Saturday, January 01, 2011

ហ្វ៊ុនស៊ីនប៉ិច​រិះគន់​ស​ម្តេច​ក្រុមព្រះ និង បញ្ជាក់​ជំហរ​ជាថ្មី​ថា​មិន​ចូលរួម​ជាមួយ​ព្រះអង្គ​ទេ​


 ​លោក​លឺ ឡាយស្រេង ប្រធានស្តីទី​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​បាន​មានប្រសាសន៍​រិះគន់​សម្តេចក្រុមព្រះ​ធ្ងន់ៗ​នៅថ្ងៃនេះ ហើយ​បានបង្ហាញ​ជំហរ​ជាថ្មី​ទៀតថា ហ្វ៊ុនស៊ីនប៉ិច​នឹងមិន​ព្រម​ចូល​ជាមួយ​គណបក្ស នរោត្តម រណ​ប្ញ​ទ្ធិ ដើម្បី​បង្កើត​គណបក្ស ហ្វ៊ុនស៊ីនប៉ិច​៨១ នោះឡើយ​។​

​    ​នៅក្នុង​ជំនួប​ជាមួយ​អ្នកគាំទ្រ​ហ្វ៊ុនស៊ីនប៉ិច​ជិត ៤០០ នាក់ មកពី​ខេត្តកណ្តាល​នៅឯ​ទីស្នាក់ការ​គណបក្ស​ក្រុងភ្នំពេញ លោក​លឺ ឡាយស្រេង បាន​អះអាងថា សម្តេចក្រុមព្រះ​មិនគួរ​វិល​មក​ធ្វើ​នយោបាយ​វិញ​ទេ បន្ទាប់ពី​បាន​លាឈប់​មួយរយៈ​មក​នោះ​។ ប្រធានស្តីទី​ហ្វ៊ុនស៊ីនប៉ិច​បាន​មានប្រសាសន៍ថា ក្នុងនាម​ជា​កូន​ស្តេច​សូម្បីតែ​ចាញ់​មួយ​កៅអី​ក៏​គេ​លាឈប់​ដែរ ប៉ុន្តែ​សម្តេចក្រុមព្រះ នៅតែ​ចង់​បន្ត​អាជីព​នយោបាយ​ទៀត ទោះបីជា​ព្រះអង្គ​នៅសល់តែ ២ កៅអី​ក៏ដោយ​។​

​    ​លោក​លឺ ឡាយស្រេង បានបញ្ជាក់​ជំហរ​របស់​ហ្វ៊ុនស៊ីនប៉ិច​ជាថ្មី​ទៀតថា នឹងមិន​ចូលរួម​ជាមួយ​គណបក្ស នរោត្តម រណ​ប្ញ​ទ្ធិ ដើម្បី​បង្កើត​រណសិរ្ស​ហ្វ៊ុនស៊ីនប៉ិច​៨១​នោះឡើយ​។ លោក​អះអាងថា ពាក្យ​ថា (​រណសិរ្ស ត្រូវមាន​ទ័ព​ដូច្នេះ​ហ្វ៊ុនស៊ីនប៉ិច​មិន​ចូលរួម​ទេ​)​។ ជំហរ​នេះ​ត្រូវបាន​បញ្ជាក់​ឡើង​បន្ទាប់ពី​គណបក្ស នរោត្តម រណ​ប្ញ​ទ្ធិ បានដាក់​លិខិត​សារជាថ្មី​ម្តងទៀត​ទៅ​គណបក្ស ហ្វ៊ុនស៊ីនប៉ិច កាលពី​ថ្ងៃទី​២៨ ធ្នូ ដើម្បី​សុំ​ចរចា​រឿង​បង្កើត ហ្វ៊ុនស៊ីនប៉ិច​៨១​។ ប៉ុន្តែ លោក​ប៉ែន សង្ហារ អ្នកនាំពាក្យ​គណបក្ស​នរោត្តម រណ​ប្ញ​ទ្ធិ ធ្លាប់បាន​បញ្ជាក់ថា នេះ​ជាការ​យល់ច្រឡំ​របស់​ហ្វ៊ុនស៊ីនប៉ិច​តែប៉ុណ្ណោះ តាមពិត​សម្តេចក្រុមព្រះ​មិនមែន​បង្កើត​រណសិរ្ស​អ្វី​ឡើយ តែ​បង្កើត​គណបក្សនយោបាយ​មួយ​ដើម្បី​បង្រួបបង្រួម​អ្នករាជានិយម​តែប៉ុណ្ណោះ​។

​យ៉ាងណាក៏ដោយ លោក​ញ៉ឹក ប៊ុនឆៃ អគ្គលេខាធិការ​គណបក្ស ហ្វ៊ុនស៊ីនប៉ិច បាន​អះអាង​នៅក្រោយ​ជំនួប​នោះ​ថា គណបក្ស​នឹង​គាំទ្រ​ឲ្យ​សម្តេចក្រុមព្រះ​ធ្វើ​ប្រធាន​ហ្វ៊ុនស៊ីនប៉ិច​ ប្រសិនបើព្រះអង្គ​វិល​មក​ចូលរួម​ជាមួយ​ហ្វ៊ុនស៊ីនប៉ិច​វិញ​ហើយ​បោះបង់​គំនិត​ចង់​បង្កើត​ហ្វ៊ុនស៊ីនប៉ិច ៨១ នោះ​ចោល​។​

​សម្រាប់​លោក​ញ៉ឹក ប៊ុនឆៃ មូលហេតុ​ដែល​ត្រូវ​រក្សា​ហ្វ៊ុនស៊ីនប៉ិច​បច្ចុប្បន្ន ​ពីព្រោះ​តែ​គណបក្ស នេះ​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ហើយ​ក្នុង​កិច្ចប្រជុំ​គណបក្សនយោបាយ​អាស៊ី ICAPP កន្លងទៅ​ថ្មីៗ​នេះ គេ​បានទទួល​ស្គាល់ ហ្វ៊ុនស៊ីនប៉ិច និង​ជាពិសេស​ទៀត​នោះ​ គឺ​សម្តេច​ហ៊ុន សែន បានប្រកាស​ជំហរ​រួចហើយ​ថា​នឹង​បន្តធ្វើ​សម្ព​ន្ធ័​ភាព​ជាមួយ​ហ្វ៊ុនស៊ីនប៉ិច​។ ដូច្នេះ​គ្មាន​មូលហេតុ​អ្វីដែល​ត្រូវ​ប្តូរ​ឈ្មោះ​នោះឡើយ​៕

សមិទ្ធផល​សំខាន់​ដែល​ត្រូវបាន​សម្ពោធ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ឆ្នាំ​២០១០

សមិទ្ធិផល​សំខាន់​ជា​ប្រវត្តិសាស្ត្រ និង សមិទ្ធិផល​សង្គម​មួយចំនួន ដែល​ត្រូវបាន​សម្ពោធដាក់​ឲ្យ​ប្រើប្រាស់ និង ចាប់ផ្តើម​ដំណើរការ​សាងសង់​ក្នុង​ឆ្នាំ ២០១០ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ត្រូវបាន​កត់ត្រា​មិន​ផ្លូវការ​ដោយ​អ្នកយក​ព័​ត៍​មាន​ស៊ី​អ៊ី​អិន ដែលមាន​ជា​លំដាប់លំដោយ​ដូចខាងក្រោម :

