Friday, January 21, 2011

លោក​រដ្ឋ​មន្ត្រី​​ក្រសួង​ព័ត៌​មាន​​បញ្ជា​ក់​ពី​ជំហរ​កម្ពុជា​លើ​ការ​ចាប់​ខ្លួន​​ថៃ​៧នាក់

រាជ​ធានីភ្នំពេញ ៖ ជំនួប​ពិភាក្សា​រវាង​លោកខៀវ កាញា​រីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន ​និង​លោក​ប្រា​សិ​ទ្ធ សែង​រុងរឿង ប្រធាន​សហ​ព័​ន្ធ​​កាសែត​អាស៊ាន​ប្រចាំ​ប្រទេស​ថៃ ​និង​មាន​តំណាង​សមា​គម​កាសែត​កម្ពុជា​ពីរ​រូបបាន​ចូល​រួម​គឺ​លោក​សុខ សុវណ្ណ​ និង​លោក​អោម វុ​ទ្ធី​ នៅ​ថ្ងៃ​ទី​១៩​ មករា​ ធ្វើ​ឡើងដើម្បី​បញ្ជាក់​ពី​ព័ត៌មាន​បន្ថែម​ស្តីពី​ជនជាតិ​ថៃ៧​នាក់​ដែល​ចូល​​​មក​​​ទឹកដី​កម្ពុជា​​ដោយ​ខុស​ច្បាប់ កាលពី​ថ្ងៃ​២៩​ ធ្នូ​ ឆ្នាំ​២០១០​ ហើយ​​ត្រូវ​បាន​​ចាប់​ខ្លួន និងឃុំ​ខ្លួន​បណ្តោះ​​អាសន្ន​​ទៅ​តាម​ច្បាប់​ និងការ​វិនិច្ឆ័យ​របស់​តុលាការ​កម្ពុជា ​ដោយ​​គ្មាន​អ្នក​ណា​អាច​លូក​ដៃ​ចូល​បាន​ឡើយ​។​
លោក​ប្រា​សិទ្ធ សែង​រុងរឿង​ បាន​លើក​ឡើង​ថា ​ក្រោយ​ពី​មានការ​ចាប់ខ្លួន​ជនជាតិ​ថៃទាំង​៧​នាក់​រួច​មក​ សភាពការណ៍​នៅ​តាម​ព្រំដែន​មាន​ការ​លំបាក​ ព្រោះតែ​ក្រុម​អាវ​លឿង​មួយ​ក្ដាប់​តូច​មក​បង្ក​ការ​អុក​ឡុ​​ក​រំខាន​ដល់ការ​រកស៊ី​របស់​ប្រជា​ពល​រដ្ឋទាំង​សង​ខាង និង​​បាន​បង្ហាញ​ពី​​ការ​ចូល​មក​រក​ដំណោះ​ស្រាយរបស់​​​រដ្ឋ​​មន្ត្រី​ការ​បរ​ទេស​ថៃគ្មាន​ប្រសិទ្ធ​ភាព​ ​​​ព្រោះតែ​គ្មាន​ភាព​រឹង​ប៉ឹង​ក្នុង​ខ្លួន​និង​ទទួលស្គាល់​កំហុស​របស់​ខ្លួន​ដែល​ចូល​មក​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​នោះ​។
​លោក​រដ្ឋមន្ដ្រីខៀវ កាញារី​ទ្ធ បាន​បញ្ជាក់​វិញ​ថា រាល់​ប​ញ្ហាកើតឡើង​មកនេះ​គ្មាន​អ្វី​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​​រវាង​កម្ពុជា​-​ថៃ​ឡើយ ។ រាល់​សកម្មភាព​ដែលពួកគាត់​ធ្វើ​កន្លង​មកនេះ​គឺ​ខុស​ច្បាប់​ទាំងស្រុង ​មិនមែន​ពួកគាត់​មិន​យល់​មិនដឹង​នោះ​ទេ ​រាល់​ការ​ចេញចូល​ប្រទេស​នីមួយ​ៗ​តែងតែ​ប្រើប្រាស់​លិខិតឆ្លងដែន​ដែល​ប្រទេស​យើង​ទាំង​ពីរ​ទើបតែ​លុប​ចោល​ថ្មី​ៗ​នូវ​ការ​ផ្ដល់​ទិដ្ឋាការ​នោះ​ ​ហើយ​អ្នក​ដែល​ឆ្លង​ចូល​មកនេះ​មិនមែន​ជា​មនុស្ស​ដែល​មិនដឹង​អី​ឯណា ​គឺ​មាន​រហូត​ដល់​តំណាងរាស្ដ្រ​ជាអ្នកចេះ​ដឹង​ខ្ពស់​​ តែ​បែរ​ជាបំពាន​លើ​ច្បាប់​ទៅ​វិញ​។ ប៉ុន្តែ​ខាង​កម្ពុជា​មានការ​យោគ​យល់​ច្រើន​ដល់​អ្នក​ដែល​ទទួលសា្គ​ល់​ខ្លួនឯង​ថា​ពិតជា​បាន​ចូល​មក​ដោយ​ខុសច្បាប់​មែន ទើប​តុលាការ​អនុញ្ញាត​ឱ្យ​មានការ​ធានា​នៅក្រៅឃុំ​៦​នាក់ ឯ​ម្នាក់​ទៀត​មិន​ព្រម​ទទួលស្គាល់​ថា​ខ្លួនឯង​បាន​ចូល​មក​ដោយ​ខុសច្បាប់ទេ ​ទើប​មិន​អនុ​ញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​។
​លោក​រដ្ឋមន្ដ្រី​បន្ដ​ទៀត​ថា ​រាល់​ការ​ចាប់ខ្លួន​ជន​ជាតិ​ថៃ​ទាំង​៧​នាក់​នេះ​មិនមែន​ជា​ថ្នូរ​នឹង​អ្វីមួយ​ឡើយ រាល់​​ទោស​កំហុសនោះ​គឺ​ស្ថិត​នៅ​លើ​អំណាចតុលាការ​ជា​អ្នក​សំរេច​ ហើយ​ចុង​ចោទ​​មាន​សិ​ទ្ធិ​ប្ដឹង​ទៅ​ឧ​ទ្ធរណ៍​ទៀត​បាន​ព្រោះ​ច្បាប់​ស្រុក​ខ្មែរ ​មាន៣​ថ្នាក់​អាច​ប្ដឹង​តវ៉ា​បាន គឺទី​១​-​សាលាដំបូង ទី​២-​​សាលា​ឧ​ទ្ធរណ៍ និងទី​៣-​​​តុលាការ​កំពូល​ ។ លោក​បន្ដ​ទៀត​ថា ប្រជា​​ជន​យើង​ទាំង​ពីរ​ចូល​ចិត្ដការ​សប្បាយ​ដូច​គ្នា ​ព្រោះ​កន្លង​មក​ក្រុម​អាវ​លឿង​មក​បង្កប​ញ្ហា​នៅ​ជាយ​ដែន​នោះ​ ក៏​មាន​ប្រជាជន​ថៃ​នៅ​ទីនោះ​ជួយ​ទប់​ស្កាត់​ ព្រោះតែ​ចង់បាន​សុខ​សន្ដិភាព​ជាមួយ​គ្នា​ដែរ នេះ​ជា​ស្មារតី​ស្រឡាញ់​រួមសុខទុក្ខ​ជាមួយ​គ្នា​តាម​ព្រំដែន ហើយ​រក្សា​ការ​រកស៊ី​ជា​មួយ​គ្នា​បន្ត​ទៀត​ ៕

ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment