Wednesday, February 02, 2011

បទអត្ថាធិប្បាយ៖ ICAPP បាន​ទទួល​ស្គាល់​​ថា តំ​បន់​ប្រាសាទ​ព្រះ​វិហារ​ គឺជាកម្ម​សិទ្ធិ​របស់​កម្ពុជា

            គណៈកម្មាធិការអចិន្ត្រៃយ៍​សន្និសីទ​ អន្តរជាតិ​របស់​គណបក្ស​នយោបាយ ​នៅ​អាស៊ី​ (ICAPP) បានចេញ​​​​​​សេចក្តី ថ្លែងការណ៍របស់ ខ្លួនកាលពីពេលកន្លងមកនេះដោយគាំទ្រយ៉ាងពេញ ទំហឹងចំពោះសេចក្តីសម្រេចរបស់ គណៈកម្មាធិការ បេតិកភណ្ឌពិភពលោកក្នុងការចុះប្រាសាទ ព្រះវិហារ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក​ ​និងបានសំដែង ការពេញចិត្តផងដែរជាមួយសេចក្តី សម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ កាលពីថ្ងៃទី១៥ ខែមិថុនាឆ្នាំ ១៩៦២ ដែលសម្រេចថា​ « ប្រាសាទព្រះវិហារគឺស្ថិតនៅក្នុងទឹកដីក្រោម អធិបតេយ្យរបស់ព្រះរាជា ណាចក្រកម្ពុជា មិនអាចប្រកែកបាន ហើយថែមទាំងបានធ្វើការ អំពាវនាវផងដែរ ដល់សហគមអន្តរជាតិសម្រាប់​​ជំនួយបន្ទាន់ ដើម្បីយកមកធ្វើការជួសជុលឡើងវិញអភិរក្ស និងការការពារប្រាសាទ​ »​
            ការរំលឹកឡើងវិញនូវខ្លឹមសារ នៃសេចក្តីថ្លែងការណ៍របស់ គណៈកម្មធិការអចិន្ត្រៃយ៍នៃសន្និសីទអន្តរ ជាតិសម្រាប់​​គណបក្ស នយោបាយនៅអាស៊ី​​​(ICAPP)ក្នុងអំឡុងពេល ធ្វើទស្សនៈកិច្ចនៅតំបន់អង្គរនិងប្រាសាទព្រះវិហារដែលជាតំបន់ បេតិកភណ្ឌពិភពលោករបស់កម្ពុជា កាលពីថ្ងៃទី ខែធ្នូឆ្នាំ២០១០ ក៍ជាការចង់បង្ហាញ ប្រាប់​​ដល់សាធារណៈ មតិជាតិ និងអន្តរជាតិ ឲ្យបាន​​ដឹងច្បាស់ពីការទទួលស្គាល់ពីមេដឹកនាំគណបក្ស នយោបាយ​​​នៅតំបន់អាស៊ី ចំនួន​​ប្រមាណ៨៩គណបក្សនិងអង្គការអន្តរជាតិ ចំនួន១០ដែលបានវាយតម្លៃ ថាកម្ពុជាជាគំរូនៃ នយោបាយសន្តិភាពនៅក្នុងតំបន់និងពិភពលោក បន្ថែមពីលើភាព ស្របច្បាប់ជាតម្លៃនីត្យានុកូលភាព ដ៏រឹងមាំរបស់កម្ពុជាដែល ទទួលស្គាល់ជាលក្ខណៈអន្តរជាតិតបទៅនឹងការ ប្រកាសផ្លូវការរបស់ថ្នាក់ដឹកនាំ នៃរដ្ឋាភិបាល​​ថៃដែល ចិញ្ចឹមចិត្តឈ្លានពានទឹកដីកម្ពុជា។
