Tuesday, January 25, 2011

ថ្ងៃ​ស្អែក​រឿងក្តី​​គ្រួសារ​ខូវ ជីលី ឈាន​ដល់​ការ​សន្និដ្ឋាន​​បញ្ចប់​​ បន្ទាប់ពី​​បើក​​សវនា​ការ​​ច្រើន​​លើក


(រូបថត​ ប៊ុនណាក់)

រាជ​ធានីភ្នំពេញ ៖ នៅ​ថ្ងៃ​២៦ មករា ស្អែក​នេះ​​សវនា​ការ​រឿង​ក្តី​​គ្រួសារ​លោកឧកញ៉ា​ខូវ ជី​លី ​​បាន​ឈាន​ដល់​ទីបញ្ចប់​សំរាប់ការ​កសិដ្ឋាន​​របស់​តុលា​ការ​ បន្ទាប់ពី​បើក​សវនាការ​ជាច្រើន​លើក ។ ទោះបី​ជា​បែបណា​ ការ​ប្រកាស​​សាល​ក្រម ឬ​ក៏​ការ​ប្រកាស​ពន្យារពេល​​ទៅថ្ងៃ​ណាមួយ​​នៅមិន​​ទាន់​បាន​ដឹងទេ ​សំរាប់​​ការវិនិច្ឆ័យ​រឿង​ក្តី​ចោទ ប្រកាន់​ភរិយា​លោក​ឧកញ៉ា​ខូវ ជីលី ថា ​មាន​ចេត​នា​មនុស្សឃាត​លើ​កូនស្រី​ភរិយា​​ដើម​គឺ​លោក​ស្រី​ស៊ុន សុថា ​ដែល​ជាភរិយា​​លោក​ទេស​រដ្ឋ​​មន្ត្រី​​ស៊ុន ចាន់ថុល ។
មានការ​កត់សំគាល់​ថា ពេញ​១​ថ្ងៃ​ទី២៤ មករា នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បានបន្ត​បើក​សវ​នា​ការ​​រឿង​ក្តី​ភរិយា​​លោក​ឧកញ៉ាខូវ​ ជីលី ​ដែល​នេះ​ចាត់​ទុក​ថា ជា​សវនាការ​លើក​ទី៥ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​​លើ​បទ​ល្មើស​​ប៉ុនប៉ង​រំលោភ​ និង​ធ្វើ​​មនុស្ស​​ឃាតលើ​លោកស្រី​ស៊ុន សុថា ​ភរិយាទេស​រដ្ឋ​មន្ត្រីលោក​ស៊ុន ចាន់​ថុល​ ។
សវនា​ការ​លើកនេះ​ក៏មិន​ខុស​ពី​​​លើក​មុនៗ​ដែរ ​សមាស​ភាព​ចូល​រួម​គឺនៅ​ដដែល​ ​ទាំង​ក្រុម​ប្រឹក្សា ​​តំណាង​អយ្យការ មេ​ធាវី ជនសង្ស័យ​ ព្រម​ទាំង​​សាក្សី ។ សវនាការ​​​៤​លើក​កន្លងទៅ ក្រុម​ប្រឹក្សា​​​បានសាក​សួរ​ដេញ​ដោល​ជនសង្ស័យ​៥​នាក់​​ និងសាក្សី​​១៨​នាក់ ​ខាងជនជាប់​ចោទ​រួច​រាល់​អស់​ហើយ ​គឺ​នៅ​សល់តែ​សាក្សី​ខាងដើម​ចោទប៉ុណ្ណោះ ​​ដូច្នេះ​សវនា​ការ​ថ្ងៃនេះ គឺតុលា​ការ​បានសួរសាក្សី​​២​នាក់​ខាង​ដើម​ចោទ ក្នុងនោះ​ម្នាក់​គឺលោក​យាយ​​ប៉ែន ជីវ៉ាន់ អាយុ​៧៨​ឆ្នាំ ​ជា​ភរិយា​ដើម ​​របស់លោក​​​ឧកញ៉ា​ខូវ ជី​លី និងម្នាក់​ទៀត​​ជា​កូន​ស្រី​ច្បង​ឈ្មោះ​ខូវ ជីឡា​សាឌី ​ហៅ​មុំ​ ក្នុង​នាម​ជា​សាក្សី​ដើមបណ្តឹង​ ។
នៅចំពោះ​​មុខ​អង្គសវនា​ការ​ អ្នកស្រី​ខូវ ជីឡា​សាឌី ​បាន​រៀប​រាប់​​ថា អ្នកស្រី​គ្រាន់​តែ​ជា​សាក្សី​ដែលបានដឹងខ្លះ​ពីរឿង​អ្នកមីង​សេង ច័ន្ទ​ដា និងប្អូនស្រី​ស៊ុន​ សុថា ។ អ្នក​ស្រី​បន្តថា ​រឿង​ដំបូង​​​បំផុត​ដែល​ធ្វើ​​ឱ្យគ្រួសារ​ត្រកូល​ខូវបែក​បាក់​គ្នា​ និង​កាន់​តែបែកបាក់ទៀត​​នោះ គឺ​ផ្តើម​ចេញ​តាំង​ពីលោក​ប៉ា (ឧកញ៉ា​​ខូវ ជីលី) បាន​យក​ប្រពន្ធ​​ក្រោយ​គឺអ្នក​​​មីង​សេង ​ច័ន្ទ​ដា នេះ ​ដែល​ធ្វើ​ឱ្យកូន​ប្រុស​ស្រី​មួយចំនួនមិនពេញចិត្ត ។ អ្វី​ដែលកាន់​តែ​មិនចុះសំរុង​គ្នានោះ​ គឺ​ប្អូនស្រី​ស៊ុន ​សុថា ភរិយា​លោក​ស៊ុន ចាន់​ថុល ដែលពួក​គេ​​មិន​ចង់​បាន​ និង​​មិន​ចង់​ឮ​​ពាក្យ​ថា ស្រី​យក​ប្តី​គេ ។ ​
អ្នកស្រី​ខូវ ជីឡាសាឌី ​ហៅមុំ បន្តថា ​ចាប់​តាំង​ពីលោក​ប៉ា​យក​ប្រពន្ធក្រោយ​ គឺអ្នក​មីង​សេង ច័ន្ទ​ដា នេះមក ​បង​ប្អូន​ទាំង​១១​នាក់ទាំង​អ្នករស់​នៅស្រុក​ខ្មែរ ​និងនៅ​ស្រុក​បារាំង​​ត្រូវ​បែក​បាក់​ជាពីរ លុះចុង​ក្រោយ​​ដែលឈាន​ដល់​មានការ​ពាក់ព័ន្ធ​នឹងរឿង​ប៉ុនប៉ង​​រំលោភ​​ និងធ្វើ​មនុស្ស​ឃាត​លើ​ប្អូន​ស្រី​​ស៊ុន សុថា​នោះ គឺ​​កាល​ពីថ្ងៃទី៤ កក្កដា ​២០០៩ ​ពេលអ្នកស្រី​បាន​មកពី​ស្រុក​បារាំង​ចូល​ជួបឪពុក​ (ឧកញ៉ា​ខូវ​ ជី​លី ) ពេលនោះ​​បាន​ឃើញ​លោក​មានជំងឺ​ដេក​​កន្ទេល ​ទើប​អ្នកស្រី​ស្តី​​​បន្ទោស​​អ្នក​បំរើ​​​ផ្ទាល់​ឈ្មោះចាន់ ​សុខា និង​អ្នក​មីង​សេង ច័ន្ទ​ដា ​ពីការ​មិនទូរ​ស័ព្ទ​​​ប្រាប់​ពួក​គេ​ជា​កូនបង្កើត​ឱ្យដឹង ដែល​នេះ​ចាត់ទុក​ថា អ្ន​ក​ស្រីសេង ច័ន្ទដា ​និងអ្នកបំរើ​​ឈ្មោះ​ចាន់ សុខា ​ចង់​ទុក​ឱ្យ​​លោកប៉ា​គាត់​ស្លាប់ ។ រឿង​នេះ​បាន​​រាល​ដាល​ឱ្យ​កាន់​តែ​ធំ និង​បង្កើត​ជាគំនុំ​ហែក​គ្រួសារ​​មួយ​ឱ្យ​មានការ​បែក​បាក់​រហូត​ប្អូនៗប្រាប់​ថា ​អ្នក​មីង​សេង ច័ន្ទ​ដា ​​និង​អ្នកបំរើ​​​ក្នុង​ផ្ទះ ​រៀប​គំរោង​ចង់សម្លាប់​ប្អូនស្រី​ស៊ុន សុថា ។
