Friday, January 21, 2011

ផ្ទេរ​ភារកិច្ច​ និងតែង​តាំង​​មន្ត្រី​​នគរបាល​ជាតិនៅ​​ស្នង​ការ​ដ្ឋាន​រាជ​ធានី


 (រូបថត​ ប៊ុនណាក់)
រាជ​ធានីភ្នំពេញ ៖ ប្រភព​ព័ត៌​មានចាត់​ទុក​ជា​ផ្លូវការ​បាន​ឱ្យ​ដឹងថា នៅព្រឹកថ្ងៃទី២១ មករា​នៅស្នង​ការដ្ឋាននគរបាលរាជធានីភ្នំពេញ មាន​រៀប​ចំ​ធ្វើ​ពិធីផ្ទេរភារកិច្ច និងតែង​តាំង​មុខ​តំណែងមន្រ្តី​នគរបាលជាតិជាច្រើនរូប ក្នុង​នោះមានថ្នាក់​ស្នងការរង នាយរងការិ​យា​ល័យ និងមន្ត្រីនគរបាល​តាមបណ្តាខណ្ឌនិង​ប៉ុស្តិ៍មួយ​ចំនួនទៀតផង ។ ប្រភព​ព័ត៌មានបានអោយ​ដឹង​ទៀថា  ការផ្ទេរ​ភារកិច្ច និងតែងតាំងមុខតំណែង​នា​ពេល​នេះ មានដាក់បន្ថែម​ស្នងការរងរាជធានី​ភ្នំពេញ​មកពី​ក្រសួងមហាផ្ទៃ​ និងផ្ទេរពីភ្នំពេញទៅ​ស្នងការ​រងខេត្ត ។
លោកឧត្តម​សេនីយ៍​បែន រត្ន័ ស្នងការរង​នគរបាលរាជធានីភ្នំពេញ ត្រូវបាន​ក្រសួង​មហា​ផ្ទៃសំរេចតែងតាំងជាស្នង​​ការ​រង​ទទួល​បន្ទុក​ប្រធានការិយាល័យ​កណ្តាល​នគរ​បាល​ប្រឆាំង​បទ​ល្មើសដោយ​ត្រួត​ត្រា​លើការិយា​ល័យចំនួន​៣ គឺ១-ការិយាល័យប្រឆាំងបទ​ល្មើស​សេដ្ឋកិច្ច ២-ការិយា​ល័យប្រឆាំងគ្រឿង​ញៀន និង៣-ការិយា​ល័យ​ប្រឆាំងការជួញដូរ​មនុស្ស​និងការពារ​អនិតិជន ។ ពីមុនការិ​យា​លយ័ទាំង៣នេះ ស្ថិត​នៅ​​ក្រោមការគ្រប់គ្រង​របស់​ស្នងការរង២រូប គឺលោក​ឧត្តមសេនីយ៍បែន រត្ន័ និងលោកវរ​សេនីយ៍ឯកសុខ ខេមរិន ប៉ុន្តែ​ពេលនេះក្រសួង​មហាផ្ទៃបានសំរេចប្រគល់​ជូន​លោកឧត្តម​សេនីយ៍​បែន រត្ន័ ស្នងការរងទទួល​បន្ទុកតែ​ម្នាក់​ឯង ។ ចំណែកលោកវរសេនីយ៍​ឯកសុខ ខេមរិន ស្នងការរងរាជធានីភ្នំពេញ ត្រូវ​បានផ្ទេរភារកិច្ច​ទៅកាន់ស្នងការរង និងជា​ប្រធាន​ការិយាល័យ​កណ្តាលនគរបាលព្រហ្ម​ទណ្ឌខេត្តសៀមរាប​ ជំនួសកន្លែងលោកវរសេនីយ៍ឯក​​​ខេង ស៊ុម ដែលបានតែង​តាំង​ជា​ស្នង​ការខេត្តបន្ទាយមាន​ជ័យ ។
