​ឱ្យ​ស័ក្តិ​សម​ជាប្រទេស​ស៊ីវិល័យ​ ។
អាជ្ញាធរ​​ខ្មែរ​បាន​ឱ្យ​ដឹងថា ចាប់​តាំង​ពីអំឡុង​​ខែសីហា ឆ្នាំ​២០០៨ រហូត​មក​​ទល់​ពេល​នេះ នៅ​តាម​ព្រំដែន​ខ្មែរ-សៀម ចាប់ពី​ក្រុង​សំរោង រហូត​​ដល់​ស្រុក​ត្រពាំង​ប្រាសាទ​ ខេត្ត​ឧត្តរ​មានជ័យ មាន​ប្រជាពលរដ្ឋ​មិនតិច​ជាង​២០​នាក់ទេ ដែល​ត្រូវ​បាន​បាញ់​សម្លាប់​យ៉ាង​ព្រៃ​ផ្សៃ​ពី​សំណាក់​​ទាហាន​សៀម​​​ ក្រៅពី​នោះ​​បាត់​ខ្លួន​​ និងរងរបួស​​​ដោយ​សារ​តែ​លួច​ឆ្លង​​​ដែនចូល​​ទៅ​​ក្នុងទឹក​ដី​សៀម​ ដើម្បី​ស៊ីស្នួល​កាប់​ឈើ​គ្រញូង​យក​មក​​លក់​​ឱ្យ​​ឈ្មួញ​​ខ្មែរ​ ដែល​ករណី​ចុង​ក្រោយ​កើត​នៅថ្ងៃ​​ទី​២១ ខែធ្នូ កន្លង​ទៅ​ថ្មី​ៗ​នេះ  បណ្តាល​ឱ្យ​​បុរស២​​នាក់​​រស់​នៅ​ភូមិទួលចារ ស្រុក​ត្រពាំង​ ប្រាសាទ ​ស្លាប់​បាត់​បង់ជីវិត ៕

ផ្សព្វ​ផ្សាយ​​​សា​រា​ចរ​​ណែនាំ​​ស្តី​ពីការដោះស្រាយ​សំណង់​បណ្តោះ​អាសន្ន​លើ​ដីរដ្ឋ

 នៅ​សាលា​រាជធានី​នា​ព្រឹកថ្ងៃទី២៧ ធ្នូ ២០១០ មាន​រៀប​ចំ​​បើក​សិក្ខា​សាលា​ ដើម្បី​ផ្សព្វ​ផ្សាយ​សារា​ចរ​ណែ​នាំ​របស់​​រាជរដ្ឋាភិបាល​ស្តីពី​ការ​ដោះ​ស្រាយ​សំណង់​បណ្តោះ​អាសន្ន​លើ​ដីរដ្ឋ​ដែលត្រូវ​បាន​ទន្ទ្រាន​​​កាន់​កាប់​ដោយ​ខុស​ច្បាប់​នៅ​រាជ​​ធានី​ភ្នំពេញ ។ សិក្ខាសាលា​នេះ ធ្វើ​ឡើង​​ស្ថិតក្នុង​អធិបតី​​ភាពលោកទេស​រដ្ឋមន្ត្រី​​អ៊ឹម ​ឈុនលឹម ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូប​នីយ​កម្ម​​ និង​​សំណង់​ និងជា​ប្រធានក្រុម​ប្រឹក្សា​​គោលនយោ​បាយ​ដីធ្លី ដោយ​មានការចូលរួមពីលោកកែប ជុតិមា អភិបាល​រាជ​ធានី​ភ្នំពេញ ​​និង​មន្ត្រី​ពាក់ព័ន្ធ​ក្រោមឱវាទ​ជាច្រើនរូប​ទៀត ។