            លោក នាយក​រដ្ឋមន្ត្រី​ថៃ​ អាប់​ភី​ស៊ីត វី​ចាជី​វ៉ាក់​ កាលពី​ថ្ងៃ​ទី​២៧ ខែ​ មករា​ ឆ្នាំ ២០១១ បាន​ចេញ​មក​អះ​អាង​ថា​ « កម្ពុជា​គ្មាន​សិទ្ធិ​ដោត​ ទង់ជាតិ​របស់​ខ្លួន ​នៅ​តំ​បន់​ព្រំ​ដែន ​មាន​ជម្លោះ ជាប់​នឹង​ប្រាសាទ ​ព្រះ​វិហារ​បាន​ឡើយ​​» និង​នៅ​ថ្ងៃ​ទី​៣១ ខែ​ កុម្ភៈ ឆ្នាំ ២០១១ ក្រសួង​ការ​បរទេស​ថៃ​បាន ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ របស់​ខ្លួន​មាន​៤ចំ​នុច​ ដែល ក្នុង​​នោះ​រួម​មាន​៖
            ១‑ ថៃមិន​ទទួល​យក​ការ​អះអាង​ ដោយ​កម្ពុជា លើ​​ផែន​ទី​ខ្នាត ១/ ២០០.០០០ ក្នុង​ការ​ធ្វើ​ជាមូល​ដ្ឋាន​       ​              ​  សម្រាប់​កំ​ណត់​ព្រំ​ដែន។
            ២‑ ការ​សម្រេច​ក្តី​ដោយ​តុលាការ ​យុត្តិ​ធម៌​អន្តរជាតិ​ឆ្នាំ​១៩៦២ មិន​បាន​សម្រេច​ទៅ​លើ​​បញ្ហា​ខ្សែបន្ទាត់​ព្រំ​ដែន​រវាងថៃ‑ កម្ពុជា។
            ៣‑ នៅ​តែ​អះ​អាង​ថា​ វត្ត​កែវ​សិក្ខាគិរី​ស្វារៈស្ថិត នៅ​ក្នុង​ទឹក​ដី​ថៃ​ ហើយ​ទាម​ទារ​ឲ្យ​កម្ពុជារុះរើ ​វត្ត នឹង​ដក​ទង់​ជាតិ​ចេញ​ពី​ទី​នោះ ដូច​ដែលខ្លួន​ធ្លាប់​បាន ​ទាម​ទារ​ជា​ច្រើន​លើ​ក ច្រើន​សារ​មក​ហើយ​)
            ៤‑ នឹងបន្ត​ដោះស្រាយ​បញ្ហាព្រំ​ដែន​ ជាមួយ​កម្ពុជា​ទៅតាម​ ច្បាប់​អន្ត​រជាតិ ដោយ​សន្តិ​វិធី​​ តាម​រយៈ​ក្រប​​​​ខណ្ឌ(JBC)​​​ ​​​​ ហើយ​ថា​ ការងារ​នោះ​កំ​ពុង ​ដំ​ណើរ​ការ​​។
            ទោះ​ជា​យ៉ាង​ណាក៍​ដោយ​ ការចេញ​មក​ទាម​ទារដោយ​រំ​លោភ លើ​ដែន​អធិ​បតេយ្យ​ កម្ពុជា​ ដោយ​គ្មាន​មូល​ដ្ឋានច្បាប់​ របស់​ថ្នាក់​ដឹក​នាំ​ថៃ ក៍​ដូច​ជាការ​អះ​អាង​ ពី​អធិ​បតេយ្យ​របស់​ខ្លួន​ លើ​វត្ត​កែ​សិក្ខាគិរី​ស្វារៈ និង​​ការ​មិន​ទទួល​ស្គាល់​ ផែន​ទី​ផែន​ទីខ្នាត​១/២០០.០០០  គឺបានបង្ហាញ ​យ៉ាង​ជាក់​ច្បាស់​ថា​ រដ្ឋាភិបាល​ អាប់​ភី​ស៊ីត បាន​និ​ង​កំ​ពុង ដើរ​ផ្ទុយ​ទៅ​នឹង​គោល​ការ​ណ៍​ នៃ​ការ​ចង់​បាន ​សន្តិ​ភាព​នៅ​ក្នុង​ តំ​បន់សម្រាប់​ប្រជាជន​ទាំង​ពីរ​កម្ពុជា‑ថៃ និង​ម៉្យាង​ទៀត​ ការ​ព្រមាន​ប្រកាស​ សង្គ្រាម​ដោយប្រើប្រាស់​ កម្លាំងទ័ព​ មក​គាប​សង្កត់លើ​ប្រទេស​កម្ពុជា​ ដែល​មាន​អធិ​បតេយ្យ បូរណភាព ​ទឹក​ដី​​ត្រឹម​ត្រូវ​​ គឺជាការ​បង្ហាញនូវ​ចេតនា ច្បាស់លាស់​​នៃ​ការ​ ចង់​បន្ត​​ជម្លោះជាមួយ​កម្ពុជា បំ​ផ្លាញ​​នូវ​ភាព​សុខសាន្ត​ របស់​ប្រជាពល​រដ្ឋទាំង​ពីរ​ និង​បាន​ដើរ​ផ្ទុយ​ទាំង​ស្រុង​ទៅនឹង​ សេចក្តី​ថ្លែង​ការណ ទី​ក្រុង​ភ្នំ​ពេញ ​ថ្ងៃ​ទី​២‑៣ ខែធ្នូ ឆ្នាំ​២០១០ របស់​​ថ្នាក់​ដឹក​នាំ​គណបក្ស​នយោបាយ​នៅ​ជុំ​វិញ​តំ​បន់​អាស៊ី​ ដែល​បាន​អំ​ពាវ​នាវ​ឲ្យ​មាន​ការ​ថែ​រក្សា​នូវ​​បេតិកភណ្ឌអាស៊ី​ទាំង​មូល​​ ។​ ទង្វើ​ទុច្ចរិត របស់រដ្ឋាភិបាល អាប់​ភី​ស៊ីត​​ បាន​បង្ហាញពី​ការ​ ប្រើ​ល្បិចកល ​​ដ៏​អាក្រក់​ជាទី​ បំ​ផុត​ក្នុង​ការ​បំ​ពុល​បរិយាកាស ​ប្រកប​ដោយ​គ្រោះ​ថ្នាក់ដល់​ប្រទេស ​ជាតិ​ទាំង​ពីរ​ និង​នៅ​ក្នុង​តំ​បន់​ អាស៊ី​អាគ្នេយ៍ ។
            ការ​ពិត នាយករដ្ឋមន្ត្រី អាប់ភី​ស៊ីត​ និង​រដ្ឋមន្ត្រី​ការបរទេស កាស៊ីត ភិរម្យ៉ា ពុំ​មាន​អ្វី​ជា​ទឡ្ហី​ករណ៍​ ដុំ​កំ​ភួន​ណាមួយ​ស្រប​ច្បាប់​ សម្រាប់​ការ​ពារ​ មហិច្ឆតា​​ឈ្លាន​ពាន ​ទឹក​ដី​កម្ពុជានោះ​ឡើយ ​ផ្ទុយ​ទៅ​វិញ​សកម្ម​ភាព​ឈ្លានពាន​របស់​ ថៃមក​លើ​ទឹក​ដី​កម្ពុជា បាន​ស្តែង​ ចេញ​តាម​រយៈការបង្កើត​ឲ្យ​ មាន​ឡើង​នូវ​ផែន​ទី​ចោរ​ លួច​គូរជា​ឯកតោភាគី ដោយ​សម្ងាត់​ គ្មាន​ការទទួល​ ស្គាល់ពី​អន្តរជាតិ​ ។   ដូចនេះ​ ការ​លើក​ឡើង​ពី​តំ​បន់​ជិត​ប្រាសាទ​ព្រះ​វិហារ​ និង​តំ​បន់​នៅ​ តាម​ព្រំ​ដែន​ជាប់​នឹង​កម្ពុជា ថា ជា​ « ដី​ត្រួតស៊ី​គ្នា ៤,៦ គី​ឡូ​ម៉ែត្រក្រឡា នោះ​ គ្រាន់​តែ​ជា​លេស នៅ​ក្នុង​មហិច្ឆតា​​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា ជា​ពិ​សេស​​ ចង់បង្វែពី​សភាព​ការ​ណ៍​តាន​តឹង ​នៃ​វិបត្តិ​ផ្ទៃក្នុង​របស់​ខ្លួន​ដោះ​ស្រាយ​ពុំ​រួច​ ហើយ​ងាក​មក​ យក​កម្ពុជាធ្វើ​ជាចំ​ណា​ប់​ខ្មាំង​នយោ​បាយ​ក្នុង​ ប្រទេស​របស់​ខ្លួន​ ស្រប​ពេល​ដែល​មាន​ហ្វូង​ បាតុករ​ទាំង​អាវ​លឿង​ និង​អាវក្រហម​ បាន​និង​កំ​ពុង​ដឹក​នាំ​ ធ្វើ​បាតុ​កម្ម​ប្រឆាំង​ នឹង​រដ្ឋាភិបាលនោះ នាមុន​ពេល​បោះ​ឆ្នោត​ក្នុង​ប្រទេស​ថៃ​ ​។
យោង​តាម​ប្រកាស ​របស់​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិ​ការ​ អន្តរជាតិ​​កម្ពុជា​ ចុះ​ថ្ងៃ​ទី​២៨ ខែ​មករា​​ ឆ្នាំ២០១១ បាន​បញ្ជាក់​ជា​ថ្មី ​ថា​ «​ វត្តកែវសិក្ខាគិរីស្វារៈ គឺបានកសាង​ឡើង​ ដោយ​ប្រជាជន​កម្ពុជា ក្នុងឆ្នាំ១៩៩៨ គឺច្បាស់ណាស់ថា វត្តនោះ ពិតជាស្ថិតនៅ ​ក្នុងទឹក​ដីកម្ពុជា។ ម៉្យាង​ទៀត​ តំ​បន់​ប្រាសាទ​ព្រះ​វិហារ​ ជាពិ​សេស វត្ត​កែ​វសិក្ខាគីរី​ស្វារៈ ត្រូវ​បាន​ការ​ពារ​តាម​ផ្លូវ​ច្បាប់​ដ៏​រឹង​មាំ និងការ​គ្រប់​គ្រង​ជាក់​ស្តែង​ដោយ​កម្ពុជា (De facto et De jure)​​ ដូច្នេះ ទង់ជាតិ​ របស់​ព្រះរាជាណាចក្រ កម្ពុជា ដែលកំពុងបង្ហោះ​នៅលើវត្ត គឺមានលក្ខណៈស្របច្បាប់» ហើយ ទង់​ជាតិ នេះ​ ក៏​ជាតំ​ណាង​ឲ្យ ​អត្ត​សញ្ញាណ​នៃ​ឯកភាព​ជាតិ​​ខ្មែរទាំង​មូល​ ដូច​មាន​កំ​ណត់​ នៅ​ក្នុង​ឧបសម្ព័ន្ធ​ទី១ នៃ​មាត្រា​៦ ក្នុង​​រដ្ឋធម្ម​នុញ្ញរបស់​ កម្ពុជាផង​ដែរ​។ ដូច្នេះ​ ការ​ព្រមាន​ប្រកាស​ សង្គ្រាម​របស់​ លោក អាប់​ភី​ស៊ីត​ ដោយ​បង្ហាញកម្លាំង​ យោធា​មក​លើកម្ពុជា​ តាម​រយៈការ​តម្រូវ​ឲ្យ​កម្ពុជា​ដក​ទង់​ជាតិ​របស់​ ខ្លួន​ចេញ​ពី​វត្ត​កែ​វ​សិក្ខាគីរី​ស្វារៈ  ដែល​ថៃ​អះ​អាង​ថា ជា​ទឹក​ដី​របស់​ខ្លួន គឺ​មាន​តម្លៃ​ស្មើ​នឹង​ការ​ប្រមាថយ៉ាង​ធ្ងន់​ធ្ងរ​ មក​លើ​ជាតិ​ខ្មែរ​ ហើយនេះ គឺជាមហិច្ឆតា​ចង់​ ពង្រី​ក​​ទឹក​ដីតាម​របៀប​ អ៊ី​ត្លែ និយម ដែល​ក្នុង​សម័យ​សកល​ភាវូបនីយកម្ម​ទី​ផ្សារសេរី មិន​អនុញ្ញាត្តឲ្យ ប្រព្រឹត្ត​បែប​នោះ​បាន ឡើយ។
 ដូច្នេះ  ដោយ​យោងទៅ​លើ​  មាត្រា ៥២ ,៥៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា ​រាជ​រដ្ឋាភិបាល​កម្ពុជា មាន​កាតព្វកិច្ចនិង​ប្រកាន់​ជំ​ហរដាច់​ខាត ​​ក្នុង​ការ​ប្តេជ្ញារក្សា ការ​ពារ​ឯករាជ្យ​ អធិ​បតេយ្យ​ បូរណភាព​ទឹក​ដី​ និង​​ សូម​រក្សា​ទុកនូវ​សិទ្ធិ​កាន់​អាវុធ​តស៊ូប្រឆាំង​នឹង​ ការ​រំ​លោភឈ្លាន​ពាន​ មក​ពី​ក្រៅ​ ដើម្បី​ការ​ពារ ​ជាតិ​មាតុ​ភូមិ​ខ្លួន​។
ពូន សំ​រេច

កម្ពុជា-អាមេរិកពិភាក្សាពីនយោបាយប្រទេសទាំងពីរ

ភ្នំពេញៈ ការិយាល័យរបស់លោក រដ្ឋមន្ត្រីការពារប្រទេសសហ រដ្ឋអាមេរិក និងកងយោធពលខេមរៈភូមិន្ទ បានផ្តើមធ្វើជាលើក ដំបូងនូវការពិភាក្សាស្តីពីនយោបាយ ការពារជាតិ រវាងសហរដ្ឋ អាមេរិក និងប្រទេសកម្ពុជា នៅរាជធានីភ្នំពេញ។
លោក Derek Mitchell ឧបការីរងរដ្ឋមន្រ្តី ក្រសួងការពារជាតិជាន់ខ្ពស់ របស់សហរដ្ឋ អាមេរិក បានដឹកនាំគណប្រតិភូសហរដ្ឋអាមេរិក ដែលមានតំណាងមកពីការិយាល័យរដ្ឋមន្រ្តីការពារជាតិអាមេរិក ក្រសួងការបរទេសសហរដ្ឋអាមេរិក សេនាធិការចំរុះ និងបញ្ជាការដ្ឋាននៃកងកំលាំងសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក។ដែលបានធ្វើការពិភាក្សាជាមួយក្រសួងការពារជាតិកម្ពុជា មានការចូលរួមពីលោក នាង ផាតរដ្ឋលេខាធិការក្រសួងការពារជាតិ ដឹកនាមគណប្រតិភូ។
គោលបមណងនៃការពិភាក្សាផ្នែកការពារប្រទេសនេះ គឺដើម្បីបញ្ជាក់ពីឆន្ទៈរបស់ក្រសួងការពារប្រទេសសហរដ្ឋអាមេរិក ក្នុងការជួយដល់កងយោធពលខេមរៈភូមិន្ទ ក្នុងការពង្រឹងកំលាំងទ័ព អោយមានជំនាញច្បាស់លាស់ ដោយទន្ទឹមនឹងនោះលើកទឹកចិត្តអោយប្រទេសកម្ពុជាបន្តដើរលើផ្លូវប្រសើរឡើងប្រកបដោយតម្លាភាព អភិបាលកិច្ចល្អ ឆន្ទៈចំពោះនិតិរដ្ឋ ការអភិវឌ្ឍន៍ស្ថិតស្ថេរតាមបែបប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
ការពិភាក្សាផ្នែកកិច្ចការពារប្រទេសនេះ គឺបានផ្តោតសំខាន់លើផ្នែកនានានៃសហប្រតិបត្តិការទ្វេភាគី ហើយបាននិយាយពីបញ្ហាសន្តិសុខក្នុងប្រទេស និងក្នុងតំបន់ ដែលជាកង្វល់រួម ដោយរួមមានផងដែរ នូវកំណែទំរងផ្នែកការពារប្រទេស ការបង្រៀនជំនាញយោធាអាជីព ជំនួយមនុស្សធម៌ ការគ្រប់ គ្រងគ្រោះមហន្តរាយ កិច្ចការក្នុងតំបន់ ការប្រឆាំងការរត់ពន្ធគ្រឿងញៀន ការប្រឆាំងភេរវកម្ម និងយន្តការសន្តិសុខតំបន់។
ក្នុងអំឡុងពេលទស្សនកិច្ចនេះដែរ លោកឧបការីរងក្រសួងការពារប្រទេស Derek Mitchell ក៏បានទៅទស្សនកិច្ចនូវកន្លែងមួយចំនួន ដូចជាមជ្ឈមណ្ឌលបណ្តុះបណ្តាលថែរក្សាសន្តិភាព នៅក្នុងខេត្តកំពង់ស្ពឺ កំលាំងពិសេសប្រឆាំងភេរវកម្មថ្នាក់ជាតិ និងកន្លែងមួយចំនួនទៀត ដែលមានការទាក់ទងនិងកិច្ចសហប្រតិបត្តិការយោថារវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។ លោកឧបការីរងក្រសួងការ ពារប្រទេសអាមេរិក ក៏បានជួបប្រជុំផងដែរ ជាមួយថ្នាក់ដឹកនាំអង្គការក្រៅរដ្ឋាភិបាល ឋដើម្បីពិភាក្សា នូវដំណើរការទស្សនកិច្ចរបស់លោក ក៏ដូចជា ការស្តាប់ស្តីពីទំនាក់ទំនងសហប្រតិបត្តិការយោធា៕
ដោយៈ សំបូរ

សន្និសិទកាសែតបង្ហាញមុខជនសង្ស័យ៧នាក់ បាចខិត្តប័ណ្ណជេរប្រមាជប្រមុខរាជ រដ្ឋាភិបាល និងព្រះមហាវីរៈក្សត្រ

នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី កុម្ភៈ ឆ្នាំ២០១១នេះបានសន្និសិទកាសែត បង្ហាញជនសង្ស័យបាច ខិត្តប័ណ្ណជេរប្រមាជប្រមុខរាជ រដ្ឋាភិបាលកម្ពុជា និងព្រះមហាវីរៈក្សត្រ បន្ទាប់ពីចាប់ខ្លួនតាម ទីកន្លែងផ្សេងៗពីគ្នា។
ជនដែលត្រូវបានយកមក បង្ហាញខ្លួនមានចំនួន៧រូប និង៤រូបទៀតកំពុងរត់គេចខ្លួនទៅប្រទេសថៃ ដែលពេលនេះ អាជ្ញាធរកម្ពុជាគ្រោងកំពុង តាមចាប់ខ្លួនបន្ថែមទៀត។ ជនដែលបានយកមក បង្ហាញខ្លួននោះរួមមាន ទី១-ឈ្មោះសេង វិសាល កើតនៅឆ្នាំ១៩៨៥ រស់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបរជាសិស្សវិទ្យាស្ថានជាតិអប់រំ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១១ ទី២-ឈ្មោះប៉ិ រឿន កើតឆ្នាំ១៩៧៦ រស់នៅភូមិក្តីរុន ឃុំខ្វាវ ស្រុកទ្រាំងខេត្តតាកែវ មុខរបរជាអនុប្រធានការិយាល័យវិទ្យុនៃមន្ទីរព័ត៌មានខេត្តតាកែវ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១១ ទី៣-ឈ្មោះឆែម បុល កើតនៅឆ្នាំ១៩៨៦ រស់នៅភូមិដងក្តា ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង មុខរបរគ្រូបង្រៀន ត្រូវបានចាប់ខ្លួននៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១១ ទី៤-ឈ្មោះង៉ោ ម៉េងហុង កើតនៅឆ្នាំ១៩៨៤ រស់នៅផ្ទះលេខ៨៥ ផ្លូវ២៧១ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជានិស្សិតផ្នែកចិត្តសាស្រ្តនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ខ្លួននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១១ ទី៥-ឈ្មោះសូ ខេមរៈ កើតនៅឆ្នាំ១៩៨៧ រស់ផ្ទះលេខ៥៤៣ ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខរបរជាអ្នកសម្របសម្រួលរបស់អង្គការម៉ារីណល ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១១ ទី៦-ឈ្មោះខេម ម៉ា ហៅខេម សុវណ្ណរស់ កើតឆ្នាំ១៩៨៥ រស់នៅភូមិជ្រៃត្នោត ឃុំ-ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរគ្រូបង្រៀនកុំព្យូទ័រ នៅទីស្នាក់ការគណបក្សសម រង្ស៊ី ខេត្តតាកែវ ឃាត់ខ្លួននៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១១ ទី៧- ឈ្មោះផុន សំអាត កើតនៅឆ្នាំ១៩៨៦ រស់នៅភូមិក្រសាំងជីម៉ែ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មុខរបរជាគ្រូបង្រៀន ឃាត់ខ្លួននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១១។
ចំណែកអ្នករត់គេចខ្លួនទៅប្រទេសថៃដែលជាមេក្លោង មានឈ្មោះទី១-ថាច់ កុងភួង ក្លែងជាព្រះសង្ឃ កើតនៅឆ្នាំ១៩៧៦ ទី២-ឈ្មោះជា ដាលីន ភេទស្រី អាយុ២០ឆ្នាំ ទី៣-ឈ្មោះជា សុខជៀប ត្រូវជាប្តីរបស់ ជា ដាលីន និងទី៤ឈ្មោះកៀង សាម៉ន អាយុ៦២ឆ្នាំ។
អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខនៃអគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ទោ នៅ លក្ខណា បាន អោយដឹងថា ជនដែលត្រូវចាប់ខ្លួនទាំងនោះ នឹងត្រូវកសាងសំនុំរឿងបញ្ជូនទៅកាន់តុលាការនៃខេត្តដែលជនសង្ស័យ ទាំងនោះរស់នៅ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕

រដ្ឋាភិបាល​អាល្លឺម៉ង់ ផ្តល់​ជំនួយ ១ លានអឺរ៉ូ ​ដល់​កម្ពុជា សម្រាប់​បោស​ស​ម្តាត​មីន

ភ្នំពេញ: រដ្ឋាភិបាល​អាល្លឺម៉ង បាន​ផ្តល់​ជំនួយ​ចំនួន ១ លាន​អឺរ៉ូ ស្មើ​ប្រមាណ ១,៣ លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​បោសសម្អាត​មីន​នៅ​កម្ពុជា​។ ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់ និង​ទទួល​ជំនួយ​នោះ បាន​ធ្វើឡើង​ដោយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ប្រតិភូ​អមនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​អាជ្ញាធរ​មីន​កម្ពុជា ជាមួយ​លោក​បណ្ឌិត Wolfgang Moser ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ប្រចាំ​នៅ​កម្ពុជា ក្រោម​អធិបតីភាព​ដ៏​ខ្ព​ង​ខ្ពស់ របស់​លោក​បណ្ឌិតសភា​ចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​រសៀល​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១១​។​

