Monday, January 03, 2011

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ រងការចោទថាបាន​រាយការណ៍អោយកម្ពុជា ចាប់ថៃទាំង៧

មេដឹកនាំម្នាក់នៃក្រុមថៃអាវលឿង បានសង្ស័យថារដ្ឋមន្ត្រីក្រសួងការ ពារជាតិថៃ លោកប្រាវិតវង្ស ស៊ូវុន គឺជាមនុស្សដែលនៅពីក្រោយការ បញ្ជាអោយកម្ពុជា ចាប់ខ្លួន ជនជាតិថៃទាំង៧ ។ កាសែត បាងកក ប៉ុស្តិ៍ ថៃ បានដកស្រង់សំដីមេដឹកនាំថៃអាវលឿង ឈ្មោះឆាយវ៉ាត់ ស៊ិនស៊ូវង្ស ដែលអះអាង ថា គាត់បានទទួលព័ត៌មានមួយដែលនិយាយ ថារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ប្រាវិតវង្ស ស៊ូវុន បានទាក់ទង ទៅមេបញ្ជាការ​កងទ័ពខ្មែរតាមព្រំប្រទល់ដើម្បីសុំអោយមានការចាប់ ខ្លួនជន ជាតិថៃទាំង៧ នាក់នោះ។ មេដឹកនាំថៃអាវលឿង ឈ្មោះឆាយ វ៉ាត់ ស៊ិនស៊ូវង្ស បាននិយាយថា គាត់បានប្រាប់ក្រុម​ថៃអាវលឿង ដែល គ្រោងធ្វើបាតុកម្មនៅមុខវិមានរដ្ឋាភិបាល អោយនាំគ្នា ធ្វើ ដំណើរមក កាន់ ខេត្តសាកែវដើម្បីប្រឆាំងរឿងកម្ពុជា ចាប់ខ្លួនថៃទាំង៧នាក់នោះ ។ មេដឹកនាំថៃ អាវលឿងដដែលនិយាយថា ក្រោយការធ្វើបាតុកម្មនៅ ខេត្តសាកែវ រួច ពួកក្រុមថៃអាវលឿង នឹងបន្ត មកធ្វើបាតុកម្មនៅឯ វិមានរដ្ឋាភិបាលថៃ ក្នុងក្រុងបាងកក ថែមទៀត។

អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់ខ្លួន​ពលរដ្ឋ​កម្ពុជា ៧៥​នាក់​ពី​បទ​ស្នាក់នៅ​ខុសច្បាប់

 ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន ៧៥​នាក់ ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​ប្រទេស​ម៉ាឡេស៊ី ឃាត់ខ្លួន​ទុក​នៅ​កន្លែង​ប្រមូលផ្តុំ​មួយ នៅ​ថ្ងៃ​ទី​៣​ខែ​មករា​ឆ្នាំ​២០១១​នេះ ពី​បទ​ចោទប្រកាន់​ថា បាន​និង កំពុង​ស្នាក់នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ដោយ​ខុសច្បាប់​ អន្តោប្រវេសន៍​របស់​ប្រទេស​នេះ​។ 

​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​បញ្ជាក់ថា​អគ្គ​កុងស៊ុល​នៃ​ស្ថានទូត​កម្ពុជា​ប្រចាំ នៅ​ទី​ក្រុងកូឡា​ឡាំ​ពួរ កំពុងតែ​ពិភាក្សា​ដោះស្រាយ​បញ្ហា​នេះ​ជាមួយនឹង​អាជ្ញាធរ​ម៉ាឡេស៊ី​។​

​តាម​គេហទំព័រ​បណ្តាញសារព័ត៌មាន​ម៉ាឡេស៊ី (The Bemama.com )  បាន​រាយការណ៍​ឱ្យដឹងថា ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន​៦៥​នាក់​ក្នុងនោះ​ស្ត្រី​៣៧​នាក់ បុរស​១៣​នាក់ និង​ក្មេង​១៥​នាក់​ដែល​មាន អាយុ​ចាប់ ពី​៣​ខែ ទៅដល់​៤៥​ឆ្នាំ ត្រូវបាន​អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១​ខែ​មករា​ឆ្នាំ​២០១១ នៅ​ក្នុង​ប្រតិបត្តិការ​របស់​ប្រទេស​ម៉ាឡេស៊ី ដែល​មានឈ្មោះ​ថា Operation sapu man ដោយមាន ការចូលរួម​ពី​នគរបាល​ម៉ាឡេស៊ី ៨០​នាក់​។​

​លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​មានប្រសាសន៍ថា ការ ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​យើង​ដោយ​អាជ្ញាធរ​ម៉ាឡេស៊ី អាច​នឹង​មាន​មូលហេតុ​។​យើង​ក៏​ត្រូវ​ដឹង​ឱ្យ​បាន ច្បាស់​ពី​មូលហេតុ​ថា ពលរដ្ឋ​យើង​ទៅ​ទីនោះ​តាម​ប្រភព​ណាខ្លះ និង​មាន​កំហុស​អ្វីខ្លះ​។ ប៉ុន្តែ​ជា​ទូទៅ កិច្ចការ​នេះ គឺ​ស្ថិតនៅ​លើ​សមត្ថកិច្ច​របស់​ក្រសួង​ការបរទេ​សពី​ព្រោះ​ប្រជាពលរដ្ឋ​យើង​កំពុងតែ​ស្ថិត នៅ​ឯ​ក្រៅប្រទេស​។​

​ជុំវិញ​ករណី​នេះ លោក​កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​ឱ្យដឹងថា​នៅ​រសៀល​ថ្ងៃទី​៣ ខែ​មករា​នេះ ដោយ​ផ្អែក​តាម​ប្រភព​ព័ត៌មាន​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ថា​អាជ្ញាធរ មាន​សមត្ថកិច្ច​នៃ​ប្រទេស​ម៉ាឡេស៊ី បាន​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ចំនួន​៧៥​នាក់ មិនមែន​៦៥​នាក់​នោះ​ទេ​។ ពួកគេ​កំពុង​ស្ថិតនៅ​ទី​កន្លែង​ប្រមូលផ្តុំ​មួយ​។​

​អគ្គ​កុងស៊ុល​នៃ​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី​កំពុងតែ​ជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ ម៉ាឡេស៊ី​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​យើង​កំពុង​ធ្វើ​អន្តោប្រវេសន៍ នៅ​ទីនោះ​។ លោក​បាន​បញ្ជាក់ថា អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ​កំពុងតែធ្វើកា​រលើ​ករណីនេះ​។ លោក​បន្ថែមថា ឥឡូវនេះ អាជ្ញាធរ​ម៉ាឡេស៊ី កំពុងតែ​ប្រមូលផ្តុំ​ពួកគេ​ឱ្យ​នៅ​មួយ​កន្លែង​ដើម្បី​រង់ចាំ ការសាកសួរ​ព័ត៌មាន​។​

​លោក​បាន​ឱ្យដឹងទៀតថា ប្រទេស​ទាំង​ពីរ បាន​ព្រមព្រៀង​គ្នា​លើ​ការលើកលែង​ទិដ្ឋាការ​ក្នុង​រយៈ ពេល​តែ​៣០​ថ្ងៃ​ប៉ុណ្ណោះ​។ ដូច្នេះ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ មាន​មួយ​ចំនួន គឺ​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ ក៏​ប៉ុន្តែ​ពួកគេ​បាន​ស្នាក់នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ហួស​ទិដ្ឋាការ​ដែល​បញ្ហា​នេះ ជា​ការខុសច្បាប់​។ 

​ដោយឡែក ប្រជាពលរដ្ឋ​យើង​មួយចំនួនទៀត មិន​មាន​ឯកសារ​ដើម្បី​បាន​ស្នាក់នៅ​ក្នុង​ប្រទេស នេះ​ទេ​។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​អគ្គ​កុងស៊ុល​កម្ពុជា​កំពុងតែ​ពិភាក្សា​ដោះស្រាយ​បញ្ហា​នេះ ជាមួយនឹង​អាជ្ញាធរ​ម៉ាឡេស៊ី​។ រីឯ​លទ្ធផល​យ៉ាង​ម៉េច​ទៀត​នោះ យើង​នឹង​ត្រូវ​រង់ចាំ​រយៈពេល ២​ទៅ​៣​ថ្ងៃ​ទៀត ព្រោះថា ជា​ចៃដន្យ នៅ​ពេល​ចូលឆ្នាំ​សាកល​នេះ មន្ត្រី​ម៉ាឡេស៊ី​ឈប់សម្រាក និង មន្ត្រី​កម្ពុជា​យើង​ក៏​ស្ថិតនៅ​ក្នុង​ថ្ងៃ​ឈប់​សម្រាប​ក​ដែរ​។​

​បើ​តាម​របាយការណ៍រ​បស់​អង្គការ​ខា​រ៉ា​ម បានឱ្យដឹងថា ពលករ​ខ្មែរ​ចំណាកស្រុក​ទាំង​ស្រប​ច្បាប់ និង​មិន​ស្របច្បាប់​មាន​២​ម៉ឺន​នាក់ ក្នុងនោះ​នៅ​ប្រទេស​ម៉ាឡេស៊ី ២​សែន​នាក់ នៅ​ប្រទេស​ថៃ មាន ៩ ពាន់ នាក់ នៅ​ប្រទេស​កូរ៉េខាងត្បូង មាន ៥​ពាន់​នាក់ និង​នៅ​កោះ​តៃវ៉ាន់​ផងដែរ​៕

ដោយ : សម្បត្តិ

កូនប្រុស​ច្បង​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ត្រូវបាន​តម្លើង​ឋានន្តរស័ក្តិ ផ្កាយ​ពីរ


ព្រះមហាក្សត្រ បាន​ចេញ​ព្រះរាជក្រឹត្យ ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់ ឧត្តមសេនីយ៍ទោ ផ្កាយ​ពីរ នាយទាហាន​ជាន់ខ្ពស់ នៃ​កងយោធពល​ខេមរភូមិន្ទ ជូន​លោកឧត្តមសេនីយ៍ត្រី ហ៊ុន ម៉ា​ណែ​ត អត្តលេខ ០៣៣៨៨៣​។ ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ​នោះ ចុះ​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១០​។​

​    ​ជាមួយនឹង​ព្រះរាជក្រឹត្យ​ដំឡើង​ឋានន្តរស័ក្តិ​ដល់កូនប្រុស​ច្បង​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺលោកឧត្តមសេនីយ៍ត្រី ហ៊ុន ម៉ា​ណែ​ត ក៏​ត្រូវបាន​តែងតាំង​មុខងារ ជា​មេបញ្ជាការរង នៃបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។ អនុក្រឹត្យ ស្តីពី​ការតែងតាំង​មុខងារ នាយទាហាន ដល់​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​ចុះហត្ថលេខា​ដោយ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១០​។​


