ភ្នំពេញ: វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ ( IRI ) របស់អាមេរិកទើបតែបានបង្ហាញលទ្ធផលនៃការស្ទាបស្ទង់មតិមួយនៅព្រឹកថ្ងៃទី២១ មករា ដែលបង្ហាញថា ៧៦ ភាគរយនៃពលរដ្ឋខ្មែរដែលត្រូវបានសាកសួរបានអះអាងថា រដ្ឋាភិបាលកំពុងដើរលើផ្លូវត្រូវ ។
ការស្ទាបស្ទង់មតិនេះត្រូវបានគេធ្វើឡើងទៅលើមនុស្សចំនួនជាង ២០០០ នាក់ដែលមានអាយុចាប់ពី ១៨ ដល់ ៦៩ឆ្នាំ ។ អ្នកដែលយល់ថារដ្ឋាភិបាលដើរលើផ្លូវត្រូវដោយសំអាងលើសមិទ្ធផលដែលរដ្ឋាភិបាលបានកសាងដូចជាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងប្រព័ន្ធធារាសាស្ត្រជាដើម ។
ចុះណែកឯ ២៣ ភាគរយនៃអ្នកដែលត្រូវបានសាកសួរអះអាងថា រដ្ឋាភិបាលកំពុងដើរលើផ្លូវខុសដោយសារតែអំពើពុករលួយ ទំនិញចេះតែឡើងថ្លៃ អំពើបក្សពួកនិយម ការបំផ្លាញបរិស្ថាន និងការគ្រប់គ្រងជនអន្តោប្រវេសន៍មិនល្អ ។
ក្នុងចំណោមអ្នកដែលគេស្ទង់មតិ ៤០ភាគរយនិយាយថា មានអំពើពុករលួយក្នុងចំណោមមន្ត្រីរាជការរដ្ឋាភិបាល ។ ១២ភាគរយអះអាងថា រដ្ឋាភិបាលកំពុងដុតដៃជើងក្នុងការលុប បំបាត់អំពើពុករលួយ ។ ៤១ភាគរយនិយាយថាភ្នាក់ងាររដ្ឋាភិបាលតែងយកតម្លៃលើសពីច្បាប់កំណត់ ។ ៣១ ភាគរយថាមានអំពើពុករលួយក្នុងជួរប៉ូលិស ។ ២២ ភាគរយយល់ថា អំពើពុករលួយមកពីប្រាក់ខែតិច រីឯ ៥ ភាគរយយល់ថាអំពើពុករលួយ គឺជាទម្លាប់ ។
ការស្ទាបស្ទង់រកឃើញទៀតថាយុវជន គឺជាកម្លាំងចលករយ៉ាងខ្លាំងសម្រាប់ចលនានយោបាយមានន័យថា គណបក្សណាដែលដណ្តើមបានការគាំទ្រពីយុវជននឹងទទួលបានសន្ទុះយ៉ាងឆាប់រហ័សមួយ ៕
ដោយ : រតនា CEN
No comments:
Post a Comment