នៅ​ក្នុង​សារា​ចរ​ណែនាំ​របស់រាជរដ្ឋាភិបាល​ចុះថ្ងៃទី៣១ ឧសភា ២០១០ ដែលមានបោះ​ត្រា និង​ចុះ​ហត្ថលេខា​ដោយ​សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​​នៃព្រះរា​ជា​ណាចក្រ​កម្ពុជា​មានចំនួន៥​ទំព័រ ដោយមាន​ការដាក់ចុះ​នូវ​វិធានការ​ចំនួន៧​ធំៗ​ដែលកោះ​សន្តិភាព​សូមលើក​យកចំណុច​គោលៗ​ដោយមិន​​ដកស្រង់​ទាំងស្រុង​នោះទេ ។ ក្នុងនោះ​វិធាន​ការ​ទី១-​ការ​ស្រង់​ទិន្នន័យ​ជាក់​លាក់​អំពី​ចំនួនទី​តាំង​សំណង់​បណ្តោះ​អាសន្ន​ ទី២-​ការ​ធ្វើ​អត្ត​សញ្ញាណ​​កម្ម​ ការ​ធ្វើ​ផែនទី និង​ការ​ធ្វើ​ចំណាត់​ថ្នាក់​​ទីតាំង​​ដីដែល​សំណង់​បណ្តោះ​អាសន្នតាំង​នៅ​ ទី៣-​ការធ្វើ​​ជំរឿន​ចំនួន​គ្រួសារ​ និងប្រជា​ជន​ដែល​រស់នៅក្នុង​ទី​តាំង​បណ្តោះ​អាសន្ន​​ ទី៤-​ការ​ស្វែង​​រក​ដំណោះស្រាយ​​ ទី៥-ការ​ពិភាក្សា​​សំរបសំរួល​ ដើម្បីកំណត់គោលនយោ​បាយ​​ ទី៦-​គេហ​ដ្ឋាន​រចនាសម្ព័ន្ធ​​ និង​សេវា​សា​ធារណៈមូលដ្ឋាន​ចាំ​បាច់សំរាប់​គាំទ្រ​ដល់​ការ​រស់នៅ និង​ទី៧-​ការចូលរួម​របស់ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​អភិ 
វឌ្ឍន៍ ។
​លោកកែប ជុតិមា អភិបាល​រាជ​ធានីភ្នំពេញ​​បានលើកឡើងថា ក្រោមការដឹកនាំ​ប្រកប​ដោយ​ភាពឈ្លាសវៃ​​របស់សម្តេច​តេជោ ហ៊ុន សែន សាលា​រាជធានីភ្នំពេញបានខិតខំ​ធ្វើការ​អភិវឌ្ឍន៍​​ទី​ក្រុង​ឱ្យ​មានការរីកចំរើន​គួរ​ជាទីមោទនៈ​ ដោយ​​យើង​បានកសាងនូវ​សមិទ្ធ​ផល​ថ្មីៗ​ជាច្រើន​ដូចជា​ការអភិ​វឌ្ឍន៍​​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន ​ប្រឡាយ​​ លូ ស្ថានីយ​បូមទឹក បណ្តាញ​អគ្គិសនីបំភ្លឺ​សា​ធារណៈ ​បណ្តាញ​ទឹក​ស្អាត​ សួន ច្បារ និងសមិទ្ធ​ផល​ផ្សេងៗ​ទៀត ។ ការអភិ​វឌ្ឍន៍នេះ​ធ្វើឡើងក្នុងគោល​បំណង​បំរើ​សេចក្តី ​ត្រូវការ​ជូនប្រជា​ពលរដ្ឋ​ ព្រម​ទាំង​បានលើក​​កំពស់​គុណ​ភាពបរិស្ថាន និងសុខុមាល​ភាពឱ្យ​កាន់​តែ​ប្រសើ​រឡើង តាម​រយៈ​ការពង្រឹង​​សេវា​​សុខាភិបាល​​ ការ​កែលំអ​អនាម័យ​ចំណីអា​ហារ ​ការ​ទប់​ស្កាត់​សំណង់​បណ្តោះ​អាសន្ន បំបាត់​ការ​​ជួញដូរ​មនុស្ស អាជីវកម្ម​​លើ​មនុស្ស ​អាជីវកម្ម​​ផ្លូវ​ភេទលើស្ត្រី​ និងកុមារ លុប​បំបាត់​ល្បែង​ស៊ី​សង គ្រប់ប្រភេទ​​ជា​ដើម ។
នៅ​ក្នុង​ឱកាសនោះ​លោក​ទេស​រដ្ឋ​មន្ត្រី​​អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី នគរូប​នីយ​កម្ម និងសំណង់​ បាន​មានប្រសាសន៍​ថា សិក្ខា​​សាលា​នេះ​មានគោលបំណង​ផ្សព្វ​ផ្សាយ​​សារា​ចរណែនាំរបស់រាជរដ្ឋាភិបាល​​លេខ​០៣ ស្តី​ពីការ​​ដោះ​ស្រាយ​សំណង់​​បណ្តោះ​អាសន្ន​លើ​ដី​​របស់រដ្ឋ​ ដែលត្រូវ​​បានទន្រ្ទាន​កាន់កាប់​ដោយ​ខុស​​​ច្បាប់​​ និងក៏គឺដើម្បី​​ផ្តល់ការ​ប្រឹក្សា​បច្ចេក​ទេស​លំអិតដល់​អាជ្ញា​ធរ​ដែនដីគ្រប់ថ្នាក់​ដែលជា​សមត្ថ​កិច្ច​ស្នូល​ក្នុង​ការ​ដឹកនាំអនុវត្ត​សារាច​រ​នេះ ៕

ផ្សព្វ​ផ្សាយច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ដោយ​ដាក់​ប្រអប់​សំបុត្រ​ស

នៅ​សាល​មហោ​ស្រព​សីហ​មុនី​ក្រុង​កំពង់​ចាម កាលពីវេលាម៉ោង៨​និង​៣០នាទីព្រឹកថ្ងៃទី២៧ធ្នូ ២០១០​ បានរៀប​ចំ​កិច្ច​ប្រជុំផ្សព្វផ្សាយស្តីពីការប្រឆាំងអំពើពុករលួយ និងការប្រកាសទ្រព្យសម្បត្តិ និងបំណុល​ក្រោមអធិបតីភាពលោក ឆាយ សាវុធ អនុប្រធាន​អង្គភាពប្រឆាំងអំពើរពុករលួយ ។ ក្នុងឱកាសនោះមានវត្តមាន លោកអភិបាល​ខេត្ត និងអភិបាលរងខេត្ត មន្ត្រី​កងកំលាំង​ប្រដាប់អាវុធ​គ្រប់ប្រភេទ លោក​អភិបាល ស្រុក-ក្រុង និងប្រធានមន្ទីរ-អង្គភាព​ជុំវិញ​ខេត្ត សរុបជាង៤០០នាក់ ។ លោក ហ៊ុន ណេង អភិបាលខេត្តបាន​ថ្លែង​​ថា ច្បាប់ស្តីពីការប្រឆាំងអំពើ​ពុករលួយមាន​គោលបំណងលើកកំពស់​ប្រសិទ្ធភាពសេវា​គ្រប់​បែបយ៉ាងដើម្បី​ពង្រឹងអភិបាលកិច្ច និង​នីតិ​រដ្ឋនៅក្នុងការដឹកនាំ និងគ្រប់គ្រងរដ្ឋ ព្រម​ទាំង​រក្សានូវភាពស្អាតស្អំ និងយុត្តិធម៌ដែល​ជា​មូល​ដ្ឋានចាំបាច់ក្នុងការអភិវឌ្ឈសង្គមជាតិ រួម​ចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ​របស់​រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតី​តេជោហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត ។