​    ​ពិធី​បំពាក់​ឋានន្តរសក្តិ និង​ប្រកាស​តែងតាំង​មុខងារ ដល់​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន ម៉ា​ណែ​ត ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១១ នៅ​ទីស្តីការ​ក្រសួង​ការពារជាតិ​។ លោកនាយ​ឧត្តមសេនីយ៍ ផ្កាយ​មាស ៤ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​បំពាក់​ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ ផ្កាយ​ពីរ ដល់​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន ម៉ា​ណែ​ត​។​


​    ​សូម​រម្លឹកថា កូនប្រុស​ច្បង​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួលបាន​សញ្ញាប័ត្រ​ផ្នែក​យោធា មក​ពី​សាលា​បណ្ឌិតសភា​យោធា​របស់​សហរដ្ឋអាមេរិក West Point រួម​ទាំង​សញ្ញាប័ត្រ​ជាច្រើន​ទៀត​។ លោក​ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ា​ណែ​ត បច្ចុប្បន្ន មាន​តួនាទី​ជា​អគ្គ​មេបញ្ជាការរង​កង​អង្គរក្ស​ និង​ជាប្រធាននាយកដ្ឋានពិសេស ព្រមទាំងមានតួនាទីជា​មេបញ្ជាការ នៃបញ្ជាការដ្ឋានជាតិកំលាំងពិសេស​ប្រឆាំងភេរវកម្ម​ នៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម៕

ដោយ : លីហូវ

ក្រុម​អាវ​លឿង​បង្កើន​កម្លាំង​ថែម​មក​ទាំង​យប់ ធ្វើ​ឲ្យ​ស្ថាន​ភាព​ព្រំដែន​តាន​តឹង​ថែម

បន្ទាយមានជ័យ ៖ ស្ថាន​ភាព​ព្រំដែន​ចំណុច​បង្គោល​លេខ​៤៦ ចាប់​ផ្ដើម​តាន​តឹង​ថែម​ទៀត​ហើយ ដោយ​សារ​ក្រុម​អាវ​លឿង​បាន​ដឹក​កម្លាំង​បន្ថែម​មក​ជាង​៣០​ឡាន បន្ថែម​ពី​លើ​កម្លាំង​​​របស់​គេ​ដែល​មាន​ស្រាប់​ជិត​១០០០​នាក់។

លោក​អ៊ុង អឿន អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ប្រាប់​កម្ពុជា​ថ្មី​មុន​នេះ​ថា ជា​ការ​ពិត​ហើយ ចំណុច​ព្រំដែន​ជោគ​ជ័យ ត្រង់​បង្គោល​លេខ​៤៦ មក​ដល់​ម៉ោង​នេះ​សភាព​ការ​បន្ត​តាន​តឹង​ខ្លាំង​ឡើង។ លោក​អ៊ុង អឿន និយាយ​ថា ឥឡូវ​ក្រុម​អាវ​លឿង​បាន​ឲ្យ​កម្លាំង​ជាង​១០០​នាក់​មក​តវ៉ា​នៅ​ចំណុច​ច្រក​អូរបីជាន់​បន្ថែម​ទៀត។ ខ្ញុំ​បាន​ជួប​ជាមួយ​នឹង​មន្រ្តី​ជាន់​ខ្ពស់​កង​ទ័ព​ថៃ​មួយ​រូប​តាម​រយៈ​ទូរស័ព្ទ គាត់​ប្រាប់​ថា ថ្មី​ៗ​នេះ ក្រុម​អាវ​លឿង​បាន​ដឹក​កម្លាំង​ចូល​ជាង​៣០​ឡាន​ថែម​ទៀត តែ​តម្រួត​យោធា​ថៃ​ក៏​គេ​បាន​បង្កើន​កម្លាំង​ថែម​​ដើម្បី​ទប់​ស្កាត់​ពួក​ជ្រុល​និយម​នេះ។ មន្រ្តី​រូប​នោះ​បាន​ប្រាប់​ថា ឥឡូវ​ក្រុម​អាវ​លឿង​និយាយ​លែង​ស្ដាប់​គ្នា​ហើយ ពួក គេ​បាន​ចែក​ជា​បី​ក្រុម ក្រុម​ទី​១​កំពុង​តវ៉ា​នៅ​មុខ​អគ្គ​កុងស៊ុល​កម្ពុជា​ក្នុង​ខេត្ត​ស្រះកែវ ក្រុម​ទី​២ នៅ​ប្រចាំ​ការ ទល់​មុខ​ច្រក​ព្រំដែន​ជោគជ័យ ចម្ងាយ​ពី​បន្ទាត់​ព្រំដែន​ប្រមាណ​២០០​ម៉ែត្រ​ប៉ុណ្ណោះ និង​ក្រុម​ទី​៣ នៅ​ច្រក​អូរ​បី​ជាន់។

ពួក​ក្រុម​អាវ​លឿង​បាន​ព្រមាន​ធ្វើ​ការ​តវ៉ា​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ព្រឹក​ស្អែក​នេះ​ទៀត​ ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង ពួក​គេ​ទាំង​៧​នាក់។ លោក​អ៊ុង អឿន បាន​បន្ត​ទៀត​ថា កង​ទ័ព​របស់​យើង​ក៏​បាន​បន្ថែម​ទៅ​ចំណុច​ខាង​លើ ដើម្បី​ទប់​ស្កាត់​ក្រុម​ជ្រុល​និយម​សៀម ខ្លាច​ក្រែង​ពួក​គេ​រុល​​​ចូល​មក​ក្នុង​ដែន​ដី​របស់​យើង។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ អាជ្ញាធរ​ថៃ​កំពុង​សហការ​ជាមួយ យើង​យ៉ាង​ល្អ​ពាក់ព័ន្ធ​នឹង​រឿង​នេះ៕

សម្ដេច​ជា​ ស៊ីម​ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​បើក​អនុសំវច្ឆរៈ​មហា​សន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​១៩

ភ្នំពេញ ៖ អនុ​សំវច្ឆរ​មហា​សន្និបាត​មន្ត្រី​សង្ឃ​ទូទាំង​ប្រទេស​លើក​ទី​១៩​បាន​ប្រារព្ធ​ពិធី​បើក​នៅ​ព្រឹក​ថ្ងៃ​ទី​០៣​ខែ​មករា​ឆ្នាំ​២០១១​នេះ​នៅ​សាល​សន្និសីទ​ចតុមុខ​ដោយ​មាន​ការ​អញ្ជើញ​ជា​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ពី​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ជា ​ស៊ីម​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។

ឯក​ឧត្ដម​មិន​ឃិន​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​និង​សាសនា​បាន​ថ្លែង​អោយ​ដឹង​ថា​អនុ​សំវច្ឆរ​មហា​សន្និបាត​មាន​រយៈ​ពេល​២​ថ្ងៃ​គឺ​ថ្ងៃ​ទី​០៣​ដល់​០៤​ខែ​មករា​ឆ្នាំ​២០១១​ដើម្បី​បូក​សរុប​ពិនិត្យ​មើល​លទ្ធផល​នៃ​ការ​អនុវត្ត​សង្ឃ​ប្រកាស​របស់​អនុសំវច្ឆរៈ​មហា​សន្និបាត​មន្ត្រី​សង្ឃ​កន្លង​ទៅ​និង​ពិភាក្សា​ប្តូរ​​យោបល់​លើ​ការ​ងារ​ព្រះពុទ្ធ​សាសនា​ពេល​បច្ចុប្បន្ន​ និង​លើក​ទិស​ដៅ​បន្ត​សំដៅ​ពង្រឹង​អនុវត្ត​រចនាសម្ព័ន្ធ​ដឹក​នាំ​គ្រប់​គ្រង់​ ពង្រឹង​​លិខិត​បទដ្ឋាន​គតិ យុទ្ធ​ដែល​មាន​ស្រាប់​ធ្វើ​ឲ្យ​វិស័យ​ព្រះ​ពុទ្ធ​សាសនា​រីក​ចំរើន​ សក្ដិសម​ជា​ទី​គោរព​បូជា​របស់​ពុទ្ធ​បរិស័ទ​និង​ពង្រឹង​គុណ​ភាព​ពុទ្ធិក​សិក្សា​ដើម្បី​អភិវឌ្ឍន៍​ធនធាន​បុព្វ​ជិក​ឲ្យ​កាន់​តែ​សុ ក្រឹត្យ​ភាព​និង​គុណ​ភាព​ខ្ពស់។

សម្ដេច​ជា​ ស៊ីម​ ប្រធាន​ព្រឹទ្ធសភា​ ក៏​បាន​បញ្ជាក់​ថា​ទន្ទឹម​និង​ការ​រីក​ចំរើន​ក៏​នៅ​មាន​បញ្ហា​ជា​ច្រើន​ដែល​ត្រូវ​បន្ត​ដោះ​ស្រាយ​។ សម្ដេច​ប្រធាន​ព្រឹទ្ធសភា​ក៏​បាន​ឯកភាព​​អំពី​មហា​សន្និបាត​លើក​នេះ​បាន​ចាប់​អារម្មណ៍​ដល់​ការ​ពង្រឹង​រចនា​សម្ព័ន្ធ​គ្រប់​គ្រង​អភិបាល​កិច្ច​ការ​គោរព​ប្រតិបត្តិ​ធម៌​វិន័យ​និង​ការ​ចូល​រួម​ការ​ងារ​សង្គម​ជា​មួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ពិសេស​អប់​រំ​សីល​ធម៌​ព្រោះ​ព្រះពុទ្ធ​សាសនា​គឺ​ជា​កម្លាំង​ដឹក​នាំ​ចរិយា​ធម៌​សង្គម​ដ៏​ល្អ​បំផុត​។សម្ដេច​បន្ថែម​ទៀត​ថា​ការ​ពង្រឹង​គុណ​ភាព​លើ​អភិបាល​កិច្ច​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ជួរ​មន្ត្រី​សង្ឃ​ត្រូវ​ផ្សារ​ភ្ជាប់​និង​បច្ចេកវិទ្យា​ទំនើប​ដើម្បី​ឲ្យ​កិច្ច​ការ​សាសនា​មាន​សណ្ដាប់​ធ្នាប់​ល្អ​និង​ធានា​បាន​នូវ​សាមគ្គី​ភាព​ក្នុង​ជួរ​ពុទ្ធ​សាសនិក​ជន​។ សម្ដេច​ក៏​សូម​អោយ​ជន​រួម​ជាតិ​ខិត​ខំ​សំអាត​កាយ​វាចា​ជម្រះ​នូវ​សេចក្ដី​សៅ​ហ្មង​ទាំង​ឡាយ​ធ្វើ​ដំណើរ​តាម​គន្លង​ព្រះធម៌​និង​មាន​សេចក្ដី​ជ្រះ​ថ្លា​ក្នុង​ការ​ប្រមូល​ផ្តុំ​កម្លាំង​ថែ​រក្សា​ការពារ​សេចក្ដី​សុខ​សន្តិភាព​ស្ថេរ​ភាព​សាមគ្គី​ភាព​ក្តី​សង្ឃឹម​ហើយ​ជំរុញ​ការ​កសាង​ជាតិ​ឆ្ពោះ​ទៅ​រក​ភាព​ថ្កុំថ្កើង​រុង​រឿង​សម្បូរ​សប្បាយ​ត​រៀង​ទៅ​៕

ក្រសួង​ព័ត៌មាន​ឲ្យ​វិទ្យុ​និង​ទូរទស្សន៍​ទាំង​អស់​បញ្ឈប់​ការ​ចាក់​ផ្សាយ​ការ​និពន្ធ​ទំនុក​ច្រៀង​ថ្មី​យក​តាម​លំនាំ​បទ​ឱ​ភ្នំពេញ​អើយ

ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ចេញ​លិខិត​មួយ​ច្បាប់​ដោយ​ជម្រាប​ជួន​តាម​បណ្ដា​​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​ទាំង​អស់​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​ចាក់​ផ្សាយ​តាម​វិទ្យុ​និង​ទូរទស្សន៍​នូវ​ការ​និពន្ធ​ទំនុក​ច្រៀង​ថ្មី​ដោយ​យក​តាម​លំនាំ​បទ​ឱ​ភ្នំពេញ​អើយ​!។
លិខិត​របស់​ឯកឧត្ដម​ខៀវ​ កាញារីទ្ធ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​០៣​ខែ​មករា​ឆ្នាំ​២០១១​បាន​ឲ្យ​ដឹង​ថា​ក្រសួង​ព័ត៌មាន​បាន​ពិនិត្យ​ឃើញ​រយៈ​ពេល​ថ្មី​កន្លង​មក​នេះ​មាន​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មួយ​ចំនួន​បាន​ចាក់​ផ្សាយ​នូវ​ទំនុក​ច្រៀង​ដែល​និពន្ធ​ថ្មី​ប្រាស​ចាក​ន័យ​ដើម​ទាំង​ស្រុង​នៃ​បទ​ចម្រៀង​ឱ​ភ្នំពេញ​អើយ​ដែល​អត្ថ​ន័យ​នៃ​បទ​ភ្លេង​នេះ​មាន​លក្ខណៈ​ជា​ប្រវត្តិ​សាស្ត្រ​ជាតិ​របស់​យើង​យ៉ាង​ទូលំ​ទូលាយ​រួច​ទៅ​ហើយ​។

លិខិត​របស់​រដ្ឋមន្ត្រី​​ក្រសួង​ព័ត៌មាន​បាន​លើក​ឡើង​ថា​ខ្លឹម​សារ​នៃ​បទ​ឱ​ភ្នំពេញ​អើយ​បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​គ្រប់​គ្រាន់​នូវ​ទុក្ខ​សោក​វេទនា​របស់​ប្រជាជន​យើង​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​​ប៉ុល​ពត​ការ​ក្រោក​ឡើង​តស៊ូ​របស់​អ្នក​ស្នេហា​ជាតិ​ដើម្បី​រំដោះ​ជាតិ​មាតុ​ភូមិ​ការ​បង្កើត​ឡើង​នូវ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​២​ធ្នូ​ឆ្នាំ​១៩៧៨​ជោគជ័យ​ជា​ប្រវត្តិ​សាស្ត្រ​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩​ជា​ថ្ងៃ​រំ​ដោះ​ជាតិ​និង​ប្រជាជន​ការ​ជួប​ជុំ​ជាតិ​និង​ញាតិមិត្ត​ឡើង​វិញ​ការ​នាំ​មក​នូវ​សិទ្ធ​សេរីភាព​ជូន​ប្រជាជន​ដំបូង​បង្អស់​គឺ​សិទ្ធិ​ក្នុង​ការ​រស់​រាន​មាន​ជីវិត​ឡើង​វិញ​​ក្នុង​នោះ​មាន​រាជធានី​ភ្នំពេញ​ដែល​ជា​បេះដូង​នៃ​ប្រទេស​យើង​ត្រូវ​បាន​រស់​រាន​មាន​ជីវិត​ឡើង​វិញ​បន្ទាប់​ពី​ត្រូវ​ទទួល​រង​នូវ​មហា​វិនាស​កម្ម​យ៉ាង​ធ្ងន់​ធ្ងរ​ជា​ទី​បំផុត​ក្នុង​រយៈពេល​៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ​។
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ចាត់​ទុក​ថា​ការ​និពន្ធ​ទំនុក​ច្រៀង​ថ្មី​ដើម្បី​គ្រាន់​តែ​បំ​ភ្លេច​ចោល​នូវ​ប្រវត្តិ​សាស្ត្រ​ជាតិ​ដែល​បាន​ទទួល​រង​នូវ​ភាព​ជូរ​ចត់​នោះ​ហើយ​យក​មក​បញ្ជូន​នៅ​ក្នុង​បទ​ភ្លេង​ដែល​មាន​ន័យ​គ្រប់​គ្រាន់​ដូច​បទ​ឱ​ភ្នំពេញ​អើយ​!គឺ​ជា​ការ​ខុស​ឆ្គង​មួយ​ទោះ​បី​ជា​ចេតនា​រឺ​អចេតនា​ក្តី​។
ដូច្នេះ​ក្រសួង​ព័ត៌មាន​បាន​ស្នើ​ទៅ​អ្នក​គ្រប់​គ្រង់​គ្រប់​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​ទាំង​អស់​មេត្តា​ចាត់​វិធាន​ការ​បញ្ឈប់​ជា​បន្ទាន់​និង​ហាម​ឃាត់​ការ​ចាក់​ផ្សាយ​នូវ​ទំនុក​ច្រៀង​និពន្ធ​ថ្មី​ដោយ​យក​លំនាំ​បទ​ឱ​ភ្នំពេញ​អើយ​!នៅ​ក្នុង​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​៕

ក្រុម​គ្រួសារ​៧​នាក់​បាន​ចូល​សួរ​សុខ​ទុក្ខ​ជន​ជាតិ​ថៃ​៧​នាក់​រយៈ​ពេល​១​ព្រឹក​​នៅ​គុក​ព្រៃ​ស


ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១១​នេះ ក្រុម​គ្រួសារ ទាំង​៧​នាក់ បាន​ចេញ​ពី​សាក​សួរ​សុខ​ទុក្ខ​ជន​ជាតិ​ថៃ​ចំនួន​៧​នាក់ នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​គុក​ព្រៃ​ស។

សេចក្ដី​រាយ​ការណ៍​ពី​គុក​ព្រៃ​ស​បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ​ជន​ជាតិ​ថៃ​ទាំង​៧​នាក់​នោះ​​ត្រូវ​បាន អនុញ្ញាត​ឲ្យ​ចូល​សួរ​សុខ​ទុក្ខ​អស់​រយៈ​ពេល​ពេញ​មួយ​ព្រឹក ហើយ​សមត្ថកិច្ច​បាន​ធ្វើ​ការ​រឹត​បន្តឹង​នៅ បរិវេណ​គុក​ព្រៃ​ស សូម្បី​តែ​អ្នក​សារព័ត៌មាន​ក៏​ត្រូវ​បាន​ហាម​ឃាត់​នោះ​ដែរ។

ការ​ចូល​សួរ​សុខ​ទុក្ខ​នោះ​មាន​ការ​ដឹក​នាំ​ដោយ​លោក​ប្រាសាស់ ប្រាសាស់វិនីឆៃ ឯក​អគ្គ​រាជ​ទូត​ថៃ​ប្រចាំ​កម្ពុជា មេធាវី​ម្នាក់ និង​ក្រុម​គ្រួសារ​ចំនួន​៧​នាក់។ គេ​មិន​បាន​ទទួល​ព័ត៌មាន​លំអិត​អំពី​លទ្ធ​ផល​នៃ​ការ​សួរ​សុខ​ទុក្ខ​នោះ​ទេ៕

ប្រជាពលរដ្ឋ​២០​គ្រួសារ​​តវ៉ា​រឿង​ដីធ្លី​នៅ​ចំណុច​ភូមិ​ឃ្លាំង​ចាន់ សង្កាត់​ឫស្សីកែវ

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​​២០​គ្រួសារ​បាន​មាន​ទំនាស់​អំពី​បញ្ហា​ដីធ្លី​នៅ​ទីតាំង​ភូមិ​ឃ្លាំង​ចាន់​ សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សីកែវ ជាមួយ​ខាង​កំពង់​ផែ​ទន្លេសាប គឺ​ដី​ចាប់​ពី​ចំណុច​ភូមិ​ជ្រោយ​ចង្វារ រហូត​មក​ដល់​មុខ​ឃ្លាំង​សាំង​សូគីម៉ិច ដែល​បាន​ជួល​ឲ្យ​ទៅ​ក្រុមហ៊ុន​មួយ​ឈ្មោះ​ម៉ាក់វែល ដើម្បី​ធ្វើ​ការ​បូម​ខ្សាច់​នា​ពេល​កន្លង​មក ក្នុង​តម្លៃ​៥៨០​ដុល្លារ​​មួយ​ខែ។
ការ​តវ៉ា​នោះ​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១០ នៅ​ទីតាំង​កើត​ហេតុ​​ខាង​លើ។ ប្រជាពលរដ្ឋ​បាន​អះអាង​ថា ដី​នោះ​ជា​ដី​របស់​ពួក​គាត់​ដែល​មាន​ការ​ទទួល​ស្គាល់ ដោយ​សាលា​ក្រុង​ហើយ​បាន​​ជួល​ឲ្យ​ក្រុមហ៊ុន​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​២០​ដុល្លារ​ក្នុង​១​ឆ្នាំ។

