ភ្នំពេញ: ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង គ្រោងនឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៤-២៥ ខែមករា ឆ្នាំ២០១១ នៅទីក្រុងគុនមីង សាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិន នៅសប្តាហ៍ក្រោយ ធ្វើឡើងក្នុងឱកាសខួបអនុស្សាវរីយ៍គម្រប់ ២០ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន និងចិន។
សេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០១១ បង្ហាញថា ក្នុងកំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន រយៈពេលពីរថ្ងៃនោះ ប្រមុខការទូតនៃបណ្តាប្រទេសទាំង ១០ ជាសមាជិកសមាគមអាស៊ាន និងប្រទេសចិន ក៏នឹងអញ្ជើញចូលរួមពិធីប្រារព្ធឆ្នាំមិត្តភាព និងការផ្លាស់ប្តូររវាងអាស៊ាន និងចិន ផងដែរ។
សេចក្តីជូនព័ត៌មានដដែល បានលើកបង្ហាញថា ដំណើររបស់លោកប្រមុខការទូត ហោ ណាំហុង ទៅកាន់តុប្រជុំនៅទីក្រុងគុនមីង ក្នុងខេត្តយូណាន ប្រទេសចិន នាដើមសប្តាហ៍ក្រោយនេះ ធ្វើឡើង តាមការអញ្ជើញរបស់លោក យ៉ាង ជាលី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។
ទីភ្នាក់ងារព័ត៌មានចិន Xinhua បានរាយការណ៍ពីទីក្រុងប៉េកាំងថា កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិន នាថ្ងៃទី២៤ និងថ្ងៃទី២៥មករា ឆ្នាំ២០១១ នឹងផ្លាស់ប្តូរយោបល់ និងពិនិត្យឡើងវិញលើទំនាក់ទំនងជាយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាសមាជិកអាស៊ាន និងមហាអំណាចចិន។
ជំនួយការរបស់រដ្ឋមន្ត្រីការបរទេសចិន លោក ហូ ហ្សិងយូ ( Hu Zhengyue ) បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានចិន Xinhua ថា កិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិន នាអាទិត្យក្រោយ ក៏នឹងរាប់បញ្ចូលទាំងការប្រារព្ធឆ្នាំមិត្តភាព និងការផ្លាស់ប្តូររវាងអាស៊ាន-ចិន ដែលជាព្រឹត្តិការណ៍ដ៏មានអត្ថន័យសំខាន់បំផុត ដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនុកចិត្តផ្នែកនយោបាយ និងការធ្វើឲ្យស៊ីជម្រៅបន្ថែមទៀតលើភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគីរវាងអាស៊ាន និងចិន។ ព្រឹត្តិការណ៍សំខាន់នៃពិធីប្រារព្ធឆ្នាំមិត្តភាព និងការផ្លាស់ប្តូររវាងអាស៊ាន និងចិន គម្រប់ ២០ ឆ្នាំនោះ ផ្តោតសំខាន់លើគោលនយោបាយ ឈ្នះ ឈ្នះ និងភាពជាដៃគូល្អនឹងគ្នា។
ប្រទេសចិន និងសមាជិកបណ្តាប្រទេសក្នុងសមាគមអាស៊ាន បានបង្កើតទំនាក់ទំនង ជាដៃគូសន្ទនានឹងគ្នា កាលពីឆ្នាំ១៩៩១។ ភាគីទាំងពីរ បានបង្កើតនូវភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីសន្តិភាព និងវិបុលភាព នៅឆ្នាំ២០០៣។ ក្នុងខែមករា ឆ្នាំ២០១០ អាស៊ាន-ចិន ក៏បានអនុវត្តនូវតំបន់សេដ្ឋកិច្ចសេរី តាមរយៈការលើកលែងពន្ធនាំចេញ-នាំចូលទំនិញមួយចំនួន៕
ដោយ : លីហូវ CEN
No comments:
Post a Comment