លោក ហ៊ុន ណេង អភិបាលខេត្តបន្ត​ថា ដើម្បីសំរេចគោលដៅប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយចាំបាច់ ត្រូវចាត់វិធានការច្រើនយ៉ាង​ដូចជា ការអប់រំ ការ​បង្ការ​ទប់ស្កាត់ និង​អនុវត្ត​ច្បាប់បង្រ្កាបបទល្មើសពុក រលួយដោយទាមទារ ឱ្យ​មានការចូល​រួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ ។ លោក ឆាយ សាវុធ អនុប្រធានអង្គភាព​ប្រឆាំង​អំពើពុករលួយបញ្ជាក់ថា ក្នុងឆ្នាំ២០០៦ យើងបានធ្វើកំណែទំរង់បង្កើតអនុក្រឹត្យ១ទៀត របស់អង្គភាព ប្រឆាំងអំពើពុករលួយ លុះមក​ដល់ឆ្នាំ២០១០បានបង្កើតអង្គភាពប្រឆាំងអំពើ ពុករលួយ ។ នៅក្នុងស្មារតីនេះ រាជ​រដ្ឋាភិបាល​ក្នុងដំណើរការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិ បណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជាបានប្តេជ្ញាយ៉ាងមោះមុតក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយលើគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់ ។ ទាំងបទល្មើសតូច​និង​បទល្មើសធំ ជាក់ស្តែងច្បាប់ស្តីពីការ​ប្រឆាំង​អំពើពុករលួយដែលជា​មូលដ្ឋានគតិយុត្តមិនអាច ខ្វះបានសំរាប់ដោះស្រាយដោយផ្ទាល់ដល់ឫសគល់់នៃអំពើពុករលួយ ។
លោកឆាយ សាវុធ បន្ត​ថា អំពើពុករលួយ​ត្រូវបានស្ថាប័ននីតិប្បញ្ញត្តិអនុម័តប្រកាស​ឱ្យ​ប្រើប្រាស់តាំងតែពីថ្ងៃ១៧មេសា ២០១០មក ។ មកដល់ពេល​នេះ​បាន​ធ្វើអនុ​ក្រឹត្យ​៣ទៀតដើម្បី​ឱ្យដំណើរការសមស្របទៅតាមនីតិវិធីនៃ
ច្បាប់ ។ ច្បាប់នេះត្រូវបានធ្វើឡើង​មាន​គោល​បំណងលើកកំពស់ប្រសិទ្ធភាពសេវាគ្រប់​បែបយ៉ាង ពង្រឹងអភិបាលកិច្ចនិងនីតិរដ្ឋក្នុងការដឹកនាំ ។ គោលដៅសំខាន់មានយន្តការចំនួន​៣ ក្នុងនោះ​រួមមាន ១-ធ្វើការផ្សព្វផ្សាយអប់រំ បង្ការ និង​ទប់ស្កាត់ ២-ការអនុវត្តច្បាប់ ៣-ចលនាឱ្យ​មហា​ជនគាំទ្រ​ ។ ចំពោះ​​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់ ច្រកទ្វារព្រំដែន ផ្លូវទឹក ផ្លូវគោក​និងផ្លូវ​អាកាស រួម​ទាំងមន្ទីរពេទ្យបង្អែកត្រូវមានដាក់​ប្រអប់សំបុត្រសដើម្បីឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​គាំទ្រប្រឆាំងនឹងអំពើពុករលួយ ៕

អង្គការ​យេនឌ័រ​ប្រជុំ​សរុប​លទ្ធផល​​កម្ម​វិធី​ទំនាក់​ទំនង​សហគមន៍


អង្គការ​យេនឌ័រ​​ និង​អភិវឌ្ឍន៍​​ដើម្បី​កម្ពុជា​បាន​រៀបចំ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​​ការងារ​ប្រចាំ​ឆ្នាំ​របស់់​កម្ម​វិធី​ទំនាក់​ទំនង​សហគមន៍​កាលពី​ថ្ងៃទី​២៧ ធ្នូ នៅ​សណ្ឋា​គារ​​​​កាំបូឌីយ៉ាណា ដើម្បី​បង្ហាញ​​នូវលទ្ធផល​​​ដែល​កម្ម​វិធី​សំរេច​​បាន ​និង​បញ្ហា​ប្រឈម​នានា​មួយ​ចំនួន​ ដែល​ជួប​ប្រទះ​ក្នុង​ការ​អនុវត្ត​​កន្លង​​​មក ។​ អង្គការ​យេនឌ័រ និងអភិវឌ្ឍន៍​ដើម្បី​កម្ពុជា ​(GADC) ជាអង្គការ​ក្រៅរដ្ឋាភិបាល​​ក្នុង​ស្រុក​​មួយ​ ដែល​មិន​រក​ប្រាក់ចំណេញ​ មាន​ទស្សន​វិស័យ ​«សង្គម​កម្ពុជា​ជាទីកន្លែង​មួយ​ដែល​ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​បាន​​ផ្តល់​សិទ្ធិ​អំណាច​ស្មើ​ៗគ្នា​ក្នុង​ការ​ប្រើ​ប្រាស់​សក្តានុពល​ភាព​របស់​ខ្លួន ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ​ និង​យុត្តិធម៌​​ពេញ​លេញ​​ ដើម្បី​ជំរុញ​ឱ្យ​មាន​បរិយាកាស​រស់​នៅ​​មួយ​ដែល​មាន​ស្ថិរភាព​ សុវត្ថិភាព និង​យុត្តិធម៌» ។ កម្ម​វិធី​ទំនាក់​ទំនង​សហគមន៍​ គឺជា​កម្ម​វិធី​មួយ​របស់​អង្គការ​ GADC ដែល​អនុវត្ត​សកម្មភាព​នៅ​ក្នុង​ខេត្ត​គោល​ដៅ​ចំនួន​៣ គឺខេត្ត​ពោធិ៍សាត់ កំពង់​ឆ្នាំង និង​ខេត្ត​ព្រៃ​វែង ។​

កិច្ច​ប្រជុំ​ប្រចាំឆ្នាំ​របស់​កម្ម​វិធីទំនាក់​ទំនង​​សហគមន៍ គឺជា​កត្តា​ចាំបាច់​​មួយ ពីព្រោះ​វាជា​ការ​ផ្តល់​ឱកាស​ឱ្យ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​កម្មវិធី​នេះ​បាន​ចូល​រួម និង​ដឹង​​អំពីលទ្ធផល​ការងារ​ដែល​សំរេច​បាន​ក្នុង​រយៈពេល​កន្លងមក និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​កម្មវិធី​ និង​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​ឱ្យ​កាន់​តែ​មានភាព​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត ។ គោល​បំណង​​នៃ​កិច្ច​ប្រជុំ​គឺដើម្បី ៖
១-​បង្ហាញ​អំពី​លទ្ធផល​ដែល​សំរេច​បាន និង​ការ​​ប្រឈមមុខ​ទាក់ទង​ទៅ​នឹង​ការ​អនុវត្ត​ គំរោង​​ពង្រឹង​សិទ្ធិ​អំណាច​ស្ត្រី​តាម​រយៈ​ចំណេះ​ដឹង​ច្បាប់ និង​គំរោង​ទស្សនៈ​បុរស​នៃកម្ម​វិធី​ទំនាក់​ទំនង​សហគមន៍​ ។ 
២-បង្កលក្ខណៈ​​ដល់​ជន​បង្គោល​ស្ត្រី-បុរស នៃកម្មវិធី​ទំនាក់​ទំនង​សហគមន៍ មាន​ឱកាស​​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​ជាមួយ​អាជ្ញាធរ​មូល​ដ្ឋាន​ និងអ្នក​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​តំបន់​គោល​ដៅ ដើម្បី​ស្វែងរក​ការសហការ​ និងការគាំទ្រ​​ពី​អាជ្ញាធរ​​មូល​ដ្ឋាន​ និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ក្នុង​តំបន់​គោល​ដៅ​នៃខេត្ត​ទាំង៣ខាងលើ​។​ 
៣-បង្កើន​កិច្ច​សហការ​ និងការគាំទ្រ​ពី​ស្ថាប័ន​​ពាក់ព័ន្ធ (ថ្នាក់​ជាតិ ថ្នាក់​ក្រោមជាតិ និង​បណ្តា​អង្គការ​ក្រៅរដ្ឋា​ភិបាល ​ក្នុង​តំបន់​គោល​ដៅ) ដើម្បី​ជំរុញ​ឱ្យ​អ្នកអនុវត្ត​កម្ម​វិធី​ទំនាក់ទំនង​​​សហគមន៍​ ទទួល​បាន​​នូវ​អនុសាសន៍​ថ្មីៗថែម​ទៀត​សំរាប់​អនុវត្ត​បន្ត​ សំដៅ​​លើក​កំពស់​សម​ភាព​​​យេនឌ័រ​​ឱ្យទទួល​បាន​ជោគជ័យ​ខ្ពស់ ៕

កាកបាទក្រហមកម្ពុជា​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​២​.០៤៦​គ្រួសារ

ខេត្ត​ប៉ៃលិន​ ៖ ​កាក​បាទ​ក្រហម​កម្ពុជា​ បាន​នាំ​យក​​អំណោយ​​មនុស្ស​ធម៌​ទៅចែក​ជូន​ដល់​ប្រជា​ពល​រដ្ឋ​​ចំនួន​២.០៤៦​គ្រួសា​រ ​ដែល​ពិធី​បាន​ប្រារព្ធ​ធ្វើ​នៅ​​​វិទ្យាល័យ​សម្ដេច​តេ​ជោ​ ហ៊ុន សែន ទេពនិម្មិត​ក្រុងប៉ៃលិន​ ស្ថិត​​ក្នុង​ភូមិ​អូរ​ពឺត សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន​ ​​កាល​ពី​​​ថ្ងៃ​ទី​២៨​ ធ្នូ ឆ្នាំ​២០១០ ​ក្រោម​អ​ធិប​​តី​ភាព​លោក​ជំទាវ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ។ អញ្ជើញ​ចូលរួម​​ក្នុង​ពិធី​នោះ​ដែរ មាន​​លោក​ជំទាវ ទៀ បាញ់​, ​លោក​ជំទាវ ស ខេ​ង និង​​​លោក​ជំទាវ​អ្នក​មុខ​អ្នក​ការ​​ជា​ច្រើន​រូប​ទៀត​ លោកអ៊ី ឈាន ​អភិបាលខេត្ដ​ប៉ៃលិន​ និង​លោក​ជំទាវ បាន ស្រី​មុំ តំណាង​សាខា​កាកបាទក្រហម​​​ខេត្ដ​ពោ​ធិ៍​​សាត់ បាត់ដំបង ព្រៃវែង ​និង​បន្ទាយ​មាន​ជ័យ ​ព្រម​ទាំង​​អភិបាលរង​ខេត្ដ​​ចន្ទ​បុរី​-​ត្រា​ត ​និង​ប្រតិភូ​យោធា​ថៃ​​ជាង​១០​រូប​ ។​