សេចក្ដី​រាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​មូល​ដ្ឋាន​កំពុង​រារាំង​ប្រជាពលរដ្ឋ​ទាំង​២០​គ្រួសារ មិន​ឲ្យ​ចូល​ទៅ​បោះ​បង្គោល​ព្រំដែន​នៅ​លើ​ទីតាំង​នោះ ក្រោយ​ពី​មាន​ការ​បញ្ចប់​កិច្ច​សន្យា​ជួល​របស់​ក្រុមហ៊ុន​។ សេចក្ដី​រាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​មក​ដក​បង្គោល​ព្រំដី​របស់​ប្រជាពលរដ្ឋ​នោះ​គឺ​ធ្វើ ឡើង​តាម​ពាក្យ​បណ្ដឹង​របស់​ខាង​កំពង់​ផែ។
តាម​ប្រភព​ព័ត៌មាន​ពី​ខាង​សាលា​ក្រុង​ភ្នំពេញ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ដី​ទីតាំង​មាន​ជម្លោះ​នោះ ខាង​សាលា​ក្រុង​រឹប​អូស​រៀប​ចំ​ធ្វើ​ជា​សួន​ច្បារ​សាធារណៈ ដោយ​មិន​ឲ្យ​ភាគី​ប្រជាពលរដ្ឋ​និង​ខាង កំពង់​ផែ​នោះ​ទេ៕

អ៊ុង អឿន ៖ ក្រុម​អាវ​លឿង​ត្រូវ​បា​ន​កង​ទ័ព​ថៃ​ទប់​ជាប់​នៅ​ចំណុច​ភូមិ​គោក​ធ្យូង

បន្ទាយមានជ័យ ៖ លោក​អ៊ុង អឿន អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា តាម​សេចក្ដី​រាយ​ការណ៍​ពី​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា​ ក្រុម​អាវ​លឿង​ដែល​បាន​មក​ធ្វើ​បាតុកម្ម​នៅ​ច្រក​ព្រំដែន​ជោគ​ជ័យ ត្រូវ​បាន​កង​ទ័ព​ថៃ​កំពុង​ទប់​ជាប់​នៅ​ចំណុច​ភូមិ​គោក​ធ្យូង។
លោក​អ៊ុង អឿន និយាយ​ថា អាជ្ញាធរ​ខេត្ត​ស្រះ​កែវ​នឹង​កង​ទ័ព​របស់​ថៃ​បាន​ជូន​ដំណឹង​មក កម្ពុជា​ជា​ប្រចាំ​ម៉ោង​ថា ពួក​ក្រុម​អាវ​លឿង​ដែល​ប៉ុន​ប៉ង​ធ្វើ​បាតុកម្ម​នៅ​ចំណុច​ច្រក​ព្រំដែន​នេះ ត្រូវ បាន​ទប់​ស្កាត់​នៅ​ចំណុច​គោក​ធ្យូង។ សេចក្ដី​រាយ​ការណ៍​ឲ្យ​ដឹង​ថា ពួក​គេ​ជាង​២០០​នាក់ បាន​មក ដល់​ចំណុច​ខាង​លើ​តាំង​ពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣​ ខែ​មករា ឆ្នាំ​២០១១​នេះ​មក​ម្ល៉េះ។ សម្រាប់​សេចក្ដី​រាយ​ការណ៍​ថា​មាន​ក្រុម​បាតុករ​អាវ​លឿង​ជាង​១​ម៉ឺន​នាក់​គ្រោង​ធ្វើ​ដំណើរ​មក​នោះ នៅ​មិន​ទាន់​ឃើញ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​កង​ទ័ព​ថៃ​បាន​បន្ថែម​កម្លាំង​ទប់​ស្កាត់​មិន​ឲ្យ​ក្រុម​អាវ​លឿង​មក​ដល់ ចំណុច​ព្រំដែន​នៃ​ប្រទេស​ទាំង​២​នោះ​ទេ។ លោក​អ៊ុង អឿង បាន​បន្ត​ថា លោក​បាន​ឲ្យ​លោក​អ៊ឹម ភាន់​សុផល អភិ​រង​ខេត្ត​បន្ទាយ​មាន​ជ័យ និង​អភិបាល​ស្រុក​អូរ​ជ្រៅ​នៅ​ប្រចាំ​ការ​រាយ​ការណ៍​ជា​ប្រចាំ​នៅ ច្រក​ព្រំដែន​ដែល​មាន​ទំនាស់​នោះ។
លោក​អ៊ុង អឿន បាន​បញ្ជាក់​ថា អាជ្ញាធរ​ថៃ​និង​កម្ពុជា​បាន​សហការ​គ្នា​ល្អ ដោយ​ពួក​គេ​បាន សន្យា​ថា​នឹង​ទប់​ស្កាត់​ក្រុម​អាវ​លឿង​មិន​ឲ្យ​មក​ប៉ះពាល់​ជាមួយ​កម្ពុជា​ឡើយ។ ចំណែក​ឯ​ច្រក​ព្រំដែន ផ្សេង​ៗ​នៅ​ដំណើរ​ការ​ជា​ធម្មតា លើក​លែង​តែ​ច្រក​ជោគ​ជ័យ​ដែល​កំពុង​បិទ​ដោយ​សារ​តែ​មាន​បញ្ហា ប្រឈម៕

មន្ត្រី​​អគ្គិសនី​កម្ពុជា​អះអាង​​ថានឹង​ប្តឹង​​ក្រុមហ៊ុន AZ ពីរឿង​​កាយដី​ធ្វើ​ផ្លូវ​​ដាច់ខ្សែ​​កាប​ភ្លើង​​កប់ដី


រាជធានីភ្នំពេញ ៖ គ្រឿងចក្រ​​ធ្វើផ្លូវ​​របស់​ក្រុមហ៊ុន AZ បាន​កាយដី​ធ្វើគ្រឹះ​ផ្លូវបណ្តាល​​ឱ្យ​ដាច់ខ្សែ​កាប​ភ្លើង​​៣ខ្សែ​ ដែលតាមមន្ត្រី​​អគ្គិសនី​​កម្ពុជា​អះអាង​ថា បណ្តាល​ឱ្យ​ទុស្សេ​​ឆេះ​ត្រង់​កន្លែង​​ដាច់នោះ និង​​រលត់​ភ្លើង​ចរន្ត​អស់​១​ចំហៀង​​រាជធានីភ្នំពេញទៀត​ផង ​​​កាល​ពី​វេលា​ម៉ោង​​១០ព្រឹកថ្ងៃទី​​​៣ មករា ២០១១ នៅ​ត្រង់​ចំណុច​​ជិត​​រង្វង់មូល​ថ្នល់បំបែក​​ចោមចៅ​ ​ភូមិ​​​ថ្នល់​បំបែក សង្កាត់ចោមចៅ ខណ្ឌដង្កោ ​។

មន្ត្រីអគ្គិសនី​​បាន​ឱ្យ​ដឹង​ថា ខ្សែ​កាប​ដែល​ដាច់​នោះមាន​ចំនួន​​៣ខ្សែ​​ដែល​​កប់ដី​ជំរៅ​ជិត​​១​ម៉ែត្រ​ឯណោះ ​ហើយវា​គឺ​ជា​ខ្សែ​កាប​ដែល​កប់​ដី​តាំង​ពី​សម័យ​​អាណានិគម​​បារាំង​មកម៉្លេះ ពុំ​មែន​​ទើបកប់​​នាពេលថ្មីៗ​នេះទេ ។ ក្រុមហ៊ុន AZ បាន​​កាយ​ដី​ធ្វើគ្រឹះ​ពង្រីក​ផ្លូវ​​ជាតិលេខ​​៤ ប៉ុន្តែ​មុននឹង​ធ្វើ​មិនបាន​ស្នើ​​ឱ្យមន្ត្រី​​អគ្គិសនី​​ចូល​រួម​​ធ្វើ​ការ​​សិក្សា​ផល​ប៉ះពាល់​​នោះ​ទេ ប្រសិនបើ​​​មានមន្ត្រី​​អគ្គិ​សនី​​កម្ពុជា​ចូលរួម​​វិញ​នោះ ​នឹង​​មិន​​មានបញ្ហា​​​បែបនេះកើតឡើងឡើយ ព្រោះ​មន្ត្រី​​អគ្គិសនី​​ដឹង​ពីទីតាំង​​ដែលមាន​ខ្សែ​កាប​កប់ដី​យ៉ាង​ច្បាស់​លាស់​បំផុត ។

ប្រភព​​ដដែលបាន​បន្តទៀត​ថា នេះ​គឺជា​សម្បត្តិ​​រដ្ឋ​មិន​មែន​​​ឯក​ជន​នោះទេ ហើយនៅ​ពេលមាន​ការ​​ខូចខាត​​ម្តងៗ​​ខាងអគ្គិសនី​​បានស្នើ​​​ឱ្យ​ភាគី​​ក្រុមហ៊ុន AZ ចូលរួមដោះស្រាយផង​ដែរ ប៉ុន្តែ​ខាង​ក្រុមហ៊ុន​​មិនព្រមចូល​​ទេ ពេលនោះ​​អគ្គិសនី​កម្ពុជានឹង​រៀបចំ​​​ឯកសារ​​ប្តឹង​​ទៅតាម​ផ្លូវ​​ច្បាប់​​ហើយ​ក៏​​គ្មាន​ជំរើស​ណា​ផ្សេង​​ក្រៅពីនេះ​​
ដែរ ។ ​ដោយឡែក​ខ្សែ​ភ្លើង​​ដែលដាច់​ដោយ​សារ​ការ​កាយដី​ធ្វើផ្លូវ​នោះ មន្ត្រីជំនាញអគ្គិសនី​​បាន​​ចុះទៅធ្វើការ​តភ្ជាប់​ឡើងវិញ​រួច​រាល់​ហើយ​ ដោយប្រើ​​រយៈ​ពេល​​ជាច្រើនម៉ោង​រហូត​ដល់​វេលា​ល្ងាច​ថ្ងៃ​​ដដែល​​ទើបចប់ ៕

ពួកអាវ​លឿង​​ទៅ​ចោមរោម​​តវ៉ា​នៅ​មុខ​ស្ថាន​កុងស៊ុល​​កម្ពុជា​ប្រចាំ​ខេត្ត​​ស្រះកែវ ​ទាមទារ​​ដោះលែង​​ពលរដ្ឋ​​ថៃ​៧​នាក់

ខេត្តបន្ទាយមានជ័យ​ ៖ ​ចាប់តាំង​ពីព្រឹក​​រហូតដល់​ពេលរសៀល ថ្ងៃទី​​៣ មករា ២០១១ ​នេះ ក្រុម​​អាវលឿង​​​ជ្រុល​និយម​មកពីក្រុង​​បាង​កកមួយ​ចំនួន និង​មកពី​តាមបណ្តា​ខេត្ត​​មួយ​ចំនួន ​ដែល​តាមគំរោង​​ថា មានគ្នា​ជាង​១ពាន់នាក់ បាន​សំរុក​ចូលមកកាន់​ខ្សែ​​បន្ទាត់ព្រំដែន​​ត្រង់​ចំណុច​​បង្គោល​​​សីមា​លេខ​៤៦ ​ដើម្បីតវ៉ា​​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​​​ពលរដ្ឋ​​ថៃ​៧​នាក់ ​ដែល​អាជ្ញាធរ​កម្ពុជា​ចាប់ឃាត់ខ្លួន​​អស់រយៈ​ពេល​​​១​សប្តាហ៍​​ទៅ​ហើយ ​​ប៉ុន្តែ​​ពួកគេ​​ចូល​អត់​ចុះ ដោយ​សារ​​​កំលាំង​ចំរុះ​​ថៃ​​ទប់ស្កាត់​​ក៏វិលត្រឡប់​ទៅកាន់ស្ថាន​កុង​ស៊ុល​​កម្ពុជា​​ប្រចាំ​ខេត្ត​ស្រះកែវ​វិញ ។
តាម​​ប្រភពព័ត៌មាន​​ពីមន្ត្រី​​ស្ថានកុងស៊ុល​​​​កម្ពុជា​​ប្រចាំ​ខេត្ត​​​ស្រះកែវ ​ដែល​បាន​ទូរស័ព្ទ​​មកប្រាប់​​អាជ្ញាធរ​​ខេត្តព្រះវិហារ​​​ថា មក​ដល់​ពេល​​រសៀល​​​ថ្ងៃទី​៣ មករា ២០១១ នេះ ក្រុម​អាវ​លឿង​​ដែលចូល​មក​ខេត្តស្រះកែវ​៣ច្រក​បានធ្វើ​​វេទិកា​ជួបជុំគ្នា​​ជា​បណ្តើរៗ​ហើយ​នៅ​​មុខស្ថាន​កុង​ស៊ុល​​កម្ពុជា ស្រែក​ឡូឡា​​ទាមទារ​​ឱ្យ​មានការ​ដោះលែង​​ពល​រដ្ឋ​​​របស់គេ​៧​នាក់ ដែល​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​កាលពី​ព្រឹកថ្ងៃទី​​២៩ ធ្នូ ២០១០ កន្លង​មក...​ឥឡូវ​​ពលរដ្ឋ​​ថៃ​៧​នាក់ ​ដែលលមាន​តំណាង​រាស្ត្រ​​​ម្នាក់​ផង​នោះ ត្រូវបាន​តុលាការ​​ឃុំខ្លួនបណ្តោះ​​អាសន្ន​​ហើយ ៕
ដោយ ៖ ខេ​ម​រិ​ទ្ធ

ក្រុមអាវ​លឿង​​នៅតែ​តវ៉ា​​ទាមទារ​​ឱ្យ​មានការ​ដោះលែង​​ពលរដ្ឋ​​​ថៃ​​៧​នាក់ និង​​ក្រាញ​​ននៀល​​មកកាន់​ខ្សែ​​បន្ទាត់ព្រំដែន

ពីទីក្រុង​​បាងកក ប្រទេ​សថៃ ​មានសេចក្តី​រាយការណ៍​​មក​ថា ពួកក្រុម​​ជ្រុលនិយម​​អា​វ​លឿង​​​សៀម ​នៅតែ​បន្ត​​សកម្មភាពធ្វើ​​ការទាម​ទារ​ឱ្យរាជ​រដ្ឋាភិបាល​​កម្ពុជា​ដោះលែង​​ពលរដ្ឋ​​​របស់ខ្លួន​​៧​នាក់​ដែល​អាជ្ញាធរ​កម្ពុជា​បានចាប់ខ្លួន​​​ពីបទ​​ឆ្លងដែន​ចូលក្នុងទឹកដី​​កម្ពុជា​ដោយខុស​ច្បាប់​​​កាលពីព្រឹកថ្ងៃទី​​២៩ ធ្នូ កន្លងមក​នេះ ។ យោង​តាម​​គេហទំព័រ​​បាង​កក​ប៉ុស្តិ៍​​របស់ថៃ​ចេញ​ផ្សាយ​​នៅព្រឹកថ្ងៃទី​​​៣ មករា ឆ្នាំ​២០១១ ​នេះ​បាន​ឱ្យ​ដឹង​ថា ​ក្រុមបណ្តាញ​​អ្នកស្នេហាជាតិ​ថៃ​​​សង្ឃឹម​ថា នឹងមាន​មនុស្ស​​ជា​ច្រើន​​ពាន់នាក់​​ចូល​រួម​ធ្វើបាតុ​កម្ម​ទាមទារ​ឱ្យរ​ដ្ឋាភិបាល​​​​ក្រុង​ភ្នំពេញ​​ដោះលែងជនជាតិ​​ថៃ​​៧​នាក់ ​ដែលនឹង​ធ្វើឡើង​​នៅ​​វេលាថ្ងៃ​អង្គារ​ស្អែក​នេះ ​។
ពួក​គេ​នឹង​​ចាប់ផ្តើម​​​ធ្វើការ​ប្រមូល​ផ្តុំ​គ្នា​​នៅក្រៅ​​​​វិមាន​រដ្ឋាភិបាល​ក្រុងបាងកក​​នា​រសៀល​​​ថ្ងៃ​ទី​៣ មករា ​​ហើយបើ​តាម​​េមដឹកនាំ​នៃ​បណ្តាញ​​​អ្នក​​សេ្នហាជាតិ​ថៃ លោកឆៃរ៉ាត់ ​ស៊ិន​ស៊ូ​វង្ស ​បាននិយាយ​ថា ​នឹង​មានអ្នក​ចូលរួម​ប្រមាណ​​​៥ពាន់នាក់ ​ដើម្បី​តវ៉ា​​ទាមទារ និង​​ដាក់​សម្ពាធ​​ឱ្យរដ្ឋាភិបាល​​ក្រុងភ្នំពេញ ​ដោះលែង​ជន​ជាតិ​​សៀមទាំង​​៧​នាក់នេះ ។ កោះសន្តិភាព​មិន​ទាន់​អាច​ទាក់ទង​​ដើម្បីសុំ​សេចក្តី​​អត្ថាធិប្បាយ​​ពីលោក​​ខៀវ​​ កាញារីទ្ធ ​​អ្នក​នាំពាក្យ​​រដ្ឋាភិបាល​កម្ពុជា​​បាន​នៅឡើយ​ទេ នៅវេលា​ព្រឹកថ្ងៃទី​​ចន្ទ​នេះ ។ គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​សុក្រ ​ពួក​អាវ​លឿង​​​​ប្រមាណ​​៥០នាក់​​បានទៅកាន់​វិមាន​រដ្ឋា​ភិ​បាល​​ថៃ ដើម្បី​ប្រឆាំង​តវ៉ា​នឹង​ការចាប់ខ្លួន​ជន​ជាតិ​ថៃ​​៧​នាក់នេះ និង​បានធ្វើ​ការ​ទាមទារ​ឱ្យ​រដ្ឋា​ភិបាល​​​ថៃ​ពន្លឿន​​ការដោះស្រាយ​​ ដើម្បីធានា​ឱ្យ​មាន​ការ​ដោះលែង​​​ជនជាតិថៃ​​ទាំង​៧​នាក់​ ។ ពួក​អ្នក​​​ប្រឆាំង​តវ៉ា​​ក៏​បានដុត​​មឈូស​​ដែលបិទ​រូប​ថត​​លោក​​នាយករដ្ឋ​មន្ត្រី​​ថៃ​អាប់​ភីស៊ីត វ៉េ​ចាជីវ៉ា នឹង​គ្រោងបោះ​​ជំរំ​នៅ​ទីនោះ​​រហូតដល់ថ្ងៃ​អង្គារ​ស្អែក​នេះ ។
ដោយឡែក​​នៅឯព្រំដែន​​ខ្មែរ​-ថៃ​​ត្រង់​ចំណុច​​​ភូមិសាស្ត្រ​​ភូមិជោគជ័យ ​ឃុំអូបីជាន់ ស្រុក​អូរ​ជ្រៅ​​ ខេត្ត​បន្ទាយមានជ័យ ​ទល់​​ភូមិ​ណង​ចាន់ ​​ស្រុក​គោកធ្យូង ​ខេត្តស្រះកែវ របស់ថៃ​ឯណោះ​វិញ មានសេចក្តី​រាយការណ៍​​​ថា កំលាំង​ចម្រុះ​​​របស់​ថៃ​​ជ​ាច្រើន​​​រយនាក់កំពុង​​ត្រៀម​​​ទប់ទល់នឹង​​ក្រុមអាវ​លឿង​​ដែលគ្រោង​​ធ្វើដំណើរ​​​មកកាន់​​បង្គោលឡាក់​​លេខ​៤៦ ​ស្ថិតក្នុង​​ភូមិសាស្ត្រ​​ខាងលើ ទី​ដែល​ជនជាតិថៃ​​៧​នាក់​ត្រូវ​បានអាជ្ញា​ធរ​​ខ្មែរ​ឃាត់​ចាប់ខ្លួន ពីបទឆ្លង​ដែន​ចូល​ដីខ្មែរ​ដោយខុសច្បាប់ កាលពី​ព្រឹកថ្ងៃទី​​២៩ ធ្នូ កន្លង​មក​នេះ ។ ​ទោះជាយ៉ាងណា បើ​តាម​អ្នក​យកព័ត៌​មាន​កោះសន្តិភាពដែលកំពុង​​​មាន​វត្ត​មាន​​តាមដាន​ពី​ស្ថាន​ការណ៍​​នេះ នៅទីតាំងខាងលើ​បាន​​ឱ្យ​ដឹង​ថា ក្រុមអាវលឿង​​ទំនងជា​មិនអាច​ចូលមក​ដល់បង្គោល​ឡាក់​​លេខ​​៤៦​នោះបានទេ​ដោយសារ​កំលាំងរបស់ថៃ​​​ជាច្រើន​​រយនាក់​​​ក៏​បានត្រៀម​​​ទប់ទល់​​នៅត្រង់ចំណុច​​ផ្លូវបំបែក​​ជា​បួន​ចេញពីខេត្តស្រះកែវ​ ឆ្ពោះ​មកកាន់​ស្រុក​គោក​ធ្យូង ចំងាយជាង​​១០គីឡូម៉ែត្រ​​ពីបង្គោល​​ឡាក់​លេខ​៤៧​នោះ ៕ 
ដោយ ៖ ខេ​ម​រិ​ទ្ធ

ក្រសួង​ព័ត៌មាន​បញ្ជា​ឲ្យ​បញ្ឈប់​ចាក់ផ្សាយ​បទ​"​ឱ ភ្នំពេញ​អើយ​"​ដែល​និពន្ធ​ថ្មី​

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ប្រកាស​ដល់​អគ្គនាយក​វិទ្យុ​និង​ទូរទស្សន៍​ទាំងអស់​អោយ​បញ្ឈប់ ការចាក់ផ្សាយ​បន្ទាន់​នូវ​បទ​ចម្រៀង ឱ​ភ្នំពេញ​អើយ ដែល​ត្រូវ​បាន​សរសេរ​ជា​ទំនុកច្រៀង​ថ្មី​។​

 នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៣​មករា​នេះ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​សរសេរថា រយៈពេល​ថ្មីៗ​កន្លងមកនេះ មាន​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍ មួយចំនួន​បាន​ចាក់ផ្សាយ​ទំនុកច្រៀង​ដែល​និពន្ធ​ថ្មី ប្រាសចាក​ន័យ​ដើម​ទាំងស្រុង​នៃ​បទ ចម្រៀង "​ឱ​ភ្នំពេញ​អើយ​" ដែល​អត្ថន័យ​នៃ​បទ​ភ្លេង​នេះ មាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ​ជាតិ​របស់​យើង​យ៉ាង ទូលំទូលាយ​រួចទៅហើយ​។​

​លោក​ខៀវ កាញារីទ្ធ​បាន​សរសេរថា​៖"​ខ្លឹមសារ​នៃ​បទ​ឱ​ភ្នំពេញ​អើយ​! បាន​ឆ្លុះបញ្ចាំង​យ៉ាង គ្រប់គ្រាន់​នូវ​ទុក្ខសោក​វេទនា​របស់​ប្រជាជន​យើង​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុល ពត ការ​ក្រោក​ឡើង​តស៊ូ​របស់​អ្នកស្នេហាជាតិ​ដើម្បី​រំដោះ​ជាតិ​មាតុភូមិ ការបង្កើតឡើង​នូវ​រណសិរ្ស សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ២​ធ្នូ ១៩៧៨ ជោគជ័យ​ជា​ប្រត្តិសាស្ត្រ​៧​មករា​១៩៧៩​ជា​ថ្ងៃ​រំដោះ ជាតិ​និង​ប្រជាជន​"​។
 
​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បន្តថា​៖"​ការនិពន្ធ​ទំនុកច្រៀង​ថ្មី ដើម្បី​គ្រាន់តែ​បំភ្លេច ចោល​នូវ ប្រវត្តិសាស្ត្រ​ជាតិ​ដែល​បាន​រង​នូវ​ភាពជូរចត់​នោះ ហើយ​បាន​យក​មក​បញ្ចូល​នៅក្នុង​បទ ភ្លេង​ដែល​មានន័យ​គ្រប់គ្រាន់​ដូច​បទ ឱ​ភ្នំពេញ​អើយ​! គឺជា​ការ ខុសឆ្គង​មួយ ទោះបីជា​ចេតនា ឬ​អ​ចេតនា​ក្តី​"​។​

​នេះ​មិនមែន​ជា​លើកដំបូង​ទេ ដែល​បទ​ចម្រៀង​ដើម ហើយ​ត្រូវបាន​អ្នកនិពន្ធ និង​ចម្រៀង​បច្ចុប្បន្ន យក​មក​កាលៃ​ជា​ទំនុកច្រៀង និង​ចង្វាក់​ថ្មី ហើយ​ត្រូវ​ទទួល​ការរិះគន់​ពី​ម​ហាម​ជន​នោះ​។ កន្លងទៅ មាន​បទ​ចម្រៀង​របស់​លោក​ស៊ីន ស៊ី​សាមុត​ដែល​ត្រូវបាន​គេ​កាលៃ​ទំនុក​ច្រៀង ហើយ​ប្រជាពលរដ្ឋ បាន​រិះគន់​យ៉ាងខ្លាំង​៕

អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់ខ្លួន​ពលរដ្ឋ​កម្ពុជា ៧៥​នាក់​ពី​បទ​ស្នាក់នៅ​ខុសច្បាប់​

ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន ៧៥​នាក់ ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​ប្រទេស​ម៉ាឡេស៊ី ឃាត់ខ្លួន​ទុក​នៅ​កន្លែង​ប្រមូលផ្តុំ​មួយ នៅ​ថ្ងៃ​ទី​៣​ខែ​មករា​ឆ្នាំ​២០១១​នេះ ពី​បទ​ចោទប្រកាន់​ថា បាន​និង កំពុង​ស្នាក់នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ដោយ​ខុសច្បាប់​ អន្តោប្រវេសន៍​របស់​ប្រទេស​នេះ​។ 

​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​បញ្ជាក់ថា​អគ្គ​កុងស៊ុល​នៃ​ស្ថានទូត​កម្ពុជា​ប្រចាំ នៅ​ទី​ក្រុងកូឡា​ឡាំ​ពួរ កំពុងតែ​ពិភាក្សា​ដោះស្រាយ​បញ្ហា​នេះ​ជាមួយនឹង​អាជ្ញាធរ​ម៉ាឡេស៊ី​។​

​តាម​គេហទំព័រ​បណ្តាញសារព័ត៌មាន​ម៉ាឡេស៊ី (The Bemama.com )  បាន​រាយការណ៍​ឱ្យដឹងថា ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន​៦៥​នាក់​ក្នុងនោះ​ស្ត្រី​៣៧​នាក់ បុរស​១៣​នាក់ និង​ក្មេង​១៥​នាក់​ដែល​មាន អាយុ​ចាប់ ពី​៣​ខែ ទៅដល់​៤៥​ឆ្នាំ ត្រូវបាន​អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១​ខែ​មករា​ឆ្នាំ​២០១១ នៅ​ក្នុង​ប្រតិបត្តិការ​របស់​ប្រទេស​ម៉ាឡេស៊ី ដែល​មានឈ្មោះ​ថា Operation sapu man ដោយមាន ការចូលរួម​ពី​នគរបាល​ម៉ាឡេស៊ី ៨០​នាក់​។​

​លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​មានប្រសាសន៍ថា ការ ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ​យើង​ដោយ​អាជ្ញាធរ​ម៉ាឡេស៊ី អាច​នឹង​មាន​មូលហេតុ​។​យើង​ក៏​ត្រូវ​ដឹង​ឱ្យ​បាន ច្បាស់​ពី​មូលហេតុ​ថា ពលរដ្ឋ​យើង​ទៅ​ទីនោះ​តាម​ប្រភព​ណាខ្លះ និង​មាន​កំហុស​អ្វីខ្លះ​។ ប៉ុន្តែ​ជា​ទូទៅ កិច្ចការ​នេះ គឺ​ស្ថិតនៅ​លើ​សមត្ថកិច្ច​របស់​ក្រសួង​ការបរទេ​សពី​ព្រោះ​ប្រជាពលរដ្ឋ​យើង​កំពុងតែ​ស្ថិត នៅ​ឯ​ក្រៅប្រទេស​។​

​ជុំវិញ​ករណី​នេះ លោក​កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​ឱ្យដឹងថា​នៅ​រសៀល​ថ្ងៃទី​៣ ខែ​មករា​នេះ ដោយ​ផ្អែក​តាម​ប្រភព​ព័ត៌មាន​ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ថា​អាជ្ញាធរ មាន​សមត្ថកិច្ច​នៃ​ប្រទេស​ម៉ាឡេស៊ី បាន​ឃាត់ខ្លួន​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ចំនួន​៧៥​នាក់ មិនមែន​៦៥​នាក់​នោះ​ទេ​។ ពួកគេ​កំពុង​ស្ថិតនៅ​ទី​កន្លែង​ប្រមូលផ្តុំ​មួយ​។​

​អគ្គ​កុងស៊ុល​នៃ​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី​កំពុងតែ​ជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ ម៉ាឡេស៊ី​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​យើង​កំពុង​ធ្វើ​អន្តោប្រវេសន៍ នៅ​ទីនោះ​។ លោក​បាន​បញ្ជាក់ថា អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ​កំពុងតែធ្វើកា​រលើ​ករណីនេះ​។ លោក​បន្ថែមថា ឥឡូវនេះ អាជ្ញាធរ​ម៉ាឡេស៊ី កំពុងតែ​ប្រមូលផ្តុំ​ពួកគេ​ឱ្យ​នៅ​មួយ​កន្លែង​ដើម្បី​រង់ចាំ ការសាកសួរ​ព័ត៌មាន​។​

​លោក​បាន​ឱ្យដឹងទៀតថា ប្រទេស​ទាំង​ពីរ បាន​ព្រមព្រៀង​គ្នា​លើ​ការលើកលែង​ទិដ្ឋាការ​ក្នុង​រយៈ ពេល​តែ​៣០​ថ្ងៃ​ប៉ុណ្ណោះ​។ ដូច្នេះ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ មាន​មួយ​ចំនួន គឺ​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ ក៏​ប៉ុន្តែ​ពួកគេ​បាន​ស្នាក់នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ហួស​ទិដ្ឋាការ​ដែល​បញ្ហា​នេះ ជា​ការខុសច្បាប់​។ 

​ដោយឡែក ប្រជាពលរដ្ឋ​យើង​មួយចំនួនទៀត មិន​មាន​ឯកសារ​ដើម្បី​បាន​ស្នាក់នៅ​ក្នុង​ប្រទេស នេះ​ទេ​។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​អគ្គ​កុងស៊ុល​កម្ពុជា​កំពុងតែ​ពិភាក្សា​ដោះស្រាយ​បញ្ហា​នេះ ជាមួយនឹង​អាជ្ញាធរ​ម៉ាឡេស៊ី​។ រីឯ​លទ្ធផល​យ៉ាង​ម៉េច​ទៀត​នោះ យើង​នឹង​ត្រូវ​រង់ចាំ​រយៈពេល ២​ទៅ​៣​ថ្ងៃ​ទៀត ព្រោះថា ជា​ចៃដន្យ នៅ​ពេល​ចូលឆ្នាំ​សាកល​នេះ មន្ត្រី​ម៉ាឡេស៊ី​ឈប់សម្រាក និង មន្ត្រី​កម្ពុជា​យើង​ក៏​ស្ថិតនៅ​ក្នុង​ថ្ងៃ​ឈប់​សម្រាប​ក​ដែរ​។​

