កិច្ចប្រជុំពីគម្រោងសាងសង់ស្ពានចំនួន ០២ខ្សែ នៅខាងជើង ពីកោះពេជ្រ ឆ្លងទៅ សួនច្បារសម្តេច ហ៊ុន សែន បានរៀបចំនៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម កែប ជុតិមា អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញ កាលពីល្ងាចថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១០ ដោយមានការចូលរួមពី ឯកឧត្តម យិត ប៊ុណ្ណា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ លើលក្ខណៈបច្ចេកទេស។
តាមរយៈការបង្ហាញរបស់ លោក សាំ ពិសិដ្ឋ នាយករងទីចាត់ការ រៀបចំក្រុង បានឱ្យដឹងថា ស្ពានទាំង២នេះ ជាស្ពានសម្រាប់ការធ្វើដំណើរឯកទិស (one-way) ដែលស្ពាននីមួយៗ មានបណ្តោយ ១០១ ម៉ែត្រ ទទឺង ១២ម៉ែត្រ ចែកជា៤ផ្នែក ដែលក្នុងនោះ ៨ម៉ែត្រ សម្រាប់រថយន្ត គែម៤ម៉ែត្រសង្ខាង សម្រាប់អ្នកថ្មើរជើង និងគ្មានរំញ័រ ព្រមទាំងមានជណ្តើរ Emergency ទៀតផង។ ស្ពានទាំងពីរនេះនឹងត្រូវប្រើប្រាស់ អស់ទឹកប្រាក់ប្រមាណ ជិត៣លានដុល្លាអាមេរិក ហើយគ្រោងនឹងសាងសង់រួចរាល់ជាស្ថាពរក្នុង រយៈពេល១០ខែ យ៉ាងយូរ ។
ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានមានមតិថា គួរបានពិចារណាឱ្យបាន ដិតដល់លើបច្ចេកទេស ពិសេសចរាចរយានយន្តគ្រប់ប្រភេទ សុវត្ថិភាពស្ពាន ហើយស្ពាននិមួយៗគួរបំបែកឲ្យមាន ច្រកធ្វើដំណើរ៣វិញ។
បន្ទាប់មក ឯកឧត្តមអភិបាល បានបន្ថែមថា យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនកោះពេជ្រ ត្រូវសហការជាមួយជំនាញពាក់ព័ន្ធរបស់សាលារាជធានី សិក្សាឱ្យបានហ្មត់ចត់ និងដំណើរការដ្ឋានខ្លួនឱ្យបានឆាប់ដែលអាច ទៅរួចគឺនៅក្នុង ខែមករា សប្តាហ៍ទី ២ឬ៣។ ដូចយើងដឹងស្រាប់ហើយ ថាចំនួនប្រជាជនក្នុងរាជធានីភ្នំពេញ នឹងកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដូច្នេះដើម្បីសម្រួលដល់ចរាចរ និងសុវត្ថិភាពប្រជាជននៅឆ្នាំក្រោយ សូមជំនាញរបស់សាលារាជធានីភ្នំពេញ មន្ទីរសាធារណការនិង ដឹកជញ្ជូន ព្រមទាំងអ្នកបចេ្ចកទេសក្រុមហ៊ុនOCIC ធ្វើការពិចារណាឱ្យបានល្អិតល្អន់ និងលំអិតថែមទៀតទៅលើបញ្ហា បច្ចេកទេសសុវត្ថិភាពចរចរ ជុំវិញតំបន់កោះពេជ្រ ចាប់ពី រូបសំណាកសម្តេចសង្ឈ ជួន ណាត រហូតដល់ តំបន់កោះពេជ្រ និងសូមឱ្យក្រុមហ៊ុនវិនិយោគតំបន់កោះពេជ្រ ប្តូររូបនៅស្ពានហង្សពីពាក់កណ្តាលរូប មករូបពេញវិញឱ្យបានមុនថ្ងៃ ០៧ មករា ឆ្នាំ ២០១១។
រូបភាពជំរើសទី១ នៃគំរោងស្ពាន
រូបភាពជំរើសទី២ នៃគំរោងស្ពាន