លោក​អ៊ី ឈាន បាន​រាយ​ការណ៍​​អំពី​សកម្ម​ភាព​របស់​​​សាខា​កាកបាទក្រហម​ខេត្ដ​ ​ដែល​មាន​លោក​ជំទាវ​បណ្ឌិត​​ជា​ប្រធាន​ដឹក​នាំ​កន្លង​មក​តែងតែ​ជួយ​ជា​ប្រចាំ​ដល់​បងប្អូន​ជួប​ការ​លំបាក ​និង​​ជួប​ប្រទះ​នូវ​គ្រោះ​មហន្ដរាយ​ក្នុង​នាម​មនុស្ស​ធ​ម៌​ ​ហើយ​ពេល​នេះ​ជា​កិត្ដិយស​ដ៏​ធំធេង​​​ដែល​លោក​ជំទាវ​បាន​មក​ពិនិត្យ​ដោយ​ផ្ទាល់​​ឱ្យ​ដឹង​ពី​សុខទុក្ខ​​ និង​ការ​លំបាក​របស់​​ប្រជា​ពល​រដ្ឋ​​។ មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​ និង​ប្រជា​ពល​រដ្ឋ​ ​លោក​ជំទាវ​​​បណ្ឌិត​បាន​មាន​ប្រសាសន៍​ថា ​ពិតមែនតែ​លោក​ជំទាវ​មិន​បាន​​មក​​កាន់​ទី​នេះ​រយៈ​ពេល​១០​ឆ្នាំ​ក៏​ពិត​មែន តែ​ក៏​មាន​សាខា​នៅ​ទី​នេះ ​បាន​រាយ​ការណ៍​​ឱ្យ​​លោក​ជំទាវ​ដឹង​គ្រប់​សកម្មភាព​ និង​បញ្ហា​ដែល​​បងប្អូន​ជួប​ការ​លំបាក​កន្លង​មក ​។ ពិត​មែន​តែ​មក​យឺត​ក៏​​​វា​គ្រាន់​ជាង​មិន​បាន​មក ​ហើយ​រា​ល់​អំណោយ​​ដែល​ជួយ​កន្លង​មក ​និង​ពេល​នេះ​មិន​មែន​​ជា​អំណោយ​របស់​រដ្ឋាភិបាល​ទេ​ តែ​ជា​អំណោយ​មនុស្ស​ធម​​៌​របស់​សប្បុ​រស​ជន​ក្នុង​ប្រទេស​​ ​ដែល​គ្មាន​អ្វី​ពាក់​ព័​ន្ធ​​នឹ​ង​និន្នាការ​នយោ​​បាយ​អ្វី​ឡើយ​ គឺ​អាច​ជួយ​រំលែក​ទុក្ខ​លំបាក​ផ្នែក​ជីវភាព​ក្នុង​គ្រួ​សារបាន​មួយ​រយៈ​ពេល​។
​លោក​ជំទាវ​បាន​​បញ្ជាក់​​ថា ភាព​ក្រីក្រ​មិន​មែន​​មាន​តែ​​នៅ​​ក្នុង​ប្រទេស​កម្ពុជា​ទេ​ គឺ​ពេញ​ពិភពលោក​ សូ​ម្បី​តែ​ប្រទេស​មហាអំណាច​ធំ​ៗ​ដូច​ជា​ អា​មេ​រិ​ក​ក៏​នៅ​មាន​ជន​ក្រីក្រ​ដែរ ​ហើយ​ដូច​ជា​​នៅ​តំបន់​ប៉ៃលិន​នេះ ​គឺ​​​កាត់​បន្ថយ​បាន​ច្រើន​ណាស់។ ក្នុង​មួយ​ភូមិ​​ភាព​ក្រីក្រ​​​យ៉ាង​​​ច្រើន​​៣​ ឬ​៤​គ្រួ​សារប៉ុ​ណ្ណោះ​ ហើយ​​ចំពោះ​បង​ប្អូន​ដែល​ពិការ​ គឺ​គាត់​ពិការ​តែ​កាយ​ទេ ​តែ​ចិត្ដ​គាត់​មិន​ពិការ​ឡើយ​។​ ចំពោះ​ក្មួយ​ៗ​ដែល​ជា​យុវវ័យ​កំពុង​សិក្សា ​សុំ​ចៀសវាង​ឱ្យ​បាន​​កុំ​សេព​គ្រឿង​ញៀន​​ឱ្យ​សោះ​ ព្រោះ​វា​ដាក់​បន្ទុក​ក្នុង​គ្រួសារ​ថែម​​ទៀត ​ហើយ​នាំ​ឱ្យ​មានការ​ប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​​ទៀត​ផង។ ឯ​ស្ដ្រី​មាន​ផ្ទៃ​ពោះ​សុំ​ទៅ​​ពិនិត្យ​នៅ​មន្ទីរពេទ្យ​បង្អែក​​ឱ្យ​ទៀងទាត់​កុំ​ធ្វេស​ប្រហែស​ឡើយ​ ព្រោះ​​កន្លែង​ខ្លះ​មាន​លួច​​បើក​មន្ទីរពេទ្យ​ឯកជន​​ដោយ​​គ្មាន​ច្បាប់​អនុញ្ញាត​​ត្រឹមត្រូវ​ ដែល​មិន​អាច​ធានា​​បាន​​អាយុ​ជីវិត​ទាំង​ម្ដាយ ​និង​កូន​។​ លោក​ជំទាវ​​បាន​បញ្ជាក់​តួលេខ​តាម​សារ​ព័ត៌​មាន​ថា គ្រាន់តែ​ក្នុង​ខែ​​វិច្ឆិកា ​កន្លង​ទៅ​នេះ ​អ្នក​ស្លាប់​ដោយ​សារ​យក​កូន​ចេញ​នៅ​មន្ទីរ​​ពេទ្យ​ឯកជន​មាន​​៣​ទៅ​៤​នាក់​ ដោយសារ​តែ​គ្មាន​ការ​ទទួល​​ខុសត្រូវ​ និង​គ្មាន​ច្បាប់​អនុញ្ញាត ហើយ​ក៏​សុំ​​ឱ្យ​បញ្ឈប់​ ឬ​ត្រូវ​បិទ​ជា​បន្ទាន់​ ទោះបី​មាននៅ​ក្នុង​​ខេត្ដ​-ក្រុង​ណា​ក៏​ដោយ។ ​ចំពោះ​មេរោគ​អេដស៍​ គឺ​យើង​កាត់​បន្ថយ​បាន​​ច្រើន​ ឯ​​ប្រជាជន​គាត់​យល់​ច្រើន​អំពី​ការ​ឆ្លង​នៃ​មេរោគ​អេ​ដស៍ ហើយ​អ្នក​ដែល​មាន​ផ្ទុកមេរោគ​អេ​ដស៍​ គាត់​អាច​ការពារ​ និង​មិន​ចម្លង​ទៅ​អ្នក​ដទៃ​ទៀត​ឡើយ​ គឺ​ទទួល​ថ្នាំ​ពន្យារ​ទៅ​តាម​ការ​ណែ​នាំ​ពី​គ្រូពេទ្យ​។​

