នៅក្នុងចំណោមអង្គការសមាគមមិនមែនរដ្ឋាភិបាលប្រមាណជាង៣ពាន់ ដែលបាននិងកំពុងធ្វើសកម្មភាពក្នុងការជួយពង្រឹងការគោរពច្បាប់ កសាង និងការអភិវឌ្ឍប្រទេសនៅកម្ពុជា ក៏នៅមានអង្គការ សមាគមមួយក្រុមតូចបានបង្កនូវភាពរំខានអាចនិងនាំឲ្យមានការព្រួយបារម្ភពីផលប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ និងរាំងស្ទះដល់ដំណើរការអនុវត្តច្បាប់របស់រាជរដ្ខាភិបាលក្នុងការងារបោះបង្គោលព្រំដែន ដោយសារក្រុមអង្គការ សមាគមទាំងនោះធ្វើការងារខុសជំនាញ និងដើរធ្វើយុទ្ធនាការញុះញង់ បង្កើតព័ត៌មានមិនពិតឥតឈប់ឈរ ក្នុងបំណងទុច្ចរិត ដើម្បីទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល។
សកម្មភាពរបស់អង្គការសមាគមឡប់ឡែទាំងនោះ ត្រូវបានគេកត់សម្គាល់ឃើញថា ជាញឹកញាប់តែងដាក់ផែនការទៅពិនិត្យបង្គោលព្រំដែនកម្ពុជា‑វៀតណាម នៅតាមបណ្តាខេត្តមួយចំនួន ដូចជាតាកែវ ស្វាយរៀង និងចុងក្រោយនេះ ពួកគេចុះទៅខេត្តព្រៃវែងនិង កំពង់ចាម។ ក្រុមល្ងើទាំងនោះ ត្រូវបានគេដឹងថា ដឹកនាំដោយលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រធានសហជីពកម្មករ និងជាប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាផង បានប្រកូកប្រកាសហៅអ្នកកាសែតឲ្យទៅយកព័ត៌មានពីសកម្មភាពរបស់ពួកគេដែលមានសមាជិកមួយដំបរស្វាទៅជាមួយនៅចំនុចបង្គោលព្រំដែនលេខ ១៣១(១) , ១៣២(២) នៅស្រុកកំចាយមា ខេត្តព្រៃវែង និងនៅបង្គោលលេខ១២៥ក្នុងស្រុកពញាក្រែកខេត្តកំពង់ចាម។
មហាជនទូទៅគេបានដឹងថា រាល់ការដឹកនាំធ្វើកូដកម្ម បាតុកម្ម តវ៉ា របស់លោករ៉ុង ឈុន នាពេលកន្លងមក គឺមិនបានផ្អែកទៅតាមគោលការណ៏ច្បាប់ និងលក្ខណៈវិនិច្ឆ័យក្នុងភាពត្រឹមត្រូវដើម្បីបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋខ្មែរដោយសុទ្ធចិត្តនៅទេ គឺច្រើនតែញុះញង់ឲ្យគ្រូបង្រៀន សិស្ស និស្សិត កម្មករ និងសកម្មជនរបស់ខ្លួនប្រព្រឹត្តនូវទង្វើរំលោភច្បាប់ តវ៉ា ប្រឆាំងនឹងរាជរដ្ឋាភិបាលដោយមិនសមហេតុផល រហូតត្រូវបានមជ្ឈដ្ឋាននានាគេប្រសិទ្ធនាមឲ្យថា លោក រ៉ុង ឈុន គឺជា « មេក្រុមសមាគមទំនើង ឬក៍ជាក្រុមអង្គការជ្រុលនិយមប្រកបដោយគ្រោះថ្នាក់»។ គ្រោះថ្នាក់ត្រង់ថា ក្រុមនេះគ្មានចេះជំនាញអ្វីមួយច្បាស់លាស់ ចេះតែរបៀបប៉្រូ របៀបបង្កចលាចល ដើរបំផុសដុតបញ្ឆេះកំហឹងប្រជាពលរដ្ឋឲ្យក្រោកឡើងតវ៉ាប្រឆាំងជាមួយការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ........។ល។ល។
ក្នុងក្រសែភ្នែករបស់ក្រុមលោករ៉ុង ឈុន គឺហាក់បីដូចជាគ្មានខុសប្លែកអ្វីពីក្រុមគណបក្សប្រឆាំងនៅកម្ពុជានោះឡើយ គឺពួកគេនាំគ្នាដឹកនាំធ្វើចលនាបះបោរ បង្កជម្លោះ ដោយលើកយកបញ្ហាព្រំដែនខាងកើត មកចោទប្រកាន់ថា ការបោះបង្គោលព្រំដែនកម្ពុជា‑វៀតណាម បានធ្វើឲ្យបាត់ទឹកដី និងភូមិខ្មែរអស់ជាច្រើនទៅវៀតណាម។ ប៉ុន្តែ ទិដ្ឋភាពជាក់ស្តែង ពួកគេតែងតែមួលបំភ្លៃខុសពីការពិត ធ្វើសកម្មភាពបំពានច្បាប់ រំលោភដែនសមត្ថកិច្ចរបស់អាជ្ញាធរដែនដី ក៏ដូចជាការងាររបស់រាជរដ្ឋាភិបាល ដែលក្នុងនោះមានលោក សម រង្ស៊ី ជាឧទាហរណ៍គំរូអាក្រក់ស្រាប់។ ក្រៅពីនេះ ពួកគេមានតែការប្រមាថរាជរដ្ឋាភិបាល រដ្ឋសភា និងប្រព័ន្ធតុលាការខ្មែរ នៅពេលដែលពួកគេត្រូវបានចាត់វិធានការណ៍តាមយុត្តាធិការនៃផ្លូវច្បាប់។ជាទម្លាប់ក្រុមប្រឆាំងតែងតែធ្វើការតវ៉ាថា ពួកគេខ្វះសិទ្ធិ ឬត្រូវទទួលរងការគាបសង្កត់គំរាមកំហែងនានា ក្នុងខណៈពេលគេនាំគ្នាបង្កើតនូវកំហុសជាបន្តបន្ទាប់ដោយគ្មានការកែប្រែឥរិយាបថនោះ។ បើនិយាយពីប្រវត្តិអតីតកាលក្នុងផ្នែកខ្លះនៃអំពើល្មើសច្បាប់របស់ក្រុមប្រឆាំង គឺ លោក រ៉ុងឈុន ធ្លាប់ជាប់ពន្ធនាគារព្រៃសក្នុងករណីបំផ្លាញការងារបោះបង្គោលព្រំដែនរបស់រាជរដ្ឋាភិបាលនាពេលកន្លងមក ។ចំណែកឯ លោក សម រង្ស៊ី គឺជាជនល្មើសមួយរូបកំពុងមានពិរុទ្ធ ដោយត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ និងពិន័យជាប្រាក់រាប់លានរៀល ដោយអំពើបំផ្លិចបំផ្លាញតម្រុយបង្គោលព្រំដែននៅស្រុកចន្ទ្រា ខេត្តស្វាយរៀង និងបទក្លែងឯកសា ផែនទី និងផ្សព្វផ្សាយព័ត៌មានមិនពិត។
ដូច្នេះ ក្រុមបក្សប្រឆាំង ក៍ដូចជាក្រុមរបស់លោក រ៉ុង ឈុន គឺជាក្រុមដែនមាននិស្ស័យជាមួយពន្ធនាគារ ហើយបើតាមព័ត៌មានច្បាស់ការដែលគេទទួលបាន គឺលោក រ៉ុង ឈុន ធ្លាប់បានប្រកាសឲ្យដឹងថា ពេលដឹកនាំធ្វើកូដកម្ម បាតុកម្មម្តងៗ គឺលោករ៉ុង ឈុន មិនបានប្រកាន់យកនូវការគោរពច្បាប់នោះទេ ផ្ទុយទៅវិញពួកគាត់តែងតែស្រែកជេរប្រមាថ ត្មេះដៀលថ្នាក់ដឹកនាំប្រទេស មន្ត្រីជាន់ខ្ពស់ អាជ្ញាធរពាក់ព័ន្ធ និងថៅកែរោងចក្រ សហគ្រាសដោយសម្តីអសុរោះជាទីបំផុត ធ្វើយ៉ាងណាដើម្បីឲ្យមានអំពើហឹង្សាកើតឡើង ឬឲ្យសមត្ថកិច្ចចាប់ខ្លួនលោកនិងរុញច្រានឲ្យប្រជាពលរដ្ឋ កម្មករមានទោសដោយការដឹកនាំរបស់ខ្លួន ទើបការប្រមូលផ្តុំរបស់លោកកំណត់ថា មានន័យ និងបានល្បីឈ្មោះ។ ទង្វើដ៏លាមករបស់គណបក្ស និងអង្គការប្រឆាំងទាំងនេះមិនខុសអ្វីពីការកេណ្ឌប្រជាពលរដ្ឋដើម្បីបំរើឧបាយកលអាក្រក់របស់ខ្លួន ក្នុងការធ្វើប្រជាភិថុត កលល្បិចបោកប្រាស់រាស្ត្រ ដើម្បីចង់បានប្រជាប្រិយ៍ភាព អំណាចនិងផលប្រយោជន៍នយោបាយសួនតួតែប៉ុណ្ណោះ។
បើនិយាយ អំពីការងារបោះបង្គោលព្រំដែនកម្ពុជា ‑ វៀតណាម ជាពិសេសនៅស្រុកកំចាយមា ខេត្តព្រៃវែង គឺជាក់ស្តែងនៅចំនុចទីតាំងបង្គោលនោះ លោក រ៉ុង ឈុន មិនបានទទួលនូវការបញ្ជាក់ណាមួយពីប្រជាពលរដ្ឋនិងអាជ្ញាធរថា មានការបាត់បង់ទឹកដី ដូចព័ត៌មានដែលលោកទទួលបានពីដំបូងនោះឡើយ ។ ជាសកម្មភាពបន្ត ក្រោយពីបរាជ័យក្នុងការខកខានមិនបានរិះគន់រដ្ឋាភិបាល លោក រ៉ុង ឈុន បានបង្វែរទិសដៅទៅពិនិត្យបង្គោលព្រំដែនលេខ ១២៥ នៅឯស្រុកពញាក្រែកខេត្តកំពង់ចាមវិញ ក៏ប៉ុន្តែ បង្គោលព្រំដែននោះ គឺកាលពីពេលថ្មីៗត្រូវបានសម្តេច ហេង សំរឹន ប្រធានរដ្ឋសភាបំភ្លឺជូនក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងរួចហើយ ថាមិនមានការបាត់បង់ទឹកដីនោះឡើយ គឺរាជរដ្ឋាភិបាលបានអនុវត្តយ៉ាងត្រឹមត្រូវតាមច្បាប់ និងផែនទី និងមានការចូលរួម និងដឹងឮពីអាជ្ញាធរក៏ដូចប្រជាពលរដ្ឋនៅទីនោះទៀតផង។ ដូច្នេះ ការធ្វើសកម្មភាពបំពុលបរិយាកាសដឹកនាំដោយលោក រ៉ុង ឈុន និងគូកន គឺពុំមានតម្លៃសម្រាប់ការចូលរួមចំណែកពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការគោរពច្បាប់នៅកម្ពុជានោះទេ គឺពួកគេពុំដឹងពីតួនាទី ភារកិច្ចរបស់ខ្លួនក្នុងឋានៈ ជាអង្គការសមាគមក្រៅរដ្ឋាភិបាលឡើយ មិនត្រឹមតែប៉ុណ្ណោះពួកគេថែមទាំងបានប្រើវិធីស្មោគគ្រោកក្នុងការបំភ័យបរទេសឲ្យស្អប់ខ្ពើមស្រុកខ្មែរ និងរិះគន់ដើម្បីយកជំនួយសម្រាប់ជេររដ្ឋាភិបាល ដែលចរិតរបស់ក្រុមលោក រ៉ុង ឈុន ត្រូវបានគេហៅថា ជាមេដឹកនាំសមាគមទំនើងឥតព្រំដែន និងគ្មានច្បាប់ទម្លាប់ ឬក៏ជាក្រុមអាណាធិបតេយ្យនិយមដែលគួរតែត្រូវបានទប់ស្កាត់៕
ពូន សំ រេច