សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើមាតុភូមិនិវត្តន៍ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១០ បន្ទាប់ពី បាន ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទៅបំពេញទស្សនកិច្ច រយៈពេល ៥ថ្ងៃ ( ១៣-១៧ ខែធ្នូ ឆ្នាំ២០១០ ) នៅ សាធារណរដ្ឋប្រជាមានិតចិនប្រកប ដោយជោគជ័យ។
នៅព្រះលានយន្តហោះអន្តរជាតិភ្នំពេញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៍ថា រដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិន បានសម្រេចផ្តល់ជំនួយចំនួន៣០០លានដុល្លារសហរដ្ឋ អាមេរិក ដែលជាជំនួយនៅក្នុងឆ្នាំ២០១០ ដើម្បីអនុវត្តគម្រោងហេដ្ឋារចនាសម្ពន្ធផ្លូវ និង ប្រព័ន្ធធារាសាស្ត្រចំនួន ៣ នៅក្នុងប្រទេសកម្ពុជា រួមមានការសាងសង់ផ្លូវជាតិលេខ២១៤ ពីត្បែងមានជ័យខេត្តព្រះវិហារ ទៅថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង មានទឹកប្រាក់ ១០០ លាន ដុល្លារ ; ការកសាងផ្លូវជាតិលេខ ៧៦ ពីសែនមនោរម្យទៅតាអោងមានទឹកប្រាក់ចំនួន ១០០ លានដុល្លារ ; និងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយនៅទន្លេវ៉ៃកូ ខេត្តស្វាយរៀង ដែលក្នុង ជំហានដំបូងត្រូវចំណាយទឹកប្រាក់ចំនួន ១០០ លានដុល្លារ ដែលអាចមានលទ្ធភាព ស្រោចស្រពដីស្រែ បានរហូតដល់ទៅ៣សែនហិកតា ដោយសារមានដីស្រែខ្លះអាចធ្វើ ស្រែបាន២ដង និង៣ដងទៀតផង ។
ឯកឧត្តម ហោ ណាំហុង មានប្រសាសន៍ថា នៅក្នុងជំនួបចរចាទ្វេភាគីរវាងសម្តេចតេជោ ជាមួយឯកឧត្តម វេន ជាប៉ាវ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ភាគីទាំងពីរ បានឯកភាពគ្នាបង្កើនទំហំពាណិជ្ជកម្មប្រទេសទាំងពីរឱ្យបានរហូតដល់ ២៥០០ លានដុល្លារ សហរដ្ឋអាមេរិកនៅត្រឹមឆ្នាំ២០១៥ ។ ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងរយៈពេល ១០ខែក្នុង ឆ្នាំ២០១០ នេះទំហំពាណិជ្ជកម្មរបស់កម្ពុជា-ចិន មានចំនួន ១១០០ លានដុល្លារដែល ជាតួលេខដែលមានកំណើន ខ្ពស់បំផុត ។
ក្នុងឱកាសបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ក្រៅពីជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំចិន រួមមាន ឯកឧត្តម ហ៊ូ ជិនតាវ ប្រធានាធិបតីនៃ សាធារណរដ្ឋ ប្រជាមានិតចិន ឯកឧត្តម វូ បាំងហ្គូ ប្រធាន គណកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាប្រជាជនចិន សម្តេចតេជោ នាយករដ្ឋមន្ត្រី បានជួបពិភាក្សាការងារ ជាមួយ សមភាគីចិន ឯកឧត្តម វេន ជាប៉ាវ នាយករដ្ឋមន្ត្រីនៃសាធារណប្រជាមានិតចិន និងធ្វើជាអធិបតីក្នុងពិធី ចុះ ហត្ថលេខា លើកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិនផងដែរ។
ឯកឧត្តម ហោ ណាំហុង ថ្លែងថាក្នុងចំណោមឯកសារទាំង១២ ដែលបានចុះហត្ថលេខា នៅអំឡុងទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅប្រទេសចិននោះ មានឯកសារ ចំនួន ៥ ដែលលោកបានកត់សម្គាល់ថា មានសារៈសំខាន់បំផុត ដែលទី(១)គឺគម្រោង កសាងស្ពានជ្រោយចង្វារថ្មីមួយទៀតដែលមានទឹកប្រាក់ចំនួន ២៦លានដុល្លារ (២)ស្ពាន តាខ្មៅ ក្នុងខេត្តកណ្តាលមានទឹកប្រាក់ចំនួន៣២លានដុល្លារ (៣)ទំនប់ស្ទឹងពោធិ៍សាត់ សម្រាប់វារីអគ្គីសនី និងអភិវឌ្ឍធនធានទឹកមានទឹកប្រាក់ចំនួន ៦៣ លានដុល្លារ (៤)ផ្លូវជាតិលេខ ៤១ ពីថ្នល់ទទឹងទៅជុំគីរីមានទឹកប្រាក់ ៤៥ លាន ដុល្លារ និងទី(៥)ការកសាង តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា កិច្ចសន្យាចំនួន ២ នៅក្នុងចំណោមឯកសារដែលបានចុះហត្ថលេខានោះ គឺការអភិវឌ្ឍ ស្ទឹងស្រែងនៅក្នុងខេត្តឧត្តរមានជ័យ-សៀមរាបមានតម្លៃ ៥៣,៥ លានដុល្លារ និងការកសាង អគ្គិសនីតាមជនបទ ដែលចាប់ផ្តើមពីតំបន់ជុំវិញរាជធានីភ្នំពេញ មានទឹកប្រាក់ចំនួន ៥៣,៥ លានដុល្លារផងដែរ។
គួរបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នៅសាធារណរដ្ឋ ប្រជាមានិតចិន ជាដំណើរទស្សនកិច្ចដែល នាំមកនូវ ផលប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ព្រមទាំងការពង្រឹង និង ពង្រីកនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ មានប្រសាសន៍វាយតម្លៃថា ទំនាក់ទំនងកម្ពុជា-ចិនបានចាប់ផ្តើម ពី សហប្រតិបត្តិការជិតខាងល្អ ឈានដល់កិច្ចសហប្រតិបត្តិការគួរទុកចិត្តគ្នា និងបាន ឈានមកដល់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។
ក្នុងឱកាសស្នាក់អាស្រ័យនៅសាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន អញ្ជើញចូលគាល់ ព្រះមហាវររាជបិតា នរោត្តម សីហនុនិង ព្រះវររាជមាតា នៅ ព្រះរាជតំណាក់ ក្នុងទីក្រុង ប៉េកាំង ដែលក្នុងឱកាសនោះ សម្តេចតេជោទទួលបាននូវការកោតសរសើរ អំពីការអនុវត្តនយោបាយចិន តែមួយបន្តពី ព្រះអង្គបានល្អផងដែរ។