ភ្នំពេញ: សវនាការកាត់ក្តីជនជាតិថៃទាំង៧នាក់ដែលអាជ្ញាធរខ្មែរចាប់ខ្លួនកាលពីថ្ងៃទី២៩ធ្នូឆ្នាំ២០១០ត្រូវបានផ្លាស់ប្តូរកាលបរិច្ឆេទជាបន្ទាន់ទៅតាមសំណើររបស់ជនជាប់ចោទ។
សវនាការដែលគេគ្រោងនឹងបើកធ្វើនៅថ្ងៃទី១កុម្ភៈខាងមុខត្រូវបានផ្លាស់ប្តូរដោយតុលាការសម្រេចមកធ្វើនៅរសៀលថ្ងៃទី២១មករានេះវិញ។ ការសម្រេចនេះបានធ្វើឡើងកាលពីល្ងាចថ្ងៃម្សិលមិញដោយយោងតាមសំណើរដោយទទូចរបស់តំណាងជនជាប់ចោទនិងស្ថានទូតថៃ។
ជនជាតិថៃទាំង៧នាក់ដែលក្នុងនោះមានតំណាងរាស្ត្រម្នាក់ផងត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួនកាលពីថ្ងៃទី២៩ធ្នូឆ្នាំ២០១០ខណៈដែលពួកគេដើរចូលក្នុងដីខ្មែរដោយខុសច្បាប់ក្នុងភូមិសាស្ត្រចំណុចគីឡូម៉ែតលេខ២៦ក្នុងខេត្តបន្ទាយមានជ័យ។
ពួកគេត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទឆ្លងដែលខុសច្បាប់ និងចូលក្នុងតំបន់យោធាក្នុងបំណងទុច្ចរិត។ ប៉ុន្តែ ជនជាតិថៃ២នាក់ក្នុងចំណោម៧នាក់ត្រូវបានតុលាការចោទបន្ថែម ពីបទប៉ុនប៉ងប្រមូលព័ត៌មានដែលអាចធ្វើឱ្យអន្តរាយដល់ការការពារជាតិ។
រហូតមកទល់ពេលនេះ មានជនជាតិថៃ៦រូបហើយដែលត្រូវបានសាលាដំបូងនិងសាលា ឧទ្ធរណ៍ដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នដោយកំពុងស្នាក់នៅក្នុងស្ថានទូតថៃពោលគឺនៅសល់តែបុរសម្នាក់ឈ្មោះ វីរៈ ស៊ុមខ្វានឃីត ប៉ុណ្ណោះដែលកំពុងជាប់ក្នុងមន្ទីរឃុំឃាំងព្រៃស៕
ដោយ : បញ្ញវន្ត CEN
No comments:
Post a Comment