Thursday, January 27, 2011

ព្រមព្រៀង​រុះរើ​ស្លាក​រៀងខ្លួន តំបន់​ប្រាសាទព្រះវិហារ​​ឡើង​កំ​ដៅ​មួយ​ឈុត បាន​វិល​ត្រលប់​រក​ប្រក្រតី​ភាព​វិញ


ប្រាសាទព្រះវិហារ ៖ ស្ថានការណ៍​យោធា​ខ្មែរ​-​សៀម​នៅ​តំបន់​ប្រាសាទព្រះវិហារ​ដែល​មានការ​ស្ងប់ស្ងាត់​មួយរយៈពេល​កន្លង​មកនេះ​បាន​រំកិល​ទៅ​រក​ភាព​តានតឹង​សា​ជា​ថ្មី​ម្ដងទៀត​នា​​ព្រឹក​ថ្ងៃ​ទី២៦ មក​រា ​បន្ទាប់​ពី​ទាហាន​ប៉ា​រ៉ា និង​ឈុត​ខ្មៅ​របស់​សៀម​ចំនួន២៦នាក់​ប្រដាប់​ដោយ​អាវុធ​ត្រូវ​បាន​បញ្ជូន​មក​កាន់ខ្សែ​ត្រៀម​ជួរ​មុខ​ចំណុច​សំបុក​ឃ្មុំ​ទល់មុខ​វត្ដ​កែវ​សិក្ខា​គី​រី​ស្វា​រៈ​របស់​ខ្មែរ និង​ជា​ទី​កន្លែង​យោធា​​ទាំង​ពីរ​​យល់​ព្រម​កែសម្រួល​កំលាំង​ទ័ព​ទាំង​សងខាង​រួច​ហើយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ។ ទា​ហាន​​សៀម​ទាំង​នោះ​បាននាំ​ទាំង ស្លាក​សញ្ញា​មួយ​ផ្ទាំង​ធំសរ​សេរ​អក្ស​រសៀម​​ និង អង់​គ្លេស​ពីក្រោមមក​បោះ​នៅ​ទីនោះ​ផងដែរ។
ការ​កំរើក​នូវ​ភាព​តានតឹង​ផ្នែក​យោធា​នៅ​តំបន់​​ប្រា​សាទព្រះ​វិហា​នេះ​ កើតឡើងក្រោយ​ពេល​រដ្ឋាភិ​បាល​របស់​លោក​អា​ភី​ស៊ី​ត​ស្នើ​ឱ្យ​ប្រទេស​កម្ពុជា​​រុះរើ​ស្លាក​មួយ​ផ្ទាំង​ដែលឆ្លាក់​នៅ​លើ​ថ្ម​មុខ​វត្ដ​កែវ​សិក្ខា​គិរី​ស្វា​រៈ​ចេញដោយ​អះ​អាង​ថា​ ទីនោះ​ស្ថិត​ក្នុង​តំបន់​ជម្លោះ៤,៦គីឡូ​ម៉ែត្រក្រឡា និង​ព្រ​មាន​ប្រើ​កំលាំង​ទ័ព​ចូល​មក​រុះរើ​បើ​កម្ពុជា​មិន​យល់ព្រម​តាម​ការ​ទាមទា​របស់​ខ្លួន​ទេ។
មន្ដ្រី​យោធា​ខ្មែរ​មួយ​រូប​ដែល​ឈរជើង​ការ​ពារ​នៅ​ខ្សែត្រៀម​ជូរ​មុខ​តំបន់​ប្រាសាទ​ព្រះ​វិហារ​បាន​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ទី២៦ មករា ថា​នៅ​វេលា​ប្រមាណ​ជាង៨ព្រឹក​ទា​ហាន​សៀម​ចំនួន២៦នាក់​ ក្នុង​នោះឈុត​ប៉ា​រ៉ា២២​នាក់​​និងឈុត​ខ្មៅ​ចំនួន​៣នាក់ និង​ស៊ី​វិល​១​នាក់​ប្រដាប់​ដោយ​អាវុធ​បាន​ព្យាយាម​ត្បុ​លចូល​មក​កៀក​ខ្សែ​ត្រៀម​​ជួរ​មុខ​របស់​យោធា​ខ្មែរ​នៅ​ចំណុចសំបុក​ឃ្មុំដោយ​​នាំ​មក​ជាមួយ​ស្លាក​សញ្ញាសរ​សេរ​អក្សរ​មួយ​ផ្ទាំង​ធំ​មក​បោះ​នៅ​ទីនោះ​ផង