​    ​* ខែមករា : 
​    ​-​នៅ​ថ្ងៃទី ០៤ សម្ដេច ហ៊ុន សែន បាន​សម្ពោធ​សាលា​អេស​អូ​អេស បាត់ដំបង ដែលជា​ជំនួយ​របស់​អង្គការ អេស​អូ​អេស ភូមិ​កុមារ​អន្ដរជាតិ និង​ជា​មណ្ឌល​កុមារកំព្រា​ទី ៥ របស់​អង្គការ​នេះ បន្ទាប់ពី​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង យុវនីតិសម្បទា​បាន​សហការ​ជាមួយ​អង្គការ អេស​អូ​អេស ភូមិ​កុមារ​អន្ដរជាតិ​ចាប់តាំងពី​ឆ្នាំ ១៩៩៩ មក​នោះ ។ 
​    ​- នៅ​ថ្ងៃទី ០៥ សម្ដេច ហ៊ុន សែន សម្ពោធ​កំណាត់​ផ្លូវជាតិ​លេខ ១ ដែលជា​ជំនួយឥតសំណង​របស់​ប្រទេស​ជប៉ុន​ពី​ខាងលិច​ផ្សារ​គគីរ​ដល់​កំពង់ចំលង​អ្នក​លឿង​ត្រើយ​ខាងលិច ស្ថិតក្នុង ដំណាក់កាល​ទី​ពីរ​ដែលមាន​ទឹកប្រាក់​ប្រហែល​៤១.៥៦២.០០០ ដុល្លារ​អាមេរិក​រួម​នឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​មួយចំនួន​បន្ថែមទៀត សម្រាប់​ដោះស្រាយ​ផលប៉ះពាល់​ផ្សេងៗ និង បើក​ការដ្ឋាន​កំណាត់​ផ្លូវជាតិ​លេខ ១ នៅ​ស្រុក​កៀនស្វាយ​មកដល់​បឹង​ស្នោ​ផងដែរ ។​
​    ​- នៅ​ថ្ងៃទី ១៨ សម្ដេច ហ៊ុន សែន បាន​សម្ពោធ​ទីបញ្ជាការ​ថ្មី​របស់​កងទ័ពជើងទឹក និង សមិទ្ធិផល​នានា​នៅ​ជ្រោយចង្វារ​ក្នុង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដែល​ការចំណាយ​សរុប​អស់​ចំនួន​ជាង ១ លាន ៣ សែន​ដុល្លារ​សហរដ្ឋអាមេរិក ។​
​    ​- នៅ​ថ្ងៃទី ២៥ សម្ដេច ហ៊ុន សែន សម្ពោធ​រោងចក្រ​ឧស្សាហកម្ម​ផលិត​ស្ករស​នៅ​ខេត្ដ​កោះកុង ដែល​តាមរយៈ​រោងចក្រ​ដែល​បាន​សម្ពោធ​នេះ និង រោងចក្រ​ដទៃទៀត​ដែល​បាន​អនុញ្ញាតឱ្យ​វិនិយោគ​នោះ កម្ពុជា​អាច​ផលិត​ស្ករ​បាន​ប្រមាណ ៧២ ពាន់​តោន​ក្នុង​ឆ្នាំ ២០១០ ហើយ​ឈានទៅ ១៥៦. ០០០ តោន ទៅ​២០៤.០០០ តោន​នៅ​ឆ្នាំ​២០១១ និង នៅ​ឆ្នាំ​២០១៣ អាច​ផលិត​ស្ករស​ក្នុង​បរិមាណ​ពី ២១៦. ០០០ តោន ទៅ ២៦៤ ០០០ តោន ដែល​បរិមាណ​ផលិតផល​នេះ​អាចឱ្យ​កម្ពុជា​ឆ្លើយតប​ទៅនឹង​តម្រូវ ការ​ក្នុងស្រុក​បាន​យ៉ាង​ពេញ​បរិបូណ៌​ហើយនឹង​មានលទ្ធភាព​នាំចេញ​បាន​មួយចំនួនធំ​ថែមទៀត​ផង ។​
​    ​- នៅ​ថ្ងៃទី ២៦ សម្ដេច ហ៊ុន សែន សម្ពោធ​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​ទេសចរណ៍ និង ពាណិជ្ជកម្ម វប្បធម៌​ភ្នំពេញ ដេ​ហ្គូ​ឃ្យុ​ង​ប៊ុ​ក នៅ​រាជធានី​ភ្នំពេញ​។ សាងសង់​អស់​រយះពេល ១២ ខែ និង ចំណាយ​អស់​ទឹក​ប្រាស់​ចំនួន ៨,៧ លាន​ដុល្លារ​អាមេរិក ដែលជា​ថវិកា​ផ្ទាល​របស់​ក្រុមហ៊ុន DKC & C co.ltd និង​ខេត្ត​ឃ្យុ​ង​សាន​បុក​ដូ នៃ​ប្រទេស​កូរ៉េ ។ 
​    ​- នៅ​ថ្ងៃទី ២៧ សម្ដេច ហ៊ុន សែន បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ ៦២ ពី​ខេត្ដ​កំពង់ធំ ទៅ​ត្បែងមានជ័យ ខេត្ដ​ព្រះវិហារ តម្លៃ ៥២ លាន​ដុល្លារ​ក្រោម​កម្ចីសម្បទាន​ប្រទេស​ចិន ។ កំណាត់​ផ្លូវជាតិ​លេខ ៦២ ពី​ផ្លូវបំបែក​ផ្លូវជាតិ​លេខ ៦ ក្នុង​ខេត្តកំពង់ធំ ដល់​ត្បែង​មា​នទី​រួម​ខេត្ត ព្រះវិហារ មាន​ប្រវែង ១២៨ គីឡូម៉ែត្រ ក្រោម​ឥណទាន​កម្ចីសម្បទានរ​បស់​ប្រទេស​ចិន និង ថវិកាបដិភាគ​របស់​រដ្ឋាភិបាល​ដែលមាន​តម្លៃ ៥២ លាន​ដុល្លារ​អាមេរិក នា​ព្រឹក​ថ្ងៃទី ២៧ ខែមករា ២០១០ ។​

