ភ្នំពេញ ៖នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១១នេះ កម្ពុជាថ្មីបានទទួលលិខិតមួយច្បាប់ លេខ១១២ កយ.រប/១១ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១១ ដោយឲ្យព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តន៍តួនាទីរបស់ខ្លួន និងចាត់វិធានការដោះស្រាយជាបន្ទាន់ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ករណីពិនិត្យឃើញភាពមិនប្រក្រតីការគ្រប់គ្រងឃុំខ្លួនបុគ្គល ជាពិសេសការដោះលែងបុគ្គលឃុំខ្លួនមិនប្រក្រតី និងការឃុំខ្លួនបុគ្គលខុសនីតិវិធី។
លិខិតនោះបានឲ្យដឹងទៀតថា កន្លងមកក្រសួងយុត្តិធម៌បានទទួលព័ត៌មានពីភាពមិនប្រក្រតី មួយចំនួនទាក់ទងទៅនឹងការគ្រប់គ្រងការឃុំខ្លួននៅតាមពន្ធនាគារ និងមណ្ឌលឃុំខ្លួនមួយចំនួន ហើយនាពេលថ្មីៗនេះទៀត ក៏មានលេចឮនូវព័ត៌មានទាក់ទងនឹងករណីដែលទណ្ឌិត និងបុគ្គលឃុំ ខ្លួនមួយចំនួន ត្រូវបានអនុញ្ញាតឲ្យមានសេរីភាពនៅក្រៅឃុំ ដោយមិនប្រក្រតី និងមិនត្រឹមត្រូវតាម នីតិវិធី និងគោលការណ៍នៃច្បាប់ជាធរមាន។
ដូចនេះដើម្បីធានាបាននូវប្រសិទ្ធភាពនៃច្បាប់ ក៏ដូចជាធានានូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងដើម្បីពង្រឹងតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនស្របតាមច្បាប់ និងនីតិវិធីជាធរមាន ក្រសួងយុត្តិធម៌សូមធ្វើការក្រើនរំលឹក និងណែនាំដល់អយ្យការអមសាលាដំបូងរាជធានី-ខេត្តទាំង អស់ ដូចតទៅ៖
១-ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តតួនាទីរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឲ្យបានត្រឹមត្រូវ និងឲ្យមានប្រសិទ្ធភាព ស្របតាមបទបញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ នៅក្នុងការងារ ត្រួតពិនិត្យពន្ធនាគារ និងមណ្ឌលឃុំខ្លួនទាំងឡាយដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន។
២-ត្រូវយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យបញ្ជីឃុំខ្លួននៅតាមពន្ធនាគារ និងមណ្ឌលឃុំខ្លួន ទាំងឡាយដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងចាត់នីតិវិធីធ្វើអធិការកិច្ចឲ្យបានទៀងទាត់ និង ជាប្រចាំ ដើម្បីធានាឲ្យបាននូវនីត្យានុកូលភាពនៃការឃុំខ្លួន និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ជា ពិសេសធានាបាននូវប្រសិទ្ធភាព និងការគោរពសេចក្ដីសម្រេច ឬសេចក្ដីបង្គាប់របស់អាជ្ញាធរតុលា ការនានា។
៣-ត្រូវចាត់វិធានការដោះស្រាយជាបន្ទាន់ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ក្នុងករណី ពិនិត្យឃើញមានភាពមិនប្រក្រតី ទាក់ទងការគ្រប់គ្រងការឃុំខ្លួនបុគ្គល ជាពិសេសការដោះលែង បុគ្គលឃុំខ្លួនមិនប្រក្រតី និងការឃុំខ្លួនបុគ្គលខុសនីតិវិធី។
ការចេញលិខិតណែនាំរបស់ក្រសួងយុត្តិធម៌នេះ គឺក្រោយពីមានការលេចឮព័ត៌មានថាមាន អ្នកទោសបានចេញពីពន្ធនាគារ ហើយបង្កគ្រោះថ្នាក់ចរាចរនៅខាងក្រៅទៀតផង៕
No comments:
Post a Comment