​បើ​តាម​របាយការណ៍រ​បស់​អង្គការ​ខា​រ៉ា​ម បានឱ្យដឹងថា ពលករ​ខ្មែរ​ចំណាកស្រុក​ទាំង​ស្រប​ច្បាប់ និង​មិន​ស្របច្បាប់​មាន​២​ម៉ឺន​នាក់ ក្នុងនោះ​នៅ​ប្រទេស​ម៉ាឡេស៊ី ២​សែន​នាក់ នៅ​ប្រទេស​ថៃ មាន ៩ ពាន់ នាក់ នៅ​ប្រទេស​កូរ៉េខាងត្បូង មាន ៥​ពាន់​នាក់ និង​នៅ​កោះ​តៃវ៉ាន់​ផងដែរ​៕

អង្គការ​យេនឌ័រ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​យក​ខេត្ត​៣​ធ្វើ​គោលដៅ​ទប់​ស្កាត់​អំពើហិង្សា​លើ​ស្ត្រី​-​កុមារ

អង្គការ​យេនឌ័រ​និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ដែល​ហៅ​កាត់​ថា (GADC)​បាន​កំពុងតែ​ធ្វើ​សកម្មភាព របស់ខ្លួន​ឆ្ពោះទៅ​រក​សង្គម​កម្ពុជា​ដែល​ពលរដ្ឋ​ទទួលបាន​សិទ្ធិ​អំណាច​ស្មើៗ​គ្នា​ដើម្បី​ចូលរួម ការអភិវឌ្ឍន៍​ប្រទេសជាតិ​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ​និង​ទទួលបាន​យុត្តិធម៌​ពេញលេញ​ដើម្បី ជំរុញ​ឱ្យ​មាន​បរិយាកាស​រស់នៅ​ក្នុង​សេរីភាព ស្មើភាព និង​យុត្តិធម៌​។​
​    ​

​នៅ​ចំពោះមុខ អង្គការ​នេះ​បាន​ជ្រើស​យក​ខេត្ត​តែ​ចំនួន​៣​ប៉ុណ្ណោះ​គឺ​ខេត្តពោធិសាត់​ខេត្តកំពង់ឆ្នាំង​
​និង​ខេត្ត​ព្រៃវែង​ដោយ​ធ្វើ​សកម្មភាព​ក្នុង​ឃុំ​មួយចំនួន​ប៉ុណ្ណោះ​។ នៅ​ខេត្ត​ពោធិសាត់ អង្គការ​នេះ ធ្វើ​សកម្មភាព​នៅ​ស្រុក​បាកាន​ដែល​មាន​ចំនួន​៣​ឃុំ​គឺ​ឃុំ​ត្រពាំង​ជង​ឃុំ​ខ្នា​ទទឹង និង​ឃុំ​រំលេច​ដែល មាន ៤៥ ភូមិ​ដែល​មាន​ជន​បង្គោល​ជា​ស្ត្រី​មាន​ចំនួន​១៩​នាក់ និង​ជន​បង្គោល​ជា​បុរស​ចំនួន​២២​នាក់​។​

​ខេត្ត​កំពង់ឆ្នាំង អង្គការ​ធ្វើ​សកម្មភាព​នៅ​ស្រុក​រលាប្អៀ​ដែលមាន​ចំនួន​៣​ឃុំ​គឺ​ឃុំ​ពង្រ ឃុំ​​គោក​បន្ទាយ និង​ឃុំ​ទឹក​ហូត​ដែលមាន​២៩​ភូមិ​និង​មាន​ជន​បង្គោល​ជា​ស្ត្រី​ចំនួន
​១៩​នាក់​ ​និង​ជន​បង្គោល​ជា​បុរស​ចំនួន​២០​នាក់​។ ខេត្តព្រៃវែង​អង្គការ​ក៏​បាន​ធ្វើ​ សកម្មភាព​នៅ​ស្រុក​បាភ្នំ ដែរ​ក្នុង​ភូមិ​ចំនួន​៤១ ដោយ​មាន​ជន​បង្គោល​ជា​ស្ត្រី ២២​នាក់​ហើយ​ជន​បង្គោល​ជា​បុរស​ចំនួន ២២​នាក់​។​

​តាមរយៈ​កិច្ចខិតខំ​បង្រឹប្រែង​នេះ ជន​បង្គោល​នៅតាម​សហគមន៍​ទាំងពីរ​គឺ​ក្រុម​បុរស​និង​ស្ត្រី បាន​ទទួល​ផ​ទ្ធ​ផល​ពី​ការងារ​គួរឲ្យ​កត់សម្គាល់​គឺ​មាន​បុរស​ចំនួន​៨៦​នាក់​ដែល​កន្លងមក​ធ្លាប់តែ​ប្រព្រឹត្ត​អំពើហឹង្សា​លើ​ប្រពន្ធ​និង​ក្រុមគ្រួសារ​តែ​ឥឡូវនេះ​ពួក ​បុរស​ទាំង​នោះ​ផ្លាស់ប្តូរ​ទំលាប់ ប្រើ​អំពើហឹង្សា​ហើយ​ងាក​មក​យកចិត្តទុកដាក់​ជួយ​គ្រួសា​របស់​គាត់​វិញ​។ 

​ចំពោះ​ស្ត្រី​ដែល​មាន​ចំនួន​២០​នាក់​គឺ​មាន​ស្ត្រី​ចំនួន​១៥​នាក់​ប្តូរ​ទំលាប់​ពី​ប្រើ​ហិង្សា​មក​នាំ​គ្នា​គោរព ច្បាប់​និង​ស្វែងយល់​ពី​ច្បាប់​វិញ​និង​ចេះ​ស្វែងរក​ជំនួយ​ផ្នែក​ច្បាប់​និង​ហ៊ាន​ដាក់​ពាក្យបណ្តឹង​ស្វែងរក​យុត្តិធម៌​នៅ​ពេល​កើត​មាន​ការរំលោភច្បាប់​ណាមួយ ​កើតមាន​ច​ពោះ​ក្រុមគ្រួសារ​របស់​គាត់​។​

​ជាមួយគ្នា​នោះ​ដែរ នៅ​រាជធានី​ភ្នំពេញ​ឯ​ណោះ​វិញ​មន្ទីរ​កិច្ចការ​រាជធានី​ភ្នំពេញ​ដែល​ស្ថិតនៅ ក្រោម​ឱវាទ​ក្រសួង​កិច្ចការនារី​បាន​និង​កំពុង​តែ​សកម្ម​នៅ​ក្នុង​ការចូលរួម​កាត់​បន្ថយ​និង​លុប បំបាត់​អំពើហឹង្សា​និង​ការប៉ះពាល់​លើ​ពលកម្ម​កុមារ​នៅ​ក្រោម​ជំនួយ​ដៃគូ​គឺ​អង្គា​ការ ILO-IPEC ផងដែរ​។​

​លោកស្រី​ទេស ច័ន្ទ​សារឿន​ប្រធាម​ន្ទីរ​កិច្ច​ការនារី​រាជ​ធានី​ភ្នំពេញ​បានឱ្យដឹង​ថាៈ​មន្ទី​រកិ​ច្ចការ នារី​រាជធានី​ភ្នំពេញ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​មន្ទីរ​ការងារ​ដើម្បី​សហប្រតិបត្តិការ​បង្កើត តំបន់​គំរូ​គ្មាន​ទំរង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ​នៅ​រាជធានី​ភ្នំពេញ​ស្របទៅនឹង​ទិសដៅ​របស់ រាជ​រដ្ឋភិបាល​ក្នុង​ការលុបបំបាត់ព​លកម្ម​កុមារ​ឱ្យ​អស់​នៅ​ឆ្នាំ​២០១៦​។​

​ដោយឡែក​មន្ទីរ​កិច្ចការនារី​រាជធានី​ភ្នំពេញ​មាន​តួនាទី​បណ្តុះ​ប​ណា​ល​និង​ផ្សព្វ​បន្ត​លើ​ប្រធានបទ សំខាន់ៗ​ដូចជា​ការងារ​កុមារ​ពលកម្ម​កុមារ​និង​ទំរង់​ការងារ​ដែល​អនុ​ញ្ញាត​ឱ្យ​កុមារ​ធ្វើ​និង​ទំរង់​ផ្សេងៗ នៃ​ពលកម្ម​កុមារ​ហេតុផល​សំខាន់ៗ​នៃ​ពលកម្ម​កុមារ​និង​ផលប៉ះពាល់​នៃ​ពលកម្ម​កុមារ​៕

NACC បញ្ចេញ​របាយការណ៍​ស្ដីពី​ស្ថានភាព​លក្ខខណ្ឌ​ការងារ​ឆ្នាំ​២០១០ របស់ខ្លួន​

លោក សោម អូន ប្រធានសភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា (NACC) នៅ​ថ្ងៃ​ទី​០៣ មករានេះ បាន​បញ្ចេញ​របាយការណ៍​វាយតម្លៃ​អំពី​ស្ថានភាព​លក្ខខណ្ឌ​ការងារ​ឆ្នាំ​២០១០ របស់ខ្លួន ដែល​ចែកចេញ​ជា ៥ ​ផ្នែក​។ 

    របាយការណ៍​នេះ បានលើកឡើង​ពី​សញ្ញា​វិជ្ជមាន និង​ការ​វិវឌ្ឍន៍​ឈាន​ឡើង​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង ដែល​ផ្ទុយ​ពី​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​មួយចំនួន ដែល​លើកឡើង​តែ​មួយ​ជ្រុង​មក​សរសេរ​។

    *​ស្ថានភាព​រោងចក្រ​ឆ្នាំ​២០១០: 
    សេដ្ឋកិច្ច​កម្ពុជា​មាន​ស្ថិរភាព និង​មាន​កំណើន​គួរឲ្យកត់សម្គាល់ គឺ​មាន​ការបញ្ជា​ទិញ​ច្រើន ជា​ហេតុ​ធ្វើ​ឲ្យ​រោងចក្រ​ជាច្រើន​មាន​លំនឹង ផ្ដល់​ការងារ​គ្រប់គ្រាន់​ដល់​កម្មករ​ន​យោ​ជិត​។ ខុសប្លែក​ពី​ឆ្នាំ​២០០៨-២០០៩ វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​ស្បែកជើង​នៅ​កម្ពុជា ពុំ​សូវ​មាន​អំណោយផល​ល្អ​ទេ​។ កាលណោះ​រោងចក្រ​ចំនួន​៩០ បាន​បិទទ្វារ រោងចក្រ​ចំនួន​៥៥ ព្យួរ​ការងារ និង​រោងចក្រ​បើក​ថ្មី​មាន​ចំនួន​៤៧ រោងចក្រ​ប៉ុណ្ណោះ​។ បញ្ហា​អស្ថិរភាព​នៃ​ការបញ្ជាទិញ និង​ដំណើរការ​ផលិត​អស្ថិរភាព​ជំរុញ​ឲ្យមាន​ជំលោះ​ការងារ​កើត​ឡើង​ញឹកញាប់​។​

    ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០១០ មាន​រោងចក្រ​ចំនួន​តែ​ ៥១ បាន​បិទទ្វារ ហើយ​រោងចក្រ​បើក​ថ្មី​មាន​ចំនួន ​៩១ និង​រោងចក្រ​ព្យួរ​ការងារ​មាន​ត្រឹម ៤​ រោងចក្រ​ប៉ុណ្ណោះ​។ តួលេខ​នេះបង្ហាញឲ្យឃើញ​ពី​ភាពវិជ្ជមា​ន នៃ​វិស័យ​កាត់ដេរ​នៅ​កម្ពុជាបាន​ងើបឡើង​ខ្ពស់​ជាង​ឆ្នាំ​មុន​។

    *​ស្ថានភាព​វិវាទ​ការងារ​:
     ឆ្នាំ​២០១០ វិវាទ​ការងារ​រួម និង​វិវាទ​បុគ្គល ព្រមទាំង​វិវាទ​ការងារ​ផ្សេងៗ​ទៀត និង​បញ្ហា​ធ្វើ​កូដកម្ម បាតុកម្ម ត្រូវបាន​កាត់បន្ថយ​ជា​អតិប្បរមា ដែល​ជា​សញ្ញា​បង្ហាញឲ្យឃើញ​ពី​ការរី​ក​ចម្រើន​មួយ​កម្រិត​ថែម​ទៀត ចំពោះ​ការអនុវត្ត​ច្បាប់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​។ ក្នុងនោះ​មាន​ភាគី​សហជីព​កម្មក​រ និយោជក និង​រាជរដ្ឋាភិបាល​កម្ពុជា​។ អង្គការ​សហជីព​ភាគច្រើន​មាន​ការយល់ដឹង​អំពី​សិទ្ធិ​សេរីភាព និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ពួកគេ និង​ការយល់ដឹង​អំពី​ផលប្រយោជន៍​រួម​របស់​សង្គម ដែល​ជា​កត្តា​ជំរុញ​ឲ្យ​ពួកគេ​មាន​មនសិការ​ខ្ពស់​ក្នុង​ការចូលរួម​ការពា​រ​និរន្តរភាព​ការងារ និង​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ហើយ​វិវាទ​ភាគច្រើន​ត្រូវបាន​បញ្ជូន​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ធ្វើឲ្យ​កូដកម្ម​មាន​ការថយចុះ​។

    *​ការអនុវត្ត​លក្ខខណ្ឌ​ការងារ​:
     យោង​តាម​ស្ថានភាព​ជាក់ស្ដែង និង​យោងតាម​របាយការណ៍រ​បស់​អង្គការ​ពលកម្ម​អន្តរជាតិ ផ្នែក​ត្រួតពិនិត្យ​ការងារ​នៅ​កម្ពុជា (ILO-BFC) បានបញ្ជាក់​ថា បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់ កម្ពុជា​ជា​ប្រទេស​ជើងឯក មានកេរ្តិ៍ឈ្មោះ​ល្អ​ជាងគេ​ខាង​ការអនុវត្ត​លក្ខខណ្ឌ​ការងារ​។ រាជរដ្ឋាភិបាល​មាន​សេចក្ដីក្លាហាន​ផ្ដល់​សិទ្ធិ​ពេញលេញ​ដល់​អង្គការ​ជាតិ និង​អន្តរជាតិ​នានា ចូលរួម​តាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​លក្ខខណ្ឌ​ការងារ​របស់​កម្ពុជា​។ ការអនុវត្ត​លក្ខខណ្ឌ​ការងារ​ល្អ គឺជា​ការទាក់ទាញ​អ្នកវិនិយោគ និង​អ្នកបញ្ជា​ទិញ​ឲ្យមាន​ជំនឿ​ចិត្ត​ដើម្បី​ពង្រឹង និង​បន្ត​ធ្វើ​ពាណិជ្ជកម្ម​នៅ​ប្រទេស​កម្ពុជា និង​ការទាក់ទាញ​អ្នកប្រើប្រាស់​ផលិតផល​របស់​កម្ពុជា ពី​សំណាក់​ប្រជាជន​នៅ​លើ​ពិភពលោក​។

    *​វិធានការ​សង្គ្រោះ និង​ការពារ​ឧស្សាហកម្ម​កាត់ដេរ​:
     រាជរដ្ឋាភិបាល​បាន​ចេញ​នូវ​វិធានការ​មួយចំនួន ដើម្បី​ជួយសង្គ្រោះ​ដល់​វិស័យ​កាត់ដេរ និង​ស្បែកជើង​ឲ្យមាន​ស្ថានភាព​នឹងនរ នៅ​គ្រា​ដែល​ជួប​នូវ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​។ ជាង​ស្ដែង ១. ការបន្ត​ពន្យារ​មិន​យក​ពន្ធលើប្រាក់ចំណេញ​មួយ​ភាគរយ (២០០៩-២០១១) ពី​និយោជក ២. ចេញ​ថវិកា​ឲ្យ​និយោជក​ចំនួន ០,៣​ភាគរយ នៃ​ថវិកា ០,៨​ភាគរយ សម្រាប់​បង់​ចូល​បេឡា​សន្តិសុខ​សង្គម ដើម្បី​ជួយ​កម្មករ​នៅពេល​មាន​គ្រោះ​ថា្នក់ ៣. សម្ដេច​តេជោ ហ៊ុន សែន បាន​ផ្ដល់​ថវិកា​របណ្ដុះបណ្ដាល​ជំនាញ​ដល់​កម្មករ និង​យុវជន បាត់បង់​ការងារ​បាន​ចំនួន ៤០.១៤០​នាក់​។

    *​ស្ថានភាព​សហជីព​:
     ឆ្នាំ​២០១០ ចលនា​សហជីព​មូលដ្ឋាន​ចំនួន​ប្រមាណ​ ១០៨៦ មាន​សហព័ន្ធ​សហជីព​ចំនួន ​៤៦ មាន​សហភាព​សហជីព​ចំនួន ​៦ និង​សភា​សហជីព​ចំនួន​មួយ​។ ការកើតឡើង​នូវ​អង្គការ និង​ចលនា​សហជីព​ដ៏​ច្រើន​នេះ ដោយសារ​ប្រទេស​កម្ពុជា បាន​អនុវត្ត​ពេញលេញ​នូវ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ក្នុងនោះ​មាន​ច្បាប់​ដ៏​សម្បូ​រណ៍​បែប ដែល​ផ្ដល់​សិទ្ធិសេរីភាព​ពេញលេញ​ក្នុង​ការបង្កើត​សហជីព ឬ​ចូលរួម​ក្នុង​ចលនា​សហជីព​។​

    *​ស្ថានភាព​ប្រាក់​ឈ្នួល​កម្មករ​:  
    ឆ្នាំ​២០១០​នេះ គណកម្មការ​ប្រឹក្សា​ការងារ (LAC) ដែល​ជា​ស្ថាប័ន​ត្រី​ភាគី​មាន​ភារកិច្ច​ប្រជុំ​អនុម័ត​រាល់​បញ្ហា​ពាក់ព័ន្ធ​ទៅ​នឹង​សិទ្ធិ និង​ផលប្រយោជន៍​របស់​កម្ម​ក​រ ដោយ​បាន​ប្រជុំ​អនុម័ត​ដំឡើង​ប្រាក់​ឈ្នួល​អ​ប្បរមា​ជូន​កម្មករ​ចំនួន ១១​ ដុល្លារ​បន្ថែមទៀត គឺ​កម្មករ​សាកល្បង ៥៦ ​ដុល្លារ និង​កម្មករ​ពេញសិទ្ធិ ៦១​ ដុល្លារ ក្នុង​១​ខែ​។ ការដំឡើង​ប្រាក់​ឈ្នួល​បន្ថែម​នេះ ជា​យុទ្ធសាស្ដ្រ​ដ៏​សំខាន់​ក្នុង​ការជួយ​បង្កើត​ជីវភាព​រស់នៅ​របស់​ក​ម្មករ ជាពិសេសដើម្បី​ការពារ​ស្ថិរភាព​កម្លាំង​ពលកម្ម​។

    ​ចុងក្រោយ​នៃ​របាយការណ៍​នេះ លោក សោម អូន បាន​ធ្វើ​សេចក្ដីសន្និដ្ឋាន​ថា សម្រាប់​ឆ្នាំ​២០១០ វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​ស្បែកជើង មាន​ស្ថានភាព​ល្អប្រសើរ ហើយ​មាន​រោងចក្រ​តិចតួច​បំផុត​ដែល​បិទទ្វារ និង​ព្យួរការងារ​។ ជម្លោះ​ការងារ​ផ្សេងៗ​រួម​ទាំង​បាតុកម្ម កូដកម្ម បាន​ថយចុះ បើ​ប្រៀបធៀប​ទៅ​ឆ្នាំមុន​។ កត្តា​ខាងលើ​បាន​ឆ្លុះបញ្ចាំង​ពី​ប្រសិទ្ធភាព​អនុវត្ត​ច្បាប់​ភាពចាស់ទុំ និង​បទពិសោធន៍​របស់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួម​គ្នា​អនុវត្ត​។ សេរីភាព​សហជីព​ត្រូវបាន​លើកកម្ពស់​ដោយ​ច្បាប់ និង​មាន​ការគាំទ្រ​ពី​គ្រប់ភាគី​។​

​    របាយការណ៍​ក៏​ទទួលស្គាល់​ផង​ដែរ ចំពោះ​លក្ខខណ្ឌ​ការងារ​នៅ​មាន​ចំណុច​អវិជ្ជមាន​មួយចំនួន​ក្នុង​ការអនុវត្ត​ច្បាប់ និង​អនុសញ្ញា​អន្តរជាតិ​ពី​ភាគី​និយោជក និង​សហជីព​ភាគតិច​ដែល​តួអង្គ​ទាំងអស់​ខិតខំ​រួមគ្នា​ដោះស្រាយ​បន្ត​ទៀត​៕​