​    ​* នៅ​ខែ​កុ​ម្ភះ :
​    ​- នៅ​ថ្ងៃទី ០១ សម្ដេច ហ៊ុន សែន សម្ពោធ​សមិទ្ធិផល​នៅ​វត្ដ​ចំពុះក្អែក​ដែលជា​រួមមាន​តម្លៃ​ជារួម​ជាង ១ លាន ២៦៥ ពាន់​ដុល្លារ​ដែល​បានមកពី​ការចូលរួមចំណែក​សាង​សង់​ពី​សំណាក់​សប្បុរជន​ជិត​ឆ្ងាយ ។​
     ​- នៅ​ថ្ងៃទី ០២ សម្ដេច ហ៊ុន សែន បើក​ការដ្ឋាន​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ស្រោចស្រព​ក​ង្ហ​ត នៅ​ស្រុក​បាណន់ ខេត្ដ​បាត់ដំបង ។ គម្រោង​អភិវឌ្ឍ​ន៏​ប្រព័ន្ធ​ស្រោចស្រព​ក​ង្ហ​ត​មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ទួល​អណ្តែត ឃុំ​ចែង​មានជ័យ ស្រុក​បាណន់ ខេត្តបាត់ដំបង មាន​ចង្ងាយ​ប្រមាណ ២២ គីឡូម៉ែត្រ​ភាគខាងត្បូង ក្រុង​បាត់ដំបង នឹង បង្កើន​វិសាលភាព​ស្រោចស្រព​ផ្ទៃដី​ដាំ​ដុះ​របស់​កាន់តែ​ធំ​ទូលាយ​ថែមទៀត នៅក្នុង​ស្រុក​ចំនួន ២  គឺ ស្រុក​បាណន់ និង ស្រុក​សង្កែ ។ 
​    ​- នៅ​ថ្ងៃទី ០៤ ខែ កុ​ម្ភះ សម្ដេច ហ៊ុន សែន សម្ពោធ​ទីស្ដីការ​ថ្មី​របស់​ក្រសួងពាណិជ្ជកម្ម ដែល​ត្រូវបាន​សម្ភោ​ធ​នាពេលនេះ​ត្រូវបាន​ចំណាយ​អស់​ថវិកា​ចំនួន​ជាង ៥ លាន​ដុល្លា​អាមេរិក​មាន​អគារ​ធំៗ​ចំនួន ២ អគារ​មុខ​មាន​កំពស់ ៤ ជាន់ និង អគារ​ក្រោយ​មាន​កំពស់ ៦ ជាន់ មាន​ផ្ទៃក្រឡា​សរុប ២ .៤៦៩ ម៉ែត្រការ៉េ ដោយ​សាងសង់​លើ​ផ្ទៃដី​សរុប ១៣.៦៥០ ម៉ែត្រការ៉េ ។ 
​    ​- ចាប់តាំងពី​ថ្ងៃទី ៦ ខែ​ក​ម្ភះ ដល់ទី ១០ ខែ​កុ​ម្ភះ  សម្ដេច ហ៊ុន សែន និង លោកជំទាវ ប៊ុន រ៉ានី រួមជាមួយ​មន្ដ្រីជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​បានធ្វើ​ដំណើរ​ទៅកាន់​ភូមិភាគ​ពាយ័ព្យ​ដើម្បី​សាកសួរ​សុខទុក្ខ និង លើក​ទឹក​ចិ​ត្ដ​នាយទាហាន នាយទាហានរង និង ពលទាហាន ព្រមទាំង​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ទីស្នាក់ការ​កាកបាទក្រហម​កម្ពុជា​សាខា​ខេត្ដ​ព្រះវិហារ​ផងដែរ ។ 

​    ​* ខែ​មិនា :
​    ​- នៅ​ថ្ងៃទី ១៨ ខែ​មិនា សម្ដេច​តេ​ជោ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ផ្លូវជាតិ ៧៨ ពី​ទីរួមខេត្ដ​រតនគីរី ទៅ​ព្រំដែន​វៀតណាម មានតម្លៃ​សរុប​ចំនួន ២៦,៧៨ លាន​ដុល្លា​អាមេរិក ដែល​ក្នុងនោះ​ប្រាក់កំចី​សម្បទាន​របស់​ប្រទេស​វៀតណាម​មាន​ចំនួន ២៥,៨ លាន​ដុល្លារ ។ 

​    ​* ខែមេសា :
​    ​- ថ្ងៃទី ២១ សម្ដេច​តេ​ជោ​អ​ញើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​អគារ​ថ្មី នៃ​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​ភេរវកម្ម​នៅក្នុង​ព្រលានយន្ដហោះ​យោធា មណ្ឌល​អគារ​ថ្មី​ដែល​ត្រូវ​បានដាក់​សម្ភោ​ធ​នាពេលនេះ​មាន​អគារ​ធំ​មួយ​ខ្នង​កំពស់ ៣ ជាន់ អាគារ​វិទ្យុទាក់ទង​មួយ​ខ្នង មន្ទីរពេទ្យ ២ ខ្នង ឃ្លាំង ផ្ទះ​ការពារ និង សាលប្រជុំ​ចំណុះ ៥៨០ នាក់ ១ ខ្នង សរុបថ​វិកា​ពី​សប្បុរសជន​មាន​ជាង ១,៦ លាន​ដុល្លា​អាមេរិក ។​
     ​- នៅ​ថ្ងៃទី ២២ សម្ដេច​តេ​ជោ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ស្ថានីយ៍​ច្រោះ​សម្អាត​ទឹក​សំណល់ និង ប្រព័ន្ធ​លូ​ក្នុង​ខេត្ដ​សៀមរាប​ជា​ជំនួយ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ។ អនុ​គំរោង​សាងសង់​ប្រព័ន្ធ​លូ និង ស្ថានីយ៍​ចំរោះ​ទឹកស្អាត​នេះ​មាន​វិសាលភាព​អនុវត្ដ​គ្របដណ្ដប់​លើ​ផ្ទៃដី​ប្រមាណ ៣០០ ហិកតា ត្រូវ​ចំណាយ​ថវិកា​សរុប​ជាង ១៤ លាន​ដុល្លារ​អាមេរិក​ក្នុងនោះ​ប្រាក់កម្ចី​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ចំនួន​ជាង ១០ លាន​ដុល្លារ និង ថវិកាបដិភាគ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន ៤ លាន ៣ សែន ២ ម៉ឺន ដុល្លា​អាមេរិក សំរាប់​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ​និង​អាង​ចំរោះ​ទឹក​។ 

