Friday, January 21, 2011

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ចុះ​ពិនិត្យ​ខ្សែ​សង្វាក់​ផលិកម្ម​រោងចក្រ​កិន​ស្រូវ​របស់​ក្រុមហ៊ុន​អង្គរ​កសិកម្ម​រុងរឿង​ចំកាត់

កណ្ដាល ៖ ​អម​ដំណើរ​ដោយ​ឯកឧត្តម ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ និង លោក សុន គន្ធ អគ្គនាយក​ធនាគារ​អភិវឌ្ឍ​ជនបទ​ផង​នោះ កាល​ពី​ថ្ងៃទី​១៩ មករា​ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ស្តារ និង​អភិវឌ្ឍ​វិស័យ​កសិកម្ម និង ជនបទ បាន​អញ្ជើញ​ធ្វើ​ទស្សនកិច្ច​ការងារ ទៅ​កាន់​ក្រុមហ៊ុន​អង្គរ​កសិកម្ម​រុងរឿង​ចំកាត់ ស្ថិត​នៅ​ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ដើម្បី​ពិនិត្យ​ពី​ខ្សែ​សង្វាក់​ផលិកម្ម​រោងចក្រ​កិន​ស្រូវ​នៅ​ទី​នោះ ។
ក្រុមហ៊ុន​អង្គរ​កសិកម្ម​រុង​រឿង​ចំកាត់​បាន​បង្កើត​​ឡើង​នៅ​ឆ្នាំ​១៩៩៩ ដោយ​បាន​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​រោងចក្រ​ទំនើប​នៅ​ក្នុង​ដំណើរ​ការ​ផលិកម្ម​រោងច​ក្រ​កិន​ស្រូវ ដោយ​មាន​សមត្ថភាព​ផលិត​អង្ករ​​​មាន​គុណភាព​ខ្ពស់​ក្នុង​ការ​នាំ​ចេញ គឺ​មាន​បរិមាណ ៣០​តោន​ក្នុង​មួយ​ម៉ោង ។ លោក ជីវ ហ៊ាង អគ្គនាយក​ក្រុមហ៊ុន​អង្គរ​កសិកម្ម​រុងរឿង​ចំកាត់​បាន​រាយ​ការណ៍​ឱ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ ២០១០​ក្រុមហ៊ុន​បាន​ទិញ​ស្រូវ​ពី​សហគមន៍​កសិករ​ជា​មធ្យម ៤ ម៉ឺន​តោន ហើយ​ចំនួន​នៃ​ការ ទិញ​ស្រូវ​ពី​ប្រជាកសិករ​នឹង​កើន​រហូត​ដល់​ពី​ ៦​ទៅ​៧​ម៉ឺន​តោន​នៅ​ក្នុង​ឆ្នាំ​​២០១១ នេះ ។ ចំណែក​អង្ករ​ដែល​ក្រុមហ៊ុន​ផលិត​បាន​ត្រូវ​​វេច​ខ្ចប់​តាម​បទដ្ឋាន​បច្ចេកទេស និង គុណភាព​ខ្ពស់​ស្រប​តាម​ស្តង់ដារ​អន្តរ​ជាតិ ហើយ​ក៏​បាន​នាំ​ចេញ ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ផងដែរ ។
ឯកឧត្តម យឹម ឆៃលី បាន​អបអរសាទរ និង​កោត​សរសើរ​ដល់​ដំណើរ​ការ​របស់​ក្រុមហ៊ុន ដែល​បាន​បោះ​ទុន​ចូល​រួម​ក្នុង​ដំណើរ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម ជា​ពិសេស​ឆ្លើយ​តប​ទៅ​នឹង​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាសវៃ និង ប្រកប​ដោយ​គតិបណ្ឌិត​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ស្តីពី​ការ​ជម្រុញ​ផលិតកម្ម​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ ដោយ​សម្តេច​តេជោ​បាន​កំណត់​ចក្ខុវិស័យ​ក្នុង​ការ​រៀប​ចំ​គោល​នយោបាយ​អភិវឌ្ឍសេដ្ឋកិច្ច​គឺ​មាន​មហិច្ឆតា​ចង់​ឱ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​«អង្ករ​គឺ​មាស ស»​យ៉ាង​សំខាន់​នៅ​លើ​ទីផ្សារ​អន្តរជាតិ តាមរយៈ​ការ​បង្កើន​ផលិតភាព​កសិកម្ម ការ​ធ្វើ​ពិពិធភាវូបនីយកម្ម​វិស័យកសិកម្ម និង​ពាណិជ្ជូបនីយកម្ម​កសិកម្ម​គឺការ​ប្រែ​ក្លាយ​ពី​កសិកម្ម​ចិញ្ចឹម​ឆ្នាំង ទៅ​ជា​កសិកម្ម សម្រាប់​លក់ដូរ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​បាន​លើក​ទឹក​ចិត្ត​ដល់​លោក​អគ្គនាយក​ក្រុមហ៊ុន​ឱ្យ​ខិត​ខំ​ជា​បន្ត​ទៀត​ដើម្បី​ជម្រុញ​ឱ្យ​ការ​នាំ​អង្ករ​កម្ពុជា​នៅ​លើ​ទីផ្សារ​ពិភពលោក​រិត​តែ​មាន​ចំនួន​ច្រើន និង មាន​ការ​ពេញ​ចិត្ត​អង្ករ​កម្ពុជា ជា​ពិសេស​ប្រែ​ក្លាយ​ប្រទេស​កម្ពុជា ជា​ជង្រុក​ស្រូវ​នៃ​តំបន់​អាស៊ី​អាគ្នេយ៍ គឺ​ជម្រុញ​ការ​ផលិត​ស្រូវ​ឱ្យ​បាន​ចំនួន​ច្រើន​ជាង ៤​លាន​តោន ក្នុង​នោះ​បរិមាណ​អង្ករ​សម្រាប់​ការ​នាំ​ចេញ​ត្រូវ​សម្រេច​ឱ្យ​បាន​យ៉ាង​តិច​១ លាន​តោន​នៅ​ឆ្នាំ​២០១៥ នោះ ៕
ស្នាយពល

No comments:

Post a Comment