Friday, January 21, 2011

ប៉ូលិស​សេដ្ឋកិច្ច​ឆែក​ឆេ​លំនៅឋាន​មួយ​កន្លែង​​លួច​ផលិត​ស្រា​ក្លែងក្លាយ​ជាង​១០​មុខ

ភ្នំពេញ ៖ នៅ​​រសៀល​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១១​នេះ សមត្ថកិច្ច​ប៉ូលិស​នៃ​នាយកដ្ឋាន​ប្រឆាំង បទ​ល្មើស​សេដ្ឋកិច្ច និង​កម្លាំង​ចម្រុះ​បាន​សហការ​គ្នា​​ចុះ​បង្រ្កាប​ផ្ទះ​សិប្បកម្ម​​ខុស​ច្បាប់​មួយ​កន្លែង​ដោយ​មាន​ការ​អនុញ្ញាត​ពី​តុលាការ​រាជធានី​ភ្នំពេញ​សម្រេច​ឆែកឆេរ​លំនៅឋាន​មួយ​ស្ថិត​នៅ​ភូមិ​កៀន​ឃ្លាំង សង្កាត់​ជ្រោយ​​ចង្វា ខណ្ឌ​ឫស្សីកែវ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៦ ដោយ​ឆែក​ឃើញ​មាន​សម្ភារៈ​ផលិត​ស្រា​ក្រហម​ក្លែងក្លាយ​គ្រប់​ប្រភេទ​និង​មាន​សម្ភារៈ​ផលិត​ស្រា ទឹក​ស្រា​ក្រហម​រាប់​ពាន់​លីត្រ សំបក​ដប​វេច​ខ្ចប់ និង​យីហោ​គ្រប់​ប្រភេទ​ទាំងអស់​នៅ​ក្នុង​សិប្បកម្ម​នោះ។
លោក​ឧត្ដមសេនីយ៍​ទោ ស៊ាង ប៊ុនលាង ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច នៃ​ក្រសួង មហាផ្ទៃ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន ក្រោយ​ការ​ចុះ​បង្រ្កាប​នោះ​ថា ខាង​សមត្ថកិច្ច​ជំនាញ​បាន​តាម​ដាន សិប្បកម្ម​ខាង​លើ​ជា​ច្រើន​ថ្ងៃ​មក​ហើយ ដោយ​ទទួល​បាន​ព័ត៌មាន​ពី​អាជីវករ​នៅ​តាម​ផ្សារ​នានា​ថា​មាន​ការ​លួច នាំ​ស្រា​ខូច​គុណ​ភាព​មក​លក់​នៅ​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ។ លោក​ឧត្ដម​សេនីយ៍​បន្ត​ថា ស្រា​ទាំង​នោះ​មាន ជាង​១០​មុខ ហើយ​ប្រភេទ​ស្រា​ដែល​នាំ​ចេញ​ទៅ​លក់​ច្រើន​ជាង​គេ​នៅ​លើ​ទីផ្សារ​​គឺ​ជា​ប្រភេទ​ស្រា សេះ​​ខ្មៅ​(Black Horse)។ លោក​បាន​បន្ត​ថា ស្រា​ទាំង​នោះ​មាន​ទាំង​ផលិត​នៅ​ក្នុង​ស្រុក និង​នាំ​សំបក​ដប​ពី​ក្រៅ​ប្រទេស និង​បាន​ច្រក​វេច​ខ្ចប់​នៅ​ក្នុង​ស្រុក។

លោក​ឧត្ដមសេនីយ៍​ទោ បាន​បញ្ជាក់​ថា ការ​លួច​លាក់​ផលិត​ស្រា​ក្លែងក្លាយ​ទាំង​នោះ ធ្វើ​ឡើង​ជា​ច្រើន​ខែ​មក​ហើយ ដោយ​កម្លាំង​​ជំនាញ​បាន​ឃ្លាំ​មើ​ល​យ៉ាង​ដិត​ដល់ និង​សម្រេច​ចិត្ត​សុំ​ដីកា​ឆែកឆេរ​ពី​តុលាការ នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១១​នេះ។ លោក​បាន​បន្ត​ថា ក្រុម​ប៉ូលិស​ឃ្លាំ​មើល​ផលិត​ផល​ក្លែង​ក្លាយ​នៃ​ប្រទេស​បារាំង ក៏​បាន​ចូល​រួម​សហការ​ជាមួយ​ប៉ូលិស​កម្ពុជា​ផង​ដែរ។
ម្ចាស់​ផ្ទះ​ដែល​ត្រូវ​សមត្ថកិច្ច​ឆែកឆេរ​នោះ​មាន​ឈ្មោះ ឃឹម ប៉ុនតារា ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរ ​សិប្បកម្ម​ផលិត​ស្រា​​ក្រហម មាន​ទីតាំង​នៅ​ក្នុង​កន្លែង​ឆែក​ឆេរ​ខាង​លើ និង​អ្នក​ពាក់​ព័ន្ធ​២​នាក់​ផ្សេង​ទៀត ក៏​ត្រូវ បាន​ឃាត់​ខ្លួន និង​បញ្ជូន​ទៅ​សាក​សួរ​បន្ថែម​នៅ​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​ក្រសួង​មហា​ផ្ទៃ ក្នុង​​ល្ងាច​​ថ្ងៃទី​២១ ខែ​មករា​នេះ៕
រាជសីហ៍

No comments:

Post a Comment