​    ​* ខែឧសភា :
​    ​- នៅ​ថ្ងៃទី ១២ សម្ដេច​តេ​ជោ​សម្ពោធ​អគារ​រដ្ឋបាល​សាលា​ខេត្ដ​ព្រះវិហារ អាគារ​រដ្ឋបាល​សាលាខេត្ត​ថ្មី ដែល​ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នាពេលនេះ​ត្រូវបាន​ចំណាយ​ថវិកា​អស់ ១០២០០ លាន​រៀល ។ 
​    ​- នៅ​ថ្ងៃទី ១៥ សម្ដេច​តេ​ជោ​បើក​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យ​ជា​រៃ​-​ភ្នំពេញ នៅ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មន្ទីរពេទ្យ​សង់​នៅលើ​ផ្ទៃដី ៥ ម៉ឺន​ម៉ែត្រការ៉េ មាន​កំពស់ ៥ ជាន់ ចែកចេញជា​ពី​ប្លុក​សំរាប់​បំរើ​ការងារ​បច្ចេកទេស និង ព្យាបាល​វេជ្ជសាស្ត្រ និង ២ ជាន់​ទៀត​មាន ១ ប្លុក​សំរាប់​បច្ចេកទេស​អាគារ ។ 
​    ​- ថ្ងៃទី ២១ សម្ដេច​តេ​ជោ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​សមិទ្ធិផល​វត្ដ​បទុម​វ​តី​ដែលមាន​មហា​កុដិ​ដែល​ត្រូវបាន​សម្ពោធ​ថ្វាយ​សម្តេចព្រះ​សុមេធាធិបតី ន​ន្ទ ង៉ែត នាពេលនេះ​មាន​បណ្តា​យ​ប្រវែង​ជិត ២៨ ម៉ែត្រ និង ទទឹង​ជាង ១៥ ម៉ែត្រ មាន​កំពស់​ជិត ២១ ម៉ែត្រ​ត្រូវបាន​ចំណ​យ​ថវិកា​សាងសង់​អស់​ចំនួន ៣៨៨ ៥១២ ដុល្លា​អាមេរិក ។ 

​    ​* ខែមិថុនា :
​    ​- នៅ​ថ្ងៃទី ២៤ សម្ដេច​តេ​ជោ​បាន​អ​ញើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ស្ពាន​អាកាស​ក្បាលថ្នល់ ដែល​ស្ថិតនៅ​ពីលើ​គល់ស្ពាន​ព្រះមុនីវង្ស​ចាស់ និង ស្ពាន​ព្រះមុនីវង្ស​ថ្មី​ធ្វើ​អំពី​បេតុង​អា​ម៉េ​មាន​បណ្ដោយ​ប្រវែង ៣០៨ ម៉ែត្រ ទទឹង ១៤,២ ម៉ែត្រ​កម្ពស់ ៥,២០ ម៉ែត្រ និង​ចំណាយ​ថវិកា​អស់ ៦.៤៤០.២១៦ ដុល្លារ​អាមេរិក ។​

​    ​* ខែកក្កដា :
​    ​- នៅ​ថ្ងៃទី ១៩ សម្ដេច​តេ​ជោ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​សមិទ្ធិផល​និង ចែក​សញ្ញាបត្រ នៅ​សកល​វិទ្យាល័យ​ស្វាយរៀង ដែល​អាគារ​សិក្សា​ថ្មី​មាន​កម្ពស់ ២ ជាន់​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្ដេច​តេ​ជោ និង លោក ជំទាវ ប៊ុន រ៉ានី តាមរយៈ​លោក ឌី វិជ្ជា និង លោកស្រី ហ៊ុន ម៉ា​ណា ដោយ​ចំណាយ​អស់​ទឹកប្រាក់​ចំនួន ២០ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ។ 

​    ​* ខែកញ្ញា :
​    ​- ថ្ងៃទី ១៦ សម្ដេច​តេ​ជោ​សម្ពោធ​គម្រោង​ការពារ​ទឹកជំនន់ និង កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ​ក្នុង​រាជធានី​ភ្នំពេញ​ជា​កម្មវិធី​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​ក្នុងដំណាក់កាល​ទី ២ ដែលមាន​តម្លៃ​ប្រមាណ ១៩ លាន ២ ម៉ឺន ២៩០០ ដុល្លារ សហរដ្ឋអាមេរិក​ចាប់ដំណើរការ​សាងសង់​តាំង​ខែកញ្ញា​ឆ្នាំ ២០០៧ មក​ម្លេះ ។ 
​    ​- ថ្ងៃទី ២០ សម្ដេច​តេ​ជោ​សម្ពោធ​ស្ពាន ផ្លូវ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន L.Y.P GROUP (​ស្ពាន​ព្រែក​ព្នៅ​) នៅ​ភ្នំពេញ​តាមរបៀប BOT អស់​ទឹកប្រាក់​សរុប​ចំនួន ៤២ លាន ៥៥០ ពាន់​ដុល្លា​អាមេរិក​សម្រាប់​កិច្ចសន្យា​ធ្វើ​អាជីវកម្ម​រយៈពេល ៣០ ឆ្នាំ ។ 

​    ​* នៅ​ខែតុលា :
​    ​- នៅ​ថ្ងៃទី ១៩ សម្ដេច​តេ​ជោ​ចូលរួម​ពិធី​សម្ពោធ​វិមាន​សន្ដិភាព ដែលជា​ខុទ្ទកាល័យ​នាយករដ្ឋមន្ដ្រី និង មជ្ឈមណ្ឌល​សន្និសីទ​អន្ដរជាតិ ហើយ​ដែល​សាងសង់ឡើង​ដោយ​ថវិកា​របស់​ជាតិ​និង​សម្ពោធ​អគារ​មិ​ត្ដ​ភាព​ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ។ អគារ​ទីស្តីការគណៈរដ្ឋមន្ត្រី​ត្រូវបាន​សាងសង់ឡើង​ដោយ​ជំនួប​ឥត​សំណង​របស់​រដ្ឋាភិបាល នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ៣២,៩ លាន​ដុល្លារ​អាមេរិក ។​

​    ​* នៅ​ខែវិច្ឆិកា :
​    ​- ថ្ងៃទី ២៩ សម្ដេច​តេ​ជោ​សម្ពោធ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង យុវនីតិសម្បទា ។ 

​    ​* នៅ​ខែធ្នូ :
​    ​- ថ្ងៃទី ០៩ សម្ដេច​តេ​ជោ​សម្ពោធ​សកល​វិទ្យាល័យ​បាត់ដំបង រួមមាន​អគារ​ថ្មី ១ ខ្នង​មាន​បណ្តោយ ១៦៨ ម៉ែត្រ ទទឹង ២៨ ម៉ែត្រ​៨០ កំពស់ ៣ ជាន់ ជា​អគារ​ភ្លោះ​មាន​បន្ទប់​សរុប​ទាំងអស់ ១៣៨ បន្ទប់​ដែល​ចំណាយ​ថវិកា​សាងសង់​សរុប ៦ លាន ៨ សែន ៨ ម៉ឺន ៧ ពាន់ ៨០២ ដុល្លារ​អាមេរិក ។​
​    ​- ថ្ងៃទី ២៨ សម្ដេច​តេ​ជោ​អ​ញើញ​ទៅ​បិទ​ស្ទឹង​ដើម្បី​សាងសង់​ទំនប់​វា​រី​អគ្គីសនី​ឫស្សី​ជ្រុំ​ក្រោម នៅ​ខេត្ដ​កោះកុង ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន China Huadian Corporation របស់​ប្រទេស​ចិន ក្រោមរូបភាព “​សាងសង់​-​ដំណើរការ​-​ផ្ទេរ​” (BOT) ក្នុង​ទឹកប្រាក់​វិនិយោគ​ចំនួន ៤៩៥,៧៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​រយៈពេល ៣៥ ឆ្នាំ (៥ ឆ្នាំ​សាងសង់ ៣០ ឆ្នាំ​ធ្វើ​អាជីវកម្ម​) ។​
​    ​- ថ្ងៃទី ២៩ សម្ដេច​តេ​ជោ​បើក​ការដ្ឋាន​កាង​សង់ស្ពាន​អាកាស​នៅ​ស្ដុ​ប​ពេទ្យ​លោកសង្ឃ ។ ស្ពាន​អាកាស​ស្តុ​ប​ពេទ្យ​លោកសង្ឃ​នេះ​មាន​បណ្តោយ ៣៤៥ ម៉ែត្រ មាន​ទទឹង ១៥ ម៉ែត្រ ២០ បែង​ចែកជា ២ ខ្សែ​រថយន្ត​ទៅ​និង ២ ខ្សែ​រថយន្ត​មក​ដោយមាន​ជំរាល ៥,៧% និង​កំពស់​សុវត្ថិភាព​ក្រោម​ស្ពាន ៥ ម៉ែត្រ​កន្លះ នៅ​ចំ​ទីតាំង​ប្រសព្វ​ផ្លូវ​លេខ ២៧១ . ៥៩៨ និង វិថី​កម្ពុជា​ក្រោម ។ ដំណើរការ​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អណិកជន​កម្ពុជា​នោះ​គ្រោង​បញ្ចប់​ក្នុង​រយៈពេល ១៣ ខែ គិត​ចាប់​ពីថ្ងៃ​បើក​ការដ្ឋាន និង គ្រោង​ចំណាយ​ប្រមាណ ៨ លាន ៧ សែន ៥ ពាន់ ៨០៨ ដុល្លា​អាមេរិក ៕

ប្រើ​ថ្នាំញៀន និង​បំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុង​ផ្ទះ​ម្តាយ​ប្តឹង​ប៉ូលិស​ឲ្យ​ចាប់​កូន​ប្រដៅ​តាមច្បាប់​

 បុរស​ម្នាក់ ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​បឹងកក់​១ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ២ កន្លះ​រសៀល​ថ្ងៃ​ទី ៣១ ធ្នូ​នេះ នៅ​ចំណុច​ផ្ទះ​លេខ ១០ ផ្លូវ​លេខ ៣១៧ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក បន្ទាប់​ពី​ប្រើប្រាស់​ថ្នាំញៀន ហើយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ ម្តាយ​ប្រដៅ​មិន​ស្តាប់​ទ្រាំ​មិន​បាន ក៏​ប្តឹង​ប៉ូលិស​ឲ្យ​ចាប់ខ្លួន ។​

​ប៉ូលិស​និយាយថា បុរស​កំហូច​ឈ្មោះ គង់ វែង​សែ អាយុ ៣០ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ជាមួយ​ម្តាយ ។ ចំណែក​ម្តាយ​ឈ្មោះ ជា សុខ​ហៀ​ង អាយុ ៥៥ ឆ្នាំ ស្នាក់នៅ​ផ្ទះ​ជាមួយ​គ្នា ។​

​ប៉ូលិស​បន្តថា កន្លងមក​បុរស​គង់ វែង​សែ បាន​គំរាម​យក​លុយ​ពី​ម្តាយ​ទៅ​ប្រើប្រាស់​ថ្នាំញៀន​ដើរ​បាត់ៗ​ពី​ផ្ទះ មិន​បាន​ជួយ​រកស៊ី​ចិញ្ចឹម​គ្រួសារ​ឡើយ ។ ចុងក្រោយ​នេះ បាន​យក​ម៉ុតូ​ទៅ​បញ្ចាំ ដើម្បី​សេព​ថ្នាំញៀន និង​ដើរ​ផឹកស៊ី ម្តាយ​ប្រដៅ​យ៉ាងណា ក៏​មិន​ស្តាប់​ដែរ ។ ទ្រាំ​មិន​បាន​ស្ត្រី​ជា​ម្តាយ ក៏​ប្តឹង​ប៉ូលិស​ឲ្យ​ចាប់ខ្លួន ដើម្បី​បញ្ជូន​ទៅ​មណ្ឌល​អប់រំ​កែប្រែ ៕​

ឆ្នាំ​២០១០ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ជាង ២,៥ លាន​នាក់​

ឆ្នាំ​២០១០​កន្លងទៅ​ថ្មីៗ​នេះ​កម្ពុជា​ទទួលបាន​អ្នកទេសចរ​អន្តរជាតិ​ជាង ២,៥​លាន​នាក់​ដែល​កើនឡើង​ប្រមាណ ១៦% ឯ​អ្នកទេសចរ​ក្នុងស្រុក​ក៏​កើនឡើង​ដែរ ។ សម្រាប់​ឆ្នាំ​២០១១​នេះ កម្ពុជា​ក៏​សង្ឃឹមថា​អ្នកទេសចរ​ជាតិ និង អន្តរជាតិ​នឹង​កើនឡើង ។ នៅ​ខែមករា​ឆ្នាំ​២០១១ ពីថ្ងៃ​ទី​១៥ ដល់ ២១ កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ធំ គឹ​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី ៣០ ដែល​ក្នុងនោះ​មាន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី និង ពិព័រណ៍​ទេសចរណ៍​ផងដែរ ។ តាមរយៈ​ព្រឹត្តិការណ៍​នឹង​អាច​ទាក់ទាញ​ទេសចរ​មក​ទស្សនា​កម្ពុ​ជា​កាន់តែច្រើន​។​