​អំណោយ​ដែល​ត្រូវ​ចែក​​នា​ឱកាស​នោះ​មាន​ចំនួន​២.០៤៦​​គ្រួសារ ​ក្នុង​នោះ​ជូន​ដល់​អ្នក​ផ្ទុក​មេ​រោ​គ​អេ​ដស៍​ចំនួន​១៩៩​គ្រួសារ ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​៧៤៧​គ្រួសារ កុមារ​កំព្រា​ចំនួន​១៣៨​គ្រួសារ ​​ជន​ពិការ ​និង​ក្រីក្រ​ចំនួន​៩៦២​គ្រួសារ ​មកពី​ស្រុក​សាលា​ក្រៅ​ និង​ក្រុងប៉ៃលិន​ ដែល​មាន​៨​ឃុំ​ ស្មើ​​នឹង​៩០​ភូមិ។ អំណោយ​ដែល​ទទួល​​បាន​​គឺ​ក្នុង​មួយ​គ្រួសារ​ៗអង្ករ​៣០​គីឡូ​ក្រាម​, ​មី​យើង​១០​កញ្ចប់​, ​ត្រីខ​៥​កំប៉ុង​, ​សារុង​១, ក្រមា​១,​ មុង​១, ភួយ​១,​ កំណាត់​ស​១​ដុំ​, ​ថវិកា​១​ម៉ឺន​រៀល​ (​លោក​ជំទាវ​បន្ថែម​ថវិកា​ផ្ទាល់ខ្លួន​៣​ម៉ឺន​រៀល​ទៀត​)។ ក្រៅ​ពី​នេះ​មាន​រទេះ​​ជន​ពិការ​៣០,​ ថ្នាំពេទ្យ​ជួយ​មណ្ឌល​សុខភាព​ចំនួន​៧​ ដោយ​ទទួល​បាន​ថ្នាំ​​បំបាត់​រាក ២១​កា​តុង​=៦៧.២០០​គ្រាប់ ថ្នាំ​បំបាត់​គ្រុន ​២១​​កា​តុង​=១០០.៨០០​គ្រាប់,​ ថ្នាំ​វីតាមីន ២​កា​តុង​=១៤.៤០០​គ្រាប់, ថ្នាំ​ព្យាបាល​សន្លាក់ ២​កា​តុង​=៥៧.៦០០​គ្រាប់​។ សិស្សា​នុ​សិស្ស​​១.០០០​នាក់​ ក្នុង​ម្នាក់ៗ​​ទទួល​បាន​សៀវភៅ​២ ​ប៊ិច​១ ថវិកា​​៥​ពាន់​រៀល​, ​យុវជន​កាក​បាទ​ក្រហម​​២០០​នាក់​ និង​កាយ​ឫទ្ធិ​២០០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​១​ម៉ឺន​រៀល​, ​អ្នក​ស្ម័គ្រចិត្ដ​២៥​នាក់​ និង​យុវជន​កាកបាទក្រហម​២៥​នាក់ ​​ដែល​រៀប​ចំ​កម្មវិធី​ទទួល​បាន​ក្នុង​ម្នាក់​២​ម៉ឺន​រៀល​។ ​លោក​គ្រូ​ អ្នកគ្រូ​១០០​នាក់​ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​៥​មឺុន​​រៀល​,​ ប្រគេន​ព្រះសង្ឃ​វត្ដ​ភ្នំ​យ៉ា​ត ​៨​អង្គ​,​អង្ករ​៣០០​គីឡូ​ក្រាម​ ​មី​យើង​៤​កេស​ធំ​=២៤​កេស​តូច​, ​ត្រីខ​២​កេស​=២០០​កំប៉ុង​, ​ប៊ី​ចេ​ង​៥​គីឡូក្រាម​, ​ស្កសរ​១០០​គីឡូ​ក្រាម​, ​តែ​១០​គីឡូ​ក្រាម​, ​ទឹកក្រូច​១០​កេស​, ​ទឹកដោះគោ​ខាប់​២​កេស​, មៀន​កំប៉ុង​២​កេស​, ​កា​កាវ​២​កេស​,​ថវិកា​សំរាប់​វត្ដ​២​លាន​រៀល​,​ ព្រះ​ចៅអធិការ​វត្ដ​​២០០​ដុល្លា​រ, ​ព្រះសង្ឃ​៧​អង្គ​ ក្នុង​១​អង្គ​២០​ម៉ឺន​រៀល​,​ ដូនជី​តាជី​១០​នាក់​ ក្នុង​ម្នាក់​ៗ​ទទួល​បាន​កំណាត់​ស​១​ដុំ​ ថវិកា​១​ម៉ឺន​រៀល (​បន្ថែម​​ពី​លើ​១០​ម៉ឺន​រៀល​​ទៀត)​។ ​ម្ចាស់​ឧបត្ថម្ភ​អង្ករ​ ស្បៀង សំភារ ​គឺ​សប្បុ​ុ​រស​ជន​ខេត្ដ​ប៉ៃលិន​ និង​ភ្នំពេញ​, កំណាត់​ស ប៊ិច សៀវភៅ​ និង​ថវិកា ​(​សម្ដេច​តេ​ជោ​ហ៊ុន សែន​ និង​លោក​ជំទាវ​), ​ថ្នាំ​បំបាត់​រាក​, ​គ្រុន​,​ក្រុម​ហ៊ុន​មេ​ឌី​កាល់ សប​ប្លាយ​, ​ថ្នាំ​វីតាមីន​, ​ព្យាបាល​​សន្លាក់​ ​ក្រុមហ៊ុន​យូ​ណាយ​ធី​ត ហ្វា​ម៉ា​, ​រទេះ​ជន​ពិការ​ ក្រុមហ៊ុន អេ​ប៊ី​ស៊ី​ ប្រទេស​អូស្ដ្រាលី រួម​ទាំងអស់​សរុប​ជា​ថវិកា​៨៨.០៩៨,១២​ដុល្លារ ​​។​​ក្រៅ​ពី​​នោះ​សប្បុរសជន​ និង​ក្រុមហ៊ុន​​នៅ​ខេត្ដ​ប៉ៃលិន បាន​​ឧបត្ថម្ភ​អង្ករ​ និង​ថវិកា​ជា​ច្រើន​ទៀត៕

ក្រុង​ពាលី​សុំ​​ម្ចាស់​ទឹកម្ចាស់​ដី​​បើក​ការ​ដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​ស្តុប​ពេទ្យ​ព្រះ​កុសុមៈ

រាជធានីភ្នំពេញ ៖ ​នា​រសៀល​ថ្ងៃ​ទី​២៨ ធ្នូ ឆ្នាំ​២០១០ សាលា​រាជ​ធានី​ភ្នំពេញ បាន​ធ្វើ​ពិធី​ក្រុង​ពាលី សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី ដើម្បី​ឈាន​ទៅ​​បើក​ការ​ដ្ឋាន​​ជា​ផ្លូវ​ការ​ស្ថាបនា​ស្ពាន​អាកាស​នៅ​​​ស្តុប​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ធ្នូ ដែល​តាម​គំរោង​ស្ថិត​ក្រោម​​អធិបតី​ភាព​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ។ ពិធី​សែន​ក្រុង​ពាលី​ធ្វើ​ឡើង​​ក្រោម​​អធិបតី​ភាព​លោក​កែប ជុតិមា អភិ​​បាល​នៃ​​គណៈ​​​អភិ​បាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ ជុំ សាមីន ជា​ភរិយា ​​លោក​ម៉ប់ សារិន ប្រធាន​​ក្រុម​​ប្រឹក្សា​​​រាជធានី​ភ្នំពេញ ​ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រីរាជ​ការ​ក្រោម​ឱវាទ​សាលា​រាជ​ធានី​ភ្នំពេញ និង​ប្រជា​ពល​រដ្ឋ​យ៉ាង​ច្រើន​កុះ​ករ ។