គួរបញ្ជាក់ថា ការផ្ទេរភារកិច្ចនិង​តែង​តាំង​មុខតំណែងមន្ត្រីនគរបាលជាតិ មិនមែនមានន័យ​ថា អស់លោកទាំងអស់នោះមានកំហុស ឬ​អសកម្ម​ពីការងារណាមួយទេ ការពិតមន្ត្រីសាធា​រណៈបំរើអង្គភាពរដ្ឋត្រូវតែ​មានការ​អភិវឌ្ឍ​ជាលំដាប់ និងតែងតែមាន​ការផ្លាស់ប្តូររបៀប​របប​ដឹកនាំការងារ ។ សំរាប់​លោកវរសេនីយ៍ឯក សុខ ខេមរិន ចូល​បំរើការងារជាមន្ត្រី​នគរ​បាល​ជាតិតាំងពីជា​មន្ត្រី​សាមញ្ញ​មួយ​រូបឡើងជា​ប្រធាន​​ផ្នែក​មួយនៅ​អង្គភាពនគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់រាជ​ធានី​ភ្នំពេញក្នុងអំឡុងឆ្នាំ១៩៩០ ។ បន្ទាប់​មកទៀត​លោកបានផ្ទេរភារកិច្ច​ទៅ​ក្រសួង​មហា​ផ្ទៃ​បាន​ឡើងឋានន្តរស័ក្តិជាបន្ត​បន្ទាប់​រហូត​ដល់វរ​សេនីយ៍​ទោ និង​បានកាន់កាប់​ការិយាល័យ​មួយ​នៅមន្ទីរ​ប្រឆាំងគ្រឿងញៀន ។
ដោយសារ​ការងារលោកសុខ ខេមរិន មាន​ជំនាញ​ច្បាស់​លាស់​ផ្នែកព្រហ្មទណ្ឌ ក្រសួង​មហា​ផ្ទៃបានសំរេច​តែងតាំងលោកជាប្រធានការិយា​ល័យព្រហ្ម ទណ្ឌនៃស្នងការដ្ឋាននគរបាល​រាជ​ធានីភ្នំពេញ នៅ​ក្នុង​ឆ្នាំ​​២០០៤-២០០៥​ និ​ងឈាន​ចូលឆ្នាំ​២០០៦ ពេល​ហេង​ ពៅ ​​​ឡើង​​មក​កាន់​ជាស្នង​ការ​រង លោក​សុខ ខេមរិន ​បាន​ផ្ទេរ​ទៅ​​ជា​ស្នង​ការ​រង​ខេត្ត​កំពង់ស្ពឺ ​និង​ជា​ប្រធាន​ការិយា​ល័យ​​កណ្តាល​នគរ​​បាល​ព្រហ្មទណ្ឌ ។ ពិតណាស់​ ការ​ងារ​និងជំនាញ​របស់លោក​វរ​សេនីយ៍​ឯក សុខ ខេមរិន ​​បានឆ្លង​កាត់​​បទ​ពិសោធន៍​​ច្រើន​ លុះ​ចូលមក​ដល់​ឆ្នាំ២០០៩ ​លោក​ត្រូវ​បាន​ផ្ទេរ​ពីស្នង​ការ​រង​ខេត្ត​​កំពង់ស្ពឺ ​មក​ជា​អនុប្រធាន​​​នាយកដ្ឋាន​នគរបាល​ព្រហ្ម​ទណ្ឌ​​ក្រសួង​​មហា​ផ្ទៃ​​ ហើយ​មក​ដល់​ឆ្នាំ​២០១០ ​បាន​មក​ធ្វើ​ជា​ស្នង​ការ​​រង​នៃ​ស្នង​ការ​ដ្ឋាននគរបាល​រាជ​ធានី ភ្នំពេញ ​​ទទួលបន្ទុក​ជាប្រធាន​ការិយា​ល័យ​នគរ​បាល​​ប្រឆាំង​​បទ​ល្មើសរហូត​សព្វ ​ថ្ងៃនេះ ៕

ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment