Thursday, January 20, 2011

បុស្បាប៉ាន់ខនសឺតអង្គរ ថ្ងៃទី ២៥-២៦ ខែកុម្ភៈឆ្នាំ២០១១ខេត្តសៀមរាប


ព្រឹត្តិការណ៏ដ៏អស្ចរ្យនៅ ថ្ងៃទី ២៥-២៦ខែកុម្ភៈឆ្នាំ២០១១ ខេត្តសៀមរាបការសម្តែង មានប្រគំតន្រ្តីបុស្បាប៉ាន់ខនសឺតអង្គរ ដើម្បីលើកតំកើន ភាពរស់រវើកនាពេលរាត្រី នៃប្រាសាទអង្គរ និងប្រាសាទបាយ័នជាមួយ សូរសៀងតន្រ្តី
និងការសម្តែងល្បាំ ដោយក្រុមសិល្បៈករល្បីៗអ្នក តន្រ្តីករអន្តរជាតិ និងកុមារីដែលមានទេពកោសល្យ បុស្បាប៉ាន់ វ័យ១៣ឆ្នាំ ដែលមានសម្លេងដ៏ពិរោះក្រអួន។និងនាំលោកអ្នកទៅកាន់យុគសម័យ ៩០០ឆ្នាំមុនដែលកន្លងផុតទៅ គឺយុគសម័យម្ជាស់ក្សត្រីយានីឥន្រ្តរទេវីព្រះជាយានៃព្រះមហាក្សត្រជ័យវ័រ្មនទី៧ ជាព្រះមហាក្សត្រស្ថាបនិកអង្គររហូតដល់ម្ជាស់ក្សត្រីកុសុមៈព្រះមាតាព្រះវរៈរាជបីតា នរោត្តម សីហនុ ដែលព្រះមហាក្សត្រីទាំងពីរព្រះអកង្គបានលើកតម្កើងសិល្បះទាំងនេះ។
នៅក្នុងព្រិត្តិកាណ៏សម្តែងប្រគំតន្រ្តីបុស្បាប៉ាន់ខនសឹតអង្គរមាន ស្មូតជាសុរតន្រ្តីពិតៗ ដែលជាប្រពៃណីប្រកបដោយអច្ឆរិយៈ ពោរពេញដោយសម្លេង ដ៏ក្រលួច សម្តែងជាមួយតន្រ្តីបុរាណ្យខ្មែរ និងជាមួយសម្លែង បុស្បាប៉ាន់។
ព័ត៌មានបន្ថែមសូមមេត្តាមើលតាមវេបសាយ www.bospapanh.com




សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូល​រួមទស្សនា​ក្នុង​ពិធី​តាំងពិព័រណ៍​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​

ភ្នំពេញ: សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អញ្ជើញ​ទស្សនា​ការតាំង ពិព័រណ៍​ទេសចរណ៍ ២០១១ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍ កោះ​ពេជ្រ នៅ​ល្ងាច​ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១១ នេះ​។​

​ពិព័រណ៍​ទេសចរណ៍​ដែល​បាន​រៀបចំ​ធ្វើ​រយៈពេល ៣ ថ្ងៃ បាន​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៩ ខែ​មករា ដោយ​មាន​ការចូលរួម​ពី អ្នកលក់ អ្នកទិញ ចំនួន​១,៥០០​នាក់ និង​មាន​ស្ដង់​ពិព័រណ៍​ចំនួន​៥១២ មកពី​ប្រទេស​អាស៊ាន​ទាំង ១០ ក្នុងនោះ​មក​ពី​ប្រទេស​ថៃ​មាន​ជាង ១០០ ស្តង់ កម្ពុជា ប្រមាណ ៩០ ស្តង់ មក​ពី​ម៉ាឡេស៊ី និង មកពី វៀតណាម ក៏​ច្រើន ។ នៅក្នុង​នោះ​ក៏​មាន​អ្នក​ទិញ​មក​ពី  ៥៤ ប្រទេស  គឺ​ពី​គ្រប់​ជ្រុង​ទាំងអស់​នៃ​ពិភពលោក​។​

​ពិព័រណ៍​ទេសចរណ៍​នេះ​មាន​គោលដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​មកកាន់​កម្ពុ​ជា ក៏ដូចជា​មក កាន់​ប្រទេស​អាស៊ាន​ទាំងមូល​៕

ដោយ : បញ្ញវ CEN



យន្តហោះ​ស៊ើប​កាណ៏​ថៃ​ហោះ​កាត់​តំបន់ហាមឃាត់​ត្រង់​ព្រំដែន​ស្រុក​អន្លង់វែង​

ព្រំដែន​កម្ពុជា​-​សៀម: យន្តហោះ​ប្រភេទ ស៊ើប​ការណ៏ របស់​សៀម បាន​ហោះ​កាត់​តំបន់ហាមឃាត់ លើ​បន្ទាត់​ព្រំដែន នៅ​ស្រុក​អន្លង់វែង ហោះហើរ ពី​កើត​ទៅ​លិច ដោយ​ហោះ​កាត់​ពីលើ​ប៉ុស្តិ៍ ត្រល់ នៅ​ម៉ោង​១២ ថ្ងៃត្រង់ និង​ហោះ​កាត់​ប៉ុស្តិ៍ ជាំ នៅ​ម៉ោង​១២ និង ០៤​នាទី ហើយ​បាន​ហោះ​កាត់​ប៉ុស្តិ៍ តា​ទុំ នៅ​ម៉ោង​១២ និង ១០​នាទី កាលពី​រសៀល​ថ្ងៃ​ទី ២០ មករា ២០១១​នេះ ។​

​    ​សំរាប់​ដើមឆ្នាំ​២០១១​នេះ មន្ត្រី​យោធា​នៅ​ព្រំដែន​កម្ពុជា​-​សៀម ស្ថិតក្នុង​តំបន់​អន្លង់វែង បាន​ចាត់ទុកថា នេះ​ជា​លើក​ទី​១ ដែល​មាន​យន្តហោះ​ប្រភេទ ស៊ើប​ការណ៏ បាន​ហោះ​កាត់​តំបន់ហាមឃាត់ លើ​បន្ទាត់​ព្រំដែន នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ឈម​និង​ស្រុក​ភូ​ស៊ីន ខេត្ត​សុរិន្ទ ប្រទេស​សៀម ។​

​    ​ក្រុម​មន្ត្រី​យោធា​នៅ​ទីនោះ​បាន​ហៅ​ការ ហោះហើរ​យន្តហោះ​បែប​ស៊ើប​ការណ៏​លើ​បន្ទាត់​ព្រំដែន​ខាងលើ គឺជា​ការរំលោភ​បំពាន ជា​ថ្មី​សំរាប់​ដើមឆ្នាំ​២០១១​នេះ ។ ករណីនេះ មន្ត្រី​កម្ពុជា​ក៏​បាន​សំដែង​ការខកចិត្ត​ផងដែរ ចំពោះ​ទង្វើរ របស់​សៀម ថា​ធ្វើ​អ្វីៗ មិន​បាន​ប្រាប់​កម្ពុជា ឲ្យបាន​ដឹង​ជា​មុន ។ ជា​ទូទៅ​បើ​តំបន់​ណា​មិន​ច្បាស់លាស់ ភាគី​នៃ​ប្រទេស​ទាំង​ពីរ​ត្រូវ​ប្រាប់ ភាគី​ម្ខាង​ទៀត​ដែល​ខ្លួន​ចង់​ចូលមក ឬ ដើរល្បាត​នៅ តំបន់​ណា​មួយ នេះ​គឺជា​ច្បាប់ និង​ជា​ការសន្យា​គ្នា រួច​ហើយ​រវាង​ភាគី​ទាំងពីរ ដែល​បាន​អនុវត្ត​ន៏​តាំងពីដើម​រៀងមក ៕

ដោយ : បាយ័ន​ CEN

ចូល​ទៅ​អូស​ឈើ​ក្រញូងត្រូវ​សៀម​ចាប់ខ្លួន៤នាក់និង​ម្នាក់​ទៀត​បាត់​ខ្លួន

ព្រំដែន​កម្ពុជា​-​សៀម: មាន​ឈ្មួញ​ឈើ​ក្រញូង​ម្នាក់ ជា​ទាហាន​នៅ​ប្រចាំ​តំបន់​អូរ​ស្វាយ បាន​នាំ​ប្រជាពលរដ្ឋ​ចំនួន ៥ នាក់​ខាងលើ​ឲ្យទៅ​អូស​យក​ឈើ​ក្រញូង ដែល​កាប់​រួច​វេលា​ព្រឹក​ថ្ងៃ​ទី ១៨ មករា ប៉ុន្តែ​នៅ​ម៉ោង​ប្រមាណ ១៦ និង ៣០ នាទី ថ្ងៃ​ដដែល ពលរដ្ឋ​កម្ពុជា​ទាំង ៥ នាក់ ត្រូវ​ទាហាន​សៀម​ដេញ​បាញ់ ហើយ​ចាប់​សំរេច​ចាប់ខ្លួន​បាន​ចំនួន ៤ នាក់ និង​ម្នាក់​ទៀត បាន​បាត់​ខ្លួន​មិនដឹង​ថា មានជីវិត ឬ​ស្លាប់​នោះឡើយ ។ 

ពលរដ្ឋ​ទាំង ៥ ដែល​ត្រូវ​ទាហាន​សៀម​ចាប់ខ្លួន​និង​បាន​ខ្លួន​មានឈ្មោះ ទី​១: យឿន គឿន អាយុ ២៣ ឆ្នាំ​, ទី​២: ហ៊​ន ពៅ អាយុ ២៧ ឆ្នាំ​, ទី​៣: ដួង សារ៉េត អាយុ ២៦ ឆ្នាំ​, ទី​៤: វង់ ប្រុស អាយុ ២១ ឆ្នាំ និង​ទី​៥: ឈ្មោះ ជឹង ផាន អាយុ ២១ ឆ្នាំ ។ ប៉ុន្តែ​ក្នុង​ចំណោម​បុរសទាំង ៥នាក់​នោះ គេ​ដឹងថា មាន៤នាក់ ត្រូវ​ទាហាន​ថៃ​ចាប់ ហើយ​ម្នាក់​បាន​បាត់​ខ្លួន ។

នេះ​ជា​រឿង​ថ្មី​មួយ​បន្ថែម​ទៀត ព្រោះ​វា​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន ៤ នាក់ ត្រូវ​ទាហាន​ចាប់ខ្លួន និង​ពលរដ្ឋ​កម្ពុជា​ម្នាក់ បាន​បាត់​ខ្លួន​ពេល​ចូល​ទៅ​ធ្វើ​សកម្មភាព​អូស​ឈើ​ក្រញូង​ក្នុង​ទឹកដី​សៀម ។​

​ព័ត៌មាន​រាយការណ៍​ខាងលើ​បានបញ្ជាក់​ថា ពលរដ្ឋ​កម្ពុជា​ទាំង ៥ នាក់​នោះ បាន​ចូល​ទៅ​អូស​ឈើ​ក្រញូង​ដែលមាន​មេក្លោង​ជា​យោធា នៅ​ចំណុច​ទឹកដី​សៀម​ត្រង់​ភូមិ​អូរ​ត្រាវ ឃុំ​កន្ត្រា​ម ស្រុក​សុន​ហាន ខេត្ត​ស៊ីសាកេត ប្រទេស​សៀម ចំណុះ​ដែល​ទាហាន​សៀម​សៀម ចាប់​ពលរដ្ឋ​ខ្មែរ ខាងលើ​គឺ ឈម​គ្នា​និង​ចំណុច​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រសាទ ខេត្ត​ឧត្តរមានជ័យ ប្រទេស​កម្ពុជា ៕​

ដោយ : ​បាយ័ន CEN

ទាហាន​ថៃ​ត្រូវបាន​អនុញ្ញាតឲ្យ​ចូល​ក្នុងវ​ត្តកែវ​សិក្ខា​គិរី​ស្វារៈ​រយៈពេល​ខ្លី​នៅ​ព្រឹក​មិញ​

ភ្នំពេញ​: ​គណៈប្រតិភូ​យោធា​ថៃ​មួយ​ក្រុម​បាន​ចូល​មក​ថ្វាយបង្គំ​នៅក្នុង​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​មករា​នេះ​បន្ទាប់ពី​ទទួល​ការអនុញ្ញាត​ពី មេទ័ព​កម្ពុជា​ប្រចាំ​ទិស​ប្រាសាទ​ព្រះវិហារ​តាម​ការស្នើសុំ​របស់​ពួកគេ​។ 

​លោក​ខៀវ កាញារីទ្ធ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​អោយដឹងថា គណៈប្រតិភូ​យោធា​ថៃ​នោះ​មាន​សមាសភាព​ចំនួន​៨​នាក់ ដែល​ក្នុងនោះ​រួម​មាន​អភិបាលខេត្ត​ស៊ីសាកេត​របស់​ថៃ​ផង​។ លោក​ខៀវ កាញារីទ្ធ​ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ផង​នោះ​បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ថា​យើង​អនុញ្ញាតអោយ​ពួកគេ​៨​នាក់​ជា​មេៗ​(​យោធា​) រួម​ទាំង​ចៅហ្វាយខេត្ត​ស៊ីសាកេត​។ ឥឡូវ​ពួកគេ​ចេញ​ទៅ​វិញ​ហើយ​។​

​ទាហាន​ថៃ​បាន​ស្នើ​មក​ភាគី​កម្ពុជា​ដើម្បី​ពួកគេ​បាន​ចូល​មក​ថ្វាយបង្គំ​នៅក្នុង​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ​ដោយ​ពួកគេ​ក៏​ចង់​នាំ​ជន​ស៊ីវិល​មក​ផង​ដែរ ប៉ុន្តែ កម្ពុជា​បាន​បដិសេធ​។ តែ​ទីបំផុត គេ​ក៏​បាន​អនុញ្ញាត​ឲ្យ​ក្រុមយោធា​ថៃ​ចូល​ក្នុង​វត្ត​។ ពួកគេ​ចូល​មក​ដល់​ក្នុង​វត្ត​តែ​មួយ​ភ្លែត​ទេ ប្រហែល​១០​នាទី ហើយ​ក៏​ត្រឡប់​ចេញ​ទៅ​វិញ​ដោយ​មាន​ទាហាន​កម្ពុជា​នាំ​ផ្លូវ​ពួកគេ​រហូត​។​ក្រៅ​ពី​ការ​ថ្វាយបង្គំ ក្រុម​ទាហាន​ថៃ​មិន​បាន​ពិភាក្សា និង​លើក​សំណើ​អ្វី​នោះឡើយ​។​

​ក្នុង​ពេល​កន្លងមក មេបញ្ជាការ​កងទ័ព​ថៃ​ធ្លាប់បាន​លើក​សំណើ​មក​ខាង​កម្ពុជា ដើម្បី​បញ្ជូន​ទាហាន​ថៃ​មកឈ​ជើង​នៅ​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈឡើងវិញ ប៉ុន្តែ កម្ពុជា​បាន​បដិសេធ​យ៉ាង​ដាច់អហង្ការ​។ បញ្ហា​នេះ​បានធ្វើអោយ​ថៃ​បង្កើន​កំលាំង​ទ័ព​របស់​ពួកគេ ហើយ​យោធា​កម្ពុជា​បាន​ស្ថិតនៅក្នុង​ភាព​ប្រុង​ជើងការ​ខ្លាំង​។ គេ​មិនដឹងថា​ថៃ​ចង់​ចូល​មក​ទីនោះ​ដើម្បី​អិវី​ទេ​៕
 
ដោយ : សម្បត្តិ CEN

ក្រុមហ៊ុន EZECOM បំភ្លឺ​ថា មិន​មាន​ការ​បិទ​គេហទំព័រ​ណា​មួយ​ឡើយ

ភ្នំពេញ ៖ យោង​តាម​លិខិត​បញ្ជាក់​របស់​ក្រុមហ៊ុន EZECOM ដែល​កម្ពុជា​ថ្មី​ទទួល​បាន​នៅ ល្ងាច​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១១​នេះ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន EZECOM ពុំ​បាន​បិទ(block) គេហទំព័រ ណាមួយ ឬ​ទទួល​បទ​បញ្ជា ឬ​ការ​ណែ​នាំ​ណា​មួយ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បិទ​គេហទំព័រ​ណា​មួយ នោះ​ឡើយ។ អ្វី​ដែល​យើង​លើក​ឡើង​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង បណ្ដា​សារព័ត៌មាន​ទាំង​ឡាយ ដែល​បាន​ផ្សព្វផ្សាយ​កាល​ពី​ព្រឹក​ម៉ិញ ទាក់​ទិន​ទៅ​នឹង​បញ្ហា​ខាង​លើ។
លោកPaul Blanche-Horgan បានបញ្ជាក់ថា ក្រុមហ៊ុន EZECOM ពិតជា​ជួប​នូវ​បញ្ហា​បច្ចេក​ទេស មួយចំនួនមែន​កាលពីម្សិលមិញ ដែលអាចជាដើមហេតុ​នាំ​ឲ្យ​មានបញ្ហា ដល់អ្នកប្រើប្រាស់ មួយចំនួន។ បញ្ហាទាំងនេះ ត្រូវបាន​ដោះស្រាយ​រួចរាល់​កាលពី​វេលាម៉ោង​២០​និង​៣០​នាទី​យប់ ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១១។

លោកPaul Blanche-Horgan បានលើកឡើងថា «នៅ​ក្នុង​សេចក្ដីរាយការណ៍​មួយ​ចំនួន​បញ្ជាក់ ថា បុគ្គលិក​បម្រើ​សេវា​អតិថិជន​របស់​ក្រុមហ៊ុន EZECOM បាន​អះអាង​ថា យើង​ទទួល​បាន​បទ​បញ្ជា​នេះ​ពី​រដ្ឋាភិបាល។ ដូច្នេះ ក្នុង​នាម​ជា​អគ្គនាយក​ក្រុមហ៊ុន EZECOM ខ្ញុំ​សូម​ប្រកាស​ជា​ផ្លូវការ​ថា យើង​ពុំ​បាន​ទទួល​បទ​បញ្ជា​ណា​មួយ ឬ​ក៏​ធ្វើ​សកម្មភាព​ណា​មួយ​ក្នុង​ការ​បិទ​គេហទំព័រ​ណា​មួយ ឡើយ»៕
កោះកែវ

កម្លាំង​ចម្រុះ​អាជ្ញាធរ​ខេត្ត​ចុះ​អនុវត្ត​ការ​ងារ​រុះ​រើ​សំណង់​អនាធិបតេយ្យ​រឹប​អូស​បាន​ឈើ​ប្រណិត​មួយ​ចំនួន​ធំ

ព្រះវិហារ​ ៖ នៅ​ថ្ងៃ​ទី​១៧​ដល់​១៩​ខែ​មករា​ឆ្នាំ​២០១១​កម្លាំង​ចំរុះ​ដឹក​នាំ​ដោយ​លោក​សថាវី​អភិបាល​រង​ខេត្ត​លោក​ឧត្ដម​វរសេនីយ៍ត្រី​ស្រី​បូ​រ៉ា​មេ​បញ្ជាការ​រង​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣​លោក​ ប៉ុល ខាំណារ៉េត នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​និង​លោក ថុល គឹមហុង ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បាន​ចុះ​ទៅ​ធ្វើ​ប្រតិបត្តិការ​ពិសេស​ចុះ​រុះ​រើ​សំណង់​អនាធិបតេយ្យ​បាន​ចំនួន​៩៧​កូន​ខ្ទម​ដែល​ពុំ​មាន​មនុស្ស​រស់​នៅ​សង់​ទុក​ចោល​តាម​ប្លង់​ដី​នីមួយ​ៗ​ស្ថិត​នៅ​ចំណុច​ស្វាយ​ជ្រុំ​ក្នុង​ភូមិ​ឬស្សី​ឃុំ​កន្ទួត​ស្រុក​ជាំ​ក្សាន្ត​។
លោក​អភិបាល​រង​ខេត្ត​បញ្ជាក់​ទៀត​ថា​ក្នុង​ការ​ចុះ​អនុវត្ត​ការ​ងារ​ខាង​លើ​កម្លាំង​ចម្រុះ​បាន​ជួប​ប្រទះ​ការ​លាក់​ស្តុក​ទុក​បទ​ល្មើស​ព្រៃ​ឈើ​មាន​ដូច​ជា​ឈើ​ក្រញូង​បេង​នាង​នួន​ធ្នង់​ គគីរ​នៅ​តាម​ផ្ទះ​និង​សិប្បកម្ម​របស់​ជន​ល្មើស​ឈ្មោះ​ វ៉ាន់​ទឹង ​និង​ឈ្មោះ​ គិន​ចាន់​ថា ​ហៅ ​សាំង​សន​ ដែល​លួច​ធ្វើ​ការ​កែ​ច្នៃ​ឈើ​គ្រញូង​មាន​រាង​ជា​ដុំ​ទ្រវែង​មាន​កម្រាស់​ពី​៨​ទៅ​១០​សង់ទីម៉ែត្រ​ប្រវែង​៦​ទៅ​៨​តឹក​ចំនួន​១៦​ការុង​ក្នុង​១​ការុង​មាន​ទម្ងន់​៦០​ទៅ​៧៤​គីឡូ​ក្រាម​ដើម្បី​លួច​លាក់​ដឹក​យក​ទៅ​លក់​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់​ដោយ​រឹប​អូស​បាន​ជញ្ជីង​ថ្លឹង​ទម្ងន់​១០០​គីឡូ​ក្រាម​ចំនួន​១​និង​គោយន្ត​ច្នៃ​ចំនួន​១​ពេល​នេះ​គំនរ​ឈើ​ប្រណិត​និង​វត្ថុ​តាង​បាន​យក​ទៅ​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​កន្ទួត​។
ចំណែក​ជន​ល្មើស​ទាំង​២​នាក់​ខាង​លើ​ត្រូវ​បាន​មន្ត្រី​តុលាការ​ចេញ​ដី​កា​តាម​ចាប់​ខ្លួន​យក​មក​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​ផង​ដែរ​។
គួរ​បញ្ជាក់​ថា​សំណង់​ប្រជា​ពល​រដ្ឋ​កំពុង​រស់​នៅ​គឺ​ក្រុម​ការ​ងារ​នឹង​អោយ​ពួក​គាត់​ទៅ​រស់​នៅ​ក្នុង​ភូមិ​ធម្មជាតិ​សម្ដេច​តេ​ជោ​វិញ​ដោយ​ទទួល​បាន​ប្លង់​ដី​ទំហំ​១០០​ម៉ែត្រ​គុណ​៥០​ម៉ែត្រ​ក្នុង​១​គ្រួសារ​៕
មង្គល

សហភាព​អឺរ៉ុប​ផ្តល់ជំនួយ ២,៦ លាន​ដុល្លារ​ដល់​គម្រោង​សន្តិសុខ​ស្បៀង​ថ្មី​ចំនួន ២

ភ្នំពេញ​: សហភាព​អឺរ៉ុប​បាន​សម្រេច​ផ្តល់​ទឹកប្រាក់​បន្ថែមចំនួន ២ លាន​អឺរ៉ូ ស្មើនឹង ២,៦ លាន ដុល្លារ​អាមេរិក​ជួយ​ដល់​គម្រោង​សន្តិសុខ​ស្បៀង​ថ្មី​ចំនួន ២​ដើម្បី​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការខិតខំ​ប្រឹងប្រែង​កាត់បន្ថយ​ភាពក្រីក្រ​និង​ភាពខ្វះ​ស្បៀង​នៅ​កម្ពុជា​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ចេញផ្សាយ​ថ្ងៃ​ទី ២០ ខែ មករា​នេះ​បាន​ឱ្យដឹងថា នៅ​ខែ មករា ឆ្នាំ ២០១១ នេះ សហភាព​អឺរ៉ុប​បាន​ពង្រីក​បន្ថែម លើ​ការប្តេជ្ញាចិត្ត​ដែល​មាន​ស្រាប់​របស់​ខ្លួន​ដើម្បី​ជួយ​ដល់​កិច្ច​ខិតខំ​របស់ រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការកាត់បន្ថយ​ភាព ក្រីក្រ និង​ភាពខ្វះខាត​ស្បៀង​នៅ​កម្ពុជា​។​

​ក្នុង​គោលដៅ​នេះ បាន​ផ្តល់​នូវ​ជំនួយឥតសំណង ដល់​គម្រោង​ចំនួន​ពីរ​ដែល មាន​ទឹកប្រាក់ ១ លាន​អឺរ៉ូ (​ត្រូវជា ១,៣ លាន​ដុល្លា​សហរដ្ឋអាមេរិក​) សំរាប់​ម្រោង​នី​មួយៗ​ដល់​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ (FAO) និង​អង្គការ​អភិវឌ្ឍន៍ កសិកម្ម​ដា​ណឺ​ម៉ាក​-​អាស៊ី (ADDA) ។ 

​ជំនួយ​ឥត​សំណង​នេះ នឹង​យកទៅ​អនុវត្ត​លើ​គម្រោង​សន្តិសុខ ស្បៀង​ថ្មី​ចំនួន​ពីរ​ដើម្បី​ជួយ​ដល់ ប្រជាជន​ក្រីក្រ​រស់នៅ​តំបន់​ក្រុង និង​ជាយក្រុង​នៃ​រាជធានី​ភ្នំពេញ និង​ក្រុង សៀមរាប ។ តាមរយៈ​ជំ​នួន​នេះ សហភាព​អឺរ៉ុប បាន​ដើរតួនាទី​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​មួយ​លើ​វិស័យ​សន្តិសុខ ស្បៀង​នៅ​កម្ពុជា ។

​    ​គម្រោង​ថ្មី​ទាំងពីរ​នេះ​បង្ហាញ​អំពី​យុទ្ធសាស្ត្រ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​សម្រាប់​ដោះស្រាយ បញ្ហា​សន្តិសុខ​ស្បៀង ដោយ​ផ្តោត​ជា​សំខាន់​ទៅលើ​ប្រជាជន​ទីក្រុង និង​ទេសន្តរប្រវេសន៍ ដែលមាន លទ្ធភាព​មាន​កំរិត ក្នុង​ការផលិត និង​/​ឬ​ទិញ​ស្បៀង​ដែល​ជា​តម្រូវការ​ចាំបាច់​សម្រាប់ គ្រួសារ​របស់​ពួកគេ​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​នោះ​បាន​បន្តថា​គម្រោង​ទី​មួយ​ដែល​ត្រូវ​អនុវត្ត​ដោយ​អង្គការ អភិវឌ្ឍន៍ កសិកម្ម​ដា​ណឺ​ម៉ាក​-​អាស៊ី​មាន​គោលបំណង​បង្កើន​លទ្ធភាព​ទទួលបាន​ស្បៀង​ប្រកប ដោយ​និរន្តរភាព​ដល់​គ្រួសារ​ក្រីក្រ​នៅ​ជាយក្រុង​និង​ក្រុង​សៀមរាប តាមរយៈ (១) ការបង្កើន​ប្រាក់ចំណូល​ទូទៅ​ដល់​គ្រួសារ​ក្រីក្រ (២) ការកាត់បន្ថយ​ចំណាយ​ទៅលើ​ស្បៀង និង​ការកែលម្អ​គុណភាព​ស្បៀង តាមរយៈ​ការផលិត​ស្បៀង​ជា លក្ខណៈ​គ្រួសារ និង (៣) ការបង្កើន សមត្ថភាព​ដល់​ជន​ងាយ​រងគ្រោះ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា វិបត្តិ​សេដ្ឋកិច្ច តាមរយៈ យន្តការ​សមាហរណកម្ម និង​ការពារ​ផ្នែក​សង្គមកិច្ច​ឱ្យបាន​កាន់តែ​ប្រសើរឡើង​។​

​គម្រោង​នេះ​នឹង​ត្រូវ​អនុវត្ត ចាប់ពី​ខែ មករា ឆ្នាំ ២០១១ រហូតដល់​ខែ មិថុនា ឆ្នាំ ២០១៤ ដោយ សហការ​ជាមួយនឹង សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ (​ជ​ហាន​តិ​រេស ចែ​លៀសេ ដេ ធៀរ​មាតិ​នៀ ភ​រៀថ​សេសិ​នៀន​លេ​លេ​) និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ខេត្តសៀមរាប ។​

​គម្រោង​ទី​ពីរ​ដែល​ត្រូវ​អនុវត្ត​ដោយ​អង្គការ FAO មាន​គោលបំណង​លើកកម្ពស់​សន្តិសុខ​ស្បៀង សុវត្ថិភាព​ស្បៀង និង​អាហារូបត្ថម្ភ ដល់​ប្រជាជន​ក្រីក្រ និង​ជន​ងាយ​ទទួល​រងគ្រោះ ដែល​រស់​នៅ​រាជធានី​ភ្នំពេញ និង​នៅ​តំបន់​ជាយក្រុង នៅ​តាម​ដង​ទន្លេ​ជាប់​នឹង​រាជធានី​ភ្នំពេញ តាមរយៈ ការជួយ​ដល់ សហគ្រាស​ខ្នាត មធ្យម និង តូច ដោយ​ភាគច្រើន​ផ្តោត​ទៅលើ​វារីវប្បកម្ម និង​ការកែច្នៃ​ស្បៀង ដែល​នឹង បង្កើត​ប្រាក់ចំណូល​សម្រាប់​ទិញ​ស្បៀង​ដែល​មាន​សុវត្ថិភាព និង​គុណភាព​ខ្ពស់ ហើយ​និង តាមរយៈ​ការ បញ្ជ្រាប​អន្តរាគមន៍​ស្តីពី​សុវត្ថិភាព​ស្បៀង ចាប់ពី​ដំណើរការ​ផលិត​រហូត​ពាណិជ្ជ​ភាវូបនីយកម្ម ។ 

​គម្រោង នេះ​នឹង​ត្រូវ​អនុវត្ត ចាប់ពី​ខែ មករា ឆ្នាំ ២០១១ រហូតដល់​ខែ មករា ឆ្នាំ ២០១៤ ដោយ​សហការ​ជាមួយនឹង រដ្ឋបាល​ជលផល  មន្ទីរ​កសិកម្ម​រុក្ខា​ម្រាញ់ និង​នេសាទ​រាជធានី​ភ្នំពេញ និង​ទីស្នាក់ការ​រដ្ឋបាល ជលផល​រាជធានី​ភ្នំពេញ​៕
 
ដោយ : សម្បត្តិCEN

លោក​សៅ សុខា​បញ្ជា​ឱ្យ​បញ្ជូន​ខ្លួន សំបូរ ចន្ទ័​វណ្ណា មក​តុលាការ​

ភ្នំពេញ​: លោក សៅ សុខា មេ​បញ្ជា​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​មិន​ព្រម​ឱ្យ​មាន​ការសម្របសម្រួល​ក្រៅ​ប្រពន្ធ​តុលាការ​រឿង​បាញ់​បោះ​របស់​ប៉េអឹម​ឈ្មោះ សំបូរ ចន្ទ័​វណ្ណា ហៅ​សិលា​ទេ​។ 

​លោក​បាន​បញ្ជា​យ៉ាង​ដាច់​ណាត់​ទៅ​លោក​យ៉ា គឹមអ៊ី មេបញ្ជាការ​ប៉េអឹម​ក្រុង​ឱ្យ​ចាប់​បញ្ជូន​ខ្លួន​ប៉េអឹម​រូបនេះ​មក​តុលាការ​ជា​បន្ទាន់ដោយ​មិន​អាច​អត់ឱន​ឡើយ​។ មុន​នេះ​បន្តិចជនរងគ្រោះ​ដោយ​ការបាញ់បោះ​របស់​ប៉េអឹម​ក្រុង​ម្នាក់​ត្រូវបាន​សម្របសម្រួល​ត្រឹម​សងលុយ​។ គ្រួសារ​ជនរងគ្រោះ​បាន​សុខចិត្ត​ដក​ពាក្យបណ្តឹង​ដោយ​សុំ​មិន​ឱ្យ​តុលាការ​ផ្តន្ទាទោស​ជនល្មើស​ឡើយ​បន្ទាប់ពី​ទទួលបាន​សំណង​៥០០០​ដុល្លារ​។ ប៉ុន្តែ លោក សៅ សុខា មិន​ព្រម​ឱ្យ​មាន​ការ​ស​ប្រប​សម្រួល​ទេ​។​

​សូម​រំលឹក​ថា ជនល្មើស​បាន​បាញ់​ទៅលើ​ស្ត្រី​ម្នាក់ ដែលជា​អ្នកលក់ដូរ​គ្រឿងក្រអូប គ្រឿង​ប្រាក់ និង​គ្រឿង​កាលៃ នៅ​ផ្សារ​ចាស់ បណ្តាលឲ្យ​របួស​ជើងឆ្វេង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី​១៨ មករា ២០១១​។​

 ស្ត្រី​ដែល​រងគ្រោះ ដោយ​ការបាញ់ឲ្យ​បាក់​ជើង​ឆ្វេង​ឈ្មោះ ស្រី និច អាយុ ១៨​ឆ្នាំ លក់​គ្រឿងក្រអូប និង​គ្រឿង​កាលៃ តូប​លេខ​១៦​ផ្សារ​ចាស់ ។ ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា​។ ជនល្មើស សំបូរ ចន្ទ័​វណ្ណា ហៅ​សិលា​មាន​អាយុ​២៤​ឆ្នាំ​៕

ដោយ : រតនា CEN

រោងចក្រ​ស្ករស​នៅ​ខេត្តក្រចេះ​ចាប់ផ្តើម​បើក​ការដ្ឋាន​

ក្រចេះ: ​ក្រុមហ៊ុន Kamad Hennu Venture មកពី​ប្រទេស​ឥណ្ឌា បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​១៩ មករា ឆ្នាំ​២០១១​នេះ មាន​ទីតាំងនៅ​ស្រុក​សំបូរ ខេត្តក្រចេះ ដែលជា​រោងចក្រ​ផលិត​ស្ករស​ថាមពល​អគ្គិសនី និង អេតាណុល ដោយមាន​ចូលរួម​របស់លោក​ឧបនាយករដ្ឋមន្ត្រី​គាត ឈន់ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​, លោក​អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​, អ្នក​វិនិយោគិន​ឥណ្ឌា​និង​ក្រុមមន្ត្រី​ជាច្រើនរូប​ទៀត ។​
​    
​លោក​ឧបនាយករដ្ឋមន្ត្រី​គាត ឈន់ មានប្រសាសន៍ថា ការបើក​ការដ្ឋាន​សង់រោង​ចក្រ​ផលិត​ស្ករស​ថាមពល​អគ្គិសនី និង អេតាណុល​នាពេលនេះ ជា​សមិទ្ធផល​ថ្មី​នឹង​រួមចំណែក​ប្រកបដោយ​ចីរភាព​ដល់​កិច្ច​អភិវឌ្ឍ​និង​លើក​ កំពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ ហើយក៏​បានប្រែក្លាយ​តំបន់​នេះ​ទៅជា​មូលដ្ឋាន​ផលិតកម្ម​មួយ​នៃ​ផលិតផល​ស្ករស​ និង​ថាមពលអគ្គីសនី ។ លោក​បាន​មានប្រសាសន៍ថា កម្ពុជា​ពិតជា​មាន​សក្តានុពល​ដ៏​ខ្លាំងក្លា​លើ​ការដាំដុះ​ដំណាំ​អំពៅ​ សម្រាប់​កែច្នៃ​ជា​ស្ករស​ស្របគ្នា​ទៅនឹង​ការប្តេជ្ញាចិត្ត​ក្នុង​ដំណើរ​ ឆ្ពោះទៅមុខ​របស់​កម្ពុជា​លើ​ការអភិវឌ្ឍ​វិស័យ​ឯកជន​ដូចជា​ការជំរុញ​ លើកទឹកចិត្ត​ដល់​ការវិនិយោគ​។​

​លោក​បាន​មាន​ប្រសា​ន៍​បន្ថែមថា យើងទាំងអស់គ្នា​ពិត​ជាមាន​មោទនភាព​ចំពោះ​សមិទ្ធផល​ថ្មី​នេះ​ពីព្រោះថា​ កាលានុវត្តភាព​ថ្មីៗ​ជាច្រើន​លើ​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​នឹង​កើតឡើង​ ព្រម​គ្នា ក្នុងនោះ​មានការ​បង្កើន​ផលិតភាព​ជាតិ​ការបង្កើត​ការងារ​ថ្មីៗ​និង​ការបង្កើត ​មុខរបរ​ចិញ្ចឹមជីវិត​។​
​   
 ​លោក​អាណាន់ ដា​កកូ​ម៉ា ប្រធាន​ក្រុមហ៊ុន Kamad Hennu Ven ture បាន​មានប្រសាសន៍ថា ការដ្ឋាន​នេះ​នៅពេល​សង​សង់​រួច រោងចក្រ​នឹង​អាច​ផលិត​ស្ករស​បាន​ប្រមាណ ១០០.០០០ តោន ក្នុង​មួយឆ្នាំ ។ ហើយ​រោងចក្រ​នេះ​ក៏មាន​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី​បាន ចំនួន ២៦ មេ​ហ្គា​វ៉ា​ត់ ជា​រៀងរាល់​ម៉ោង និង​ផលិត​ចេញ​ជា​អេតាណុល​បាន​ចំនួន ៣៥.០០០ លីត្រ ក្នុង​មួយថ្ងៃ ហើយ​នៅក្នុង​រយះពេល ៥ ទៅ ៧ ឆ្នាំ ទៀត​រោងចក្រ​នេះ​នឹងមាន​សមត្ថភាព​ផលិត​កើនឡើង​ខ្ពស់​ជា​បន្តបន្ទាប់​សំរាប់​ បំពេញ​សេចក្តីត្រូវការ​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាជន និង ប្រែក្លាយ​តំបន់​នេះ​ទៅជា​តំបន់​អភិវឌ្ឍន​ថ្មី​មួយ​នៅ​ភូម​ភាគ​នេះ ។​
​    ​    ​
​    ​មកទល់ពេលនេះ​ប្រទេស​កម្ពុជា​បាននិងកំពុង​ក​សា​រោងចក្រ​ស្ករអំពៅ​បាន​ ប្រមាណ​ជា ៣​កន្លែង​ហើយ មួយ​នៅ​កោះកុង កំពង់ស្ពឺ និង​ខេត្តក្រចេះ​៕

ដោយ : បរិបូណ៍ CEN

រៀបចំ​យុទ្ឋសាស្ត្រ​ការពារ​កុមារ​នៅ​តំប​ន់​ជុំវិញ​បឹង​ទន្លេសាប​កុំឱ្យ​លង់ទឹក​

ភ្នំពេញ​: គណៈកម្មការ​អន្តរក្រសួង​ក្រសួង​ដែល​មាន​ក្រសួង​សុខាភិបាល ក្រសួង​អប់រំ យុវជន និង​កី ទ្បា ក្រសួងមហាផ្ទៃ និង​ក្រសួង​កិច្ចការនារី បាន​ជួបប្រជុំ​គ្នា​នៅ​ថ្ងៃ​ព្រហស្បត៍ទី​២០​មករា​កន្លង​នេះ ដើម្បី​រិះរក​វិធី​និង​យុទ្ឋសាស្ត្រ​ធ្វើ​យ៉ាងណា​ទប់ស្កាត់​កុំឱ្យ​កុមារ​គ្រោះថ្នាក់​ដោយសារ​លង់ទឹក នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​។​

​លោក​ប៉ែន សារឿន​ប្រធាន​នាយកដ្ឋាន​សុខភាព​សិក្សា នៃ​ក្រសួង​អប់រំ ដែល​ជា​នាយកដ្ឋាន ជំនាញ​បាន​មានប្រសាសន៍ថា កន្លងទៅ ជារឿយៗ​កុមារ​តែង​ស្លាប់​ដោយ សារ​ការ​លង់ទឹក​​នៅតាម​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​។  

ដូច្នេះ​យើង​កំពុង​ពិភាក្សា​ស្វែងរក​យុទ្ឋវិធី​ដើម្បី​ទប់ស្កាត់ កុំឱ្យ​មាន​កុមារ​រងគ្រោះ​ដោយ​ការ​លង់ទឹក​ទៀត​។ លោក​បន្ត​ថា​ការអប់រំ​ប្រជាជន​ឱ្យ​យល់ ពី​សារៈសំខាន់​នៃ​ការ​ថែ​រទាំ និង​យកចិត្តទុកដាក់​ចំពោះ​កុមារ​គឺជា​វិធី​ដ៏​សំខាន់​ដើម្បី ឱ្យ​ពួកគេ​គេចផុត​ពី​គ្រោះថ្នាក់​ដោយសារ​ការ​លង់​ទឹក​។ 

​មេឃុំ​កំពង់​ហាវ​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង​លោក​ស្រី មាស ចាន់ថន​ដែល​បាន​មក​ចូល រួម​កិច្ចប្រជុំ​នោះ​បាន​មានប្រសាសន៍​ឱ្យដឹងថា ក្នុង​ឃុំ​របស់​លោកស្រី​មាន​កុមារ​ស្លាប់​ចំនួន​៥​នាក់​ដោយសារ​ការ​លង់​ទឹក​នៅ​ឆ្នាំ​២០១០​កន្លងទៅ​។ រីឯ​ឆ្នាំ​២០០៨​មាន​២​នាក់ និង​ឆ្នាំ​២០០៩មិន​មាន​កុមារ​ណា​ម្នាក់​ស្លាប់ ដោយសារ​ការ​លង់ទឹក​ទេ​។ 

​លោកស្រី​បាន​បន្តថា​ឃុំ​កំពង់​ហាវ​ដែលមាន​ភូមិ​ចំណុះ​ចំនួន​៦​លិច​ទឹក​៦​ខែ​និង​គោក​៦​ខែ ជាហេតុ​ធ្វើឱ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​កុមារ​ដោយសារ​ការ ធ្វេសប្រហែស​របស់​ឪពុក​ម្តាយ​របស់​ពួកគេ​។ លោក​បន្តថា​កន្លងមក​មាន​ការជួយ​ផ្តល់​អាវ​ពោង សុវត្ថិភាព​ពី​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​ទស្សន​ពិភពលោក​ផង​ដែរ ប៉ុន្តែ​មិន​បាន គ្រប់​ចំនួន​នោះទេ​។​

​លោកស្រី​មាស ចាន់ថន​បាន​មានប្រសាសន៍ថា នៅ​ខែវស្សា​ដែល​ភូមិ​ទាំងមូល​ត្រូវ​លិច​ទឹក មិន​ត្រឹមតែ​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​កុមារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ស្ថានភាព​នេះ​បាន​រំខាន​ការរៀន សូត្រ​របស់​កុមារ​នៅ​តាម​សាលា​មតេយ្យ និង​បឋមសិក្សា​មួយចំនួន​ផង​ដែរ​ដោយសារ​ឪពុកម្តាយ មិន​ហ៊ាន​បណ្តោយ​កូន​ឱ្យ​អុំទូក​ទៅ​សាលារៀន​ដែល​សង់​កណ្តាល​ទឹក​។​

​លោកស្រី​អះអាងថា លោក​ស្រី​នឹង​ហៅ​មេភូមិ​មក​ណែនាំ​ដើម្បី​ចុះ​អប់រំ ប្រជាជន​ក្នុង​មូលដ្ឋាន​ដើម្បី​ឱយ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​កុមារ ដែល​ងាយ​រងគ្រោះ​ដោយសា រការ​លង់ទឹក​៕

ដោយ : សម្បត្តិ CEN

ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​ប្រឈម​នឹង​ការផ្តាច់​អគ្គិសនី ដោយសារ​ជំពាក់​លុយ​គេ​

ស្វាយរៀង: ​ចុងខែ​មករា ឆ្នាំ​២០១១​នេះ ទីស្នាក់ការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​អាច​នឹងត្រូវ​ខាង​អគ្គិសនី​ ខេត្តស្វាយរៀង​ធ្វើការ​ផ្អាក​ការផ្គត់ផ្គង់​ចរន្តអគ្គិសនី​ជា​បណ្តោះអាសន្ន បើតាម​ការ​ឱ្យដឹងពី​មន្ត្រី​ផ្នែក​អគ្គិសនី​ខេត្តស្វាយរៀង កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១១ ។​

    ​លោក ស៊ឹម ស៊ីធរ ប្រធាន​អគ្គិសនី​កម្ពុជា​ខេត្តស្វាយរៀង​បាន​បន្តថា ចាប់ពី​ចុងឆ្នាំ​២០០៦ មកទល់​និង​ខែវិច្ឆិកា ឆ្នាំ​២០១០​នេះ ខាង​ទីស្នាក់ការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​បាន​ជំពាក់​ប្រាក់​ថ្លៃ​ ប្រើប្រាស់​ចរន្តអគ្គិសនី​កម្ពុជា​ខេត្តស្វាយរៀងចំនួន៧២២. ៥៨៥.០០០​រៀល ហើយ​បើ​ពុំ​ទូទាត់​ថវិកា​ឱ្យ​នោះទេ​ខាង​អគ្គិសនី​នឹងធ្វើ​ការផ្តាច់​ភ្លើង​ តែ​ម្តងនា​ចុងខែ​នេះ ។​
 
   ​មន្ត្រី​ដដែល​បានឱ្យដឹង​ទៀតថា រហូតមកដល់​ថ្ងៃនេះ​នៅ​ពុំទាន់​មានការ​ឆ្លើយតប​នៅឡើយ ហើយក៏​ពុំទាន់​បាន​សង​រំ​លោះ​នោះដែរ ។ ចំពោះ​ការ​កាត់ផ្តាច់​ចរន្តអគ្គិសនី​នាពេលខាងមុខ​នេះ គឺ​ផ្តាច់​តែ​ទីស្នាក់ការ​ច្រកទ្វារព្រំដែន​តែប៉ុណ្ណោះ ពុំ​ប៉ះ ពាល់​ដល់​ភ្លើង​បំភ្លឺ​តាម​ដងផ្លូវ​សាធារណៈ​នោះឡើយ ។​
​  
  ​ចំណែក​មន្ត្រី​មួយរូប​ដែល​បំរើ​ការងារ​នៅ​ទីស្នាក់ការ​ព្រំដែន​អន្តរជាតិ​បាវិតបានឱ្យដឹង ថា រឿង​ថ្លៃ​ជំពាក់​អគ្គិសនី​នោះ​ខាង​ទីស្នាក់ការ​បាន​រាយ​ការ​ណ៏​ជូន​ថ្នាក់លើ ​ហើយ ប៉ុន្តែ​ខាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពុំទាន់​ទំលាក់​ប្រាក់​ដើម្បី​យក មក​ទូទាត់​ថ្លៃ​អគ្គិសនី​នោះទេ ។​
​  
  ​ពាក់ព័ន្ធ​និង​ករណីនេះ​ខាង​សាលាខេត្ត​ស្វាយរៀង​ក៏បាន​ធ្វើលិខិត​លេខ ១១ ល​.​ខ ចុះ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១១ គោរព​ជូន​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដើម្បី​សុំ​ថវិកា​ទូទាត់​សោហ៊ុយ​ប្រើប្រាស់​ ថាមពល​អគ្គិសនី ជូន​ទីស្នាក់ការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​ផងដែរ ។ នៅក្នុង​លិខិត​លេខ ១១ ល​.​ខ របស់​សាលាខេត្ត​ស្វាយរៀង​បានឱ្យដឹង​ទៀតថា យោង​លិខិត​លេខ ១៤៥ អ​.​ក​.​ស្វរ ចុះ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១០ របស់​អគ្គិសនី​ស្វាយរៀង និង​យោង​លិខិត​លេខ ៣៨ ល​.​ប​.​វ ចុះ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១០ របស់​ទីស្នាក់ការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​ខេត្តស្វាយរៀង​នាពេល​ បច្ចុប្បន្ន​បាន​ប្រើប្រាស់​ថាមពល​អគ្គិសនី របស់​អគ្គិសនី​ស្វាយរៀង​ចាប់ពី​ខែមករា ឆ្នាំ​២០០៦ រហូតមកដល់​ខែវិច្ឆិកា ឆ្នាំ​២០១០​នេះ​អស់​ទឹកប្រាក់​ចំនួន ៨៨២. ០៥០.០០០​រៀល ក្នុងនោះ​សាលាខេត្ត​បាន​យក​ថវិកា​រដ្ឋបាល​រប​ស់​សាលាខេត្ត​ធ្វើការ​ទូទាត់​ ជូន​ដល់​អគ្គិសនី​ស្វាយរៀង​ចំនួន ៤​លើក ស្មើនឹង​ទឹកប្រាក់​ចំនួន ១៥៩.៤៦៥.០០០​រៀល នៅ​ខ្វះ​បំណុល​ចំនួន ៧២២.៥៨៥.០០០​រៀល​ទៀត​ពុំទាន់​ទូទាត់ ។ 

    ​យ៉ាងណាក៏ដោយ​ខាង​អគ្គិសនី​ស្វាយរៀង​នឹង​ធ្វើការ​កាត់ផ្តាច់​ចរន្តអគ្គិសនី​ ទីស្នាក់ការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​នាពេល​ឆាប់ៗ​ខាងមុខនេះ បើ​ពុំបាន​ធ្វើការ​ទូទាត់​សោហ៊ុយ​ប្រើប្រាស់​ថាមពល​អគ្គិសនី​នោះទេ ជាហេតុ​ធ្វើឱ្យ ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​ប្រឈម​នឹង​ការ​ គ្មាន​អគ្គិសនី​ប្រើប្រាស់​នាពេល​ឆាប់ៗ​ខាងមុខនេះ ៕

ដោយ : ចន្រ្ទា CEN

មេទ័ព​ព្រះវិហារ​បញ្ចៀស​ការ​ប្រឈម សម្រេច​ឲ្យ​មេ​ទ័ព​សៀម​និង​ចៅហ្វាយ​ខេត្ត​ស៊ីសាកេត ចូល​អុជ ធូប​ក្នុង​វត្ត

ព្រះវិហារ ៖ មេ​ទ័ព​កម្ពុជា​ប្រចាំ​ប្រាសាទ​ព្រះវិហារ លោក​ឧត្ដម​សេនីយ៍​ទោ ស្រី ឌឹក បាន​ប្រាប់ កម្ពុជា​ថ្មី​ថា ស្ថានភាព​នៅ​ព្រំដែន​បាន​វិល​ទៅ​រក​សភាព​ដូច​ដើម​វិញ​ហើយ ក្រោយ​ពី​តាន​តឹង​រយៈ ពេល​ប៉ុន្មាន​ម៉ោង​កាល​ពី​ព្រឹក។
លោកស្រី ឌឹក និយាយ​ថា​ ដើម្បី​បញ្ចៀស​ការ​ប្រឈម យើង​សុខ​ចិត្ត​ឲ្យ​មេ​ទ័ព​ថៃ​ភូមិ​ភាគ​៤ និង​កង​ពល​លេខ​៦ រួម​ដំណើរ​ជាមួយ​ចៅហ្វាយ​ខេត្ត​ស៊ីសាកេត សរុប​ទាំងអស់​៧​ទៅ​៨​នាក់ បាន​ដើរ ចូល​តាម​ច្រក​ខាង​ក្រៅ​ប្រាសាទ ឡើង​មក​អុជ​ធូប​នៅ​លើ​វត្ត​កែវសិក្ខាគីរីស្វារៈ រួច​ហើយ​បន្ត​ទៅ​អុជ ធូប​នៅ​ប្រាសាទ​តូច ក៏​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​តែ​ជាង​១០​នាទី​ប៉ុណ្ណោះ។
ឥឡូវ ស្ថាន​ភាព​ជា​ទូទៅ​នៅ​ប្រាសាទ​ព្រះវិហារ មាន​សភាព​ធូរ​ស្រាល​ឡើង​វិញ តែ​កង​ទ័ព មាន​​ការ​ប្រុង​ប្រយ័ត្ន៕
ឫទ្ធី

វិមានឯករាជ្យ​ខេត្ត​ព្រះសីហនុ នឹងមាន​រូប​ព្រះ​ពុទ្ធបដិមា​ដ៏​ធំ​មួយ​ដើម្បី​គោរពបូជា



ព្រះសីហនុ: ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ មានការ​ភ្ញាក់ផ្អើល និង​សប្បាយចិត្ត​យ៉ាងខ្លាំង ដែល​អាជ្ញាធរខេត្ត​បាន​ជាវ​រូប​ព្រះពុទ្ធ​បដិមា​ដ៏​ធំ​មួយ មក​តម្កល់​នៅ​វិមានឯករាជ្យ​ខេត្ត​ព្រះសីហនុ ដែល​ពួកគាត់​ចង់បាន​កន្លែង​នេះ​ជា​កន្លែង​គោរព​សក្ការៈបូជា ។ ការតម្កល់​ព្រះ​បដិមា​ដ៏​ធំ​នេះ ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១១ នេះ ។​

​    ​មន្ត្រីខេត្ត​ព្រះសីហនុ​ឲ្យ​ដឹងថា រូ​បបដិមា​នេះ​អាជ្ញាធរខេត្ត​បាន​ជាវ​មកពី​ខេត្តកំពង់ធំ​មាន​កម្ពស់ ១១ ម៉ែត្រ ព្រះ​ភ្នែន ៣,៩ ម៉ែត្រ គិត​ជា​ទឹកប្រាក់​អស់​ចំនួន ២៦០០០ ដុល្លារ​អាមេរិក ជាមួយគ្នា​នោះដែរ​ក៏មាន​ជាវ​រូប​បដិមា​ជា​ព្រះសង្ឃ​ឈរ​ចំនួន ១៦ អង្គ​បន្ថែមទៀត ដោយ​ចំណាយ​ជា​ទឹកប្រាក់​ក្នុង​មួយអង្គ ៧៥០ ដុ​លា្ល​រ​អាមេរិក ដូចនេះ​សរុប​ជា​ទឹកប្រាក់​ក្នុងការ​ជាវ​រូប​បដិមា និង​ការចំណាយ​ការដឹកជញ្ជូន​ផង​ទាំងអស់​មាន​ចំនួន​ជាង​បួន​ម៉ឺន​ដុល្លារ​អាមេរិក ។​

​    ​លោក ស្បោង សា​រ៉ា​ត អភិបាលខេត្ត​ព្រះសីហនុ​បាន​ថ្លែងថា នេះ​ជា​មោទនភាព​ណាស់ ដែលមាន​សប្បុរសជន​ជួយ​ក៏​សាង និង​អភិវឌ្ឍន៍​ខេត្ត​ឲ្យ​រីកចំរើន ៕

ដោយ : សមុទ្រ CEN

មន្ត្រី​សិទ្ធិ​មនុស្ស​ម្នាក់​ឡើង​ជ្រញ់​ដោយ​សារ​មាត់​​ដាច​និយាយ​មិន​ពិត

ខេត្ត​កំពង់​ឆ្នាំង ៖ លោក​សំ ច័ន្ទគា មន្ត្រី​សិទ្ធិ​មនុស្ស​អាដ​ហុក​ខេត្ត​កំពង់​ឆ្នាំង​ ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​កោះ​អញ្ជើញ​​ចូល​សវនា​ការ​តាម​បណ្តឹង​របស់​ក្រុម​ហ៊ុន​ខេ ឌី ស៊ី ក្នុង​បទ​ចោទ​ប្រកាន់​​ពី​បទ​បរិហា​កេរ្តិ៍​ ដែល​បាន​ផ្តល់​ព័ត៌​មាន​មិន​ពិត​ដល់​វិទ្យុ​អាស៊ី​សេរី​​យក​ទៅ​ផ្សព្វ​ផ្សាយ​កាល​ពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ។ ក្នុង​អង្គ​សវនា​ការ​មាន​លោក​សាន សុផាត ចៅ​ក្រម​ជំរះ​ក្តី លោក​ហេង លុយ តំណាង​អយ្យ​ការ​ ព្រម​ទាំង​មេធាវី​ដើម​បណ្តឹង​មួយ​រូប មេធាវី​ចុង​ចំលើយ​២​រូប ព្រម​ទាំង​លោក​ថៃ ហ៊ី ភាគី​ដើម​បណ្តឹង​តំណាង​ក្រុម​ហ៊ុន​ខេ ឌី ស៊ី និង​លោក​សំ ច័ន្ទគា ភាគី​ចុង​ចំលើយ។ សវនា​ការ​នេះ​ក៏​បាន​ចូល​រួម​ពី​ក្រុម​អ្នក​សារ​ព័ត៌​មាន​ជាតិ​ជា​ច្រើន​រូប​ផង​ដែរ។
នេះ​ជា​លើក​ទី​១​ហើយ ដែល​មន្ត្រី​សិទ្ធិ​មនុស្ស​អាដ​ហុក​ខេត្ត​កំពង់​ឆ្នាំង​ត្រូវ​បាន​តុលា​ការ​កោះ​ហៅ​ចូល​សវនា​ការ​តាម​បណ្តឹង​ក្រុម​ហ៊ុន​ជា​ដើម​ចោទ។ អង្គ​សវនា​ការ​នេះ​បាន​ប្រព្រឹត្តិ​ទៅ ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មករា ប៉ុន្តែ​ក្រោយ​ពី​ការ​ដេញ​ដោល​ចោទ​សួរ​រយៈ​ពេល​មួយ​ព្រឹក​នោះ លោក​ចៅ​ក្រម​បាន​ប្រកាស​ថា សាល​ក្រម​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​២៥ មករា ម៉ោង​៨​ព្រឹក​ខាង​មុខ​នេះ។
ក្នុង​ពាក្យ​បណ្តឹង​របស់​លោក​ថៃ ហ៊ី តំណាង​ឱ្យ​ក្រុម​ហ៊ុន​ខេ ឌី ស៊ី បាន​ចោទ​ប្រកាន់​លោក​សំ ច័ន្ទគា មន្ត្រី​សិទ្ធិ​មនុស្ស​អាដ​ហុក​ខេត្ត​កំពង់​ឆ្នាំង​ ពី​បទ​បរិហា​កេរ្តិ៍​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ២០០៩ ដែល​បាន​រាយ​ការណ៍​​មួល​បង្កាច់​ទៅ​វិទ្យុ​អាស៊ី​សេរី​ថា ក្រុម​ហ៊ុន​បាន​យក​គ្រឿង​ចក្រ​ទៅ​ឈូស​ឆាយ​លើ​ដី​ទំនាស់​ជា​មួយ​ប្រជា​ពល​រដ្ឋ​នៅ​ភូមិ​ឡពាង ស្រុក​កំពង់​ត្រឡាច។ ប៉ុន្តែ​ការ​ពិត ក្រុម​ហ៊ុន​មិន​បាន​យក​គ្រឿង​ចក្រ​ទៅ​ឈូស​ឆាយ​នោះ​ទេ គឺ​ក្រុម​ហ៊ុន​គ្រាន់​តែ​យក​គ្រឿង​ចក្រ​ទៅ​កាយ​ប្រឡាយ​ចាស់​ជុំ​វិញ​ព្រំ​ដី​របស់​ខ្លួន​ឡើង​វិញ​តែ​ប៉ុណ្ណោះ គឺ​មិន​បាន​ឈូស​ឆាយ​លើ​ដី​ទំនាស់​ណា​ឡើយ។ ចំណែក​ការ​កាយ​ប្រឡាយ​ចាស់តាម​ព្រំដី​របស់​ក្រុម​ហ៊ុន​នោះ ក៏​មាន​លិខិត​អនុ​ញ្ញាត​ពី​លោក​អភិ​បាល​ខេត្ត​យ៉ាង​ត្រឹម​ត្រូវ​ដែរ។
ចំណុច​នេះ​មេធាវី​ការ​ពារ​ចុង​ចោទ​បាន​ឆ្លើយ​តប​ថា លិខិត​នោះ​មិន​អាច​យក​ជា​ផ្លូវ​ការ​បាន​ទេ។ ប៉ុន្តែ​ភ្លាម​នោះ​លោក​ផាត់ ពៅសៀង មេធាវី​ដើម​បណ្តឹង​បាន​ឆ្លើយ​បំភ្លឺ​ថា មិន​មែន​មិន​បាន​ការ​ទេ។ សួរ​ថា អភិ​បាល​ខេត្ត​នេះ​នរណា​តែង​តាំង គឺ​ដោយ​ព្រះ​រាជ​ក្រឹត្យ ម៉េច​ថា​មិន​ផ្លូវ​ការ។ ក្រុម​ហ៊ុន​បាន​យក​គ្រឿង​ចក្រ​ទៅ​កាយ​ប្រឡាយ​ជុំ​វិញ​ដី​កម្ម​សិទ្ធិ​ស្រប​ច្បាប់​របស់​ខ្លួន បើ​មិន​មែន​ស្រប​ច្បាប់​ទេ គ្មាន​នរណា​គេ​ហ៊ាន​ស៊ីញ៉េ​ឱ្យ​កាយ​ប្រឡាយ​នោះ​ដែរ។
លោក​មេធាវី​ដើម​បណ្តឹង​ក៏​បាន​បន្ថែម​ថា ពាក្យ​ថា​ ម្ចាស់​កម្ម​សិទ្ធិ​ គឺ​មាន​សិទ្ធិ​កាន់​កាប់​អាស្រ័យ​ផល។ ក្រុម​ហ៊ុន​បាន​ទិញ​ដី​នោះ​តាំង​ពី​ឆ្នាំ​២០០៧ មក​ដល់​ពេល​នេះ មិន​បាន​ធ្វើ​ការ​អភិ​វឌ្ឍន៍ ឬ​លក់​ដូរ​បាន​អ្វី​ទាំង​អស់ ដោយ​សារ​មាន​ការ​តវ៉ា​ពី​​បុគ្គល​តែ​ប៉ុន្មាន​គ្រួសារ​នេះ​ មិន​មែន​ត្រឹម​តែ​ខាត​ក្រុម​ហ៊ុន​​នោះ​ទេ គឺ​ខាត​ដល់​ជាតិ​ទៀត​ផង ព្រោះ​គ្មាន​ការ​អភិ​វឌ្ឍន៍។ ដោយ​សារ​មានការ​តវ៉ា និង​ប្រឆាំង​​ពី​ជន​ខិល​ខូច​បែប​នេះ​ហើយ ទើប​ក្រុម​ហ៊ុន​មិន​បាន​ធ្វើ​ការ​អភិ​វឌ្ឍន៍​បាន​អ្វី​ទាំង​អស់។ លើស​ពី​នេះ​ទៀត​មាន​ការ​ផ្សព្វ​ផ្សាយ​ថា ក្រុម​ហ៊ុន​បាន​ឈូស​ឆាយ​លើ​ដី​ទំនាស់​ទៀត។ លោក​សួរ​ថា ទំនាស់​ឯណា? ក្រុម​ហ៊ុន​គ្រាន់​តែ​កាយ​ប្រឡាយ​​តាមព្រំ​ដី​របស់​ខ្លួន​សោះ​នោះ។ ដោយ​ហេតុ​ផល​នេះ​ហើយ​ទើប​​ក្រុម​ហ៊ុន​ប្តឹង​ពី​បទ​បរិហា​កេរ្តិ៍។
លោក​សំ ច័ន្ទគា បាន​ឆ្លើយ​តវ៉ា​ថា លោក​គ្មាន​កំហុស​ទេ ក្នុង​នាម​លោក​ជា​មន្ត្រី​សិទ្ធិ​មនុស្ស​អាដ​ហុក​ លោក​ត្រូវ​តែ​រក​យុត្តិ​ធម៌​ឱ្យ​ប្រជា​ពល​រដ្ឋ​បែប​នេះ​ហើយ ថ្ងៃ​នោះ​ប្រជា​ពល​រដ្ឋ​ពិត​ជា​បាន​រាយ​ការណ៍​មក​លោក​ដែរ​ថា ក្រុម​ហ៊ុន​បាន​ឈូស​ឆាយ​លើ​ដី​ទំនាស់​ គឺ​ប្រជា​ពល​រដ្ឋ​បាន​រាយ​ការណ៍​លោក​តាម​ទូរ​ស័ព្ទ។ លោក​សាន សុផាត ចៅ​ក្រម​ជំនុំ​ជំរះ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​លោក​សំ ច័ន្ទគា ក្នុង​សវនា​ការ​នោះ​ថា «គ្រាន់​តែ​ឮ​សេចក្តី​រាយ​ការណ៍​តាម​ទូរ​ស័ព្ទ តែ​លោក​មិន​បាន​​ទៅ​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នៅ​ថ្ងៃ​នោះ​ទេ»។ ទោះ​ជា​យ៉ាង​ណា អង្គ​សវនា​ការ​បាន​ដេញ​ដោល​គ្នា​រហូត​ដល់​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ត្រង់ ថ្ងៃ​ដដែល ហើយ​ចុង​បញ្ចប់​បាន​បិទ​សវនា​ការ។ លោក​ចៅ​ក្រម​បាន​ប្រាប់​ដល់​អង្គ​សវនា​ការ​ថា នៅ​ថ្ងៃ​ទី​២៥ មករា ​វេលា​ម៉ោង​៨​ព្រឹក​នឹង​ប្រកាស​សាល​ក្រម​​លើ​សំណុំ​រឿង​នេះ។
ដោយ​ឡែក​នៅ​ព្រឹក​ថ្ងៃ​ទី​២០ មករា នេះ​ដែរ មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ផ្តល់​បទ​សម្ភាសន៍​តាម​វិទ្យុ​អាស៊ី​សេរី​ថា បទ​បរិហា​កេរ្តិ៍​ត្រូវ​​មាន​ធាតុ​ផ្សំ​ចំនួន​៣។ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នោះក៏​បាន​បក​ស្រាយ​ពី​ធាតុ​ផ្សំ​ទាំង​នោះ​ផង​ដែរ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ អ្នក​ច្បាប់​ខ្មែរ​ដែល​បាន​តាម​ដាន​រឿង​នេះ​បាន​និយាយ​ថា ការ​បញ្ចេញ​មតិ​របស់​មន្ត្រី​រូប​នោះ គឺ​ពិត​ជា​ដើរ​លើស​មួយ​ជំហាន​ហើយ និង​លើស​តួនាទី​របស់​ខ្លួន​ ព្រោះ​ក្នុង​នាម​ជា​អ្នក​សង្កេត​ការណ៍ ឃ្លាំ​មើល​សិទ្ធិ​មនុស្ស យើង​មិន​អាច​បញ្ចេញ​មតិ​អ្វី​បាន​នោះ​ទេ ព្រោះ​ពេល​នេះ​មិន​ទាន់​មាន​ការ​ប្រកាស​សាល​ក្រម​នៅ​​ឡើយ​ទេ។ ចំណែក​ក្រុម​អ្នក​សង្កេត​ការណ៍​និយាយ​ថា ព្រោះ​តែ​មេ​មាត់​ដាច​អាក្រក់​អីចឹង​បាន​ជា​កូន​ចៅ​អាក្រក់​តាម​ខូច​អស់។ ដូច្នេះ​ភាគី​ទាំង​សង​ខាង ឬ​អង្គ​ការ​​សង្គម​ស៊ីវិល​ទាំង​អស់​ត្រូវ​រង់ចាំ​សិន​ថា តើ​ការ​ប្រកាស​សាល​ក្រម​នោះ​មាន​យុត្តិ​ធម៌​ដែរ​ឬ​អត់?
ប្រភព​ដដែល​បាន​បន្ត​ថា យើង​គ្រាន់​តែ​ជា​អ្នក​សង្កេត​ការណ៍​ក្នុង​សវនា​ការ ថា​តើ​អង្គ​សវនា​ការ​មាន​សិទ្ធិ​ស្មើ​គ្នា​ឬ​អត់​រវាង​ភាគី​ដើម​បណ្តឹង និង​ចុង​ចំលើយ។ យើង​មិន​អាច​វែក​ញែក​ច្បាប់​មុន​ពេល​មាន​ការ​ប្រកាស​សាល​ក្រម​នោះ​ឡើយ។ កត្តា​នេះ​ហើយ​អាច​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សតិ​អារម្មណ៍​ ឬ​ស្មារតី​ផ្លូវ​ចិត្ត​នៃ​ការ​សំរេច​ក្តី​របស់​ចៅ​ក្រម​ដែល​ទទួល​បន្ទុក​​ក្នុង​រឿង​នេះ។
ទោះ​ជា​យ៉ាង​ណា ​ផ្ទៃ​ដី​ដែល​ក្រុម​ហ៊ុន​បាន​ទិញ​នៅ​ឆ្នាំ​២០០៧ គឺ​មាន​ប័ណ្ណ​កម្ម​សិទ្ធិ​ចំនួន​១០៥​ប័ណ្ណ ស្មើ​នឹង​៥១២​ហិកតា នៅ​ចំណុច​ភូមិ​ឡពាង ស្រុក​កំពង់​ត្រឡាច។ រហូត​មក​ដល់​ពេល​នេះ ដោយ​សារ​មាន​ការ​តវ៉ា​ពី​មនុស្ស​ខិល​ខូច​រំលោភ​បំពាន​មួយ​ក្តាប់​តូច ដែល​មិនមាន​ឯក​សារ​ច្បាស់​លាស់​ត្រឹម​ត្រូវ ឬ​លិខិត​ឯក​សារ​ពាក់​ព័ន្ធ​នឹង​ដី​ធ្លី​នោះ ហើយ​ចង់​បាន​ដី​នោះ បាន​ធ្វើ​ការ​តវ៉ា​រហូត​មក​ដល់​ពេល​នេះ​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​មិន​អាច​អភិ​វឌ្ឍន៍​អ្វី​បាន​ទាំង​អស់។
តំណាង​ក្រុម​ហ៊ុន​ខេ ឌី ស៊ី បាន​និយាយ​ឱ្យ​ដឹង​ថា នេះ​មិន​មែន​ខាត​តែ​ក្រុម​ហ៊ុន​ទេ គឺ​ខាត​ប្រយោជន៍​ជាតិ​ទៀត​ផង ព្រោះ​មិន​បាន​ធ្វើ​ការ​អភិ​វឌ្ឍន៍។ លើស​ពី​នេះ​ទៀត បើ​សិន​មិន​មាន​ការ​តវ៉ា​ពី​ជន​ខិល​ខូច​មួយ​ក្តាប់​តូច​ដែល​មាន​គំនិត «ឈ្នះ​បាន​ដី ចាញ់​បាន​ប្រាក់» នោះ​ទេ ម៉្លេះ​សម​ពេល​នេះ​ដី​នោះ​បាន​កើត​រោង​ចក្រ​យ៉ាង​ធំ​ដែល​អាច​ស្រូប​យក​កម្ម​ករ​រាប់​ពាន់​នាក់ ដែល​កត្តា​នេះ​បាន​ជួយ​សំរាល​បន្ទុក​រាជ​រដ្ឋា​ភិបាល ក៏​ដូច​ជា​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ពល​រដ្ឋ​នៅ​តំបន់​នោះ​ផង​ដែរ។
តំណាង​ក្រុម​ហ៊ុន​ខេ ឌី ស៊ី បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា លោក​ច័ន្ទគា ភ័យ​ស្លន់​ស្លោ​ខ្លាំង​ណាស់ ក្រោយ​ពេល​បក​ស្រាយ​យ៉ាង​អាក្រក់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ និង​ដឹង​ខ្លួន​ខុស​រួច​មក​ បាន​ទូរ​​ស័ព្ទ​ទំនាក់​ទំនង​មក​អង្វរ​តំណាង​ក្រុម​ហ៊ុន​ដើម្បី​សុំសំរួល និង​សារ​ភាព​កំហុស។ ប៉ុន្តែ​តំណាង​ក្រុម​ហ៊ុន​បាន​ប្រាប់​វិញ​ថា មិន​ចាំ​បាច់​មក «ប៉ាយ» ទេ ព្រោះ​អ្នក​ឯង​ដុត​ផ្ទះ​ក្រុម​ហ៊ុន​អស់​ទៅ​ហើយ មក​«ប៉ាយ»​ រក​​ខ្មោច​អី... ទុក​ឱ្យ​ច្បាប់​រក​យុត្តិ​ធម៌​តាម​កម្ម​ទៅ ដើម្បី​ជា​គំរូ​ដល់​អ្នក​ខូច​ដទៃ​ទៀត៕

ដោយ ៖ កោះឯករាជ្យ

នាយករដ្ឋមន្ត្រី អះអាងថា រដ្ឋាភិបាល មិន​ពុករលួយ ក្នុង​ការប្រើប្រាស់​ជំនួយ​ទេ

ភ្នំពេញ: សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ហ៊ុន សែន បាន​គូសបញ្ជាក់​ជា​ថ្មី​ថា រាជរដ្ឋាភិបាល​របស់​សម្តេច មិន​បាន​ពុករលួយ ក្នុង​ការប្រើប្រាស់​ជំនួយ​របស់​បរទេស​ឡើយ​។ ការបញ្ជាក់​យ៉ាង​ដូច្នេះ ដើម្បី​ឆ្លើយតប​នឹង​ការរិះគន់​លើ​ការប្រើប្រាស់​ជំនួយ​។​

​    ​ក្នុង​ពិធី​សម្ពោធ​អគារ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម ដែលជា​ជំនួយ​របស់​រាជរដ្ឋាភិបាល​ជប៉ុន ដោយ​ចំណាយ​ទឹកប្រាក់​ប្រមាណ ១២ លាន​ដុល្លារ កាលពី​ព្រឹក​ថ្ងៃទី​២០​មករា ឆ្នាំ​២០១១ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា ការសាងសង់ និង​ការដេញថ្លៃ​សាងសង់​អគារ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម​នេះ ត្រូវ​ដេញថ្លៃ​នៅ​ប្រទេស​ជប៉ុន និង​សាងសង់​ដោយ​ក្រុមហ៊ុន​ជប៉ុន​ទាំងអស់​។ ដូច្នេះ​គួរតែ​អ្នក​ទាំងឡាយ ដែល​នៅតែ​និយាយ​ដដែលៗ ទាក់ទិន​ជាមួយនឹង​ការប្រើប្រាស់​ជំនួយ មិន​ចំ​ទិសដៅ​នោះ ក៏​ល្មម​នឹង​ដឹង​ខ្លួន ហើយក៏​អាច​នឹង​រក​ការបញ្ជាក់​យ៉ាងណា ក៏​រក​ការបញ្ជាក់​ពី​ទូត​ជប៉ុន​ទៅ​ចុះ ព្រោះ​បញ្ហា​នេះ គឺ​ដាក់​ឲ្យ​ដេញថ្លៃ​នៅ​ប្រទេស​ជប៉ុន និង​កសាង​ដោយ​ក្រុមហ៊ុន​ជប៉ុន​។​
​  
  ​ជាមួយនឹង​ប្រសាសន៍​ដូច្នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គូសបញ្ជាក់ថា សម្តេច​មក​ថ្ងៃនេះ គ្រាន់តែ​កាត់​ខ្សែ​បូព៌ ទទួល​យក​តែ​ប៉ុណ្ណោះ​។ ដូច្នេះ​កុំ​និយាយ​អា​ពាក្យ​ពុករលួយៗ នៅ​ដដែលៗ អត់​ទៅ​ណា​រួច​។ និយាយ​រួម សឹង​មួយ​ជីវិត​របស់​គាត់ គាត់​តែ​ប៉ុណ្ណឹង​។ តែ​តាមពិត​ការដេញថ្លៃ ការសាងសង់ និង​ការត្រួតពិនិត្យ​គុណភាព​ស្អីៗ ត្រូវ​ធ្វើឡើង​ដោយ​ជប៉ុន ហើយ​មក​ជេរ​រដ្ឋាភិបាល​ខ្មែរ​ថា ពុករលួយ ទៅវិញ​។​
 
   ​សេចក្តីបញ្ជាក់​របស់​ស​ម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ដូច្នេះ បាន​ធ្វើឡើង ស្របពេល​ដែល​ប្រទេស​កម្ពុជា កំពុងតែ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ជន​ពុករលួយ តាមរយៈ​អង្គភាព​ប្រឆាំង​អំពើពុករលួយ របស់​រាជរដ្ឋាភិបាល ដើម្បី​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើពុករលួយ​។​
 
   ​ចុងក្រោយ​នេះ មាន​មន្ត្រី​ពន្ធដារ ព្រះរាជអាជ្ញា ស្នងការ​ប៉ូលិស និង​ឧត្តមសេនីយ៍​ជាច្រើនរូ​ប ត្រូវបាន​ដាក់​ទណ្ឌកម្ម និង​ចាប់ខ្លួន បញ្ជូន​ទៅ​កាត់ទោស​នៅ​តុលាការ ក្រោម​ការចោទប្រកាន់​ពី​បទ​ពុករលួយ​ ៕​

ដោយ : លីហូវ CEN

អ្នក​វាយ​កូន​ហ្គោល​​អាស៊ាន​រីក​រាយ​នៅ​ហ្គ្រេន​ភ្នំពេញ

រាជ​ធានី​ភ្នំ​ពេញ​ ៖ ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​សមា​គម​ PPG របស់​ប្រទេស​សិង្ហ​បុរី​ ក្រសួង​ទេស​ចរណ៍​បាន​សហ​ការ​ជាមួយ​ក្លឹប​វាយ​កូន​ហ្គោល​ហ្គ្រេន​ភ្នំពេញ​រៀបចំ​ពិធី​វាយ​កូន​ហ្គោល​ជា​លក្ខណៈ​មិត្ត​ភាព​រវាង​អ្នក​លក់​ និង​អ្នក​ទិញ​សេវា​ទេស​ចរណ៍​មក​ពី​​ប្រទេស​អាស៊ាន។ ​ពិធី​ប្រកួត​នោះ​​ធ្វើ​ឡើ់ង​កាល​ពី​ថ្ងៃ​ទី​១៨ មករា នៅ​ក្លឹប​វាយ​កូន​ហ្គោល​ហ្គ្រេន​ភ្នំពេញ​។
លោក Teng Rithy នាយក​ផ្នែក​លក់​នៅ​ហ្គ្រេន​ភ្នំពេញ​ឱ្យ​ដឹង​​ថា អ្នក​លក់ អ្នក​ទិញ​សេវា​ទេស​ចរណ៍​មក​ពី​ប្រទេស​អាស៊ាន​ដែល​បាន​អញ្ជើញ​មក​​ចូល​រួម​ប្រកួត​វាយ​កូន​ហ្គោល​ជា​លក្ខណៈ​មិត្ត​ភាព​នៅ​ហ្គ្រេន​ភ្នំពេញ​មាន​ចំនួន​៤០​នាក់​ ដោយ​ចែក​ចេញ​ជា១០​ក្រុម​ ។ ​កម្ម​វិធី​នេះ​មិន​ត្រឹម​តែជា​ការ​ប្រកួត​លក្ខណៈ​​មិត្ត​ភាព​ប៉ុណ្ណោះទេ តែ​​ថែម​ទាំង​មាន​រង្វាន់​មួយ​ចំនួន​ដើម្បី​​ផ្តល់​ជូន​ដល់​អ្នក​ទទួល​បាន​ពិន្ទុ​ល្អទៀត​​ផង​។ អ្នក​លក់ និង​អ្នក​ទិញ​សេវា​ផ្នែក​ទេស​ចរណ៍​មក​ពី​បណ្តា​ប្រទេស​អាស៊ាន​នេះ​គឺជា​អ្នក​ដែល​បាន​អញ្ជើញ​មក​​ចូល​រួម​ក្នុង​វេទិកា​ទេស​ចរណ៍​អាស៊ានរៀប​ចំ​​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ​ ៕

ដោយ ៖ កោះឯករាជ្យ

សម្តេច ហ៊ុន សែន សម្ពោធ​អគារ​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់ចាម​ដែល​ជា​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ជប៉ុន

កំពង់ចាម ៖ អគារ​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់ចាម ដែល​បំពាក់​ទៅ​ដោយ​ឧបករណ៍​បច្ចេកទេស​ពេទ្យ​ដ៏​ទំនើបៗ ជា​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​មាន​តម្លៃ​ជាង​១០ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​នោះ ត្រូវ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃទី ២០ មករា​ក្រោម​អធិបតីភាព​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន រួម​ជាមួយ​លោក ឯក​អគ្គរាជទូត​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ដែល​ជា​ជំនួយ​ឥត​សំណង​របស់​ជប៉ុន​លើក​ទី ១ ដែល​បាន សម្ពោធ​នៅ​ក្នុង​ដើម​ឆ្នាំ​២០១១​នេះ ។
សម្តេច​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា អគារ​ព្រម​ទាំង​សម្ភារៈ​ដ៏​ទំនើបៗទាំងនេះ​ជា​ផ្នែក​មួយ​នៃ​ជំនួយ​ឥត​សំណង របស់​រាជរដ្ឋាភិបាល​ជប៉ុន និង​ប្រទេស​ជប៉ុន ក្នុង​ចំណោម​ជំនួយ​ជាច្រើន​ទៀត​របស់​ជប៉ុន ដែល​បាន​ជួយ​ចូល​រួម​ក្នុង​ការ​ស្តារ និង កសាង​ប្រទេស​កម្ពុជា​ឡើង​វិញ​ក្រោយ​ពី​ឆ្លង​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត ហើយ​ក៏​ជា​សមិទ្ធផល​មួយ យ៉ាង​សំខាន់​ឆ្លើយ​តប​ទៅ​តាម​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​យើង​នៅ​ក្នុង​មូលដ្ឋាន ជា​ពិសេស​នៅ​ក្នុង​ខេត្ត​កំពង់ចាម ដែល​ជា ខេត្ត​មួយ​ធំ និង​មាន​ប្រជាជន​ច្រើន​ជាង​គេ​នោះ ។

ប្រជាពលរដ្ឋ​មាន​សុខភាព​មាំមួន គឺ​ជា​កត្តា​សារវន្ត នៃ​ការ​បង្កើន​សកម្មភាព​ផលិកម្ម​ដែល​ជា​តំរូវ​ការ​ចាំបាច់​ សម្រាប់​កំណើន​សេដ្ឋកិច្ច ទាំង​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ច​ជាតិ ហើយ​នេះ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ ។ មន្ត្រី បុគ្គលិក​សុខាភិបាល​ទាំងអស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជា​បឋម​ទៅ​លើ​ការងារ​អប់រំ​សុខភាព ដែល​ជា​កត្តា​ចម្បង​មួយ​ក្នុង​ការ លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ អំពី​ការ​អនុវត្ត​វិធាន​សុខភាព​ចាំ​បាច់​នានា ដូចជា​មាន​អនាម័យ​ល្អ​ក្នុង​ជីវភាព​រស់ នៅ​ប្រចាំ​ថ្ងៃ​ដើម្បី​បង្ការ​ជំងឺ ឬ​ចៀសវាង​ជំងឺ ដូច​ពាក្យ​ស្លោក​ដែល​យើង​ធ្លាប់​និយាយ​ថា ការពារ​ប្រសើរ​ជាង​ព្យាបាល​នោះ ។
ដើម្បី​អន្តរាគមន៍​នេះ​មាន​ប្រសិទ្ធភាព ប្រជាពលរដ្ឋ​ទាំងអស់ ពិសេស ប្រជាពលរដ្ឋ​ដែល​ងាយ​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព ត្រូវ​តែ​ទទួល​បាន​នូវ​ព័ត៌មាន​គ្រប់គ្រាន់ ដែល​អាច​ជួយ​ធ្វើ​ឱ្យ​គេ​ធ្វើ​ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ​បាន​ចំពោះ​មុខ​ជម្រើស​ស្តីពី​ការ​ថែទាំ សុខភាព​នេះ ។
មូលដ្ឋាន​សុខាភិបាល​សាធារណៈ ដូចជា មណ្ឌល​សុខភាព មន្ទីរពេទ្យ​បង្អែក ត្រូវ​តែ​អនុវត្ត​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​បំផុត​នូវ​យន្តការ​ចាំ​បាច់​នានា ដើម្បី​ការពារ​ប្រជាពលរដ្ឋ​ក្រីក្រ និង គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​ទាប​ឱ្យ​ចៀស​ផុត​ពី​អន្ទាក់​នៃ​ភាព​ក្រីក្រ ហើយ​សម្រាប់​ពេល​ខ្លី និង មធ្យម​ក្រសួង​សុខាភិបាល​ក៏​ដូច​ជា​វិស័យ​សុខាភិបាល​ទាំង​មូល ត្រូវ​ខិត​ខំ ប្រឹង​ប្រែង​កាត់​បន្ថយ​ជា​អតិបរមា ឬ​ដក​របាំង​ហិរញ្ញវត្ថុ​ចេញ​ពី​ការ​ទទួល​យក​សេវា ដើម្បី​ផ្តល់​កាលានុវត្តនភាព​ដល់​ប្រជាពលរដ្ឋ គ្រប់​រូប ពិសេស ប្រជាពលរដ្ឋ​ក្រីក្រ​មក​ប្រើប្រាស់​សេវា​នៅ​ពេល​មាន​ជំងឺ​ដង្កាត់​នោះ ។
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ថ្លែង​នៅ​ក្នុង​របាយការណ៍​ថា ការ​បំពេញ​បន្ថែម​នូវ​អគារ​ ព្រម​ទាំង​មាន​សម្ភារៈ​ដ៏​ទំនើប​នេះ អាច​ជា​មូលដ្ឋាន​ដ៏​សំខាន់​មួយ​ទៀត មិន​ត្រឹម​តែ​លើក​កម្ពស់​គុណ​ភាព និង​លទ្ធភាព​ក្នុង​ការ​ផ្តល់​សេវា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នឹង​ក្លាយ​ទៅ​ជា​មូលដ្ឋាន​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​មួយ​យ៉ាង​សំខាន់​ដល់​សិស្ស​និស្សិត​ពេទ្យ របស់​យើង​នៅ​ក្នុង​តំបន់ និង អាច​ទទួល​ឱ្យ​និស្សិត​ពី​ភ្នំពេញ​មក​ធ្វើ​កម្ម​សិក្សា​នៅ​ទី​នោះ​ផង​ដែរ ។ ឯកឧត្តម​រដ្ឋមន្ត្រី​ថ្លែង​ថា មន្ទីរ​ពេទ្យ​ខេត្ត​កំពង់ចាម​បាន​សាង​សង់​ឡើង​នៅ​ក្នុង​ទសវត្ស​ឆ្នាំ ១៩៣០ ដែល​មាន​អាយុ​កាល​ប្រមាណ ៨០ ឆ្នាំ​មក​ហើយ ដែល​អគារ​មួយ​ចំនួន​នៃ​មន្ទីរ​ពេទ្យ​នេះ​ត្រូវ​ខ្ទេចខ្ទាំ បែក​បាក់ ដោយ​ពេល​វេលា ដោយ​សង្គ្រាម និង​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត ដែល​ទាមទារ​ឱ្យ​មាន​ការ​សាងសង់​អគារ​ថ្មីៗ​ដើម្បី​ជំនួស​ឡើង​វិញ​ជា​បន្ទាន់ ។
លោក ម៉ាសាហ៊្វុមី គូរ៉ូគី ឯក​អគ្គរាជ​ទូត​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​មន្ទីរ​ពេទ្យ​នោះ​ថា ប្រទេស​ជប៉ុន​ចាត់​ទុក​ការ​ថែទាំ​សុខភាព គឺជា​សមាស​ធាតុ​ដ៏​សំខាន់​មួយ​នៃ​តម្រូវ​ការ​ជា​មូលដ្ឋាន​របស់​មនុស្ស ហើយ​យល់​ថា ការ​កែ​លម្អ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សេវា​ថែទាំ​សុខភាព​និង​ជួយ​លើក​ស្ទួយ​សន្តិសុខ​មនុស្ស​ជាតិ​របស់​ប្រជាជន ។ លោក​ទូត​មាន​ប្រសាសន៍​ថា សម្រាប់​គម្រោង​សាង​សង់​កែ​លម្អ​មន្ទីរ​ពេទ្យ​ខេត្ត​កំពង់ចាម រដ្ឋាភិបាល​ជប៉ុន​បាន ផ្តល់​ជំនួយ​ឥត​សំណង ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន ១០៣៩ កោដិយ៉េន ប្រហាក់​ប្រហែល​ស្មើ​នឹង ១២ លាន​ដុល្លារ ដើម្បី​លើក​កម្ពស់​ពង្រឹង​សមត្ថភាព​របស់​មន្ទីរ​ពេទ្យ​នេះ ឱ្យ​ក្លាយ​ទៅ​ជា​មន្ទីរ​ពេទ្យ​បង្អែក​ដ៏​រឹង​មាំ​ជាង​គេ​នៅ​តំបន់​ភាគ​បូព៌ា​របស់​​កម្ពុជា ។
លោក ម៉ាសាហ៊្វុមី គូរ៉ូគី មាន​ប្រសាសន៍​ថា អគារ​ថ្មី​នេះ​បាន​សាង​សង់​ជំនួស​អគារ​ចាស់​សម្រាប់​សម្ភព/ព្យាបាល រោគ​ស្ត្រី និង អគារ​វះកាត់-បន្ទប់​វះកាត់-បន្ទប់សង្គ្រោះបន្ទាន់-បន្ទប់​ថត​ឆ្លុះ និង ផ្តល់​សម្ភារៈ​វេជ្ជសាស្ត្រ​ដែល​ចាំ​បាច់​ដើម្បី លើក​ស្ទួយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​គុណ​ភាព​សេវាកម្ម​វេជ្ជសាស្ត្រ ។ លោក​ទូត​មាន​ប្រសាសន៍​បន្ត​ថា ខេត្ត​កំពង់ចាម​ជា​ខេត្ត មួយ​ដែល​មាន​ប្រជាជន​រស់​នៅ​ច្រើន​ជាង​គេ ហើយ​ក៏​ជា​ចំណុច​ឆ្លង​កាត់​ទៅ​តំបន់​ជន​បទ​ឆ្ងាយ​ដាច់​ស្រយាល​នៅ​ភាគ​ខាង​កើត ផង​ដែរ ។ ដោយ​ហេតុ​នេះ​មន្ទីរ​ពេទ្យ​កំពង់ចាម​ត្រូវ​បំពេញ​តួនាទី​ដ៏​មាន​សារៈសំខាន់​បំផុត​មួយ​នៅ​ក្នុង​ការ​ផ្តល់​សេវា​សុខភាព​ដ៏​ល្អ​ដល់​ប្រជាជន​នៅ​ខេត្ត​កំពង់ចាម ក៏​ដូច​ជា​ប្រជាជន​ដែល​មក​ពី​បណ្តា​ខេត្ត​ជិត​ខាង ដែល​រួម​ទាំង​អស់​មាន​ប្រមាណ ជិត ២ លាន​នាក់ ។ លោក ម៉ាសាហ៊្វុមី គូរ៉ូគី មាន​ប្រសាសន៍​ថា ខ្ញុំ​សូម​សំណូមពរ​ដល់​អ្នក​គ្រប់គ្រង និង​បុគ្គលិក​មន្ទីរ​ពេទ្យ​កំពង់ចាម​ទាំងអស់ សូម​មេត្តា​ជួយ​ថែរក្សា​សម្ភារៈ បរិក្ខារ​ទាំង​នេះ​ឱ្យ​បាន​ស្ថិត​នៅ​បាន​ល្អ ដើម្បី​ឱ្យ​មន្ទីរ​ពេទ្យ​អាច បន្ត​ផ្តល់​សេវា​សុខាភិបាល​ដល់​ប្រជាជន ជា​គំរូ​មួយ​នៃ​មន្ទីរ​ពេទ្យ​បង្អែក​ភូមិភាគ​នៅ​កម្ពុជា​នោះ៕
ស្នាយពល

ព្រះវិហារ​​វត្តនាគវ័នត្រូវ​​បាន​សាលា​រាជធានី​​​ដំណើរការ​ជួសជុល

រាជធានីភ្នំពេញ ៖ ព្រះវិហារ​វត្តនាគ​វ័ន​​​ត្រូវ​បាន​បើកដំណើរការ​​ជួសជុល​​ដែលជា​​អំណោយ​​របស់សាលារាជធានីភ្នំពេញ ។ កាលពី​ព្រឹកថ្ងៃទី​​១៥ ​មករា ​ដើម្បី​​ជាការ​ចាប់ផ្តើម​​ជួស​ជុល ​សាលា​ខណ្ឌទួលគោកបានរៀបចំ​​ធ្វើពិធី​​ក្រុង​​ពាលី ​សុំ​សេចក្តីសុខ​​ ក្រោមអធិបតីភាព​លោក​​សេង​ រតនៈ ​ជំនួយ​ការសម្តេច​​អគ្គ​មហា​សេនាបតីតេជោ​ហ៊ុន សែន ​​និង​ជា​​អភិបាល​​​​ខណ្ឌ​ទួលគោក ​និង​លោកស្រី​​នួន មុនីរតនា ​ព្រមទាំង​​មានការចូលរួម​ពី​មន្ត្រី​​រាជ​ការ​ជុំវិញ​​សាលា​ខណ្ឌ​​និង​ព្រះសង្ឃ​យ៉ាង​ច្រើន​កុះករ ។
​​តាម​មន្ត្រី​​សាលា​ខណ្ឌ​​​ទួល​គោក​​​​ម្នាក់​​ឱ្យដឹង​ថា ​ដោយមើលឃើញ​​​ព្រះវិហារ​វត្ត​នាគវ័ន​​​​មាន​​សភាព​ចាស់​​ទ្រុឌទ្រោម​​​ សាលា​រាជធានី​ភ្នំពេញ​​ក៏​បាន​​​ផ្តល់​​ថវិកា​​​សំរាប់​​ជួសជុល​​ដើម្បី​​​ទុក​ឱ្យ​​ពុទ្ធ​បរិស័ទ​ ព្រះសង្ឃ​​ប្រតិបត្តិធម៌ និង​​ធ្វើ​បុណ្យ​​ទាន​តាម​​ប្រពៃណី​​​សាសនា ។​ មន្ត្រី​រូបនេះ​បាន​ឱ្យ​ដឹង​ទៀត​ថា ជា​ជំហាន​ដំបូង​ត្រូវជួសជុលព្រះវិហារ​​​ផ្នែក​​ខាង​លើ​សិន តាម​គំរោង​​ត្រូវ​ចំណាយ​ថវិកាអស់​​ចំនួន​​៤ម៉ឺន​ដុល្លារ ​។ ក្រោយ​​​មក​នឹង​បន្ត​ជួសជុល​​ផ្នែកខា​ង​ក្រោម​វិហារ​ម្តងទៀត ។ ​​
ក្រៅ​ពី​ធ្វើការ​​ជួសជុល​​ព្រះវិហារ​ ​នៅមានការ​កសាង​ព្រះ​ពុទ្ធ​​រូប​​ប្រក់​នាគ​ និងកសា​ងស្តូប​​​ដាក់ព្រះ​ពុទ្ធរូប​​នៅ​​ចំ​កណ្តាល​​​​ស្រះ​ទឹក​ក្នុងវត្ត​​ទៀត​ផង​ ។ ចំពោះ​​ការ​កសាង​​ស្តូប​នោះ​​មាន​រចនាបថ​ ដូច​ស្តូប​​លោក​​យាយ​ពេញ ដែលត្រូវ​​​ចំណាយ​ថវិកា​​ចំនួន​​១ម៉ឺន​ដុល្លារ ។ តាមគំរោង​​នៃការ​​ជួសជុល​ព្រះវិហារ​​​មាន​រយៈ​​​ពេល​​​៤ខែ ដែលប្រើប្រាស់​ថវិកា​​​សាលា​រាជ​ធានីភ្នំពេញ​ ។ ព្រះវិហារ​​​វត្តនាគវ័ន បាន​កសាង​​ឡើងនៅ​ក្នុងឆ្នាំ​​​១៩៦៧ ​ដែល​មក​ដល់​​ពេលនេះ​មាន​​រយៈ​ពេល​​​៤៤​ឆ្នាំហើយ​ និង​មាន​​​សភាព​​​​ទ្រុឌ​​ទ្រោម​​ផងដែរ ៕

(​រូបថត ​ជលធា​)
ព្រះវិហារ​វត្តនាគ​វ័ន​​​ត្រូវ​បាន​បើកដំណើរការ​​ជួសជុល​​ដែលជា​​អំណោយ​​របស់សាលារាជធានីភ្នំពេញ
ដោយ ៖ កោះឯករាជ្យ

ស្នងការនគរបាលធានីភ្នំពេញធ្វើពិធីប្រកាស ផ្លាស់ប្តូរមុខងារភារកិច្ចស្នងការរង នៅព្រឹកនេះ

នៅព្រឹកថ្ងៃសុក្រស្អែកនេះ នៅស្នងការនគរបាលធានីភ្នំពេញ និងធ្វើពិធីប្រកាសតែងតាំងស្នងការរង និងផ្លាស់ប្តូរតួនាទី និងភាររកិច្ចមន្ត្រីនគរបាលនៅព្រឹកនេះ។ ពិធីប្រកាសនេះនិងមានការចូលរួមពីលោកឧត្ដមសេនីយ៍ឯក ចាន់ អៀន អគ្គស្នងការរងនគរបាលជាតិក្រសួងមហាផ្ទៃ នឹងមន្រ្តីអភិបាលរងក្រុងម្នាក់ចូលរួមផងដែរ។ ពិធីប្រកាសតែងតាំងស្នងការរង និងផ្លាស់ប្តូរតួនាទីដល់មន្រ្តីនគរបាលនេះបើប្រភព ព័ត៌មានបានឱ្យដឹងថា លោក ឧត្ដមសេនីយ៍ត្រី បែន រ័ត្ន ស្នងការរងរាជធានីភ្នំពេញ ត្រូវបានបន្ថែមការងារទទួលបន្ទុកកណ្ដាលបទល្មើសនិង បង្ក្រាបការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្ស ។
ពិធីប្រកាសបន្ថែមមុខងារភារកិច្ចជូនឧត្ដមសេនីយ៍បែន រ័ត្ននោះ ក៏នឹងមានការប្រកាសស្នងការរងម្នាក់ទៀត គឺវរសេនីយ៍ឯក ស សុខា ទទួលបន្ទុកផែនសណ្ដាប់ធ្នាប់ផងដែរ ។ វរសេនីយ៍ឯក ស សុខា ជា កូនប្រុសរបស់លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ។ លោកវរសេនីយ៍ឯកសុខ ខេមរិន្ទ ស្នងការរងរាជធានីភ្នំពេញ នឹងចេញដំណើរទៅកាន់តួនាទីជាស្នងការរងខេត្ដសៀមរាប ជំនួសលោកខេង ស៊ុម ដែលឡើងទៅកាន់ស្នងការខេត្ដបន្ទាយមានជ័យ ។
សូមជំរាមថា បញ្ហាសន្ដិសុខសណ្ដាប់ ធ្នាប់ក្នុងរាជធានីគឺជារឿងមួយដ៏សំខាន់ ដែលជាកង្វល់របស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលក៏បានគិតគូយកចិត្ដទុកដាក់ផងដែរ។
ការបន្ថែមមុខងារឬការផ្លាស់ប្ដូរ មន្ដ្រីនគរបាលនៅពេលនេះ គឺជារឿងធម្មតាដើម្បីពង្រឹងគុណភាពប្រសិទ្ធភាព ការងារបន្ថែមទៀត ។ ជាពិសេសការងារបង្ក្រាបបទល្មើសនានានៅក្នុងរាជធានីភ្នំ ពេញ ដើម្បីធានាសុវត្ថិភាព សេចក្ដីសុខ ជូនប្រជាពលរដ្ឋ ។

CamBn

អាស៊ីសេរី បញ្ជាក់​ជំហរ ជុំវិញ​ការផ្សាយ​ព័ត៌មាន ដែល​រដ្ឋាភិបាល​ចាត់ទុកថា លម្អៀង​

ភ្នំពេញ: វិទ្យុ​អាស៊ីសេរី RFA ដែល​មាន​មូលដ្ឋាន​ធំ​នៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ជា​បន្ទាន់​មួយ ចុះ​ថ្ងៃ​ទី​១៩​មករា ឆ្នាំ​២០១១ ដើម្បី​បញ្ជាក់​ពី​ជំហរ ចំពោះ​រាល់​សំណួរ​នានា ទាក់ទង​នឹង​ការចាក់ផ្សាយ​ព័ត៌មាន​របស់​ខ្លួន​។ សេចក្តីប្រកាស​របស់​វិទ្យុ​អាស៊ីសេរី​នេះ ក៏​ដើម្បី​ឆ្លើយតប​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ផងដែរ​។ 

​    ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ជា​ភាសា​អង់គ្លេស ចេញ​ផ្សាយ​ពី​ទីក្រុង​វ៉ាស៊ីនតោន ឌី​ស៊ី ដែល​បាន​ចែកចាយ​ដល់​ក្រុមអ្នកកាសែត នា​ព្រឹក​ថ្ងៃទី​២០​មករា ឆ្នាំ​២០១១ វិទ្យុ​អាស៊ីសេរី បានបង្ហាញ​ថា ក្នុងនាម​ជា​អង្គភាព​ព័ត៌មាន​ឯករាជ្យ​មួយ វិទ្យុ​អាស៊ីសេរី មិន​យល់ព្រម ឬ​ក៏​មិន​កាន់ជើង​ភាគី​ណា លើ​បញ្ហា​អ្វីមួយ ដែល​បាន​ផ្សាយ​ចេញ​នោះទេ​។ ជំនួយ​មកវិញ បេសកកម្ម​របស់​វិទ្យុ​អាស៊ីសេរី គឺ​ការផ្សព្វផ្សាយ​ព័ត៌មាន​ត្រឹមត្រូវ ដំណឹង​មិន​កាន់ជើង​ខាង​ណា និង​ផ្តល់​វេទិកាឲ្យមាន​ការបញ្ចេ​ញមតិ ទស្សនៈ និង​គំនិត​យោបល់​នានា​។     ​
​    ​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ក៏បាន​លើកឡើង​ថា រាល់​សំណួរ​នានា ដែល​ទាក់ទង​នឹង​ការរិះគន់​ក្នុងការ​ចាក់​ផ្សាយ​នូវ​ព័ត៌មាន គួរ​គប្បី​តែ​សំដៅ​ទៅ​កាន់​បុគ្គល ដែល​បាន​ធ្វើ​អត្ថាធិប្បាយ​ដោយផ្ទាល់ មិនមែន​សំដៅ​មកកាន់​វិទ្យុ​អាស៊ីសេរី​ទេ​។ ម្យ៉ាងវិញទៀត ខណៈ​ដែល​ប្រទេស​កម្ពុជា កំពុងតែ​បន្ត​ជ្រោមជ្រែងបង្កើនឲ្យមាន​តម្លាភាព គឺ​រាជរដ្ឋាភិបាល​កម្ពុជា​គប្បី​ចង​ចាំ​ថា សេរីភាព​បញ្ចេញមតិ រាប់​ទាំង​ក្រុមប្រឆាំង និង​ការរិះគន់​លើ​មន្ត្រី​គណបក្សកាន់អំណាច និង​នយោបាយ​នានា គឺជា​ការបើកចំហរ និង​សង្គម​ប្រជាធិបតេយ្យ​។​
​    ​ជា​ការកត់សម្គាល់ សេចក្តីប្រកាស​របស់​វិទ្យុ​អាស៊ីសេរី​ខាងលើនេះ បាន​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញ​សេចក្តីថ្លែងការណ៍​ជា​ចំហរ ដោយ​បាន​ចាត់ទុកថា បទ​វិចារណកថា​របស់​វិទ្យុ​អាស៊ីសេរី ជា​ខេមរភាសា ចាក់​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៤​មករា ឆ្នាំ​២០១១ និង​ចាក់ផ្សាយ​ឡើងវិញ នៅ​ថ្ងៃ​ទី​១៧​មករា ឆ្នាំ​២០១១ បាន​បំភ្លៃ ដោយ​ធ្វើ​ការវាយប្រហារ​នយោបាយ​លើ​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ នោះ​គឺ​ការ​ស្រង់​សម្តី​របស់ លោក ប្រេដ អាដាម របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch ដែល​បាន​រិះគន់​លើ​សម្តេច ហ៊ុន សែន ចំពោះ​ការ​ដែល​សម្តេច បាន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​យូរ​ឆ្នាំ​។ សម្តេច ហ៊ុន សែន បាន​ឡើងកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី ចាប់តាំងពី​ថ្ងៃ​ទី​១៤​មករា ឆ្នាំ​១៩៨៥​។​
​    ​ក្នុង​សេចក្តីថ្លែងការណ៍​នោះ រដ្ឋាភិបាល​បាន​គូសបញ្ជាក់ថា ចំណុច​សំខាន់​ក្នុង​អត្ថបទ​របស់​វិទ្យុ​អាស៊ីសេរី​នោះ គឺ​មិនមែន​ដើម្បី​អបអរសាទ​ចំពោះ​ការបំរើ​ប្រទេស​កម្ពុជា​អស់​រយៈពេល ២៦ ឆ្នាំ របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ ប៉ុន្តែ​វា​ជា​ការប៉ុនប៉ង​ដកហូត​សិទ្ធិ​អ្នក​បោះឆ្នោត ដែល​បាន​បោះឆ្នោត​ជ្រើសរើស​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឆ្នាំ​២០០៨ និង​ជា​ការបំផ្លាញ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ជា​ការលើកតម្កើង​គណបក្ស​ប្រឆាំង​ជាមួយ​នឹង​ការ​សម្លឹង​ឆ្ពោះទៅ​កាន់​ការបោះឆ្នោតជាតិ​នៅ​ឆ្នាំ​២០១៣ ទៅវិញ​ទេ​។​
​    ​សេចក្តីថ្លែងការណ៍​ក៏​បាន​កត់សម្គាល់​ថា ជាមួយនឹង​បទ​វិចារណ​កថា មាន​ភាព​រើសអើង​ប្រឆាំង​ដ៏​ធ្ងន់ធ្ងរ​នោះ ក៏​បាន​ធ្វើឲ្យ​គេ​ដឹងថា វិទ្យុ​អាស៊ីសេរី កំពុង​ធ្វើ​ការប្រកាស​នូ​វ​ការចាប់ផ្តើម​នៃ​រដូវ​កាល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត សម្រាប់​អាណត្តិ​ក្រោយ​ហើយ​៕​

ដោយ : លីហូវ CEN

សាលា​រាជ​ភ្នំពេញ​អនុញ្ញាត​ឲ្យ​ជា មុនី​ដង្ហែរ​ក្បួន​រំលឹក​ខួប​ជា វិជ្ជា​

ភ្នំពេញ: នៅក្នុង​ជំនួប​ពិ​ភ្សា​កាលពី​ថ្ងៃ​ម្សិលមិញ សាលា​រាជធានី​ភ្នំពេញ​បាន​អនុញ្ញាតឲ្យ​លោក​ជា មុនី ​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដង្ហែ​រ​ក្បួន​មួយ​ដើម្បី​ដាក់
​កម្រងផ្កា​នៅ ​កន្លែង​តូប​កាសែត​ក្បែរ​វត្ត​លង្ការ​ដែល​ជា វិជ្ជា​ត្រូវបាន​ឃាតករ​បាញ់​សម្លាប់ ​កាលពី​ថ្ងៃ​ទី​២២​មករា​​ឆ្នាំ​២០០៤​។

