កណ្តាល: ព្រះពុទ្ធប្បដិមាមួយព្រះអង្គទម្ងន់ជិត ៥០គីឡូក្រាម ដែលជនមិនស្គាល់មុខនាំយកទៅប្លុងចោលក្បែរព្រះវិហារវត្តសាលាអណ្តែតហៅវត្តអណ្តូង ស្ថិតនៅក្នុងភូមិអណ្តូង ឃុំក្រាំងយ៉ូវ ខេត្តកណ្តាល ត្រូវគេប្រទះឃើញកាលពីវេលាម៉ោង១២ ថ្ងៃទី១៩ មករា ២០១១ ។
លោក យ៉ុន យ៉ន អាយុ ៧០ឆ្នាំ ជាគណៈកម្មការវត្តសាលាអណ្តែតបានឲ្យដឹងថា ព្រះពុទ្ធបដិមារកមួយព្រះអង្គនេះមានទម្ងន់ ៤៨គីឡូគ្រាម កំពស់ ០,៤៧ សង់ទីម៉ែត្រ ធ្វើពីថ្មពណ៌សស្រដៀងភ្លុក ត្រូវគេប្រទះឃើញជនមិនស្គាល់មុខយកមកប្លុងចោលក្បែរជញ្ជាំងខាងក្រៅព្រះវិហារ ហើយកូនសិស្សលោកឈ្មោះរិទ្ធ អាយុ ១៦ឆ្នាំ ប្រទះឃើញក៏បានរាយការណ៍ប្រាប់គណៈកម្មាការអាចារ្យវត្ត និងព្រះសង្ឃដើម្បីចូលរួមពិនិត្យ ។
លោក ងួន សឿន ប្រធានការិយាល័យធម្មការស្រុកស្អាងបានសន្និដ្ឋានថា ព្រះពុទ្ធប្បដិមាអង្គនេះ ទំនងជាជនខិលខូចលួចពីកន្លែងផ្សេងពូកវាស្មានថាជាវត្ថុមានតម្លៃ ហើយនៅពេលដែលពិនិត្យថា គ្មានតម្លៃយកមកប្លុងចោលនៅក្នុងវត្តសាលាអណ្តែតតែម្តង ។
គណៈកម្មាការអាចារ្យវត្តសាលាអណ្តែតបានឲ្យដឹងថា រហូតដល់ល្ងាចថ្ងៃទី១៩ មករា គេពុំទាន់ស្រាវជ្រាវថា ព្រះពុទ្ធប្បដិមាមួយអង្គនេះត្រូវជនខិលខូចនាំយកមកពីទីអារាមណាឡើយ ។
មន្ត្រីធម្មការខេត្តកណ្តាលមួយរូបបានរំលឹកឡើងថា ក្នុងឆ្នាំ២០១០ កន្លងមកនេះករណីលួចព្រះពុទ្ធប្បដិមាតាមវត្តអារាម នៅក្នុងខេត្តកណ្តាល មានចំនួនប្រមាណ ១៥ ករណី ដែលចំនួននេះមានការកើនឡើងគួរឲ្យព្រួយបារម្ភរហូតប្រជាពលរដ្ឋតាមមូលដ្ឋាន បានសំណូមពរទៅដល់សមត្ថកិច្ចជួយការពារសកម្មភាពលួចវត្ថុបុរាណ និងព្រះពុទ្ធប្បដិមាមានតម្លៃនៅតាមវត្តដែលជនទុច្ចរិតធ្វើសកម្មភាពលួចប្លន់យ៉ាងសកម្ម ។
លោក យ៉ុន យ៉ន គណៈកម្មការអាចារ្យវត្តសាលាអណ្តែតបានឲ្យដឹងថា ព្រះពុទ្ធប្បដិមាដែលប្រទះឃើញនេះត្រូវបានពុទ្ធបរិស័ទ្ធ និងព្រះសង្ឃដង្ហែរចូលទៅតម្កល់នៅក្នុងព្រះវិហារវត្តសាលាអណ្តែត ដើម្បីទុកឲ្យពុទ្ធបរិស័ទ្ធគោរពបូរជាតាមផ្លូវព្រះពុទ្ធសាសនា ។ ចំពោះជនខិលខូចដែលយកព្រះពុទ្ធប្បដិមាយកមកប្លុងចោល សមត្ថកិច្ចពុំទាន់ស្រាវជ្រាវរកប្រភពឃើញនៅឡើយ ៕
ដោយ : ចក្ខុ CEN
No comments:
Post a Comment