សំណួរ៖ ថ្មីៗនេះមានមតិខ្លះបានយកព័ត៌មានអន្តរជាតិ មកធ្វើការផ្សព្វផ្សាយដើម្បីកេងចំណេញខាងនយោបាយ ជាពិសេសគឺព័ត៌មាននៅប្រទេស ទុយ ណេស៊ី ដូច្នេះសូមលោកបណ្ឌិតជួយជម្រាបជូនពីព្រឹត្តិការណ៍ដែលបានកើតមាននៅ ទុយ នេស៊ីបន្តិច បាទ?
ចម្លើយ ៖ បាទ វាជាការពិតណាស់ យើងឃើញថាអ្វីដែលជាការកើតមានឡើងនៅ ទុយ នេស៊ី កាលពីថ្ងៃទី១៣ ខែមករា បានស្តែងឲ្យឃើញថា ទុយ នេស៊ី បានធ្វើរដ្ឋប្រហារទម្លាក់ អាលី ដែល អាលី បានភៀសខ្លួនមកនៅ អារ៉ាប៊ីសាអ៊ូឌីត អញ្ចឹងអ្វីដែលជាបញ្ហាធំ គឺយើងឃើញថាអ្នកនយោបាយ មានទាំងអ្នកវិភាគនយោបាយ និងទាំងអ្នកនយោបាយកំពុងតែប្រើប្រាស់បញ្ហានៅ ទុយ នេស៊ី នេះជាឧបករណ៍ដើម្បីជាយន្តការរុញច្រានសភាពការណ៍នៅកម្ពុជា នេះជាការខុសឆ្គង។កម្ពុជាមិនអាចដូច ទុយនេស៊ី ទេ អ្វីដែលទុយនេស៊ី កំពុងដើរនោះ គឺកម្ពុជាបានដើរតាំងពី៣០ឆ្នាំមុនមកហើយ មានន័យថានៅពេលដែល លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ គឺបានបន្សល់ទុកនូវសោកនាដកម្មមកលើប្រជាជនកម្ពុជា និងមានសង្គ្រាមរ៉ាំរ៉ៃរហូតដល់គ្មានដំណោះស្រាយ ហើយការដោះស្រាយបែបចុងអាវុធ ការដោះស្រាយបែបរដ្ឋប្រហារ និងដំណោះស្រាយបែបកម្លាំង មិនមែនជាដំណោះស្រាយបែបបញ្ញាវ័ន្តទេ ហើយក៏មិនមែនជាដំណោះស្រាយនៅក្នុងដំណាក់កាលសតវត្សទី២១នេះដែរ។ខ្ញុំសូមលើកយកផ្ទាំងប្រវត្តិសាស្រ្តបីមកសិក្សា ទីមួយគឺប្រវត្តិសាស្ត្រ ទីពីរគឺបញ្ហាប្រឈម ទីបីគឺការផ្លាស់ប្តូរអំណាច។ ការប្រើប្រាស់កម្លាំងដើម្បីធ្វើរដ្ឋប្រហារ ដូចដែលកម្ពុជាបានធ្វើនៅឆ្នាំ១៩៧០នោះ ជាលទ្ធផល គឺកម្ពុជាបានទទួលនូវសោកនាដកម្ម គឺនៅពេលដែលយើងបែកបាក់គ្នា។អ្នកនយោបាយខ្លះបាននិយាយថា យើងត្រូវមើល ទុយនេស៊ី គឺជាការខុសឆ្គង ជាការមិនពិត គឺទុយនេស៊ីទេដែលត្រូវមើលមកកម្ពុជាវិញ នូវអ្វីដែលជាបទពិសោធន៍ដែលកម្ពុជាមាន និងអ្វីដែលកម្ពុជាបានដើរ។ឧទាហរណ៍ដូចនៅឆ្នាំ១៩៧០ យើងដោះដូរអំណាចដោយមិនប្រើការបោះឆ្នោត យើងមិនប្រើយន្តការប្រជាធិបតេយ្យ មិនប្រើយន្តការបែបបញ្ញាវ័ន្ត។ការប្រើកម្លាំងនេះហើយដែលធ្វើឲ្យកម្ពុជា ក្លាយទៅជាទីលានសម្រាប់សាកអាវុធ ទីលានសម្រាប់សាកមនោគមន៍របស់បរទេស។បទពិសោធន៍ទាំងនេះ អ្នកនយោបាយគួរកុំយកមកសាកល្បងនៅកម្ពុជាបន្តទៅទៀត នៅពេលដែលកម្ពុជាកំពុងតែដើរនៅក្នុងផ្លូវត្រូវហើយ កម្ពុជាកំពុងតែនៅក្នុងគន្លងប្រជាធិបតេយ្យហើយ។ ដូច្នេះយើងមិនគួរប្រើប្រាស់ភាសាញុះញង់ ឬបង្កើតបញ្ហានោះទេ។ប៉ុន្តែយើងយល់ថាអ្នកនយោបាយលោកមានសិទ្ធបញ្ចេញយោបល់ ប៉ុន្តែការបញ្ចេញយោបល់នេះក៍ត្រូវមានពេលរបស់វា ពីព្រោះយើងដឹងហើយថាអំណាចគឺត្រូវតែកើតចេញពីការបោះឆ្នោត។អញ្ចឹងវេទិកា របស់វាគឺមាន៥ឆ្នាំម្តង គឺយើងត្រូវប្រើអំណាចនេះឲ្យត្រូវនឹងកាលៈទេសៈ។នៅឆ្នាំ១៩៧០គឺយើងផ្តួលអំណាចដោយរដ្ឋប្រហារ ហើយនៅឆ្នាំ១៩៧៥-១៩៧៩ គឺយើងផ្តួលដោយកម្លាំង។ការផ្តួលដោយកម្លាំងនេះគឺបានបន្តរហូតនៅតាមបណ្តោយព្រំដែន គឺសង្គ្រាមរ៉ាំរ៉ៃ និងធ្វើឲ្យខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធទាំងស្រុង និងបាត់បង់នូវធនធានមនុស្សផងដែរ។ដូច្នេះសូមឲ្យអ្នកនយោបាយកុំបង្កើតជាចរន្តនយោបាយបែបនេះ។រឿងដែលកើតមាននៅទុយនេស៊ី គឺត្រូវមើលមកប្រវត្តិសាស្ត្រនៅកម្ពុជាវិញ។
· ចំណុចមួយទៀតដែលយើងត្រូវសិក្សា គឺអ្វីទៅជាបញ្ហាប្រឈម បញ្ហានេះគឺប្រជាជនយើងត្រូវបាត់បង់នូវគ្រួសារ បាត់បង់សាច់សារលោហិតដែលធ្វើឲ្យទីក្រុងក្លាយទៅជាកន្លែងមួយដែលគ្មានប្រជាជនរស់នៅ។ម៉្យាងទៀតអ្នកដែលទទួលបានអំណាចដោយសារការធ្វើសង្គ្រាម គឺមិនបានសេចក្តីសុខនោះទេ គឺអ្នកដែលចាញ់តែងតែបង្កើតកងកម្លាំងដើម្បីវាយតបមកវិញ។សូម្បីតែរបប ប៉ុល ពត ដែលគេបានដឹងថាជារបបផ្តាច់ការ របបសម្លាប់មនុស្សក៏ដោយ ក៏ពួកនេះនៅតែប្រយុទ្ធតតាំងជាមួយនឹងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាដដែល ពីព្រោះពួកនេះចាញ់ដោយកម្លាំង។ប៉ុន្តែនៅពេលដែលរបប ប៉ុល ពត បានចាញ់នយោបាយឈ្នះឈ្នះ របស់សម្តេច នាយករដ្ឋមន្ត្រី ទើបពួកនេះអស់ចិត្តដោយសារពួកគេបានទទួលនូវភាគផលដូចគ្នា ដូច្នេះហើយទើបយើងអាចរកដំណោះស្រាយបាននៅឆ្នាំ១៩៩៨។អញ្ចឹងយើងឃើញថារយៈពេល៣០ឆ្នាំ កម្ពុជាបានក្លាយជាទីលាននៃសង្គ្រាម ជាទីលានបង្ហូរឈាម និងក្លាយទៅជាទីលានសាក មនោគមន៍។អញ្ចឹងសូមឲ្យអ្នកវិភាគនយោបាយកុំយកបញ្ហាទុយនេស៊ី មកឲ្យកម្ពុជាមើល និងយកធ្វើជាមេរៀន គួរតែទុយនេស៊ី យកកម្ពុជាធ្វើជាមេរៀនវិញ។យើងឃើញសោកនាដកម្មបានចាប់ផ្តើមមានហើយនៅ ទុយណេស៊ី ពីព្រោះសតវត្សទី២១ រដ្ឋប្រហារបែបណាក៏ដោយត្រូវតែមានការបង្ហូរឈាម