ភ្នំពេញ: លោក ចន ចចអូវិន(John George Owens)ទីប្រឹក្សាផ្នែកហ្វឹកហ្វឺនបច្ចេកដោះមីននិងជាតំណាងអាជ្ញាធរមីនប្រទេសពេរូ បានដឹកនាំគណៈប្រតិភូអាជ្ញាធរមីនពេរូដែលមានគ្នា ៥ នាក់មកបំពេញទស្សន កិច្ចនៅកម្ពុជាក្នុងគោលបំណងស្វែងយល់និងផ្លាស់ប្តូរបទពិសោធន៍អំពីសកម្មភាពដោះមីននៅកម្ពុជា។
គណៈប្រតិភូបានទៅទស្សនាអគ្គលេខាធិការដ្ឋានអាជ្ញាធរមីនកម្ពុជាកាលពី
ព្រឹកថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១១។
លោក ជុំ ប៊ុនរ៉ុង អគ្គលេខាធិការអាជ្ញាធរមីនកម្ពុជាបានជម្រាបជូនអំពីការវិវត្តន៍នៃសកម្មភាពមីនចាប់ពីឆ្នាំ ១៩៩២ រហួតមកដល់បច្ចុប្បន្ននិងផែនការទៅអនាគតពីឆ្នាំ ២០១០ដល់ ២០១៩ នៃការអនុវត្តផែនការសកម្មភាពមីនដែលរាជរដ្ឋាភិបាលទើបបានសម្រេចជាផ្លូវការកន្លងទៅថ្មីៗនេះ ។
លោកបានបញ្ជាក់ថា ស្ថានភាពគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជាបានរងឥទ្ធិពលសង្គ្រាមលោកលើកទី២ សង្គ្រាមឥណ្ឌូចិននិងសង្គ្រាមរ៉ាំរ៉ៃជិត៣ទស្សវត្សរ៍បានធ្វើឱ្យកម្ពុជាទទួលរងនូវវិនាសកម្មគ្រប់យ៉ាង ទាំងជីវិតមនុស្ស សម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញស្ទើរគ្មានសល់។
សង្គ្រាមបានបន្សល់ទុកគ្រាប់ មីននិងគ្រាប់មិនទាន់ផ្ទុះយ៉ាងច្រើនសន្ធឹកសន្ធាប់គ្រប់ដណ្តប់លើផ្ទៃដីប្រមាណជាង ៤ ពាន់គីឡូម៉ែត្រក្រឡា គ្រាប់មីនចំនួន ៤,៦ លានគ្រាប់បានបង្កប់នៅក្នុងដីនិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលទម្លាក់ដោយយន្តហោះ ចម្បាំងពីឆ្នាំ ១៩៦០ ដល់ ឆ្នាំ ១៩៧៥ មានចំនួន ២,៧៥ លានតោនហើយវាបានបង្ករឱ្យប្រជាពលរដ្ឋកម្ពុជា ស្លាប់បាត់បង់ជីវិតនិងពិការអស់ជាង ៦ ម៉ឺននាក់ ។
លោកបានបន្តថា លទ្ធផលនៃកិច្ចប្រតិបត្តិការដោះមីនដោយប្រតិបត្តិករធំៗទាំង៤មាន NPMEC. CMAC MAG. nig HALO Trust NGOs និងក្រុមហ៊ុនដោះមីនផ្សេងទៀតគិតមកដល់ឆ្នាំ ២០១០ នេះ សម្រេចបានលើផ្ទៃដី ៦១៤ គីឡូម៉ែត្រក្រឡា រកឃើញនិងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សជិត១លានគ្រាប់ មីនប្រឆាំងរថក្រោះជាង ២ ម៉ឺនគ្រាប់ និងគ្រាប់មិនទាន់ផ្ទុះជាង២លានគ្រាប់ ហើយតាមរយៈនៃកិច្ច សហប្រតិបត្តិការក្នុងវិស័យមីនបានកាត់បន្ថយអត្រាជនរងគ្រោះថ្នាក់បានធ្លាក់ចុះយ៉ាងលឿនដែលក្នុងឆ្នាំ ១៩៩៦ មានជនរងគ្រោះថ្នាក់ដោយសារមីននិងគ្រាប់មិនទាន់ផ្ទុះចំនួនជាង ៤.០០០ តែនៅឆ្នាំ ២០១០កន្លង ទៅនេះមានចំនួនតែ ២.៦០០ នាក់ប៉ុណ្ណោះ។
លោក ចន ចចអូវិន បានមានប្រសាសន៍បញ្ជាក់ជូនអាជ្ញាធរមីនកម្ពុជាថា ពេរូជាប្រទេសមួយដែលមានបញ្ហាគ្រាប់មីនដូចកម្ពុជាដែរដែលមានចំការមីនជាង ៤៥ ចំការមីនហើយប៉ះពាល់យ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍន៍ប្រទេសដោយ មានគ្រាប់មីនប្រមាណជាង ៣៥.០០០ គ្រាប់ដាក់ក្នុងសម័យសង្គ្រាមតាមព្រំដែន។
លោកប្រធានគណៈប្រតិភូបានវាយតម្លៃនិងកោតសរសើរចំពោះសមិទ្ធិផលនិងសកម្មភាពកម្ចាត់មីននៅក្នុងប្រទេសកម្ពុជាដែលទទួលបានជោគជ័យហើយសង្ឃឹមថា ដំណើរទស្សនកិច្ចនេះនឹងដកស្រង់បាននូវបទ ពិសោធន៍ពីកម្ពុជាហើយយកទៅអនុវត្តសកម្មភាពកម្ចាត់មីននៅប្រទេសប៉េរូឱ្យបានជោគជ័យដូចនៅកម្ពុជាដែរ។
នេះមិនមែនជាលើកទី១ទេ តែជាញឹកញាប់ណាស់ដែលប្រទេសនានាលើសាកលលោកបានមកស្វែងយល់ដើម្បីដកបទពិសោធន៍ស្តីពីការដោះមីននៅកម្ពុជា៕
ដោយ : សម្បត្តិ
No comments:
Post a Comment