ថ្ងៃទី២១ ខែមករា ឆ្នាំ២០១១ វេលាម៉ោង ៨ និង៣០នាទីព្រឹក នៅវិមានសន្តិភាព មានបើកសម័យ ប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី ៤ ដើម្បីឆ្លងៈ
១-សេចក្តីព្រាងច្បាប់ ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
២-សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំ រំកិល ២០១១-២០១៣ ។
៣-បញ្ហាផ្សេងៗ ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីផ្ញើទៅស្ថាប័ននីតិប្បញ្ញាតិ្ត លើ"ពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មទំនិញ នៃ កិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាង សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋប្រជាមានិតចិន "
ក្រោយពីបានស្តាប់របាយការណ៍ និងមតិពិភាក្សាផ្លាស់ប្តូរយោបល់រួចមក កិច្ចប្រជុំពេញអង្គគណៈ រដ្ឋមន្ត្រីបានសម្រេចៈ
I-សេចក្តីព្រាងច្បាប់ ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ៖
នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីកែទម្រង់សេដ្ឋកិច្ច និងកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ តាមគោល នយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និង ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានអនុម័ត និងប្រកាសឲ្យប្រើ ដោយព្រះរាជក្រម នៅក្នុងខែ ឧសភា ឆ្នាំ២០០៨ ដែលជាបន្តបន្ទាប់តម្រូវឲ្យមាន ការរៀបចំ តាក់តែង នូវច្បាប់ និងលិខិតបទប្បញ្ញត្តិច្បាប់ទាំងឡាយ ដើម្បីឲ្យច្បាប់ទាំងពីរខាងលើអាចអនុវត្តបាន ដោយមាន សង្គតិភាពជាមួយគ្នា។
សេចក្តីព្រាងច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដែលកំណត់អំពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងថវិកា ក៏ដូចជាការបង្កើត នូវប្រភពធនធានហិរញ្ញវត្ថុនានាសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការកំណត់នូវបន្ទុកប្រភេទចំណាយ នានា នៃរដ្ឋបាលថា្នក់ក្រោមជាតិ ក្នុងការអនុវត្តនូវមុខងារ និងភារកិច្ច ដើម្បីពង្រឹងការអភិវឌ្ឍន៍តាម បែបប្រជាធិបតេយ្យក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ សេចក្តីព្រាងច្បាប់នេះនឹងអនុញ្ញាត ឲ្យមានប្រព័ន្ធ គ្រប់គ្រងហិរញ្ញវត្ថុ និងថវិការួមមួយ ដែលមានការគ្រប់គ្រងហិរញ្ញវត្ថុ និងថវិកាចំនួនបីថា្នក់ គឺថ្នាក់ រាជធានី-ខេត្ត ថ្នាក់ក្រុង-ស្រុក-ខ័ណ្ឌ និងថ្នាក់ឃុំ-សង្កាត់។
សេចក្តីព្រាងច្បាប់ ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោម ជាតិ ត្រូវបានរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួងមហាផ្ទៃ រួមមាន ៨ ជំពូក ៤ផ្នែក និង៥៦មាត្រា។
II- សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំ រំកិល ២០១១-២០១៣ ៖
សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ(ក.វ.ស) បីឆ្នាំរំកិល ២០១១-២០១៣ នេះ ត្រូវបានរៀបចំ ឡើងដោយក្រសួងផែនការដោយបានទទួលការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជាផងដែរ ដើម្បីអនុវត្តជាជំហានៗនូវការធ្វើសុខដុមនីយកម្មការងារផែនការ ចំណាយវិនិយោគសាធារណៈ របស់រដ្ឋ និងហិរញ្ញប្បទានសហប្រតិបត្តិការ។
សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ បីឆ្នាំ រំកិល ២០១១-២០១៣ ជាការងារអាទិភាព ដែល អាចផ្តល់នូវផលប្រយោជន៍ចំពោះមុខ និងយូរអង្វែង ក៏ដូចជាផ្តល់នូវបណ្តាញសុវត្ថិភាពសង្គមដ៏ ឆាប់រហ័ស សម្រាប់ប្រជាជនក្រីក្រ ដែលភាគច្រើនរស់នៅតំបន់ជនបទ ព្រមទាំងអាចបង្កើននូវអំណាច ទិញ និងសុខុមាលភាពរបស់ពួកគាត់ ធានានូវចីរភាព កំណើនសេដ្ឋកិច្ច និងជម្រុញការធ្វើពិពិធកម្ម និងពង្រឹងមូលដ្ឋានសេដ្ឋកិច្ចឲ្យបានទូលាយជាងមុន។ នៅក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្ត ដើម្បីឲ្យបាន សម្រេចនូវគោលដៅទាំងនេះ ក.វ.ស បីឆ្នាំរំកិល ២០១១-២០១៣ នៅតែទទួលបានអាទិភាពខ្ពស់ ដោយធនធានប្រមាណ ៦៥% ត្រូវបានធ្វើការវិភាជសម្រាប់ការវិនិយោគនៅតំបន់ជនបទ។
កម្មវិធីវិនិយោគសាធារណៈ បីឆ្នាំរំកិល ២០១១-២០១៣ មានគម្រោងសរុបចំនួន ៤៤៧ ក្នុង នោះ ១៨៣ ជាគម្រោងកំពុងដំណើរ ដែលត្រូវការទុនចំនួន ២៦៧៣ លានដុល្លារអាមេរិក និង ២៦៤ ជាគម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ ដែលត្រូវការទុនចំនួន ១៥៦៧ លានដុល្លារអាមេរិក។
III-បញ្ហាផ្សេងៗ ៖
អង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីបានសម្រេចបញ្ជូន "ពិធីសារទី២ដើម្បីធ្វើវិសោធនកម្ម លើកិច្ច ព្រមព្រៀងស្តីពីពាណិជ្ជកម្មទំនិញ នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋប្រជាមានិតចិន " ទៅ សុំការអនុម័តពីស្ថាប័ននីតិប្បញ្ញាតិ្ត។
-សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្រើនរំលឹកសារជាថ្មី ឲ្យ មន្រ្តីណាក៏ដោយ បើសិនណាជាមានការពាក់ព័ន្ធនិងអំពើពុករលួយ ការជួញដូរគ្រឿងញៀន ការរំលោភ ដីធ្លី ការកាប់បំផ្លាញព្រៃឈើ ទោះបីអះអាងថាស្មោះស្ម័គ្រជាមួយគណបក្សប្រជាជនកម្ពុជាក៏ដោយ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ ដើម្បីជៀសវាងពីការផ្តន្ទាទោសដោយច្បាប់រដ្ឋ។
អង្គប្រជុំគណៈរដ្ឋមន្ត្រី បានបិទសម័យប្រជុំនៅវេលាម៉ោង១២និង00នាទី។
រាជធានីភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១១
No comments:
Post a Comment