ហើយអ្នកដែលទទួលអំណាចបែបណាមួយ ដែលគេអត់អស់ចិត្ត គេត្រូវបង្កើតកងកម្លាំងដើម្បីប្រឆាំងមកវិញនេះដែលជាបញ្ហាធំ។ ហើយចំណុចមួយទៀតដែលសំខាន់នៅក្នុងនយោបាយការប្តូរអំណាចនេះយើងឃើញថា អំណាចដែលត្រូវប្តូរមាន ៣ បែប យើងមិនគួរណាប្រើប្រាស់បែបនេះទេ ហើយសូមឲ្យអ្នកនយោបាយត្រូវសិក្សាឡើងវិញ អ្នកវិទ្យាសាស្រ្តក៏ត្រូវសិក្សាឡើងវិញដែរ អំណាចផ្លាស់ប្តូរទៅដោយប្រជាជន ព្រោះលទ្ធិប្រជាធិបតេយ្យ ។ ទី១អំណាចត្រូវកើតចេញពីប្រជាជន ប្រជាជនផ្តល់សិទ្ធិ អញ្ចឹងអ្នកនយោបាយត្រូវតែប្រើប្រាស់។ ប៉ុន្តែបើប្រជាជនមិនពេញចិត្តគេអាចធ្វើប្រជាមតិ នេះជាអំណាចទី២។ ហើយទី៣ គេអាចប្រើប្រព័ន្ធច្បាប់ពីព្រោះការផ្លាស់ប្តូរដោយប្រព័ន្ធច្បាប់អត់គ្រោះថ្នាក់មនុស្សទេ អត់គ្រោះថ្នាក់ជីវិតទេ គេហៅថាមនុស្សបង្កើតសង្គម សង្គមបង្កើតបញ្ហា កាលណាបង្កើតបញ្ហា គេបង្កើតច្បាប់ដើម្បីដោះស្រាយបញ្ហា ដូច្នេះយើងឃើញថា ច្បាប់ជាបញ្ហាមួយដែលធ្វើមនុស្សមិនឲ្យមានលក្ខណៈប្រយុទ្ធប្រឆាំងគ្នាដោយប្រើកម្លាំងបាយ នេះដែលជាបញ្ហាធំ ហើយយើងត្រូវតែយកមកពិភាក្សា ហើយយើងមិនគួរបង្កើតចរន្តឲ្យទៅដូច្នេះអញ្ចឹងទេ។
· ចំណុចមួយទៀតដែលជាបញ្ហាសំខាន់បំផុតនៅក្នុងប្រទេសកម្ពុជា យើងដឹងហើយថា ប្រទេសកម្ពុជាមានវេទិកាដោយសេរី នៅពេលដែលខ្លួនដល់រដូវបោះឆ្នោត អញ្ចឹងយើងអាចបង្ហាញអ្វីដែលខ្លួនមិនពេញចិត្ត អ្វីដែលចង់បាន ហើយកុំនិយាយថា បើសិនមនុស្សម្នាក់ដែលទទួលបានអំណាចហើយ បានន័យថាអំណាចមួយដោយស្របច្បាប់ គឺប្រជាជនបោះឆ្នោតឲ្យ។ នៅកម្ពុជាគឺខុសពីការបោះឆ្នោតរើសប្រធានាធិបតី គឺគេបោះឆ្នោតតែម្តងគឺគេបានទទួលផល។ ប៉ុន្តែការបោះឆ្នោតបែបសភានិយម មិនមែនប្រជាជនរើសនាយករដ្ឋមន្រ្តីទេ ប្រជាជនរើសតំណាងរាស្រ្ត តំណាងរាស្ត្រជ្រើសរើសនាយករដ្ឋមន្រ្តី។ អញ្ចឹងដំណើរការនេះវាលំបាកណាស់ អញ្ចឹងលោកមានសិទ្ធិអាចបង្កើត យើងថាហេតុអ្វីអ្នកកាន់អំណាចខ្លាំង មានលោក ប្រែដ អាដាម លោកបានលើកឡើងថា ដោយសារតែសម្តេចនាយក លោកកាន់អំណាចយូរ ធ្វើឲ្យគណបក្សដទៃទៀតខ្សោយ។ យើងត្រូវទទួលស្គាល់ អ្នកនយោបាយគេអត់ដែលធ្វើយកចាញ់ទេ បើគេធ្វើយកចាញ់ គឺគេអត់ធ្វើនយោបាយទេ។ បើគេចង់ឲ្យល្បីគេទៅធ្វើជាអ្នកចំរៀង បើគេចង់ឲ្យគេគោរពគេទៅបួសជាលោក