​លោក​ជា មុនី​បាន​ដាក់សំណើរ​នេះ​ទៅ​សាលាក្រុង​ដើម្បី​រៀបចំ​ពិធី​មួយ​រំលឹក​ខួប​បងប្រុស​របស់​ខ្លួន​នៅ​ថ្ងៃទី​២២​មករា​ខាងមុខ​នេះ​។ សាលា​រាជធានី​បានអនុញ្ញាត​ហើយ​តែ​អះអាង ថា​ត្រូវ​ចាំ​ជូន​ដំណឹង​ទៅ​ក្រសួង​មហាផ្ទៃ​សិន​។ ក្រៅពីនោះ សាលា​រាជធានី​ក៏​បាន​ដាក់​លក្ខខណ្ឌ​មួយចំនួនឲ្យ​សហជីព​គោរព​ដែរ​ដូចជា​ត្រូវ​ការពារ​សន្តិសុខ​ខាងក្នុង​ក្បួន ​ដោយ​ខ្លួន​ឯ​ព្រោះ​សមត្ថកិច្ច​ការពារ​តែ ខាងក្រៅ​ប៉ុណ្ណោះ មិនឲ្យ​មាន​មនុស្ស​លើសពី​២៥០​នាក់ មិន​ត្រូវ​ឆ្លៀតឱកាស​​ដើម្បី​ធ្វើ​សកម្មភាព​បម្រើ​ឲ្យ​នយោបាយ ឬ​លើក​បដា​ផ្សេងៗ​ទេ​៕

ដោយ : រតនា CEN

ក្រសួង​យុត្តិធម៌ កំពុង​រង់​ចាំ​លិខិត​ពី​រដ្ឋសភា​ដើម្បី​ផ្ដល់​អភ័យ​ឯកសិទ្ធិ​ជូន​លោក​ស្រី​មូរ សុខហួរ​វិញ

ភ្នំពេញ ៖ ឯកឧត្ដម អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ បាន​ប្រាប់​អ្នក​រាយការណ៍​ព័ត៌មាន កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មករា នេះ​ថា ក្រសួង​យុត្តិធម៌​កំពុង​រង់​ចាំ​លិខិត​ពី​រដ្ឋសភា ដើម្បី​ផ្ដល់ អភ័យ​ឯក​សិទ្ធិ​ឲ្យ​លោក​ស្រី​មូរ សុខហួរ ឡើង​វិញ។
លោកស្រី​មូរ សុខហួរ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ថា​បាន​បរិហារ​កេរ ក្នុង​បណ្ដឹង​ជាមួយ​សម្ដេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ហើយ​តុលាការ​បាន​សម្រេច​ឲ្យ​លោក​ស្រី​បង់​ប្រាក់​ពិន័យ ជា​ថ្នូរ នឹង​ការ​ចាញ់​ក្ដី។ ឥឡូវ​លោក​ស្រី​ត្រូវ​បាន​សភា​កាត់​ប្រាក់​គ្រប់​ចំនួន​ហើយ ដូច្នេះ​រដ្ឋសភា​នឹង​ធ្វើ លិខិត​ទៅ​ក្រសួង​យុត្តិធម៌ ដើម្បី​ផ្ដល់​អភ័យ​ឯក​សិទ្ធិ​ដល់​លោក​ស្រី​ឡើង​វិញ៕
កោះកែវ

ក្រសួង​យុត្តិធម៌​បញ្ជា​ឲ្យ​ព្រះ​រាជ​អាជ្ញា​ស៊ើប​អង្កេត​ករណី​អតីត​ស្នង​ការ​ខេត្ត​រតនគីរី​ចេញ​ក្រៅ​ឃុំ ហើយ​បង្ក​គ្រោះថ្នាក់​ចរាចរ

ភ្នំពេញ ៖​ ថ្លែង​ពេល​ចប់​ពិធី​សំណេះសំណាល​នៅ​ក្នុង​សិក្ខាសាលា ស្ដីពី​តួនាទី​តុលាការ និង មជ្ឈត្ដករ ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ការងារ នៅ​សណ្ឋាគារ ហ៊ីហ្វាម៉ារី នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ ២០១១​នេះ ឯកឧត្ដម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន ឲ្យ​ដឹង​ថា ក្រសួង​បាន​ចេញ​លិខិត​មួយ ដើម្បី​ឲ្យ​ព្រះ​រាជ​អាជ្ញា​ខេត្ត​រតនគីរី​តាម​ដាន​ករណី​អតីត​ស្នង ការ​រូប​នេះ ដែល​កំពុង​ជាប់​ទោស ហើយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​​នៅ​ក្រៅ​ឃុំ និង​បង្ក​គ្រោះថ្នាក់​ចរាចរ។
ឯកឧត្ដម បាន​បន្តទៀតថា កាលណា​មានបាតុភាព​បែបហ្នឹង វាមិនសូវ​ល្អទេ នោះ​វាជាការងារ របស់​ពន្ធនាគារ។ ឯកឧត្ដម បន្តថា«ខ្ញុំ​អត់​ដឹង​យ៉ាង​ម៉េច​ដែរ ឥឡូវ​កំពុង​ឲ្យ​អយ្យការ​ឆែក​រឿង​ហ្នឹង​ឡើង​វិញ យ៉ាងម៉េច​បាន​ជា​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ ហើយ​ទៅ​ជា​មាន​គ្រោះថ្នាក់​បែបនេះ។ ឥឡូវ​រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​មិន​ទាន់​ទទួល​បាន​របាយ​ការណ៍​ពី​ព្រះ​រាជ​អាជ្ញា នៅ​ខេត្ត​រតនគីរី​នៅ​ឡើយ​ទេ»។
ឯកឧត្ដម បានឲ្យដឹងផងដែរថា ឯកឧត្ដម​នឹងឲ្យ​ព្រះរាជអាជ្ញា​ខេត្តរតនៈគីរី សួរនាំ​ជា​ប្រចាំ ដើម្បីកុំឲ្យ​មានបាតុភាពបែបហ្នឹង​កើតឡើងតទៅទៀត។ ឆ្លើយតបទៅនឹងសំណួរ​របស់​អ្នកសារព័ត៌​មាន ឯកឧត្ដម អង្គ វង្សវឌ្ឍានា បានបញ្ជាក់ដែរ​ថា ការអនុញ្ញាត​ឲ្យអ្នកទោស​ចេញពី​ពន្ធនាគារ វាជា ការងារ​របស់​ក្រសួងមហាផ្ទៃ រឿងដាក់ពិន័យ ឬដាក់ទោស​យ៉ាងណា​វាជារឿង​របស់​ក្រសួងមហា​ផ្ទៃ។
គួរ​បញ្ជាក់ថា​អ្នក​ទោស​ម្នាក់​ដែល​ត្រូវ​តុលាការ​ចោទ​​​ប្រកាន់​ឲ្យ​ជាប់​ទោស​ជាង​១០​ ឆ្នាំ បាន​ចេញ ពី​ពន្ធនាគារ​ហើយ​ជិះ​រថយន្ត​បុក​មនុស្ស​៣​នាក់​ឲ្យ​រង​របួស​បាក់​ភ្លៅ​ ឆ្វេង​ទាំងអស់​ហើយ​រត់​គេច​ខ្លួន​រួច​ដោយ​​មាន​មនុស្ស​ម្នាក់​ជា​អ្ន​ក​ អន្តរាគមន៍។ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរ​បង្ក​ឡើង​ដោយ​អ្នក​ទោស​ដែល​ មិន​ទាន់​បំពេញ​នៅ​ក្នុង​គុក​ផង នោះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១៧​និង​៥០​នាទី ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១១ នៅ​ចំណុច​មុខ អនុវិទ្យាល័យ​អន្តេវាសិកដ្ឋាន​បាន​លុង ដែល​បង្ក​ឡើង​ដោយ​រថយ​​ន្ត​ម៉ាក​ថៃហ្គ័រ ពណ៌​ត្រី​ឆ្លូញ ពាក់ ស្លាក​លេខ ភ្នំពេញ 2F1672 បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់​រង​របួស​ធ្ងន់​បាក់​ភ្លៅ​ខាង​ឆ្វេង​ទាំង​៣​នាក់​ ហើយ​គ្រោះ​ថ្នាក់​នេះ​បង្ក​ឡើង​ដោយ​អ្នក​ទោស​ម្នាក់ ឈ្មោះ​យឿង បាលូង ហៅ​តា​ពូលូង អតីត​ស្នង​ការ​នគរបាល​ខេត្ត​រតនគីរី។
អ្នក​បើក​បរ​ម៉ូតូ​មាន​ឈ្មោះ​ថាំង ពេជ្រ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជន​ជាតិ​ខ្មែរ​មុខ​របរ​កម្មករ​សំណង់ និង​ឈ្មោះ​សំ កែវ ភេទប្រុស អាយុ​១៩​ឆ្នាំ មុខ​របរ​កម្មករ​សំណង់ អ្នក​ទាំង​ពីរ​រស់​នៅ​ភូមិ​អូរជុំ ឃុំ​អូរជុំ ស្រុក​អូរជុំ ខេត្ត​រតនគីរី ​និង​អ្នក​បើក​បរ​ម៉ូតូ​ម្នាក់​ទៀត​ឈ្មោះ​ឆេង ងួន ភេទ​​ប្រុស អាយុ​៤០​ឆ្នាំ ជន​ជាតិ​ខ្មែរ​មុខ​របរ​រត់​ម៉ូតូ​ឌុប មាន​ទីលំនៅ​ភូមិ​មួយ សង្កាត់​ឡាបានសៀក ក្រុង​បានលុង​ ខេត្ត​រតនគីរី អ្នក​ទាំង​៣​ត្រូវ​រថយន្ត​បុក​បាក់​ភ្លៅ​ខាង​ឆ្វេង​ដូច​គ្នា​សម្រាក​ព្យាបាល ​នៅ​មន្ទីរ​ពេទ្យ​ក្រុង​បានលុង។
បងស្រី​គី ស៊ីថា និង​លោក​ដេន ធី ដែល​ត្រូវ​ជា​ពូ និង​ម្ដាយ​មីង​ជន​រង​គ្រោះ​ទាំង​៣​នាក់​បាន​ឲ្យ ដឹង​ថា កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​មករា ជន​រង​គ្រោះ​ទាំង​៣​នាក់ បាន​រង​របួស​បាក់​ភ្លៅ​ខាង​ឆ្វេង​ទាំង អស់ ហើយ​របួស​មាន​សភាព​ធ្ងន់​ក៏​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​វៀតណាម ដោយ​សារ​តែ​រថយន្ត​មួយ​គ្រឿង បើកបរ​ដោយ​ឈ្មោះយឿង បាលូង ហៅ​តា​ពូលូង ជា​អតីត​ស្នង​ការ​នគរបាល​ខេត្ត​រតនគីរី ត្រូវ​បាន​តុ លាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ខេត្ត​រតនៈគីរី ពាក់​ព័ន្ធ​នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់ កន្ទុយនាគ កាល​ពី​អំឡុង​ឆ្នាំ​២០០៤ ក្បែរ​ព្រំប្រទល់​ប្រទេស​ឡាវ។
តាម​ប្រភព​ព័ត៌មាន​ខ្លះ​បាន​ឲ្យ​ដឹង​ថា ឈ្មោះ​យឿង​ បាលូង​នេះ​បាន​សុំ​មន្រ្តី​ពន្ធនាគារ​ដើម្បី ចេញ​មក​មើល​ចំការ​របស់​ខ្លួន ហើយ​ក៏​កើត​គ្រោះ​ថ្នាក់​ចរាចរ​បណ្ដាល​ឲ្យ​ម​នុស្ស​៣​នាក់​រង​របួស​ធ្ងន់ យ៉ាង​នេះ។
កម្ពុជា​ថ្មី​បាន​ទូរស័ព្ទ​ទាក់​ទង​ទៅ​លោក ងិន ណែល ប្រធាន​ពន្ធនាគារ​ភ្នំ​ស្វាយ​ផង​ដែរ តែ​មិន មាន​ការ​ឆ្លើយ​តប ដោយ​រវល់​និយាយ​ជាមួយ​ក្រុម​គ្រួសារ។

កោះកែវ

អ្នក​ធ្វើ​នយោបាយ​ចង់​ទទួល​បាន​ជ័យ​ជំនះ យើង​​មិន​ត្រឹម​តែ​​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​ចុះ​ខ្សោយ​នោះ​ទេ តែ​ឲ្យ​ស្លាប់​តែម្ដង

ភ្នំពេញ ៖ សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​មន្ទីរ​ពេទ្យ​​កំពង់​ចាម​នោះ​ទៀត​ថា ខ្ញុំ​មិន​មែន​ត្រឹម​តែ​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​ចុះ​ខ្សោយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នឹង​ធ្វើ​ឲ្យ​ពួក​ប្រឆាំង​ងាប់​តែម្ដង។ សម្ដេច​ថ្លែង​បន្ត​ថា ការ​ផ្ដួល​រំលំ​របប​ចាត់​តាំង​យោធា​របស់​ក្រុម​ខ្មែរ​ក្រហម គឺ​ក្រោម​កណ្ដាប់​ដៃ​របស់ ហ៊ុន សែន។ សម្ដេច​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដូច​រូប​សម្ដេច​ដែរ ធ្វើ​នយោបាយ​គឺ​ចង់​​ឈ្នះ។
សម្ដេច​តេជោ ក៏​បាន​ថ្លែង​លើក​ឡើង​អំពី​អ្នក​ខ្លះ​ចង់​ឲ្យ​ក្រុម​ប្រឆាំង​ធ្វើ​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល ដូច​នៅ​ប្រទេស​ទុយនេហ្ស៊ី សម្ដេច​មាន​ប្រសាសន៍​ថា បើ​មាន​អ្នក​ខ្លះ​អំពាវនាវ​ឲ្យ​ធ្វើ​អញ្ចឹង សម្ដេច​នឹង បិទ​ទ្វារ​វ៉ៃ​ឆ្កែ​តែ​ម្ដង យើង​នឹង​​ប្រើ​កម្លាំង​ដើម្បី​ការពារ​រដ្ឋ​ធម្មនុញ្ញ បើ​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​មិន​ការពារ​រដ្ឋ ធម្មនុញ្ញ​​ទេ ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​ម៉េច​នឹង​កើត៕

ស្នាយពល

ការ​ដ្ឋាន​សាង​សង់​ស្ពាន​អ្នក​លឿង នឹង​ចាប់​ផ្ដើម​ដំណើរ​នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ២០១១

កំពង់ចាម ៖ ថ្លែង​ក្នុង​ពិធី​សម្ពោធ​អគារ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់ចាម សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មករា​នេះ​ថា ​ដំណឹង​ល្អ​មួយ​ទៀត​សម្រាប់​ប្រជាជន​កម្ពុជា​ទាំង​មូល គឺ​នឹង​ឃើញ ស្ពាន​ដ៏​វែង​មួយ​ទៀត ប្រតិស្ឋាន​ឆ្លង​ទន្លេ​​មេគង្គ នៅ​តំបន់​អ្នក​លឿង ដែល​គ្រោង​នឹង​សាង​សង់ អស់ ទឹក​ប្រាក់​ប្រមាណ​១៣០​លាន​ដុល្លារ ហើយ​នឹង​ចាប់​ផ្ដើម​បើក​ការ​ដ្ឋាន​សាង​សង់​នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១១​ខាង​មុខ​នេះ៕
ស្នាយពល