ដោយ ៖ ភិរម្យ
ខេត្តស្ទឹងត្រែង៖ កាលពីវេលាម៉ោង៦ ល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០១១ ប្រជាពលរដ្ឋខ្មែរចំនួន៩នាក់ត្រូវបានទាហានការពារព្រំដែនលាវបាញ់រះសន្ធាប់ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ និងបាត់ខ្លួន៦នាក់ ។
ព្រឹត្តិការណ៍នេះកើតឡើងនៅចំណុច អូរឡែ ស្ថិតក្នុងចន្លោះបង្គោលឡាក់លេខ ០៦២-០៦៣ ចូលជ្រៅក្នុងទឹកដីលាវប្រមាណ ៥គ.ម ទល់មុខ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា ។
ប្រធាននគរបាលការពារព្រំដែនកម្ពុជាលេខ ៧០១ លោក ស៊ុន បាន បានប្រាប់ឲ្យដឹងថា ពលរដ្ឋខ្មែរទាំង៩នាក់នោះបានឆ្លងចូលទៅក្នុងទឹកដីលាវ ហើយត្រូវទាហានលាវ បាញ់រះបណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ត្រង់ស្មាខាងឆ្វេង ហើយត្រូវអ្នករួមដំណើរ២នាក់ជួយសែងត្រលប់ចូលមកទឹកដីកម្ពុជាវិញ ចំនែក៦នាក់ទៀតបានភៀសខ្លួនបាត់មិនដឹងជាស្លាប់ ឬរស់ទេ ព្រោះសមត្ថកិច្ចកម្ពុជាមិនទាន់ទទួលបានរបាយការណ៍ជាក់ស្ដែងនៅឡើយ ។ រីឯអ្នករងរបួសធ្ងន់ដែលត្រូវមិត្តភក្តិសែងមកកម្ពុជាវិញនោះ ក៏មិនទាន់ដឹងថា ទៅសម្រាកនៅមន្ទីរពេទ្យណាដែរ ។
លោក ស៊ុន បាន បានបញ្ជាក់ទៀតថា ជំហានដំបូងគេដឹងថាអ្នកដែលរងរបួសធ្ងន់នោះឈ្មោះ នួន នី ភេទប្រុស អាយុ៣៥ឆ្នាំ ពួកគេទាំង៩នាក់សុទ្ធតែជាប្រជាពលរដ្ឋចំណាកស្រុក មកពីភូមិកែង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
នេះជាលើកទី២ហើយគិតពីចុងឆ្នាំ២០១០ និងដើមឆ្នាំ២០១១នេះ ដែលពលរដ្ឋកម្ពុជាត្រូវទាហានព្រំដែនលាវបាញ់រះដោយចោទប្រកាន់ថា លួចឆ្លងដែនខុសច្បាប់ ។
លោក ស៊ុន បាន ប្រធានវីរៈនគរបាលការពារព្រំដែនលេខ ៧០១ បានបន្ថែមថាភាគីកម្ពុជាកំពុងស្វះស្វែងរកពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើបាញ់ប្រហារពីសំណាក់ទាហានលាវយ៉ាងយកចិត្តទុកដាក់ ។ កន្លងមកភាគីទាំង២កម្ពុជា -លាវ តែងបានសហការគ្នាមិនដែលខកខានឡើយ ប៉ុន្តែនៅគ្រានេះមិនដឹងជាមានមូលហេតុអ្វីពិតប្រាកដទេ ទើបភាគីលាវ មិនបានទំនាក់ទនងសហការជាមួយកម្ពុជាហើយរហូតមកទល់នឹងល្ងាចថ្ងៃទី២១ មករានេះក៏យើងមិនអាចទំនាក់ទំនងសុំរបាយការណ៍លំអិតបាននៅឡើយ ៕
No comments:
Post a Comment