សូម្បីម្តាយខ្លួនឯងក៏ថ្វាយបង្គំដែរ។ កាលណាគេធ្វើនយោបាយគេធ្វើយកឈ្នះ កាលណាធ្វើយកឈ្នះគឺគេត្រូវមានប្រៀបអ្វី ដើម្បីឲ្យប្រជាជន ឲ្យម្ចាស់ឆ្នោត មើលឃើញផ្ទាំងទស្សនីយភាព ថាគេអាចមានសមត្ថភាព ដើម្បីគ្រប់គ្រងប្រទេសជាតិ។ ហើយដើម្បីគ្រប់គ្រងរដ្ឋមួយ ព្រោះថា រដ្ឋមួយៗ ប្រជាជន ១៤លាននាក់ មិនអាចត្រូវការអ្នកខ្សោយមកគ្រប់គ្រងបានទេ គឺត្រូវការអ្នកមានសមត្ថភាព អញ្ចឹងបើសិនគណបក្សប្រឆាំង ឬក៏គណបក្សដទៃ ដែលមានបំណងថាខ្លួនមានសមត្ថភាពយើងត្រូវបង្ហាញសមត្ថភាពរបស់ខ្លួន។ យើងគិតមើលប្រទេសកម្ពុជាមានគណបក្សប្រឆាំងប៉ុន្មាន ហើយគណបក្សប្រឆាំងហ្នឹងបានរួមគំនិតតែមួយហើយឬនៅ? ចម្លើយគឺនៅ ភាពកម្សោយរបស់ខ្លួននៅតែកើតមានឡើង ។ដូច្នេះយើងត្រូវសិក្សាភាពខ្សោយរបស់ខ្លួន ដើម្បីមើលរបស់គេ បើគេខ្លាំងយើងត្រូវរៀនសូត្រពីគេ ពីព្រោះធ្វើនយោបាយមិនមែនធ្វើយកចាញ់ទេ ធ្វើយកចាញ់មិនមែនហៅថា ធ្វើនយោបាយទេ ពីព្រោះសិល្បះនៃនយោបាយគឺភាពដឹកនាំ ភាពរឹងមាំ ភាពខ្លាំង។ អញ្ចឹងយើងត្រូវសិក្សាពីបញ្ហានេះឡើងវិញ ដើម្បីរួមគំនិតគ្នាកសាងជាតិ កុំរួមគំនិតគ្នាបង្ហាញផ្ទាំងទស្សនីយភាព ដែលកម្ពុជាធ្លាប់បានរស់នៅក្នុងអន្លង់ទឹកភ្នែក រស់នៅក្នុងរណ្តៅឈាម។ យើងគិតមើលថាឥឡូវទួលស្លែងមិនទាន់បានចប់ទេ ហើយរណ្តៅ B-52បើយើងទាំងអស់គ្នាភ្លេច បើអ្នកនយោបាយទាំងអស់ភ្លេច សូមអញ្ជើញទៅមើលរណ្តៅ B-52 នៅខេត្តប្រាំ រតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ និង កំពង់ចាម ហើយនៅខេត្តស្វាយរៀងផងដែរ។ នេះជារណ្តៅបង្ហាញនូវទុក្ខសោកនាដកម្ម ការប្រើប្រាស់កម្លាំងធ្វើបដិវត្តន៍ ការប្រើប្រាស់កម្លាំងធ្វើរដ្ឋប្រហារ។ ដំណោះស្រាយបែបនេះ អំណាចមិនមែនស្ថិរភាពទេ ហើយការដណ្តើមអំណាចដាច់ខាតត្រូវតែបន្ត គ្មានថ្ងៃបញ្ចប់នៃជម្លោះនោះទេ។ ជម្លោះនៃនយោបាយគឺមានតែផ្លូវនយោបាយ ដោះស្រាយដោយនយោបាយ ហើយបើដោះស្រាយដោយនយោបាយហើយប្រជាជនជាអ្នកផ្តល់សិទ្ធិនិងអំណាចនោះ គឺជាតម្លៃដ៏ស្របច្បាប់។
សំណួរ៖ខ្ញុំមិនយល់មេគណបក្សប្រឆាំងមួយចំនួនក្នុងនោះយើងធ្លាប់ឭផ្សាយសម្ភាសន៍តាមវិទ្យុបរទេសនិយាយជាភាសាខ្មែរ ហើយបានប្រើឲ្យកម្ពុជាមើល ទុយណេស៊ី តើគាត់មានចេតនាដូចម្តេច ដែលនិយាយពាក្យនេះមកហើយផ្សព្វផ្សាយយ៉ាងទូលំទូលាយយ៉ាងដូច្នេះ?
