កំពង់ចាម: យុវជនចំនួនពីរនាក់ដែលអះអាងខ្លួនឯងថា ជាបុគ្គលិករបស់ក្រុមហ៊ុន BEST FAMILY ដែលមានទីតាំងនៅក្នុង រាជធានីភ្នំពេញបាន ដើរធ្វើចរាចរណ៍ឱសថខុសច្បាប់ លក់ថ្នាំខុសច្បាប់បង្កឱ្យប្រែប្រួលសរីរាង្គភេទ និង គ្មានលិខិតបញ្ជាបេសកកម្ម ត្រូវបានមន្ទីរសុខាបាលខេត្តកំពង់ចាមសហការជាមួយប៉ូលិស សម្រេចចាប់ខ្លួន កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១១ ។
លោក ហង្ស វ៉ាន់ចន អធិការរងប៉ូលិសក្រុងកំពង់ចាមបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ហេង ឧត្តម អាយុ២៦ឆ្នាំ និង ម្នាក់ទៀតឈ្មោះ ចាន់ ម៉ាលីន អាយុ២៦ឆ្នាំ ។ គេបានឆ្លើយប្រាប់ប៉ូលិសថា ជាបុគ្គលិករបស់ក្រុមហ៊ុនឈ្មោះ“ បែសហ្វែមីលី ” នៅភ្នំពេញបានដើរលក់ថ្នាំខុសច្បាប់ គឺជាប្រភេទថ្នាំបង្កឲ្យបម្រែបម្រួលសរីរាង្គភេទមានៈ ថ្នាំសម្រើបសម្រាប់បុរស ថ្នាំពង្រីកសុដន់សម្រាប់ស្ត្រី និង ថ្នាំបង្រួមផ្លូវភេទសម្រាប់ស្ត្រី ។
លោកអធិការរងប៉ូលិសបានឲ្យដឹងទៀតថា ក្នុងនោះខាងមន្ទីរសុខាភិបាលខេត្តកំពង់ចាមបានរកឃើញថ្នាំ ចំនួន១៤មុខ បានចរាចរ ឱសថខុសច្បាប់ លក់ថ្នាំខុសច្បាប់ គឺជាថ្នាំបង្កឲ្យមាន ការប្រែប្រួលសរីរាង្គ និងថាពីរនាក់នេះមិនមែនជាបុគ្គលិកដែលមានការទទួលស្គាល់ពី ក្រសួងសុខាភិបាល ។
លោកវេជ្ជបណ្ឌិត ឈាង សេណា អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាមបានឲ្យដឹងថា ឱសថចំនួន៨០ប្រអប់ ដែលភ្នាក់ងារ ទាំងពីរ បានយកមកធ្វើចរាចរខុសច្បាប់ គឺអត់មានសលាកបឱសថ មានតែវិក្កយបត្ររបស់ ក្រុមហ៊ុន BEST FAMILY ដែលមានអាស័យដ្ឋាន លេខ១៩៣ ផ្លូវនរោត្តម សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ទោះបីជាខាងលោកបានបង្ហាញអត្តសញ្ញាណយ៉ាងណារហូតមកទល់ពេលនេះ ក្រុមហ៊ុនមួយនេះនៅ មិនព្រមឆ្លើយតបទេ ហើយភ្នាក់ងារ ទាំងពីរក៏គ្មានលិខិតឧទ្ទេសនាមដែរ ។
លោកវេជ្ជបណ្ឌិតបានឲ្យដឹងទៀងថា ឥឡូវនេះយើងរង់ចាំតែយោបល់របស់លោកព្រះរាជអាជ្ញាថាតើត្រូវ ចាត់ការយ៉ាងណាចំពោះ ជនសង្ស័យទាំងពីរ និង វត្ថុតាងជាប្រភេទថ្នាំខុសច្បាប់ដែលបង្កឱ្យប្រែប្រួលសរីរាង្គភេទ គឺ ថ្នាំសម្រើបសម្រាប់បុរស ថ្នាំពង្រីកសុដន់សម្រាប់ ស្ត្រី និងថ្នាំបង្រួមផ្លូវភេទសម្រាប់ស្ត្រីដែលមានចំនួន ១៤មុខ នោះ ៕
ដោយ : កងមាស CEN
No comments:
Post a Comment