​    ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍​ដូច្នេះ​នៅក្នុង​ពិធី​ទទួល​អំណរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល ២០១១ វេលា​ម៉ោង ១១ និង ៥៥ រំលងអធ្រាត្រ​ថ្ងៃ​៣១ ធ្នូ​២០១០ ឆ្លង​ចូល​ថ្ងៃទី​១ មករា ឆ្នាំ​២០១១ នៅមុខ​ណាហ្គា​វើ​ល ខណៈ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង បរទេស​យ៉ាងច្រើន​បាន​ចូលរួម​អបអរសាទរ​ឆ្នាំ​ថ្មី​យ៉ាង​សប្បាយរីករាយ ។​

​    ​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ឆ្នាំ​២០០៨ និង ២០០៩ ជា​ឆ្នាំ​ដែល​សកលលោក​ទាំងមូល​ត្រូវ​ទទួលរង​នូវ​វិបត្តិ​សេដ្ឋកិច្ច​ហើយ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន និង ដំណើរ​ទស្សនា​កំសាន្ត​របស់​ទេសចរ​ផងដែរ តែ​នៅ​ចុងឆ្នាំ​២០០៩ និង ឆ្នាំ​២០១០ ជា​ឆ្នាំ​ដែល​សេដ្ឋកិច្ច​សកលលោក​បាន​ងើបឡើង​វិញ ។ ដូច្នេះ​កម្ពុជា​រំពឹងថា​ចំនួន​អ្នកទេសចរ​ជាតិ និង អន្តរជាតិ​កើនឡើង​នៅ​ឆ្នាំ​២០១១ ។​
​    ​លោក​ថោង ខុន បានប្រកាសថា កម្ពុ​ជាមាន​សុខសន្តិភាព និង សុវត្ថិភាព​ពេញលេញ​និង​មាន​សេវាកម្ម​ទេសចរណ៍​ប្រកបដោយ​គុណភាព​ផ្តល់ជូន​ភ្ញៀវទេសចរ​គ្រប់រូប ។ ជាពិសេស​សូមឱ្យ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​នេះ​នាំមក​នូវ​ភាពសម្បូររុងរឿង​ជូន​ដល់​ព្រះរាជាណាចក្រ​កម្ពុជា និង បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ។​

​    ​នៅ​រាត្រី​ឆ្នាំ​ចាស់​ឆ្លង​ចូលឆ្នាំថ្មី​នេះ ណាហ្គា​វើ​ល បានរៀបចំ​ពិធី​រាប់​ថយក្រោយ​ដោយមាន​ការសម្តែង​សិល្បៈ ការប្រគំ​តន្ត្រី ការ​រាំច្រៀង​ដែលមាន​តារាចម្រៀង​ល្បីៗ​ចូលរួម​ដូចជា លោក​ករុណា ពេជ្រ សុគ​ន្ឋ ថេ​រ៉ា​យុ អ្នកនាង​មាស សុខ​សោភា កញ្ញា​ស៊ុន ស្រី​ពេជ្រ​និង​ឌី​ជេ​ក្តឹប​។​ជាពិសេស​នោះ​មាន​ការបាញ់​កាំជ្រួច​ចម្រុះ​ពណ៌​ដើម្បី​អបអរ​ពិធី​ចូលឆ្នាំថ្មី​។​នាឱកាស​នោះ លោក អេ​រីក ចាន់ អនុប្រធាន​ក្រុមហ៊ុន​ណាហ្គា​វើ​ល បាន​ថ្លែងអំណរគុណ​ដល់​ក្រសួងទេសចរណ៍​ជាពិសេស​លោក​រដ្ឋមន្ត្រី ថោង​ខុន ដែល​បាន​សហការ​និង​គាំទ្រ​ព្រឹត្តិការណ៍ រាំ​រាំ អបអរ​ស្វាគមន៍​ឆ្នាំ​ថ្មី​២០១១ ​នៅ​ណាហ្គា​វើ​ល​នេះ​ ។​

​    ​ក្នុងឱកាស​ដ៏​វិសេសវិសាល​នេះ លោក អេ​រីក ចាន់​ក៏បាន​គោរព​ជូនពរ​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន សម្តេច​ប្រធាន​ព្រឹ​ទ្ឋ​សភា​ជា ស៊ីម សម្តេច​ប្រធានរដ្ឋសភា​ហេង​សំរិន និង​ក្រុមគ្រួសារ​និង​ជូនពរ​ប្រជាជន​ប្រជាជន​កម្ពុជា​ទាំងអស់​ជួបប្រទះ​តែ​សេចក្តីសុខ​សប្បាយ​ភាពសម្បូររុងរឿង​គ្រប់ៗ​គ្នា​៕