នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១០ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត សុខ អានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម តាកាស៊ី អ៊ីស៊ីហ្សេគី (Takashi ISHIZEKI) ឯកឧត្តម អ៊ីជីរ៉ូ វ៉ាស៊ីយូ (Eiichiro WASHIO) ឯកឧត្តម គេរ៉ូ គីតាហ្គាមី(Keiro KITAGAMI) តំណាងរាស្រ្តនៃគណបក្ស ប្រជាធិបតេយ្យ(DPJ) ដែលជាគណបក្សកាន់អំណាចនៅប្រទេសជប៉ុន។
គោលបំណងនៃជំនួបនេះគឺពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងជប៉ុន ពិសេសលើវិស័យសេដ្ឋកិច្ច ក៏ដូចជាការស្វែងយល់ បទពិសោធន៍អំពីការដោះស្រាយបញ្ហា ព្រំដែន និងការកសាងសន្តិភាព ស្ថិរភាពនយោបាយ និងការបង្រួបបង្រួមជាតិនៅ កម្ពុជាផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត សុខ អាន បានវាយតម្លៃខ្ពស់ចំពោះ រដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលជាមិត្តល្អក្នុងការឈានមុខផ្តល់ជំនួយ(ODA) ដល់ប្រទេស កម្ពុជា។ ក្នុងនោះមានជំនួយកសាងហេដ្ឋារចនាសម្ព័ន្ធ ជំនួយដល់សាលាក្តីកាត់ទោស មេដឹកនាំខ្មែរក្រហម ហើយជប៉ុនជាសហប្រធាននៃគណៈកម្មការសម្របសម្រួល អន្តរជាតិ អង្គរ (ICC-Angkor) ប៉ុន្តែការវិនិយោគរបស់ក្រុមហ៊ុនឯកជនជប៉ុននៅកម្ពុជានៅមានកម្រិត នៅឡើយ។
ឯកឧត្តមបណ្ឌិត សុខ អាន សំណូមពរឲ្យជប៉ុនបង្កើនការវិនិយោគផ្នែកឯកជន(SDI)ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន បើកការហោះហើរដោយផ្ទាល់រវាងជប៉ុន-កម្ពុជា ដោយឯកឧត្តមបណ្ឌិតបានបញ្ជាក់ថា ការហោះហើរត្រង់ជប៉ុន-កម្ពុជា មិនត្រឹមតែ ជួយបង្កើនភ្ញៀវទេសចរណ៍រវាងប្រទេសទាំងពីរតែប៉ុណ្ណោះទេ តែថែមទាំងជួយជម្រុញការ វិនិយោគរបស់ជប៉ុនមកកម្ពុជាកាន់តែច្រើនផងដែរ។
នៅក្នុងឱកាសនោះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនភ្ញៀវតំណាងរាស្ត្រជប៉ុន អំពី ជោគជ័យនៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី(ICAPP) លើកទី៦ នៅ រាជធានីភ្នំពេញ ដែលក្នុងនោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបាន ជ្រើស តាំងជាងវីរប្រធាននៃគណបក្សនយោបាយនិយមកណ្តាលអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក(CAPDI) ជាពិសេសប្រតិភូគណបក្សនយោបាយនានាចូលរួមប្រមាណ១០០ គណបក្ស នយោបាយមកពី ៤៦ ប្រទេសបានសម្រេចយកនយោបាយកសាងសន្តិភាព ស្ថិរភាព នយោបាយ និងការបង្រួបបង្រួមជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជាធ្វើជាគំរូសម្រាប់ យក ទៅដោះស្រាយជម្លោះនយោបាយ ក្នុងប្រទេសផ្សេងៗទៀត។
ឯកឧត្តមបណ្ឌិត សុខ អាន ក៏បានជម្រាបជូនផងដែរអំពីបទពិសោធន៍របស់ រាជរដ្ឋាភិបាល កម្ពុជាក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការ ដោះស្រាយ បញ្ហាព្រំដែន និងជម្លោះជាមួយប្រទេសជិតខាង ដោយសន្តិវិធី ឈរលើ មូលដ្ឋានការទូត និងមូលដ្ឋានគតិយុត្តិ ដែលរាជាណាចក្រកម្ពុជាមាន។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមតំណាងរាស្រ្តទាំងបីរូប នៃគណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សកាន់អំណាចនៅក្នុងប្រទេសជប៉ុន បានកោតសរសើរចំពោះការរីកចំរើន ដ៏ឆាប់រហ័សលើវិស័យសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបានសន្យាថា នឹង ជួយជម្រុញរដ្ឋាភិបាលជប៉ុន និងអ្នកវិនិយោគជប៉ុនឲ្យមកវិនិយោគនៅកម្ពុជា ក្នុងនោះមាន ទាំងការហោះហើរត្រង់ជប៉ុន-កម្ពុជា និងការនាំកសិផលកម្ពុជាទៅកាន់ប្រទេសជប៉ុន ដើម្បី បង្កើនឲ្យមានទំនាក់ទំនងការទូត និងសេដ្ឋកិច្ចកម្ពុជា-ជប៉ុនឲ្យបានកាន់តែល្អប្រសើរ ថែម ទៀតផងដែរ។
ឯកឧត្តម តាកាស៊ី អ៊ីស៊ីហ្សេគី (Takashi ISHIZEKI) ក្នុងនាមប្រតិភូតំណាងរាស្ត្រ គណបក្សប្រជាធិបតេយ្យ បានថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិត សុខ អាន ដែល បានមានប្រសាសន៍ផ្តល់ជូននូវមេរៀនបទពិសោធន៍ល្អ របស់កម្ពុជាក្នុងការ ដោះស្រាយ បញ្ហាទឹកដីជាមួយប្រទេសជិតខាងផងដែរ។