ចម្លើយ៖ នេះជាបញ្ហាសំខាន់ណាស់យើងឃើញថា រហូតដល់មានប្រើពាក្យថានៅកម្ពុជា ប្រជាជនកម្ពុជាល្ងង់ ខ្ញុំជឿជាក់ថាមិនល្ងង់ទេ ព្រោះប្រជាជនទាំងអស់ឆ្លងកាត់បញ្ហាហ្នឹង អញ្ចឹងប្រជាជនមិនត្រូវក្រឡេកទៅមើលបញ្ហានេះទេ។ អ្នកនយោបាយគួរកុំទៅមើលបញ្ហានេះ ពីព្រោះកម្ពុជាមានថ្ងៃប្តូរអ្នកដឹកនាំ គឺមានន័យថា មានន័យថាថ្ងៃបោះឆ្នោត ប្រាំឆ្នាំម្តង អ្នកបង្ហាញទៅអ្វីដែលខ្លួនមានសមត្ថភាព ព្រោះយើងជាកីឡាករយើងមិនមែនជាចោរទេ កាលណាយើងជាចោរទើបលួចអំណាច បើយើងជាកីឡាករយើងយកពានរង្វាន់នៅពេលឡើងលើរិញប្រដាល់ អញ្ចឹងឡើងរិញប្រដាល់ ជាការបង្ហាញពីភាពសកលខាងផ្នែកនយោបាយ អញ្ចឹងខ្ញុំនិយាយបែបកីឡា ប៉ុន្តែក្នុងន័យនយោបាយដូចគ្នា។ បើសិនខ្លួនមានសមត្ថភាពខ្លួនមានលទ្ធភាព ខ្លួនមានភាពរឹងមាំ ខ្លួនត្រូវបង្ហាញនៅវេទិកាប្រាំឆ្នាំម្តង បង្ហាញអំពីភាពខ្លាំងរបស់ខ្លួន ហើយខ្ញុំជឿជាក់ថាប្រជាជនមិនទទួលយកអ្នកខ្សោយទេមកដឹកនាំ។ បើយើងខ្លាំងគេយកយើងមកដឹកនាំហើយ នេះជាចំណុចទី១។ ហើយ ទី២បើយើងខ្លាំងខ្ញុំជឿថា សង្គមនៃសតវត្សទី២១ តម្រូវឲ្យអ្នកនយោបាយខ្លាំង ហើយអាចគាំទ្រ និងដឹកនាំប្រទេសជាតិបាន ពីព្រោះកម្ពុជាមិនមែននៅក្នុងប្រទេសមួយនៅក្នុងជនបទទេ ត្រូវការប្រកួតប្រជែងប្រទេសយើងមិនមានបិទឯណាមើលគ្រប់ព័ត៌មាន សូម្បីតែបញ្ហានៅទុយណេស៊ី យើងដឹងភ្លាម ដូច្នេះប្រភពមានមកច្រើនណាស់ ដូច្នេះប្រជាជនយើងលោកអត់ល្ងង់ទេ។ ប៉ុន្តែខ្ញុំសូមផ្តាំថាជៀសវាងកុំបង្កាត់ភ្លើងសង្គ្រាម បើសិនបង្កាត់ភ្លើងសង្រ្គាម ខ្ញុំឧទាហរណ៍បើសិនខ្ញុំជាមេដឹកនាំវិញ ខ្ញុំត្រូវការពាររដ្ឋធម្មនុញ្ញ ខ្ញុំត្រូវប្រើប្រាស់កំលាំងគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់នូវអ្វី ដែលប្រើប្រាស់នយោបាយរដ្ឋប្រហារគឺអត់អាចដាច់ខាត ពីព្រោះថា មេដឹកនាំណាមិនប្រើអំណាច បានន័យថាមេដឹកនាំនោះគ្មានសមត្ថភាព មេដឹកនាំនោះមិនគោរពច្បាប់ធម្មនុញ្ញពីព្រោះអ្នកឯងបោះឆ្នោតឲ្យខ្ញុំ ជាអ្នកដឹកនាំ អញ្ចឹងខ្ញុំត្រូវរក្សាស្ថិរភាពប្រទេស ត្រូវរក្សារដ្ឋធម្មនុញ្ញ ហ្នឹងទើបជារដ្ឋាភិបាលខ្លាំង។
No comments:
Post a Comment