នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១០ នៅទីស្ដីការគណៈរដ្ឋមន្ត្រី មានការពប្រារព្វពិធីប្រកាសសមាជិកពេញសិទ្ធនៃរាជបណ្ឌិតសភាកម្ពុជា ជូនឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អានឯកឧត្ដមឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី មានគោរមងារជា បណ្ឌិតសភាចារ្យនៃរាជបណ្ឌិតសភាកម្ពុជា។
( រូបថត៖ អ៊ុក សាផាន)
លោកជំទាវបណ្ឌិត ខ្លូត ធីដា ប្រធានរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៏ថាឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ អាន ជាឥស្សរជនខាងចំណេះដឹង និងជាបញ្ញវន្ដជាន់ ខ្ពស់មួយរូបរបស់ជាតិ ពោរពេញដោយបទពិសោធន៏ និងទេពកោសល្យខ្ពស់ជាឥស្សរជននយោបាយដ៏ឆ្នើមមួយរូបដែលបានចូលបម្រើប្រទេសជាតិក្នុងវិស័យអប់រំលើកទី១ តាំងពីឆ្នាំ១៩៦៧មកម្ល៉េះ ដែលពេលនោះ ឯកឧត្ដមជាសាស្ត្រាចារ្យ ភូមិវិទ្យា ប្រវត្តវិទ្យា និងសង្គមវិទ្យា។ នៅឆ្នាំ១៩៧១-១៩៧៥ ឯកឧត្ដមជានិស្សិតសាលាគរុវិជ្ជាជាន់ខ្ពស់ និង ជាសិស្សមន្ត្រីជាន់ខ្ពស់ផ្នែកការទូតនៅសាលាជាតិរដ្ឋបាល (ENA) ។ ក្រោយថ្ងៃរំដោះ ០៧ មករា ឆ្នាំ១៩៧៩ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ អាន បានចូលបម្រើប្រទេសជាតិ និងកាន់មុខតំណែងសំខាន់ៗជាគន្លឹះ ជាច្រើនបន្តបន្ទាប់ ។ ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ អាន ជាអ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ។
ទន្ទឹមនឹងតួនាទីជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមបណ្ឌិតត្រូវបានរាជរដ្ឋាភិបាលប្រគល់តួនាទីដឹកនាំជាគន្លឹះជាច្រើនទៀត ហើយភារកិច្ចជាសារវ័ន្តទាំងអស់នោះ បានរួមចំណែកក្នុងការអភិវឌ្ឍវិស័យ អប់រំ វប្បធម៌ និងវិទ្យាសាស្ត្រ ពិសេសក្នុងវិស័យកំណែទម្រង់រដ្ឋបាល ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ។ ម៉្យាងទៀត ឯកឧត្ដមបណ្ឌិតជាអ្នកមានទេព្យកោសល្យ ផ្នែកជំនាញឯកទេសភាសា មានស្មារតីទទួលខុសត្រូវខ្ពស់គាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងអភិរក្សភាសាជាតិ និងអក្សរសាស្ត្រជាតិខ្មែរ ហើយឯកឧត្ដមបណ្ឌិតជាស្ថាបនិកមួយរូបក្នុងការបង្កើតគណៈកម្មាធិការជាតិភាសាខ្មែរ ដើម្បីឯកភាពភាសាជាតិ ។
( រូបថត៖ អ៊ុក សាផាន)
លោកជំទាវបណ្ឌិត ខ្លូត ធីដា ក៏បានលើកឡើងថា លក្ខណៈសម្បត្តិពិសេសដោយឡែក មួយទៀត ដែលគួរឲ្យកត់សម្គាល់នោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជាអ្នកមានជំនាញ ខ្ពស់ខាងវិជ្ជាជីវៈការទូត និងវិជ្ជាទំនាក់ទំនងអន្តរជាតិ ។ ជាក់ស្ដែងឯកឧត្ដម បានបង្ហាញ អំពីសមត្ថភាពទាក់ទាញការគាំទ្រ ឲ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូស សម្រេចចុះប្រាសាទព្រះវិហារខ្មែរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកតាម សំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ចំណុចជាក់ស្ដែងមួយទៀត ដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន ដណ្ដើមបានជ័យជម្នះយ៉ាងត្រចះត្រចង់ក្នុងវិស័យវប្បធម៌ ក្នុងកិច្ចប្រជុំទី៣៣ នៅទីក្រុងសេវីយ៉ា ប្រទេសអេស្ប៉ាញ កាលពីខែមិថុនា ឆ្នាំ២០០៩ កន្លងទៅនេះ គឺចំពោះការទាមទារតវ៉ាយ៉ាង ខ្លាំងក្លាទាំង៤ចំណុចរបស់ភាគីប្រទេសថៃពិសេសគឺ ការចង់សើរើលុបឈ្មោះប្រាសាទព្រះវិហារ ខ្មែរចេញពីបញ្ជីបេតិកភណ្ឌពិភពលោកវិញ ហើយនៅទីបំផុត ឯកឧត្តមបណ្ឌិតនិងប្រតិភូ បានធ្វើឲ្យភាគីថៃបរាជ័យទាំងស្រុង សូម្បីតែឱកាសពីរនាទីសម្រាប់ធ្វើអន្តរាគមន៍ក៏គ្មាន ដែរ ។
ជាមោនទនភាពថ្មីមួយទៀតរបស់កម្ពុជាដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន សម្រេចបានតាមរយៈការចាត់តាំងជាតំណាងរបស់សម្ដេចតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែននាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានោះគឺ សមាជិកភាពកម្ពុជាក្នុងគណៈកម្មាធិការអចិន្រ្តៃយ៏នៃគណះកម្មាធិការបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០០៩ កន្លងទៅនេះ នៅទីក្រុងបារីស ប្រទេសបារាំង ដែលកម្ពុជាបានជាប់ឆ្នោតក្នុងលំដាប់ទី២ បន្ទាប់ពីប្រទេសស្វីស ក្នុងជុំទី១ មានសំឡេងគាំទ្រចំនួន៨១ ក្នុងចំណោម ១៤១ប្រទេស ។ សមិទ្ធផលដ៏ធំធេងនេះមិនមែនកើតឡើងដោយចែដន្យនោះទេ ប៉ុន្តែវាកើតឡើងពីការប្រើប្រាស់បញ្ញាញាណ ទេពកោសល្យនិងវិជ្ជាជីវៈច្បាស់លាស់ ព្រមទាំងការតស៊ូដោយស្វិតស្វាញក្នុងសមរភូមិចំណេះដឹងនិងការទូត។
( រូបថត៖ អ៊ុក សាផាន)
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន ដែលជារដ្ឋមន្រ្តីអាណាព្យាបាលបចេ្ចកទេសនៃរាជបណ្ឌិតសភាកម្ពុជាបានមានឬប្រសាសន៏ថា សមាជិកភាពនេះបានលើកទឹកចិត្តបន្ថែម ទៀតដល់ឯកឩត្តម ក្នុងការរួមចំណែកដ៏សកម្មទ្វេឡើងថែមទៀតជាមួយ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការបម្រើប្រជាជន បម្រើជាតិមាតុភូមិ ក្នុងបុព្វហេតុនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ការ លើកតម្កើងមរតកវប្បធម៌ អរិយធម៌ជាតិអោយបានគង់វង្សរឹងមាំ ការលើកតម្កើងការគោរព តម្លៃសីលធម៌ និងសេចក្តីថៃ្លថ្នូររបស់សង្គម ព្រមទាំងជំរុញការអភិរក្សនិងអភិវឌ្ឍវប្បធម៌ការថែរក្សាប្រពៃណី និងអត្តសញ្ញាណជាតិ ការធ្វើទំនើបកម្មស្ថាប័ន និងការអភិវឌ្ឍ វិទ្យាសាស្រ្តអោយស្របតាទៅនឹងនិន្នាការនៃសាកលូបនីយកម្ម។ ឯកឧត្ដមបណ្ឌិតសភាចារ្យសុខ អាន បានថែ្លងគាំទ្រយ៉ាងពេញទំហឹងដល់រាជបណ្ឌិតសភាកម្ពុជា ដើម្បីលើកទឹកចឹត្តបន្ថែមទៀតដល់ស្ថាប័នដ៏សំខាន់មួយនេះ ក្នុងគោលដៅពង្រឹងនូវតួនាទី ជាមជ្ឍមណ្ឌល ស្រាវជ្រាវវិទ្យាសាស្រ្ត និងបណ្តុបណ្តាលធនធានបញ្ញាញ្ញាណជាន់ខ្ពស់ របស់ជាតិអោយ កាន់តែរឹងមាំថែមទៀត៕
( រូបថត៖ អ៊ុក សាផាន)