ថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ២០១០ វេលាម៉ោង ៨ និង៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី មានបើកសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី ៤ ដើម្បីឆ្លងៈ
១-សេចក្តីព្រាងច្បាប់ស្តីពីការកែតម្រូវច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់ គ្រងឆ្នាំ ២០០៩ និងឆ្នាំ២០១០ ។
២-សំណើសុំបញ្ចូលគម្រោងវិនិយោគ សាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អនុភាព ដំឡើង ២៧០ មេហ្គាវ៉ាត់ ជំហានទី១ នៃ ផែនការអភិវឌ្ឍន៍រោងចក្រ អគ្គិសនីដុត ធ្យូងថ្មកម្លាំង ៧០០ មេហ្កាវ៉ាត់ នៅខេត្តព្រះសីហនុ។
៣-សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារ នីតិសម្បទា អ្នកញៀនគ្រឿងញៀន ។
៤-សេចក្តីព្រាងផែនការសកម្មភាពជាតិ ស្តីពីជីវសុវត្ថិភាព និងជីវបច្ចេកវិទ្យា ទំនើប ២០១០-២០១៤ ។
៥-បញ្ហាផ្សេងៗ ៖
ក្រោយពីបានស្តាប់របាយការណ៍ និងមតិពិភាក្សាផ្លាស់ប្តូរយោបល់រួចមក កិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រីបានសម្រេចៈ
I-សេចក្តីព្រាងច្បាប់ស្តីពី ការកែតម្រូវច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០០៩ និងឆ្នាំ២០១០ ៖
ឆ្នាំ២០១០នេះជាឆ្នាំ ដែលសេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញតាមទម្រង់អក្សរវេ(V) បន្ទាប់ ពីទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីវិបត្តិកលិយុគហិរញ្ញវត្ថុអន្តរជាតិ ពីការធ្លាក់ចុះសេដ្ឋកិច្ច ពីព្យុះកេតសាណា និងពីការប្រឈមក្នុងកាតព្វកិច្ចការពារអធិ បតេយ្យភាព និងបូរណភាពទឹកដីក្នុងឆ្នាំ២០០៨ និងឆ្នាំ២០០៩ កន្លងមក។ ប៉ុន្តែការងើប ឡើងវិញ ស្ថិតនៅក្នុងស្ថានភាពមួយផុយស្រួយនៅឡើយ ដែលទាមទារឲ្យរាជរដ្ឋាភិបាល ត្រូវបន្តអនុវត្តនូវនយោបាយវិត្ថារកម្មចំណាយបន្តទៅទៀត ក្នុងគោលដៅពង្រឹងថែមទៀតនូវ មូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ច ក៏ដូចជាដើម្បីជម្រុញបង្កើនល្បឿននៃពិពិធកម្មសេដ្ឋកិច្ច ដើម្បីជម្រុញសេដ្ឋកិច្ចកម្ពុជាឲ្យឈានទៅមុខនៅលើគន្លងនៃកំណើនខ្ពស់ ការអភិវឌ្ឍន៍ និង ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។ ជាមួយគ្នានេះដែរ ដើម្បីអនុវត្តនូវនយោបាយ វិត្ថារកម្មនេះ ទាមទារនូវការប្រើប្រាស់ទុនវិនិយោគយ៉ាងគំហុក ដែលតម្រូវឲ្យរាជរដ្ឋាភិបាល មានការចាំបាច់ក្នុងការរៀបចំ ច្បាប់កែតម្រូវស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១០ នេះឡើង ដើម្បីឆ្ពោះទៅសម្រេចជោគជ័យតាមទិសដៅ និងគោលដៅ “យុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី២” ក៏ដូចជា “ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិបច្ចុប្បន្នកម្ម ២០០៩-២០១៣” ដើម្បីជម្រុញកំណើន បង្កើតការងារ ធានាសមធម៌ និងប្រសិទ្ធិភាព នៅកម្ពុជាដែលជា "របៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច" នៃ “កម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៤ នៃរដ្ឋសភា” ។ សេចក្តីព្រាងច្បាប់នេះនឹង បង្កនូវកត្តាជាបុព្វបទដ៏សំខាន់ ដើម្បីធានាបានថា នាវាកម្ពុជានៅតែមានស្ថិរភាពអាច បន្តទៅមុខទៀតប្រកបដោយចីរភាពលើគន្លងនៃការអភិវឌ្ឍន៍ ក្នុងល្បឿននៃកំណើន សេដ្ឋកិច្ចខ្ពស់ឡើងវិញឆ្ពោះទៅត្រើយវឌ្ឍនភាព និងវិបុលភាព។
II-សំណើសុំបញ្ចូលគម្រោងវិនិយោគ សាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មអនុភាព ដំឡើង ២៧០ មេហ្គាវ៉ាត់ ជំហានទី១ នៃផែនការអភិវឌ្ឍន៍រោងចក្រអគ្គិសនីដុត ធ្យូងថ្មកម្លាំង ៧០០ មេហ្កាវ៉ាត់ នៅខេត្តព្រះសីហនុ ៖
ដើម្បីបំពេញសេចក្តីត្រូវការបន្ថែម និងសម្រាប់សម្របសម្រួលស្ថិរភាពប្រភពអគ្គិសនី រវាងរដូវវស្សា និងរដូវប្រាំងក្នុងរយៈពេលចាប់ពីឆ្នាំ ២០១៥ទៅ អង្គប្រជុំពេញអង្គគណៈ រដ្ឋមន្ត្រីបានអនុម័តឲ្យក្រុមហ៊ុន Cambodia International Investment Development Group Co,Ltd ធ្វើការវិនិយោគគម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មអនុភាពដំឡើង ២៧០ មេហ្គាវ៉ាត់ ដែលជាជំហានទី១ នៃផែនការអភិវឌ្ឍន៍រោងចក្រអគ្គិសនីធ្យូងថ្មកំលាំង ៧០០ មេហ្គាវ៉ាត់ នៅខេត្តព្រះសីហនុ ក្នុងតម្លៃ ៣៦២ លានដុល្លារអាមេរិកសម្រាប់រយៈពេលសម្បទាន ៣៣ ឆ្នាំ បន្ទាប់មកនឹងចរចាពិនិត្យការធ្វើអាជីវកម្មឡើងវិញ។
III-សេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតមជ្ឈមណ្ឌលជាតិ ព្យាបាលនិងស្តារ នីតិ សម្បទា អ្នកញៀនគ្រឿងញៀន ៖
សេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀនដែលមាន ៨ មាត្រានេះ ត្រូវបានរៀបរៀបចំឡើងដោយ ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបាន សហការជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ ផ្សេងទៀត។
មជ្ឈមណ្ឌលជាតិ ដែលត្រូវបង្កើតដោយយោងតាមអនុក្រឹត្យនេះ គឺស្ថិតក្រោមការគ្រប់ គ្រងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីបន្សាប ព្យាបាល អប់រំ ស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងធ្វើសមាហរណកម្មអ្នកជាសះស្បើយ ពីគ្រឿងញៀន ចូលទៅក្នុងសហគមន៍ និងក្រុមគ្រួសារវិញ និងដើម្បីរួមចំណែកក្នុងការ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម។
IV-សេចក្តីព្រាងផែនការសកម្មភាពជាតិ ស្តីពីជីវសុវត្ថិភាព និងជីវបច្ចេកវិទ្យាទំនើប ២០១០-២០១៤ ៖
សេចក្តីព្រាង “ផែនការសកម្មភាពជាតិ ស្តីពីជីវសុវត្ថិភាព និងជីវបច្ចេកវិទ្យាទំនើប” ត្រូវបានរៀបចំឡើងដោយក្រសួងបរិស្ថាន ដោយឆ្លើយតបទៅនឹង “ច្បាប់ស្តីពីជីវសុវត្ថិភាព” ដែលបានប្រកាសឲ្យប្រើប្រាស់ដោយព្រះរាជក្រមលេខ នស/រកម/០២០៨/០០៦ ចុះថ្ងៃទី ១៥ ខែកុម្ភះ ឆ្នាំ២០០៨ ព្រមទាំងអនុលោមទៅតាមខ្លឹមសារពិធីសារកាតាហ្សេណា ស្តីពីជីវ សុវត្ថិភាព ដែលព្រះរាជាណាចក្រកម្ពុជាជាសមាជិកនៃពិធីសារនេះ។
គោលបំណងចំបងនៃសេចក្តីព្រាង ផែនការសកម្មភាពជាតិ ស្តីពីជីវសុវត្ថិភាព និងជីវបច្ចេកវិទ្យាទំនើប គឺដើម្បីអនុវត្ត “ច្បាប់ស្តីពីជីវសុវត្ថិភាព” ក្នុងការពង្រឹងសមត្ថភាព ស្ថាប័ន ការអភិវឌ្ឍន៍ ការគ្រប់គ្រង និងការប្រើប្រាស់ដោយសុវត្ថិភាពនូវជីវបច្ចេកវិទ្យាទំនើប ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលធានាឲ្យបាននូវការប្រើប្រាស់ផលិតផលសារពាង្គកាយ កែច្នៃរស់ក្នុងការបង្កើនផលិតភាពកសិកម្ម ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និង កំណើនសេដ្ឋកិច្ច ទន្ទឹមនឹងកិច្ចការពារជីវៈចម្រុះជាតិ ក្នុងក្របខ័ណ្ឌបន្សាំទៅនឹងឥទ្ធិពលនៃ ការប្រែប្រួលអាកាសធាតុ ជម្ងឺរុក្ខជាតិ និងជម្ងឺសត្វនានា។ សេចក្តីព្រាងផែនការសកម្មភាព ជាតិ ស្តីពីជីវសុវត្ថិភាព និងជីវបច្ចេកវិទ្យា ក៏គាំទ្រយ៉ាងពេញទំហឹងនូវយុទ្ធសាស្រ្តនាំអង្ករចេញ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលរួមចំណែកបង្កើនផលិតផលកសិកម្ម សុខភាពមនុស្ស និងគុណភាពបរិស្ថាន។
V-បញ្ហាផ្សេងៗ ៖
-សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងកោត សរសើរចំពោះស្ថាប័នមានសមត្ថកិច្ចទាំងអស់ និងអាជ្ញាធររាជធានីខេត្ត ព្រមទាំងប្រជា ពលរដ្ឋក្នុងការជួយធ្វើឲ្យកិច្ចប្រជុំស្តីពីគណបក្សនយោបាយនៅអាស៊ី ICAPP នៅរាជធានី ភ្នំពេញបានទទួលជោគជ័យ។ ជាមួយគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមាន ប្រសាសន៍វាយតម្លៃខ្ពស់ កោតសរសើរ និងថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋគ្រប់ស្រទាប់ និងព្រះសង្ឃ ដែលបានចូលរួមគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយនូវឧបទ្ទវ ហេតុស្ពានពេជ្រ ដោយចាត់ទុកថា នេះជាការបង្ហាញពីចលនាសាមគ្គីភាពរវាងប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាល។
- ដោយដកស្រង់បទពិសោធន៍ល្អ ពីក្រុមហ៊ុនឯកជនក្នុងការរៀបចំតបណ្តាញអគ្គិសនី បានរហ័ស សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្រេចឲ្យឯកឧត្តម គាត ឈុន ឧបនាយក រដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ដឹកនាំការប្រជុំអន្តរក្រសួងជាមួយក្រសួងឧស្សាហកម្មរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនី ដើម្បីផ្តល់អាទិភាពឲ្យក្រុមហ៊ុនអគ្គិសនីកម្ពុជាធ្វើការ ដោះស្រាយ សំណងដោយផ្ទាល់ជូនប្រជាពលរដ្ឋ ដើម្បីជម្រុញឲ្យការសាងសង់បណ្តាញ តភ្ជាប់ចរន្តអគ្គិសនីបានរហ័សជៀសវាងភាពមានបណ្តាញតែខ្វះអគ្គិសនី ឬ មានអគ្គិសនី តែខ្វះបណ្តាញ។ ជាមួយគ្នានោះដែរអាជ្ញាធរអគ្គិសនី និងក្រុមហ៊ុនអគ្គិសនីកម្ពុជា ត្រូវដោះស្រាយថវិកាផ្ទាល់ដល់មជ្ឈមណ្ឌលដោះមីន ដើម្បីជួយសម្រួលឲ្យដំណើរការនៃការ ដោះមីនធ្វើផ្លូវ និងការដ្ឋានសាងសង់វារីអគ្គិសនីប្រព្រឹត្តទៅបានទាន់ពេលវេលា។
អង្គប្រជុំគណៈរដ្ឋមន្ត្រី បានបិទសម័យប្រជុំនៅវេលាម៉ោង១២និង៤៥នាទី ។
រាជធានីភ្នំពេញ ថ្ងៃទី១0 ខែធ្នូ ឆ្នាំ២០១០