ដើម្បី​បង្ខំ​ឱ្យ​កម្ពុជា​រុះរើ​​ផ្ទាំងថ្ម​នៅ​មុខ​វត្ដ​កែវ​សិក្ខា​គិរី​ស្វា​រៈ​ចេញ។ សកម្ម​ភាព​នោះ​បង្កើត​ឱ្យ​មានការ​តានតឹង​ប្រុង​ និង​ផ្ទុះអាវុធ​សា​ជា​ថ្មី​​ទៀត​ផង។ ស្លាក​សញ្ញា​ដែល​យោធា​សៀម​យក​មក​បោះ​នៅ​ចំណុច «សំបុក​ឃ្មុំ» ​នោះ​ គេ​ពុំ​បាន​ទំលាយ​ឱ្យ​ដឹង​ពី​អត្ថន័យ​នៅឡើយ​ទេ ដោយ​​គ្រាន់តែ​ដឹង​ថា​សរ​សេរ​ដោយ​អក្ស​រសៀម ហើយ​ទំនងជា​មាន​ន័យ​បាញ់​ឆ្ពោះទៅ​រក​ស្លាក​សញ្ញាដែល​កម្ពុជា​ឆ្លាក់​នៅ​លើ​ផ្ទាំង​ថ្ម​ក្នុង​វត្ដ​ក្បែរ​នោះ​។
មន្ដ្រី​យោធា​ដដែល​បញ្ជាក់​ថា ​​កំលាំង​ជួរ​មុខ​គ្រប់​ខ្សែត្រៀម​ទាំងអស់​ត្រូវ​បាន​ចូល​លេណ ដ្ឋាន​តាម​បទបញ្ជា​របស់​មេបញ្ជាការ​រៀង​ៗ​ខ្លួន​ដោយ​នៅ​ផ្នែក​ខាងក្រោយ​ណែន​ណាន់​តាន់តាប់​ទៅ​ដោយកងកំលាំង ​និង​អាវុធ​ធំ​តូច ដើម្បី​ត្រៀម​លក្ខណៈ​ទប់ទល់​ជាមួយ​យោធា​សៀម​ដែល​កំពុង​ព្យាយាម​រំលោភ​មកលើ​ទឹកដី​កម្ពុជា​សា​ជា​ថ្មី​នេះ​។​ ទោះជា​យ៉ាងណាក្តី ​ភាព​តានតឹង​ផ្នែក​យោ​ធា​​​ត្រូវ​បាន​រសាយ​ទៅ​វិញ​នៅ​ត្រឹម​វេលា​ថ្ងៃ​ត្រង់ ក្នុង​ថ្ងៃ​ដដែល ​បន្ទាប់​ពី​មេបញ្ជាការ​យោធា​ប្រចាំ​តំបន់​ទាំង​សងខាង​បាន​ជួបប្រជុំ​គ្នាជាបន្ទាន់​​នៅ​​ក្នុងវត្ដ​កែវ​សិក្ខា​គី​រី​ស្វា​រៈ​របស់​ខ្មែរ ដើម្បី​​ចរចា​គា្ន។ ​ភាគី​កម្ពុជា​ដឹក​នាំ ដោយ​លោកនាយ​ឧត្ដម​សេនី​យ៍ផ្កាយ៤ ជា តារា អគ្គ​មេ​ប​ញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ និង​លោក​ឧត្ដម​សេ​នីយ៍​ទោ​ ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​អន្ដរា​​គម​ន៍​លេ​ខ៣ដែលកំពុង​គ្រប់គ្រងកំលាំងទ័ព​ការពារ​ព្រំដែន​ទិស​សមរភូមិ​ប្រា​សាទ​ព្រះ​វិហារ​។ ចំណែក​ភាគី​សៀម​ដឹកនាំដោយ​ឧត្ដ​មសេនីយ៍ 
ថា​វ៉ា​ត​ឆៃ សមុទ​សា​ខន មេបញ្ជាការភូមិភាគ​២​សៀម។ នៅ​ក្នុង​ជំនួប​បន្ទាន់​នោះ​ភាគី​កម្ពុជា​បាន​យល់ព្រម​រុះរើ​ស្លាក​សញ្ញា​មួយ​ផ្ទាំង​ចេញពី​វត្ដ​កែវ​សិក្ខា​គិរីស្វា​រៈ​ដែល​ឆ្លាក់​ជា​អក្ស​រខែ្មរ ឯភាគី​យោធា​សៀម​ក៏បាន​យល់ព្រម​រុះរើ​ស្លាក សញ្ញា​ដែល​ខ្លួន​នាំ​មក​ជាមួយ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ មករា នោះចោល​ដែរ​។
លោក​ឧត្ដម​សេនីយ៍ទោ ​ស្រី ឌឹ​ក មេ​បញ្ជា​ការ​កងពលធំ​អន្ដរាគម​ន៍​លេខ៣ និង​លោក នាយ​ឧត្ដម​សេនី​យ៍ផ្កាយមាស៤ជា តារា អគ្គ​មេ​ប​ញ្ជាការ​រង​កង​យោធពល​កង​ខេមរភូមិន្ទមិន​បាន​ធ្វើ​អធិប្បាយ​ឆ្លើយ​តប​ចំពោះ​ស្ថានការណ៍​យោធាដែលមានការប្រែប្រួលដ៏ឆាប់រហ័សនេះទេ។
លោក​អា​ភី​ស៊ី​ត ត្រូវ​បាន​ស្រង់​សំដី​យក​មក​ចុះ​ផ្សាយ​ដោយ​កាសែត​បាងកក​ប៉ុ​ស្ដិ៍កាលពី​ថ្ងៃ​ទី ២៤​ មក​រា ​កន្លង​ទៅ​ថា «ស្លាក​អក្ស​រដែល​ចោទប្រកាន់​ទាហាន​សៀម​ចូល​ឈ្លានពាន​ទឹកដី​ខ្មែរ​នោះ​ គឺ​គេ​បាន​ដាក់​នៅ​ខាង​មុខ​វត្ដ​កែវ​សិក្ខា​គិរី​ស្វា​រៈ​ជា​តំបន់​មាន​ជម្លោះព្រំដែន​ទំ​ហំ​៤,៦គីឡូ​ម៉ែត្រការ៉េនៅ​ជិ​តប្រាសាទព្រះវិហារ​ខ្មែរ​» ។ កាសែត​សៀម​ដដែល​នោះ បាន​ដក​ស្រង់​​ប្រភព​ពី​យោធា​សៀម​ដែល​គំរាម​ថា​ គេ​នៅ​រង់ចាំ​មើល​ឱ្យ​កម្ពុជារុះរើ​ស្លាក​នោះ​ចេញ ហើយ​ប្រសិនបើ​ទាហាន​កម្ពុជា​មិន​ព្រម​រុះរើ​ទេ គឺ​ទាហាន​សៀម​នឹង​ចូល​ទៅ​រុះរើ​ដោយ​ខ្លួនឯង ។
បញ្ហា​ផ្ទៃ​ដី​ទំហំ​៤,៦​គីឡូ​ម៉ែត្រ​កា​រ៉េ​នៅ​ក្បែរ​តំបន់​ព្រះ​វិហារ​នោះ​​កម្ពុជា​មិន​ដែល​ទទួល​ស្គាល់​ជា​តំបន់​ទំនាស់​ទេ គឺជា​ទឹក​ដី​កម្ពុជា​ផ្ដាច់មុខ។ ឯ​ការ​ប៉ះទង្គិច​គា្ន​រវាង​យោ​ធា​ខ្មែរ និង​យោធា​សៀម​​កើតឡើង​ដោយសា​រតែ​ការឈ្លានពាន​របស់​យោធា​សៀម​មក​លើ​ទឹក​ដី​កម្ពុជា។ ក្រុម​អ្នក​តាមដាន​ជម្លោះ​រវាង​ខ្មែរ​-​សៀម​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ក្រុង​បាង​កក​កំពុង​តែ​ទាញ​ប្រទេសកម្ពុជា​ដែល​ជា​មិត្ដ​ជិតខាង​ចុង​ក្រោយ​របស់​ខ្លួន​ធ្វើ​ជា​ឈ្នាន់ ដើម្បី​បង្វែ​រភាព​ត្រ​ដាប​ត្រ​ដួល​ផ្នែក​នយោបាយដែល​កំពុងតែ​អូស​បន្លាយ​ដោះស្រាយ​មិន​ចេញ​នៅ​ក្នុង​ប្រទេស​ដែល​ដឹកនាំ​ដោយ​រដ្ឋា​ភិបាលក្រោយរដ្ឋប្រហា​យោធា​មួយ​នេះ គឺ​ឱ្យ​តែ​មាន​ភាព​តានតឹង​ក្នុង​ប្រទេស​គេ​តែងតែ​បង្កើត​ភាព​តានតឹង​ផ្នែក​យោធា​ជាមួយ​ប្រទេស​កម្ពុជា​ជា​ពិសេស​តំបន់​ប្រាសាទ​ព្រះ​វិហារ​​តែ​ម្ដង៕                      