​សាក្សី​​សំខាន់​ម្នាក់​ទៀត​គឺ​លោក​យាយ​ប៉ែន ​ជីវ៉ាន់ ​អាយុ​៧៨​ឆ្នាំ គាត់ដើរ​មិនរួច​ទេ ​និង​ស្ថិត​​នៅក្នុងរទេះ​​រុញ​ក្នុង​សំលៀក​បំពាក់​ជាអ្នក​កាន់​​ធម៌​អាថ៌ ។ គាត់​ជា​​​​អតីត​ភរិយា​​ដើម​​លោក​ឧកញ៉ា​​​ខូវ ជី​លី ហើយ​បាន​ចូល​ខ្លួន​មក​​ធ្វើ​សាក្សី​ឱ្យ​ដើម​បណ្តឹង​​កូនស្រី​ស៊ុន សុថា ។ លោកយាយ​បានឆ្លើយនៅចំពោះ​មុខ​អង្គសវនា​ការ​យ៉ាង​ខ្លី២​ចំណុច​​ថា ១-រឿង​លិខិត​ដែល​សរ​សេរ​ឆ្លើយតប​​ឧកញ៉ា​ខូវ ជីលី ​ដាក់​ជូនតុលា​ការ​ និងចុះ​ផ្សាយ​​​ក្នុងទំព័រ​សារព័ត៌​មាន​ គឺ​គាត់​មិន​មែន​ជា​អ្នក​សរ​សេរទេ ​ប៉ុន្តែ​ស្នាម​មេ​ដៃ​​ គឺពិត​ជា​គាត់​បាន​​​ផ្តិ​ត​ក្នុង​លិខិត​នោះ​មែន ព្រោះ​កូន​យក​​មកឱ្យ​ផ្តិត ។ ​​ទី២-រឿង​អ្វីៗ​លោក​យាយ​មិនបាន​​ដឹង​ទាំង​អស់ ​​​គ្រាន់​តែ​​ថា រឿង​នេះ​កូនៗ​ទាំង​អស់​​គេ​មិនពេញ​ចិត្ត​​ឪពុក​របស់​គេ​យកនាង​សេង ច័ន្ទ​ដា ​ធ្វើជា​ភរិយា ​។
ក្នុងសវនាការ​ពេញ​១​ថ្ងៃ​​ មេ​ធាវី​ខាង​ចុង​ចោទ​ គឺលោក​លឹម វណ្ណា និង​លោក​​ការ សាវុត ​បានសង្កត់​​ធ្ងន់​ទៅ​លើ​អ្នកស្រី​ខូវ​ ជី​ឡា​សាឌី ហៅ​មុំ ទាក់​ទិន​នឹងរឿង​​ទៅជួប​ជន​សង្ស័យ​​​​ឈ្មោះ​ចាន់ សុខា និង​នាង​ស៊ី​ណាត ​នៅពន្ធ​នា​គារដោយ ​មានការ​សួរ​​​យក​ចំលើយ​ និងបាន​ប្រគល់​ប្រាក់​​ម្នាក់​១០០​ដុល្លារ និងផ្លែឈើ​១កន្ត្រក​ដែលនោះ​​គឺជាការ​ខុស​នីតិវិធីរបស់អ្នក​ស្រី​ជាសាក្សី​​ហើយ ។ ការ​ធ្វើ​​បែបនេះ​លោក​មេ​ធាវី​ចាត់​ទុក​ថា ​​ជា​ការ​ទៅ​ជួប​ទិញ​ទឹកចិត្ត​​ជនសង្ស័យ​ ដើម្បី​ឱ្យ​​ងាក​មករក​​ខាងដើម​បណ្តឹង​វិញ ។​ ពិនិត្យ​ទៅ​លើ​អង្គ​សវនាការរឿង​ក្តីប៉ុន​ប៉ង​​​រំលោភ និង​ធ្វើ​​មនុស្ស​​ឃាត​​ក្នុងគ្រួសារ​​តែមួយ​របស់​លោក​ឧកញ៉ា​​ខូវ ជីលី ​នេះ ហាក់​ដូច​ជា​​មាន​សភាព​​សាំ​ញ៉ាំពេក​ណាស់ ហើយ​អ្វី​ដែល​ជា​ការពិត​ពុំ​មាន​ភស្តុតាង​ច្បាស់​លាស់ សំរាប់​ឱ្យ​តុលាការ​​ដាក់បន្ទុក​​ ដើម្បី​ចោទប្រកាន់ និងឈាន​ទៅ​​ផ្តន្ទាទោសជន​ដែលត្រូវ​ចោទ គឺ​រក​មិន​ឃើញ​សោះ ៕

ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment