ការិយាល័យអ្នកនាំពាក្យ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា សូមធ្វើការបដិសេធចោលទាំងស្រុងចំពោះការចោទប្រកាន់ដែល បានចុះផ្សាយនៅលើគេហទំព័រ ASTV Manager Online កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០១០ នៅ វេលាម៉ោង ២២:២៣នាទី ដែលចោទថា៖
«ពេលនេះ រដ្ឋាភិបាលកម្ពុជារបស់លោក ហ៊ុន សែន កំពុងតែជម្រុញ ឧបាយកលយ៉ាងធ្ងន់ ដើម្បីកញ្ឆក់យកប្រាសាទព្រះវិហារ និងផ្ទៃដីក្បែរនោះមកជា របស់ខ្លួនឯង ដោយប្រឹងយ៉ាងអស់ សមត្ថភាព» ។
នេះគឺជាការចោទប្រកាន់មិនត្រឹមត្រូវ និងជាការប្រឌិតព័ត៌មានសុទ្ធសាធ ដើម្បីបំភាន់ សាធារណៈមតិដែលធ្វើឡើងដោយ ASTV Manager Online ដែលត្រូវបាន គេដឹងថា គឺជា ប្រព័ន្ធឃោសនារបស់ សុនធិ លិមថងគុល មេដឹកនាំសម្ព័ន្ឋភាពប្រជាជនដើម្បី ប្រជាធិបតេយ្យ (ក្រុមអាវលឿង) ដែលជាសេដ្ឋី ទូរគមនាគមន៍ និងជាម្ចាស់ទូរទស្សន៏ ASTV។
តាមការពិត ប្រាសាទព្រះវិហារត្រូវបានគេដឹងឮជាទូទៅថាជារបស់ខ្មែរ ហើយ បច្ចុប្បន្ននេះ យើងរង់ចាំតែគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ធ្វើការងារខ័ណ្ឌសីមា ព្រំដែន គោក ជាក់ស្តែង តែប៉ុណ្ណោះ ។
នេះមិនមែនជាលើកទីមួយទេដែល សុនធិ លិមថងគុល និយាយអាក្រក់អំពីកម្ពុជា និង អ្នកដឹកនាំកម្ពុជា តាមរបៀបនិយាយបង្កាច់បង្ខូច ការប្រឌិតព័ត៌មានមិនពិត ដើម្បីបំពុល សាធារណមតិជាតិ និងអន្តរជាតិ និងការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ។ ជាច្រើនលើក ច្រើនដងមកហើយ អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វើការទាត់ចោលនូវ ការលើកឡើងរបស់លោក សុនធិ លិមថងគុល ដែលបាន បង្កើតយុទ្ធនាការដ៏គួរឲ្យ ស្អប់ខ្ពើម ប្រឆាំងនឹងប្រជាជន និងមេដឹកនាំកម្ពុជា ដែលប្រការនេះ ជាការដុតបញ្ឆេះអារម្មណ៍ស្អប់ខ្ពើម រវាងប្រជាជនកម្ពុជា និងថៃ ។ លោក សុនធិ លិមថងគុល បានបង្ហាញយ៉ាងច្បាស់ថាគាត់កំពុងតែក្លាយទៅជាជនឡប់សតិដ៏គ្រោះថ្នាក់ ដែលមាន បំណងបំផ្លាញទំនាក់ទំនងមិត្តភាព ដ៏ល្អរវាងប្រជាជនកម្ពុជា និងថៃ ។
ក្នុងន័យដូចគ្នានេះដែរ អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ក៏សូមធ្វើការ បដិសេធចោលទាំងស្រុងផងដែរចំពោះការអះអាងរបស់ ASTV Manager Online ថា «ឯកឧត្តមបណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្រ្តី បានចេញមកប្រកាសពីជ័យជំនះលើអធិបតេយ្យភាពថៃ ពីព្រោះកម្ពុជា អាចបង្ខំឲ្យ ថៃកាត់បន្ថយ ទាហានថៃនៅវត្តកែវសិក្ខាគីរិស្វារៈ ហើយការដែល ធ្វើដូចនោះមានន័យថា ថៃបានទទួលស្គាល់ ថាវត្តនេះ និងតំបន់ក្បែរប្រាសាទ ព្រះវិហារ ជាកម្មសិទ្ធិរបស់កម្ពុជា» ។
តាមការពិត ក្នុងអំឡុងពេលធ្វើទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ ICAPP (សន្និសីទអន្តរជាតិ នៃគណបក្សនយោបាយនៅអាស៊ី) នៅប្រាសាទព្រះវិហារ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១០ ឯកឧត្តមបណ្ឌិត សុខ អាន មិនបានលើកឡើងសូម្បីតែមួយម៉ាត់អំពីបញ្ហាយោធា ។ ផ្ទុយ ទៅវិញ ឯកឧត្តមបណ្ឌិត សុខ អាន បានជម្រាបជូនភ្ញៀវបរទេសទាំងអស់អំពី៖ ទី១ ប្រវត្តិនៃ ការកសាងប្រាសាទព្រះវិហារ ទី២ សេចក្តី សម្រេច បីចំណុចរបស់សាលដីការចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ របស់តុលាការយុត្តិធម៌ អន្តរជាតិ ។ ទី៣ ឯកឧត្តមបណ្ឌិត សុខ អានក៏បានជម្រាបជូនគណៈប្រតិភូបរទេសផងដែរ អំពីសេចក្តីសម្រេចដ៏ត្រឹមត្រូវរបស់គណៈកម្មាធិការ បេតិកភណ្ឌពិភកលោក ដែលបានចុះឈ្មោះប្រាសាទព្រះវិហារជាឯកច្ឆ័ន្ទចូលក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា ក្រោម លក្ខណៈវិនិច័្ឆយ(១) ដែលថាប្រាសាទព្រះវិហារ គឺជាស្នាដៃឆ្នើមនៃស្ថាបត្យកម្មខ្មែរ ដែល មាន តម្លៃលេចធ្លោជាសកល ។ និងជាចុងបញ្ចប់ ឯកឧត្តម បណ្ឌិត សុខ អាន ក៏បានជម្រាប ជូនគណៈប្រតិភូទាំងអស់អំពីកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ អភិរក្ស និងអភិវឌ្ឍតំបន់ប្រាសាទព្រះវិហារ ប្រកបដោយចីរភាព ។
អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស មានកាតព្វកិច្ចសូមទាញចំណាប់អារម្មណ៍សាធារណជនជាតិ និងអន្តរជាតិឲ្យបានជ្រាបថា ជាថ្មីម្តងទៀត សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញ ភាពជាអ្នកកសាង សន្តិភាព ដោយម្តងនេះ សម្តេចបានធ្វើឲ្យមានសន្តិភាពនៅតាម តំបន់ព្រំដែនរវាងកម្ពុជា និង ថៃ ។ សម្តេច ហ៊ុន សែន បានប្រកាសប្រកបដោយមោទនភាព កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១០ ក្នុងពីធីចែកសញ្ញាប័ត្រ នៅវិទ្យាស្ថានជាតិអប់រំ ថា «ស្ថានការណ៍បានធូរស្រាល និងវិលត្រឡប់ ទៅរកស្ថានភាពដូចមុនថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ វិញហើយ» ។