ពិធី​ក្រុង​ពាលី​​ប្រារព្ធ​ធ្វើនៅ​​សួន​ច្បារ​ច្រមុះ​ជ្រូក​អតីត​តោ​ពីរ ដោយ​មាន​ការ​បិទ​កំណាត់​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​មួយ​ចំហៀង ​ឯ​ពិធី​បើក​ការ​ដ្ឋាន​​ផ្លូវ​ការ​​នឹង​ប្រារព្ធ​​ធ្វើ​នៅ​ក្នុង​សាកល​វិទ្យា​ល័យ​​ភូមិន្ទ​ភ្នំពេញ​ ក្រោម​​អធិបតី​ភាព​សម្តេច​តេជោ ហ៊ុន សែន និង​លោក​ជំទាវ​បណ្ឌិត ដោយ​មិន​មាន​ការ​បិទ​មហា​វិថី​សហ​ព័ន្ធ​​រុស្ស៊ី​ទេ ។ តាម​គំរោង​នៅ​ពេល​ថ្លែង​​សុន្ទរកថា​ចប់​ សម្តេច​តេជោ និង​លោក​ជំទាវ​​និង​អញ្ជើញ​ទៅ​ចុច​ប៊ូតុង​ ឬ​ទាញ​ខ្សែ​បញ្ជា​គ្រឿង​ចក្រ​ទើប​មាន​ការ​បិទ​ផ្លូវ​​មួយ​ភ្លែត​ ។
មន្ត្រី​ជំនាញ​សាលា​រាជ​ធានី​ បាន​ឱ្យ​ដឹង​ថា ស្ពាន​អាកាស​​ទី​២ ឬ​ស្ពាន​​អាកាស​ថ្មី​ដែល​គ្រោង​សាង​សង់​​នេះ ជា​ស្ពាន​បេតុង​អាម៉េ​ មាន​ប្រវែង​៣៤៥​ម៉ែត្រ ទទឹង​១៥,២០​ម៉ែត្រ ​ហោះ​ស្រប​​តាម​មហា​វិថី​សហ​ព័ន្ធ​​រុស្ស៊ី ចំណុច​កណ្តាល​មាន​កំពស់​​៥,៥​ម៉ែត្រ យក​ត្រង់​ចំណុច​​ផ្លូវ​​បំបែក​ជា​៤​​នៃ​​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី និង​ផ្លូវ​លេខ​៥៩៨ ។ ស្ពាន​អាកាស​នេះ ជា​ស្ពាន​ទ្វេ​ទិស​ចរាចរណ៍​​សំរាប់​រថយន្ត​ទៅ​មក និង​គ្មាន​​ចិញ្ចើម​សំរាប់​ថ្មើរ​ជើង​ទេ ។ ស្ពាន​អាកាស​ទី​២​នេះ វែង​ហើយ​ធំ​ជាង​ស្ពាន​អាកាស​ទី​១ ក្បាល​​ថ្នល់​ដែល​អនុ​វត្ត​​ដោយ​ក្រុម​ហ៊ុន OCIC ជា​ថវិកា​បាន​មក​ពី​ជួល​ដី​កោះ​ពេជ្រ​​ដូច​ស្ពាន​ទី​១ ដែរ ។
ស្ពាន​អាកាស​ទី​២ នេះ មាន​​​ដៃ​ស្ពាន​មួយ​ទៀត ទំលាក់​ទៅ​មហា​វិថី​កម្ពុជា​ក្រោម បំបែក​ពី​​ស្ពាន​ធំ​ស្រប​មហា​វិថី​សហ​​ព័ន្ធ​រុស្ស៊ី​មាន​ប្រវែង​១៦០​ម៉ែត្រ ទទឹង​៦,៥​ម៉ែត្រ ជា​ស្ពាន​ឯក​ទិស​ចរា​ចរណ៍​​ក្នុង​ទិស​ដៅ​ចុះ​ពី​ស្ពាន​ធំ​ទៅ​មហា​វិថី​កម្ពុជា​ក្រោម​ ​ដែល​មាន​មួយ​​កន្លែង​សំរាប់​​រថយន្ត និង​មួយ​កន្លែង​សំរាប់​ម៉ូតូ និង​គ្មាន​​ចិញ្ចើម​សំរាប់​ថ្មើរ​ជើង​​ដែរ ។ ការ​ស្ថាបនា​ស្ពាន​នេះ មាន​ដាក់​បង្គោល​​​ភ្លើង​បំភ្លឺ លាប​​គំនូស​ចរា​ចរណ៍​ ​ដាក់​របាំង​បេតុង​ចែក​ទ្រូង​ស្ពាន ​ស្ថាបនា​​បង្កាន់​ដៃ​ស្ពាន​សង​​ខាង​កំពស់​១,០៨​ម៉ែត្រ ទទឹង​០,៥​ម៉ែត្រ ​មាន​ជំរាល​៥,៧% ។ ស្ពាន​​មាន​សសរ​១៤​បូក​ទាំង​ដៃ​ស្ពាន និង​​​មាន​ការ​​ស្ថាបនា​សួន​ច្បារ​នៅ​​​ខាង​ក្រោម​ រៀប​ចំ​​បណ្តាញ​​អូរ​អម​សង​ខាង​​ស្ពាន និង​តំបន់​​ជុំ​វិញ ។ ​​មាន​ស្ថាបនា​ពង្រីក​ផ្លូវ​កៅស៊ូ​អម​សង​ខាង​ស្ពាន​នៅ​ផ្នែក​​ខាង​លិច​ភ្លើង​ស្តុប​​ទទឹង​៧​ម៉ែត្រ និង​ផ្នែក​ខាង​កើត​ភ្លើង​​ស្តុប​ទទឹង​​៥.៥០​ម៉ែត្រ ។ ក្រៅ​ពី​នេះ ​មាន​ការ​ស្ថាបនា​រង្វង់​មូល​នៅ​ខាង​លិច​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ និង​ស្ថាបនា​សួន​ច្បារ​សំរាប់​បែង​​ចែក​ទ្រូង​ផ្លូវ​លើ​​ផ្លូវ​លេខ​២៧១ និង​ផ្លូវ​លេខ​៥៩៨ ព្រម​ទាំង​ដាក់​ស្លាក​សញ្ញា​ចរា​ចរណ៍​​ផង​ដែរ ៕