​    ​ប្រាក់​ជំនួយ ១ លាន​អឺរ៉ូ របស់​អាល្លឺម៉ង់ ត្រូវ​ប្រើប្រាស់ ក្នុង​គម្រោង​ផែនការ​បោសសម្អាត​មីន​ឆ្នាំ ២០១១​។ កងឯកភាព​កំចាត់​មីន​ទី​៦ នឹង​ធ្វើ​សកម្មភាព​នៅ​តំបន់ ដែល​មាន​គំរាមកំហែង​ដោយ​គ្រាប់​មីន និង​កាក​សំណល់​សង្គ្រាម​នៅ​ខេត្ត​សៀមរាប និង​ឧត្តរមានជ័យ​សរុប​មានចំនួន ៤៣ ចំការមីន ដែល​មាន​ផ្ទៃដី​ចំនួន ៣.៣៤៥.១៨៨ ម៉ែត្រក្រឡា និង​ចំការមីន​បំរុង​ចំនួន ២២ មាន​ផ្ទៃដី ២.០៨២.០៨៧ ម៉ែត្រក្រឡា​។ គ្រួសារ​ប្រជាពលរដ្ឋ ដែល​ទទួល​ផល​ដោយផ្ទាល់​មាន​ចំនួន ២.៦៣៣ គ្រួសារ និង​ដោយ​ប្រយោល​មាន​ចំនួន ៥.០៥៩ គ្រួសារ​។​
​    ​អាល្លឺម៉ង់ បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា សម្រាប់​បោសសម្អាត​មីន ចាប់តាំងពី​ឆ្នាំ​១៩៩៩ ដល់​ខែ​ធ្នូ ឆ្នាំ​២០១០ សរុប​ចំនួន ១០,៨ លាន​ដុល្លារ​អាមេរិក សម្រាប់​ប្រតិបត្តិការ​បោសសម្អាត​មីន​នៅក្នុង​ខេត្ត​សៀមរាប និង​ឧត្តរមានជ័យ​។ ជំនួយ​នេះ បាន​ធ្វើឲ្យ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា រំដោះ​បាន​ផ្ទៃដី ៧៧,៨ គីឡូម៉ែត្រ​ក្រឡា សម្រាប់​ធ្វើ​ការបង្កបង្កើន​ផល​។​
​    ​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៦ ខែ​កម​រា ឆ្នាំ ២០១១ អាជ្ញាធរ​មីន​កម្ពុជា ( CMAA ) និង​អង្គការ​កម្មវិធី​អភិវឌ្ឍ​សហប្រជាជាតិ UNDP បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទទួល និង​ផ្តល់​ជំនួយ​ចំនួន ២៤ លាន​ដុ​លា្ល​រ​អាមេរិក សម្រាប់​គម្រោង​ជំហាន​ទី​២ ដែល​មានឈ្មោះ​ថា បោសសម្អាត​មីន​ដើម្បី​លទ្ធផល​ក្នុង​រយៈពេល ៥ ឆ្នាំ​។ ជំនួយ​នោះ បានមក​ពី​ប្រទេស​កាណាដា អូស្ត្រាលី ណ័​រវេ និង​ប្រទេស​អេ​ស្ប៉ា​ញ​។​
​    ​ប្រព័ន្ធ​ព័ត៌មាន​ជនរងគ្រោះ ដោយសារ​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ បន្សល់ទុក​ពី​សម័យ​សង្គ្រាម បានបង្ហាញ​របាយការណ៍​ថា មួយឆ្នាំៗ កម្ពុជា មាន​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន កើនឡើង មិនតិច​ជាង ២០០ នាក់​ឡើយ​។ ចំនួន​ជនរងគ្រោះ ដោយសារ​គ្រាប់មីន នៅ​ឆ្នាំ​២០០៩ មាន​ចំនួន ២៤៤ នាក់​។​
​    ​អាជ្ញាធរ​ជាតិ​កម្ចាត់​មីន​កម្ពុជា បាន​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវការ​ថវិកា​ប្រមាណ ៣៣០ លាន​ដុល្លារ សម្រាប់​ផែនការ​បោសសម្អាត​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ ក្នុង​រយៈពេល ១០ ឆ្នាំ គិត​ចាប់ពី​ឆ្នាំ​២០១០​។ រដ្ឋាភិបាល ទទួលបាន​ថវិកា​ជំនួយ​ប្រមាណ ២៩ ទៅ ៣០ លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំៗ សម្រាប់​កម្មវិធី​បោសសម្អាត​មីន ក្នុង​ពេល​កន្លងមក​៕​

ដោយ : លីហូវ

ដក​ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​ទំនងជា​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​មួយចំនួន​

ស្ទឹងត្រែង: ​លោក​ឡុង វិចិត្រ ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​ត្រូវបាន​ដកហូត​ពី​មុខតំណែង​ ហើយ​ដែល​ទំនង​ជា​ពាក់ព័ន្ធ​ រឿងរ៉ាវ​​មិន​ល្អ​មួយចំនួន​ ។​

​ប្រភព​ពី​ប៉ូលិស​ខេត្តស្ទឹងត្រែង​បានឲ្យដឹងថា ការដក​លោក​ស្នងការ​រូប​នេះ​ពិតជា​ពាក់ព័ន្ធ​នឹង​បញ្ហា​នៅក្នុង​ស្ថាប័ន​មែន តែ​ពួកគេ​មិន​អាច​អត្ថាធិប្បាយ​បានទេ​។​

​អភិបាលខេត្ត​ស្ទឹងត្រែង​លោក​ឡូយ សុផាត បាន​ទទួលស្គាល់ថា ពិតជា​មាន​ការដូរ​ស្នងការ​នគរបាល​នេះ​មែន តែ​លោក​មិន​បាន​ផ្តល់​ព័ត៌មាន​អំពី​មូលហេតុ​នៃ​ការដោះដូរ​នេះ​ទេ​ ដោយ​លោក​អះអាង​ថា​ជា​កិច្ចការ​ក្រសួងមហាផ្ទៃ​។ ពិធី​ផ្ទេរ​តំណែង​ត្រូវ​គេ​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃទី​៤ ខែ​កុម្ភៈ ខាងមុខនេះ​។​

​ស្នងការ​ដែល​ត្រូវ​ទៅ​កាន់តំណែង​ថ្មី​ជំនួស​លោក​ឡុង វិចិត្រ គឺជា​ជា​មន្ត្រីប៉ូលិស​ឈ្មោះ​លោក​រាជ្យ សុខុន មកពី​ក្រសួង​មហាផ្ទៃ​ដែល​មាន​ឋានៈ​ជា​អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​។​

​ប្រភព​ឲ្យដឹងថា កន្លងទៅ​មាន​រឿងអាស្រូវ​មួយចំនួន​បាន​កើតឡើង​នៅ​ខេត្ត​ស្ទឹងត្រែង​មានដូចជា បញ្ហា​គ្រឿងញៀន និង​បទល្មើស​ព្រៃឈើ​ខុសច្បាប់​ដែល​សមត្ថកិច្ច​ធ្លាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ទាំងនោះ​ជាច្រើន​៕

ដោយ : សេសាន

ស្ថានភាពនៅតាមព្រំដែននៅតែមានលក្ខណៈ ប្រឈមរវាងទាហានកម្ពុជានិងថៃ

ស្ថានភាពនៅតាមព្រំប្រទល់ ដែនកម្ពុជាត្រូវបា នគេរាយការណ៍មកថា នៅតែមាន លក្ខណៈប្រឈមរវាងទាហាន 43កម្ពុជានិង ថៃជាធម្មតាដដែល ។ ប្រធាន ការិយាល័យទំនាក់ទំនងព្រំដែន កម្ពុជាថៃលោកឧត្តមសេនីយ៍ត្រីឌីផេន បានបញ្ជាក់ថាកាលពី រសៀលម្សិលមិញកាលពី ថ្ងៃទី០១ខែកុម្ភះនេះមានក្រុមទាហានថៃ ប្រមាណគ្នា ១៣០នាក់បានដើរក្រឡឹង ក្បែរត្រង់ចំណុច បង្គោលឡាក់លេខ៩និង លេខ១០ក្នុងខេត្តឧត្តរមានជ័យ។ លោក បានបន្តថាទាហានថៃទាំងនោះបាន អះអាងថាពួកគេធ្វើដំណើរដើម្បីត្រូតពិនិត្យបទល្មើសព្រៃឈើតែប៉ុណ្នោះ។ ទោះបីជាយ៉ាងណាក៏ដោយក៏ខាងភាគីកម្ពុជាអះអាងថានៅតែការពារបូរណភាព ដែនដីមិនឲ្យថៃឈ្លានពានឡើយ ។ សេចក្តីរាយការណ៍ពីការមកដល់របស់ ក្រុមទាហានថៃនេះគឺនៅគ្រាដែលកម្ពុជានិងថៃកំពុងប្រឈមគ្នាដោយចុង កាណុងនៅតំបន់ប្រាសាទព្រះវិហារ។ ចំណែកតាមប្រភពពីមេបញ្ជាការប្រចាំ ទិសប្រាសាទព្រះវិហារ លោក ឧត្តមសេនីយ៍ទោ ស្រីឌឹកបានឲ្យដឹងថាទាហាន ថៃប្រមាណ១ម៉ឺននាក់បានចល័តនៅតាម ភ្នំទាំងអស់ទល់មុខប្រាសាទ ព្រះវិហារ។ ចំណែករថក្រោះប្រមាណពី៥៥ទៅ៦០គ្រឿងបានចល័តផងដែរ តែមិនទាន់ចូលដល់គោលដៅនៃការឈ្លានពានកម្ពុជានោះទេ ។ សូមជម្រាប ថាស្ថានភាពតានតឹងនេះគឺនៅគ្រាដែលថៃទាមទារឲ្យកម្ពុជារុះរើវត្តខ្មែរកែវ សិក្ខាគិរីស្វារៈនិងទង់ជាតិចេញពីវត្តខ្មែរចេញ តែត្រូវបានក្រសួងការបរទេស កម្ពុជាចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី០១ខែកុម្ភៈនេះថា វត្តខ្មែរកែវសិក្ខាគិរី ស្វារៈគឺស្ថិតនៅក្នុងទឹកដីកម្ពុជាយ៉ាងត្រឹមត្រូវទៅតាមច្បាប់ ហើយទោះបី ជាករណីណាក៍ ដោយ ក៍កម្ពុជានឹងមិនផ្លាស់ទីតាំងវត្តនេះទៅកន្លែងណាផ្សេង ទៀតឡើយ និង បន្តដាក់ទង់ជាតិកម្ពុជានៅទីនោះ ។