 
ដោយ ៖ កោះឯករាជ្យ

សាលារាជធានីធ្វើការណែនាំ ពីសណ្តាប់ធ្នាប់ សន្តិសុខសាធារណៈ ឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម

រាជ​ធានី​ភ្នំ​ពេញ​  ៖ សេចក្តី​ណែ​នាំ​​ស្តី​ពី​ការ​រៀប​ចំ​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ និង​របៀប​រៀប​រយ​សាធារណៈ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ចិន-វៀត​ណាមដែល​ចុះ​ហត្ថ​លេខា​​ដោយ​លោក​កែប ជុតិមា អភិ​បាល​រាជ​ធានី​ភ្នំ​ពេញ​​កាល​ពី​ថ្ងៃ​ទី​២៥ មករា បាន​ជូន​ដំណឹង​ដល់​គ្រប់​ស្ថាប័ន​ ក្រសួង​ រដ្ឋ​លេខា​ធិការ​ដ្ឋាន​ មន្ទីរ អង្គ​ភាព​ ខណ្ឌ សង្កាត់​ អង្គ​ការ​ សមា​គម​ បណ្តា​ក្រុម​ហ៊ុន​ និង​សាធារណ​ជន​ទាំង​អស់​ក្នុង​រាជ​ធានី​ភ្នំពេញ​ឱ្យ​បាន​ជ្រាប​ថា ដើម្បី​រក្សា និង​ធានា​សុវត្ថិ​ភាព​ សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ និង​របៀប​រៀប​​រយ​សាធារណៈ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​ប្រពៃ​ណី​ចិន​-វៀត​ណាម​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ​ ឆ្នាំ​២០១១ ខាង​មុខ​ដោយ​​ធ្វើ​ការ​ណែ​នាំ​ដូច​តទៅ​ ៖​
១-ហាម​ដាច់​ខាត​ ៖ 
ក-មិន​ឱ្យ​មាន​ការ​ដុត​ផាវ កាំ​ជ្រួច ឬ​បង្ក​សំលេង​ផ្ទុះ​គ្រប់​ប្រភេទ​​ក្នុង​ឱកាស​ពិធី​បុណ្យ​នេះ​។
ខ-មិន​ឱ្យ​លេង​ល្បែង​គ្រប់​ប្រភេទ​ដែល​មាន​លក្ខណៈ​ស៊ីសង​។
គ-រាល់​ការ​ហែ​ក្បួន​ផ្សេងៗ​ទាំង​បែប​សាសនា​ឬ​ប្រពៃ​ណី​ដែល​គ្មាន​ការ​អនុញ្ញាត​ត្រូវ​ហាម​ឃាត់​។
២-នៅ​គ្រប់​ទី​កន្លែង​កំសាន្ត​សប្បាយ​នានា​ មន្ទីរ អង្គ​ភាព រោង​ចក្រ​ សហ​គ្រាស​ គេ​ហដ្ឋាន​​ត្រូវ​រក្សា​​សុវត្ថិ​ភាព​ សន្តិ​សុខ​ សណ្តាប់​ធ្នាប់​សា​ធារណៈ​ សេចក្តី​ថ្លៃ​ថ្នូរ​ និង​ត្រូវ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​អុជ​ទៀន​ធូប​ ក្រដាស​សែន ភ្លើង​ចង្ក្រាន​ ចរន្ត​អគ្គិ​សនី​​ ដែល​អាច​បង្ក​ឱ្យ​មាន​គ្រោះ​អគ្គី​ភ័យ​កើត​ឡើង​ជា​យថាហេតុ​។ ដោយ​ឡែក​ ​ការ​ដុត​ក្រដាស​សែន​ត្រូវ​ប្រើ​ធុង​ដែក ឬ​ឆ្នាំង​ដី​ដើម្បី​ដុត​ហាម​ដាច់​ខាត​មិន​ឱ្យ​ដុត​លើ​ចិញ្ចើម​ផ្លូវ​ ឬ​ទ្រូង​ផ្លូវ​សា​ធារណៈ។
៣-ចាប់​ពី​ពេល​នេះ​ត​ទៅ​ អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច​គ្រប់​ថ្នាក់​ត្រូវ​ចាត់​វិធាន​ការ​ម៉ឹង​ម៉ាត់​បំផុត​កុំ​ឱ្យ​មាន​ការ​នាំ​ចូល​ផាវ កាំ​ជ្រួច​ ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ​តាម​ច្រក​ចូល​រាជ​ធានី​ភ្នំពេញ​ និង​ត្រូវ​ត្រួត​ពិនិត្យ​ដក​ហូត​វត្ថុ​ទាំង​នេះ​ដែល​មាន​តាំង​លក់​នៅ​គ្រប់​ទី​កន្លែង​ក្នុង​រាជ​ធានី​ភ្នំពេញ​។
៤-ស្នង​ការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ និង​បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ពិសេស ​ត្រូវ​ចេញ​បទ​បញ្ជា​ឱ្យ​បាន​ម៉ឹង​ម៉ាត់​ដល់​កំលាំង​របស់​ខ្លួន​ដើម្បី​អនុវត្ត​មាន​ប្រសិទ្ធ​ភាព​។
៥-គ្រប់​ស្ថាប័ន​ អង្គ​ភាព សាលា​ខណ្ឌ​-សង្កាត់​ ត្រូវ​ផ្សព្វ​ផ្សាយ​ណែ​នាំ​ដល់​មន្ត្រី​រាជ​ការ​និយោ​ជិត​ កង​កំលាំង​ក្រោម​ឱវាទ​ និង​ប្រជា​ពល​រដ្ឋ​ក្នុង​មូល​ដ្ឋាន​ឱ្យ​អនុ​វត្ត​តាម​ការ​ណែ​នាំ​​នេះ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​។
៦-មន្ទីរ​ធម្មការ​ និង​សាសនា​​រាជ​ធានី​ភ្នំពេញ​ត្រូវ​អញ្ជើញ​​បណ្តា​សមា​គម​ចិន​ វៀត​ណាម​ ដើម្បី​ផ្សព្វ​ផ្សាយ​នូវ​ខ្លឹម​សារ​ខាង​លើ​ឱ្យ​បាន​ទូលំ​ទូលាយ។
៧-​ជន​ណា​បំពាន​លើ​សេចក្តី​ណែ​នាំ​នេះ​ ឬ​ប្រព្រឹត្ត​ល្មើស​បង្ក​ឱ្យ​មាន​ចលា​ចល​ក្នុង​សង្គម​ បាត់​សណ្តាប់​ធ្នាប់​ សន្តិ​សុខ​ របៀប​រៀប​រយ​សា​ធារណៈ​ត្រូវ​ទទួល​ទោស​តាម​ច្បាប់​ជា​ធរមាន​៕

ដោយ ៖ កោះឯករាជ្យ

ឡើងភ្នំដងរែក​កាប់ឈើត្រូវ​ទាហាន​ឈុត​ខ្មៅ​សៀម​បាញ់​ស្លាប់​១ចាប់​ខ្លួន៣​នាក់

ខេត្តឧត្តរ​មានជ័យ​ ៖ ប្រជាពលរដ្ឋ​ចំនួន​៨​នាក់ ស៊ីឈ្នួល​​ឡើងភ្នំ​​កាប់​ឈើ​និង​អូស​ឈើ​ គ្រញូង​​ត្រូវ​ក្រុម​ទាហាន​​ឈុត​ខ្មៅ​​សៀម​បាញ់​​ប្រហារ​​បណ្តាល​ឱ្យ​​មនុស្ស​ម្នាក់​ស្លាប់​ និង​ចាប់​ខ្លួន​ចំនួន​៣​នាក់​ កាលពី​វេលាម៉ោង​​២​រសៀល​ថ្ងៃទី​​២៣ មករា កន្លងទៅ ស្ថិត​នៅ​ចំណុច​​ផែន​ទី​លេខ​​៥៣៨-៩៥៩​​​​ ក្នុងទឹកដី​ភូមិសាស្ត្រ​ទល់​មុខ​កង​ពល​លេខ​៨ ឈរជើងចន្លោះស្រុក​ត្រពាំង​ប្រា​សាទ​ ខេត្តឧត្តរ​មានជ័យ​ និង​ស្រុក​ជាំក្សាន្ត​ ខេត្ត​ព្រះ​វិហារ ។ ប្រភព​បានឱ្យដឹង​ថា ជនរងគ្រោះ​​​១-ឈ្មោះ​​​ហួច ហ៊ាន ភេទ​ប្រុស អាយុ​១៦ឆ្នាំ ស្លាប់​នៅ​​នឹង​កន្លែង​កើត​ហេតុ រស់​នៅ​ស្រុកមោងឫស្សី​ ខេត្ត​បាត់​ដំបង ២-ឈ្មោះ​ដុក ដាំ ភេទ​ប្រុស អាយុ​​៣០​ឆ្នាំ​ ៣-ឈ្មោះ​ថន ថាន ភេទ​ប្រុស អាយុ​៣០ឆ្នាំ​  និង៤-​ឈ្មោះ​​ហាម ថាន់ ភេទ​ប្រុស អាយុ​៣៦ឆ្នាំ ទាំង​៣​នាក់​រស់​នៅ​ភូមិ​ត្រពាំង​​៣ ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​​ប្រាសាទ​ ខេត្ត​ឧត្តរ​មានជ័យ ។​
មន្ត្រី​ក្រុម​ការងារ​​ទំនាក់​ទំនង​មាត់​ច្រក​ទ្វារ​អន្តរជាតិ​ជាំ​បាន​ឱ្យកោះសន្តិភាព​​ដឹងថា ប្រជា​ពលរដ្ឋ​​ក្រីក្រ​​ចំនួន​៨​នាក់ ត្រូវ​បាន​​ឈ្មោះ​មេត ជាអ្នកជួល​​ឱ្យពួកគាត់​​ឡើង​ទៅ​កាប់​ឈើ​​អូស​ឈើ​គ្រញូង​ហើយ​ត្រូវ​ទាហាន​ឈុត​ខ្មៅ​សៀម​បាញ់​រះ​មកលើ​ជាច្រើន​គ្រាប់​បណ្តាល​​ឱ្យ​ស្លាប់​ម្នាក់ និង​ចាប់​ខ្លួន​បាន​៣​នាក់​ ចំណែក​​៤​នាក់​ទៀត​​រត់​រួច ។ មន្ត្រីក្រុម​​ការងារ​បាន​បញ្ជាក់​ថា បន្ទាប់​​ពី​ទាហាន​សៀម​បាញ់​ប្រហារ​រួច​មក ​ប្រជាពល​រដ្ឋ​​​ដែល​ត្រូវ​ចាប់​ខ្លួន​៣​នាក់​នោះ​បាន​នាំខ្លួន​ទៅ​ដាក់​ពន្ធនាគារ​ស្រុក​ខាន់តាឡាក់ រួមទាំង​វត្ថុតាង​​​ម៉ាស៊ីន​ត្រង់ស៊ឺន័រ​ចំនួន​២គ្រឿង​ ឈើ​គ្រញូង​ចំនួន​២​ដុំ​ រីឯសពយកទៅតំកល់​ទុក​នៅមន្ទីរ​ពេទ្យ​​​ស្រុក​ខាន់តាឡាក់ប្រទេសថៃ​ ។ ក្រុម​ទាហាន​​ឈុត​ខ្មៅ​​បាន​ផ្តល់​ព័ត៌​មាន​ឱ្យ​ក្រុម​ការងារ​កម្ពុជា​ស៊ើប​សួរ​​រក​បងប្អូន​ឪពុក​ម្តាយ​ទំនាក់​ទំនង​​ឱ្យ​ចាំទទួល​យក​ការ​បញ្ជូន​សាក​សព​នោះ​ប្រគល់​ឱ្យ​​តាម​មាត់​ច្រក​ទ្វារ​អន្តរជាតិ​អូរជាំសាង៉ាំ​​វិញ​នាពេល​ខាង​មុខ​៕

ដោយ ៖ កោះឯករាជ្យ

ពួក​អាវ​លឿង​ថៃ​នឹង​មក​កម្ពុជា​ដើម្បី​អន្តរាគមន៍​ដោះលែង​វីរៈ សំ​ក្វាម​ឃី​ត​

ភ្នំពេញ: ​តំណាង​ក្រុម​បណ្តាញ​អ្នកស្នេហាជាតិ​ថៃ​ដែល​ជា​ផ្នែក​មួយ​នៃ​ចលនា​អាវ​លឿង​នឹង​មកដល់​កម្ពុជា​នៅ​ចុង​ខែ​មករា​នេះ​ដើម្បី​ស្វែងយល់​ពី​ការចាប់ខ្លួន​ជនជាតិ​ថៃ​៧​នាក់ ជាពិសេស​ដើម្បី​អន្តរាគមន៍​​ដោះលែង​មេដឹកនាំ​អាវ​លឿង​ម្នាក់​គឺ​វីរៈ សំ​ក្វាម​ឃី​ត និង​អ្នកស្រី​រ៉ា​ទ្រី​ដែល​កំពុង​ជាប់​ឃុំ​នៅ​កម្ពុជា​។​

​តំណាង​ក្រុម​អាវ​លឿង​ទាំង​នោះ​គ្រោង​នឹង​ចូល​ជួប​លោក​ខៀវ កាញារីទ្ធិ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន​នៅ​ថ្ងៃទី​៣១​មករា​។ នេះ​បើ​យោងតាម​ប្រភព​ពី​មន្ត្រី​រដ្ឋាភិបាល​។ 
គេ​មិន​ទាន់​ដឹង​ថា​ពួកគេ​នឹង​លើក ឡើង​ពី​បញ្ហា​អ្វីខ្លះ​ទេ​។​

​ថៃ​កាលពី​ព្រឹក​ថ្ងៃ​ពុធ ក្រុម​អាវ​លឿង​បាន​ប្តេជ្ញា​បន្ត​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ថៃ​ដោយ​ប្រមូលផ្តុំ​គ្នា​ប្រឆាំង​តវ៉ា​នៅ​ក្រៅ​វិមាន​រដ្ឋាភិបាល​រហូត​ទាល់តែ​អ្នកសម្របសម្រួល​ក្រុម​នេះ​លោក​វីរៈ សំ​ក្វាម​ឃី​ត​និង​លេខា​របស់​គាត់​នាង​រ៉ា​ទ្រី ភិ​ប៉ា​តាណា​ប៉ៃ​ប៊ូ​ន​ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​កម្ពុជា​។​

