ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈ រដ្ឋមន្រ្តី បានសំណូមពរដល់កីឡាករប្រណាំងទូកឲ្យប្រឹងប្រែងយកឈ្នះការប្រកួត ដោយប្រើបច្ចេកទេស គោរពវិន័យ និងរក្សាសុខភាពឲ្យបានល្អ ព្រោះថាវិន័យ និងសុខភាពគឺជាកត្តាសំខាន់បំផុតសំរាប់ ឲ្យទទួលបានជ័យជំនះ ពិសេសជៀសវាងការនាំអេដស៍ចូលផ្ទះ ។
នៅក្នុងឱកាសអញ្ជើញទៅសាកសួរសុខទុក្ខ , សំណេះ សំណាល និង ពិនិត្យមើល ការហ្វឹកហាត់បំប៉នបច្ចេកទេស របស់ កីឡាករ ចំណុះទូកមកពីខេត្តតាកែវនាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១០ នៅមាត់ទន្លេ វត្តអម្ពរវ័ន្ត ស្ថិតនៅឃុំ ឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ឯកឧត្តមបណ្ឌិត សុខ អាន បានសរសើរ និង ថ្លែងអំណរគុណ ចំពោះ គណៈកម្មការរៀបចំ គ្រូបង្វឹក ព្រមទាំង ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន មន្ត្រីរាជការ និងសប្បុរសជន តំណាងក្រុមហ៊ុននានា ដែលបានផ្តល់ការឧបត្ថម្ភ ជាសម្លៀកបំពាក់ថវិកា និងគ្រឿងឧបភោគបរិភោគ រួមចំណែក ជួយដល់ការស្នាក់នៅហ្វឹកហាត់ បំប៉ន បច្ចេកទេស របស់ចំណុះទូកឲ្យទទួលបានជ័យជំនះរាល់ៗឆ្នាំ ជាបន្តបន្ទាប់។
ទាក់ទិននឹង ពិធីបុណ្យអុំទូក ដែលជាបុណ្យប្រពៃណីជាតិ ដ៏ធំប្រចាំឆ្នាំ របស់ ព្រះរាជាណាចក្រកម្ពុជានោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ពិធីបុណ្យអុំទូកដែលបានរៀបចំឡើងជារៀងរាល់ ឆ្នាំនេះ គឺជាផ្នែកមួយនៃ ទេសចរណ៍ វប្បធម៌ ដែលមានតម្លៃ ខាងសេដ្ឋកិច្ច ។ គួរកត់សំគាល់ដែរថា នៅលើ ពិភពលោក គេពិបាក រកបានណាស់ នូវពិធីបុណ្យមួយ ដែលប្រមូលផ្តុំប្រជាជនចូលរួមច្រើន រហូតដល់ ៣ ទៅ ៤ លាននាក់ បែបនេះ ណាស់ ហើយព្រឹត្ដិការណ៍នេះ កាន់តែផ្តល់ការចាប់់អារម្មណ៍ ខ្លាំង បំផុត គឺនៅក្នុងពិធីចាប់កូនខ្លែង ពេលបញ្ចប់ពិធី ដែលមានទូក រាប់រយបណ្ដែត លើ ទន្លេ មុខ ៤ ដង្ហែកាត់ព្រ័ត្រ យ៉ាងកងរំពងនោះ ។
គួរកត់សំគាល់ថា បច្ចុប្បន្ននេះកម្ពុជា កំពុងទទួលបានប្រយោជន៍ អំពីសក្តានុពល វិស័យទេសចរណ៍ ដែលកម្ពុជាមាន នោះគឺទេសចរណ៍វប្បធម៌ ។ ដោយសារទេសចរណ៍ គឺជាប្រភព ចំណូលដ៏ធំ ក្នុងសេដ្ឋកិច្ចជាតិ ដូច្នេះហើយ ទើប រាជរដ្ឋាភិបាល កម្ពុជា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួង ទេសចរណ៍ ជាដើមនោះ បានខិតខំធ្វើឲ្យព្រឹត្តិការណ៍ប្រពៃណី ជាប្រវត្តិសាស្ត្រ នៃពិធីបុណ្យអុំទូកប្រចាំឆ្នាំ ក្លាយទៅជាព្រឹត្តិការណ៍ ទេសចរណ៍ សំរាប់ ពិភពលោក ។
ទូក ង របស់ខេត្តតាកែវ ដែលត្រៀមចូលរួមការប្រកួតក្នុងឱកាស បុណ្យអុំទូក បណ្តែតប្រទីបអកអំបុក សំពះព្រះខែ ក្នុងឆ្នាំនេះ មានចំនួន ១២ទូក និងមានកីឡាករ សរុប ១០៣៤នាក់។ គណៈកម្មការ ទូក ង របស់ខេត្តតាកែវ បានរាយការណ៍ដែរថា ក្នុងចំណោមទូកទាំង ១២គ្រឿង ក្នុងឆ្នាំនេះ មានទូកចំនួន ៨គ្រឿង នឹងត្រូវបាន ចូលប្រកួត ក្នុងគូពិសេស , ១ គ្រឿង ប្រកួតជាលក្ខណៈ អន្តរជាតិ និង ៣គ្រឿងទៀត ចូលរួមប្រកួតជាទូទៅ។ ទូកទាំង១២គ្រឿង ដែលទទួលបានការគាំទ្រឧបត្ថម្ភដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន ក្នុងនោះមាន ទូកមកពីខេត្តតាកែវ ចំនួន៩ គឺទូក គិរីវង្សសុខសែនជ័យ , ទូក តេជោសែនជ័យបារមីពេជ្រមុនី , ទូក តាកែវទ្រាំងសុខសែនជ័យ បូរីជលសារស៊ូសុខសែនជ័យ , កោះអណ្តែត សុខសែនជ័យ , អង្គរបុរីច័ន្ទសុខសែនជ័យ , ព្រៃកប្បាសសុខសែនជ័យ , ដូនកែវស៊ូសុខសែនជ័យ , ច័ន្ទសោមសុខសែនមង្គល , សែនពិដោរ, សំរោងសែនជ័យ បារមីភ្នំជីសូរ និងសំរោងតេជោសែនជ័យបារមី៧មករា ហើយនិង ទូក៣ទៀតរបស់ ទីស្តីការគណៈរដ្ឋមន្ត្រី គឺ ស្រីសសុខសែនជ័យ និង អប្សរាសុខសែនជ័យ និងប្រាសាទព្រះវិហារសុខសែនជ័យ ។