ស្ថានភាពព្រំដែនកាន់តែតានតឹងពី មួយថ្ងៃ ទៅមួយថ្ងៃ នៅចំនុចបន្ទាត់ព្រំដែនកម្ពុជា ថៃ នៃស្រុកអូរជ្រៅនិងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យឈមនិងខេត្តស្រះកែវប្រទេសថៃបន្ទាប់ពីកម្ពុជាបានចាប់ខ្លួនជនជាតិថៃជ្រុលនិយមចំនួន៧នាក់នៅចំនុចក្បែរបង្គោលព្រំដែនលេខ៤៦ដល់មុខវត្តជោគជ័យក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ ការតានតឹងនិងស្មុគស្មាញនេះគឺកើតឡើងដោយសារតែបាតុករអាវលឿងបានប្រមូលផ្ដុំគ្នានៅស្រុកអារញ្ញនិងស្រុកគោកធ្យូងនៃខេត្តស្រះកែវជាប់ព្រំដែនកម្ពុជាធ្វើការតវ៉ាអោយដោះលេងជនជាតិថៃទាំង៧នាក់ដែលធ្វើអោយយោធាថៃចល័តទ័ពចុះឡើងច្រើនទៅៗចូលកាន់តែកៀកទឹកដី កម្ពុជា។
បញ្ហាស្មុគស្មាញទាំងនេះធ្វើអោយសមត្ថកិច្ចអាជ្ញាធរខេត្តបន្ទាយមានជ័យជាពិសេសកម្លាំងទ័ពជួរមុខកំពុងតែប្រុងជើងការយ៉ាងខ្ពស់ដើម្បី ទប់ទល់សភាពការ។ ផ្ដើមចេញពីបញ្ហាខាងលើនៅព្រឹកថ្ងៃ ទី៥ ខែមករា ឆ្នាំ២០១១ នេះអាជ្ញាធរខេត្តបន្ទាយមានជ័យបានធ្វើការប្រជុំបន្ទាន់មួយក្រោមអធិបតីភាព ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តីដើម្បីក្ដាប់សភាពការតាមបន្ទាត់ព្រំដែននិងវាយតំលៃពីស្ថានភាពព្រំដែននាពេលបច្ចុប្បន្ន ។
លោក អ៊ុង អឿន អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានឡើងរាយការពីស្ថានភាពព្រំដែនបន្ទាប់ពីថ្ងៃចាប់ខ្លួនពួកជ្រុលនិយមសៀម៧នាក់ដែលចូលជ្រៅមកទឹកដីកម្ពុជាតាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ ថាតាំងពីថ្ងៃទី២៩ខែធ្នូឆ្នាំ២០១០. វេលាម៉ោង១០និង.៣០នាទីក្រុមជ្រុលនិយមអាវលឿងសៀម. ចំនួន០៧នាក់ ( ប្រុស៥នាក់ស្រី០៣នាក់ ) បានលួចឆ្លងដែនចូលមកក្នុងទឹកដីកម្ពុជា. តាមចំនុចច្រកបង្គោលសីមាលេខ៤៦. ចូលមកក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ. រហូតដល់ចំនុចមុខវត្តជោគជ័យTA ( ៥១៩៦៦.២២២៧១ ) ត្រូវកងកម្លាំងការពារព្រំដែនលេខ៥០៣ធ្វើការឃាត់ខ្លួនបញ្ជូនអោយកងកម្លាំងប៉ូលិសអន្តោប្រវេសន៍ខេត្តបន្ទាយមានជ័យ។ក្រោយពីការឃាត់ខ្លួនជនជ្រុលនិយមអាវលឿងសៀមភ្លាមៗនោះកងកម្លាំងភាគីសៀម ដែលឈរជើងនៅទល់មុខច្រកជោគជ័យ បានប្រតិកម្មអោយភាគីកម្ពុជា. ធ្វើការដោះលែងជនជាតិសៀម. តែភាគីយើងបានប្រាប់ថា ក្រុមអាវលឿងទាំង៧នាក់នោះបានបញ្ជូនទៅថ្នាក់លើហើយ ។
ថ្ងៃដដែលវេលាម៉ោង ១៧ម៉០០នាទី លោកឧត្តមសេនីយ៍ត្រី វលិត ផុតាឆៈណៈផាក់ឌី មេបញ្ជាការរងកំលាំងបូព៌ាសៀម បានទំនាក់ទំនងជាមួយមេបញ្ជាការកងការពារព្រំដែនលេខ៥០៣ប្រចាំទិសអូរបីជាន់ ជួបប្រជុំពិភាក្សាដោះស្រាយបញ្ហាការឃាត់ខ្លួនជនជាតិថៃទាំង៧នាក់នៅទីបញ្ជាការជួរមុខតំរួចព្រំដែនកងអនុ សេនាធំលេខ១២៦. TA ( ៥២១.២២៩ ) ទល់មុខច្រកជោគជ័យសំណើសុំឲ្យកងកំលាំងយើងជួយអន្តរាគមន៍ ដោះលែងជនជាតិសៀមទាំង៧នាក់មកវិញតែកំលាំងយើងបានប្រាប់ថា យើងខ្ញុំពុំមានលទ្ធភាពជួយបានទេ ។ ពេលនោះភាគីសៀមបានប្រាប់យើងថាធ្វើការបិទច្រកព្រំដែន ចាប់ពីខាងជើងប៉ោយប៉ែតរហូតដល់ជួរភ្នំដងរ៉ែក ។
នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១០ វេលាម៉ោង០៩.៤០នាទីភាគីសៀមបានសុំបើកច្រកបឹងត្រកួនវិញ។ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១០ ម៉ោង ៨និង ០០នាទីព្រឹកសៀមបានបញ្ជូនកំលាំងទាហានប៉ារ៉ាវេរសេនាធំលេខ២១. កងពលធំលេខ២ អមដោយរថពាសដែកប្រមាណ២០គ្រឿងមកកាន់តំបន់ព្រំដែន. ចាប់ពីទល់មុខតំបន់អាងសិលា ដល់ទល់មុខតំបន់ចំការគរ. ដោយយកលែសថា ទប់ស្កាត់ក្រុមបាតុករអាវលឿង ដែលមានបំណងធ្វើបាតុកម្មតវ៉ាទាមទាអោយដោះលែងជនជាតិសៀមទាំង៧អ្នកទៅវិញ។
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១០ ម៉ោង៩និង៣០នាទី កងកំលាំងតំរួតសៀមលេខ១២៦ចំនួន០៣នាក់សុំសហការត្រូតពិនិត្យបង្គោលសីមាលេខ៤៦រួមជាមួយកំលាំងយើង មានកងព្រំដែនលេខ៥០៣ចំនួន០៨នាក់កងរាជអាវុធហត្ថ០៤នាក់ផ្នែកសឹករងស្រុកអូរជ្រៅ០២នាក់។
ម៉ោង៩និង៤០នាទីថ្ងៃដដែល មេបញ្ជាការតំរួតការពារព្រំដែនកងអនុសេនាធំលេខ១២៦បានជូនដំណឹងមកកំលាំងយើង នៅតំបន់ភូមិជោគជ័យថានៅម៉ោង១៤និង០០នាទីនេះមេបញ្ជាការយោធភូមិភាគទី១សៀម សុំចូលមកពិនិត្យកន្លែងកំលាំងយើងឃាត់ខ្លួនក្រុមជ្រុលនិយមសៀមទាំង៧នាក់។ យើងបានរាយការណ៍និងសុំយោបល់ថ្នាក់លើតែថ្នាក់លើមិនអនុញ្ញាតិឲ្យកំលាំងសៀមចូលទេ។
ម៉ោង៩និង៤៥នាទីទាហានសៀម បានបញ្ជូនកំលាំងនិងរថពាសដែកចំនួន០៤គ្រឿងមកដាក់នៅចំនុចTA ( ៥០១.២១៧ ) ទល់មុខបង្គោលសីមាលេខ៤៨ ។ ម៉ោង១០ និង ០០នាទីឧទ្ធម្ភាកចក្រសៀម០១គ្រឿងបានចុះមកនៅភូមិគោកធ្យូងប្រទេសសៀម។ ម៉ោង១០និង៤០នាទីឧទ្ធម្ភាកចក្រ០១គ្រឿងទៀតបានមកចុះនៅភូមិគោកធ្យូង។ ម៉ោង១១និង០០នាទីសៀមបានបញ្ជូនកំលាំងចំនួន១៤រថយន្តចូលមកទីបញ្ជាការកងអនុសេនាធំលេខ១២៦ទល់មុខច្រកជោគជ័យ។
ថ្ងៃដដែលវេលាម៉ោង១១និង៣០នាទីទាហានសៀមដេញប្រជាពលរដ្ឋខ្មែរដែលចូលទៅធ្វើកម្មករក្នុងទឹកដីថៃឲ្យត្រឡប់មកប្រទេសខ្មែរវិញ។ ម៉ោង១៥និង១០នាទីឧទ្ធម្ភាចក្រថៃ០១គ្រឿងបានហោះពីលិចមកទល់មុខច្រកជោគជ័យ។
ថ្ងៃទី០១ខែមករាឆ្នាំ២០១១ម៉ោង១០និង៣០នាទីសៀមបានបញ្ជូនកំលាំងបន្ថែម០១រថយន្តប្រមាណ១៣នាក់មកដាក់នៅចំណុចទល់មុខច្រកជោគជ័យ។ថ្ងៃទី០១ខែមករាឆ្នាំ២០១១ម៉ោង១២និង១០នាទីទាហានឈុតខ្មៅថៃបានបញ្ជូនកំលាំងចំនួន១៥នាក់សហការជាមួយតំរួតការពារព្រំដែនលេខ១២៦នៅទល់មុខភូមិអាងសិលាខ្មែរ .ទប់ស្កាត់ក្រុមបាតុករអាវលឿង ។
ថ្ងៃទី០២ខែមករា ឆ្នាំ២០១១ ម៉ោង៧និង៣០នាទីក្រុមបាតុករអាវលឿងសៀមប្រមាណ១០០០នាក់បានធ្វើសកម្មភាពឆ្ពោះមកតំបន់ព្រំដែន៣គោលដៅ ។ គោលដៅទល់មុខចំការគរ គោលដៅទល់មុខភូមិជោគជ័យ និងគោលដៅទល់មុខអាងសិលា តែត្រូវបានកំលាំងតំរួតនិងប្រជាពលរដ្ឋសៀមធ្វើការទប់ស្កាត់បាន។ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១១ វេលាម៉ោង១៤និង០០នាទីក្រុមបាតុករអាវលឿងប្រមាណ៥០០នាក់បាននាំគ្នាធ្វើដំណើរតាមរថយន្ត ពីអារញ្ញឆ្ពោះ មកកាន់តំបន់ព្រំដែនតែត្រូវបានអាជ្ញាធរសៀមនិងកងកំលាំងទាហានសៀមទប់ស្កាត់នៅចំណុចភូមិអាងសិលាប្រទេសសៀម។ ម៉ោង១៤និង៣៥នាទីឧទ្ធម្ភាចក្រសៀម០១គ្រឿងបានហោះតាមបណ្ដោយព្រំដែនពីអារញ្ញ មកបង្គោលសីមាលេខ៤៣រួចត្រឡប់ទៅវិញ។ ព្រឹកថ្ងៃទី០៤ខែមករាឆ្នាំ២០១១ សៀមបានបញ្ជូនកំលាំងប្រមាណពី១៥០-២០០នាក់មកឈរនៅទល់មុខតំបន់ភូមិជោគជ័យដើម្បី ធ្វើការទប់ស្កាត់ក្រុមបាតុករអាវលឿង។ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១១ ម៉ោង១១និង៣០នាទីឧទ្ធម្ភាចក្រសៀម០១គ្រឿងបានហោះតាមបណ្ដោយព្រំដែនពីអារញ្ញមកភូមិសាស្រ្តទល់មុខភូមិជោគជ័យរួចត្រឡប់ទៅវិញ។
ថ្ងៃទី០៥ខែមករាឆ្នាំ២០១១ ស្ថានភាពព្រំដែនក្នុងទឹកដីថៃក្រុមអាវលឿងបន្ទាប់ពីយប់ម៉ិញបានសំរុកទៅភូមិគោកធ្យូងទល់មុខបង្គោលព្រំដែនលេខ៤៦។ក្រុមអាវលឿងបានដកថយពីមុខស្ថានកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវបន្សល់ត្រឹមតែ១០០នាក់ដោយក្រុមអាវលឿងទៅកើនក្នុងទឹកដីថៃទល់មុខច្រកអូរបីជាន់ទឹកដីកម្ពុជា ហើយនិងប្រមូលផ្ដុំនៅវាលស្រុកអារញ្ញមុខស្ថានីយ៍រថភ្លើងស្រុកអារញ្ញនឹងប៉ុស្តឹប៉ូលីសខ្លងឡឹក។
ផ្នែកតាមសភាពការណ៏កន្លងមកនេះ យើងសន្និតដ្ឋានបានថាៈ សៀមមានគោលបំណងរំលោភ ឈ្លានពានយក ភូមិ ជោគជ័យរបស់កម្ពុជា។ពួកក្រុងជ្រុលនិយមអាវលឿងនៅតែមានមហិច្ឆតាចូលមកក្នុងភូមិ ជោគជ័យដើម្បីយក លេសអោយរាជរដ្ឋាភិបាល កម្ពុជាធ្វើការដោះលែងជនជាតិសៀមទាំង៧នាក់មកវិញ។ សៀមយក តំបន់នេះ បង្កបញ្ហាដើម្បីបំរើអោយការងារនយោបាយរបស់គេ ហើយកំណត់យកតំបន់នេះ ជា ចំនុចក្តៅដូចនៅតំបន់ ប្រាសាទព្រះវិហារ។
តាមការរៀបរាប់ចង្អុលបង្ហាញរបស់យោធាជួរមុខប្រចាំនៅបន្ទាត់ព្រំដែនកំពុងកាន់តឹងបានរៀបរាប់ថាៈ កាលពីល្ងាចនិងយប់ថ្ងៃទី ៤.០១.២០១១ កំលាំងឈុតខ្មៅថៃ ៣០០នាក់ និង១០០នាក់ទៀតបានដាក់បន្ថែម នៅភូមិអាងសិលា ឃុំ អូរបីជាន់របស់កម្ពុជា។ចំពោះស្ថានភាពព្រំដែនព្រឹកថ្ងៃទី ៥.០១.២០១១ នឹងកាន់តែតាន តឹង រវាងបាតុករអាវលឿងនិងពលរដ្ឋ និង យោធាថៃដែលធ្វើអោយកម្ពុជាកាន់តែត្រៀមទប់ទល់ការពារកាន់តែ ខ្លាំង។
លុះនៅវេលាម៉ោង១២រសៀលថ្ងៃទី ៥ មករា ២០១១ នេះតាមប្រភពព័ត៌មានពីប៉ូលីសការពារព្រំដែន បានអោយដឹងថាៈ ក្រុមបាតុករអាវលឿងកំពុងតែប្តូរយុទ្ធសាស្រ្តសំរុកទៅបង្គោលព្រំដែនលេខ ៤៦ ដោយប្រើ វិធីពីហែលក្បួនតាមរថយន្តមកហែរក្បួនតវ៉ាតាមថ្មើរជើងវិញ។ ប៉ុន្តែពេលនេះបាតុករអាវលឿងដែលមាន ចំនួនពី ៣០០០នាក់ ទៅ ៤០០០នាក់ដែលកំពុងតែកកស្ទុះនៅលើលផ្លូវបំបែកក្នុងភូមិប៉ារ៉ៃ ស្រុកអារញ្ញ។ ដែលការកកស្ទុះនេះបណ្តាលមកពីប្រជាពលរដ្ឋថៃ និង កងទ័ពថៃធ្វើការរារាំងដោយដាក់ប៉ារ៉ាស់ពាសពេញ តាមដងផ្លូវ នឹងមានការប៉ះទង្គិចពាក្យសំដីរវាងពលរដ្ឋថៃនិងបាតុកករអាវលឿង។
គួរបញ្ជាក់ថាចំនុចកកស្ទះខាងលើបើគិតពីចម្ងាយមកដល់ព្រំដែនកម្ពុជាដល់ចំនុចច្រករបៀងព្រៃគុប ក្នុង ភូមិ ព្រៃគុប សង្កាត់ ប៉ោយបែត មានចម្ងាយប្រហែលជា ៦Km ៕