​របាយការណ៍​បាន​និយាយថា​ក្រុម​នេះ​បាន​ដំឡើង​តង់​និង​តូប​អាហារ​នៅមុខ​វិមាន​រដ្ឋាភិបាល​ហើយ​ពួក​សមាជិក​សំខាន់ៗ​នៃ​ក្រុម​នេះ​នឹង​ឡើង​ថ្លែង​អំពី​បញ្ហានយោបាយ​។​ក្រុម​នេះ​បានប្រកាសថា​ការជួបជុំ​របស់​គេ​នឹង​បញ្ចប់​ភ្លាម​នៅ​ពេល​លោក​វីរៈ​និង​នាង​រ៉ា​ទ្រី​ត្រូវបាន​ដោះលែង​ចេញពី​គុក​ព្រៃ​ស​។​ពួក​គេ​ទាមទារ​អោយ​រដ្ឋាភិបាល​ធ្វើ​កិច្ចការ​ច្រើនឡើង​ដើម្បី​ជួយ​អ្នក​ទាំង​ពីរ​៕
 
ដោយ : រតនា

អាជា្ញធរអប្សរា ប្រារឰខួបលើកទី៣២ឆ្នាំ ស្មារតីថ្ងៃជ័យជំនះ៧មករា១៩៧៩-២០១១

នៅនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្ដិការនៃអាជា្ញធរអប្សារា កាលពីថ្ងៃទី២៦ខែមករា២០១១ម្សិលមិញ មានរៀបចំពិធីប្រារព្វមិទ្ទិញអប អរសាទរខួបអនុស្សាវរីយ៍លើកទី៣២ ថ្ងៃជ័យជំនះ ៧មករា ១៩៧៩ – ៧ មករា ២០១១ ដែលប្រព្រឹត្ដទៅក្រោមអធិបតីភាព ឯកឧត្ដម.ឧត្ដមសេនីយ៍ ឯកដុំហាក់ តំណាងឱ្យប្រធានសាខាបក្ស នៃអាជា្ញធអប្សារា និង ដោយមានការចូលរួមពីសមាជិក សមាជិកាគណៈបក្សជាច្រើនរូបទៀត ។
ឯ.ឧដុំហាក់ក៏បានអាននូវសន្ទរកថារបស់សម្ដេចអគ្គមហាធម្មពោធិសាលជា ស៊ីម ប្រធានគណបក្សប្រជាជន កម្ពុជា និង ជាប្រធានព្រឹទ្ធសភា ដោយបានរំលឹកឡើងវិញ នូវមហាជ័យជំនះជា ប្រវត្ដិសាស្ដ្រ នាថ្ងៃ ៧មករា ១៩៧៩ ដែលបានជួយសង្គ្រោះជាតិ និង អាយុជីវិតប្រជាជនឱ្យបានរួចផុតពីគ្រោះមហន្ដ រាយប្រល័យពូជសាសន៍ ដែលបង្កឡើងដោយរបបកម្ពុជាប្រជាធិបតេយ្យ។ ប៉ុន្ដែក្នុងរយៈពេល៣២ឆ្នាំកន្លងមកនេះ ក្រោមកិច្ចដឹកនាំរបស់
គណៈប្រជាជនកម្ពុជាបានធ្វើឱ្យប្រទេសជាតិទាំងមូលទទួលនូវសុខសន្ដិភាពពេញលេញនិងមានការអភិវឌ្ឍន៍ លើគ្រប់
វិស័យដោយធានាបានទាំង សន្ដិភាព ស្ថិរភាព នយោបាយទូទាំងផ្ទៃប្រទេស។ ឆ្លងតាមការអភិវឌ្ឍន៍រីកចំរើនរយៈ
ពេល៣២ឆ្នាំក្រោយថ្ងៃជ័យជំនះ៧មករាជាប្រវត្ដិសាស្ដ្រក្នុងនាមប្រជាពលរដ្ឋ.មន្ដ្រីរាជការ.និងកំលាំងប្រដាប់អាវុធ
ទាំងអស់បានប្ដេជ្ញាចិត្ដខ្ពស់ គាំទ្រជានិច្ច នូវថ្ងៃកំណើតទីពីររបស់ខ្លួន ក្នុងការលើកស្ទួយ គោលនយោបាយរបស់គណៈ
បក្សប្រជាជនកម្ពុជា ជាពិសេសស្មារតីថ្ងៃជ័យជំនះ ៧មករា ១៩៧៩ ដែលបានធ្វើឱ្យប្រជាជនកម្ពុជាបារស់រានរហូត
មកទល់សព្វថ្ងៃនេះ។