ក្រចេះ: យុវជន៥នាក់ត្រូវបានកម្លាំងប៉េអឹមផ្ទៃប្រទេស និងខេត្តក្រចេះឃាត់ខ្លួនរួមជាមួយ រថយន្តកែច្នៃដឹកឈើ៧ម៉ែត្រគូប ក្នុងយុទ្ធនាការចុះបង្ក្រាបបទល្មើសកាប់ និងដឹកជញ្ជូនឈើខុសច្បាប់ នៅក្នុងព្រៃដែនជំរកសត្វព្រៃស្រុកស្នួលក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ ។
ប្រភពពីមន្ត្រីរដ្ឋបាលព្រៃឈើស្រុកស្នួលឱ្យដឹងថា ការឃាត់ខ្លួននេះជាជំហានដំបូងប៉ុណ្ណោះ ព្រោះមនុស្ស និងសម្ភារៈល្មើសផ្សេងទៀត មិនទាន់ដឹកជញ្ជូនចេញពីព្រៃអស់នៅឡើយ ។
យុវជនទាំង៥នាក់ដែលគណៈកម្មការចម្រុះបានឃាត់ខ្លួនមាន១.ឈ្មោះ សឹង គីនីន អាយុ ២០ឆ្នាំ ២អាយុ.ឈ្មោះ ម៉ៅ ភា អាយុ ២០ឆ្នាំ ៣.ឈ្មោះ ឃឹម ធឿន ៤.ឈ្មោះម៉ក់ ស្រ៊ុន ៥.ឈ្មោះ ស៊ុំ សំអាត ពេលដែលពួកគេ កំពុងធ្វើ សកម្មភាពដឹកជញ្ជូនឈើប្រភេទកកោះ ចំនួន៧ដុំ ស្មើជាង៧ម៉ែត្រគូប ដោយគ្មានច្បាប់អនុញ្ញត។
មេព្រៃបានកសាងសំណុំរឿងបញ្ជូនយុវជនទាំង៥នាក់ពីករណីដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញត។
សកម្មភាពនៃកាចុះបង្ក្រាបរបស់អាជ្ញាធរមានសមត្ថកិច្ចនេះដែលគិតមកទល់ថ្ងៃនេះ គឺមានរយៈ ពេលបីថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី២៣-២៤-២៥ ខែ មករា ដោយមានការដឹកនាំផ្ទាល់ពីសំណាក់លោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកអភិបាលស្រុកស្នួល នាយខណ្ឌរដ្ឋបាលព្រៃឈើ មន្ត្រីផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើ ការកងរាជអាវុធហត្ថខេត្ត ព្រម ទាំងកំលាំងកងរាជ អាវុធហត្ថលើផ្ទៃប្រទេស។
ក្រុមអ្នកចុះបង្ក្រាបរាប់រយនាក់សុទ្ធតែមានអាវុធគ្រប់ដៃបានចុះធ្វើសកម្មភាពបង្ក្រាបឈើ អនាធិបតេយ្យក្នុងព្រៃដែនជំរកសត្វព្រៃស្នួលស្ថិត ក្នុងភូមិសាស្ត្រ ភូមិកាបី ឃុំ២ធ្នូ ស្រុកស្នួល ជាប់ព្រំប្រទល់ស្រុកកែវសីមានិងស្រុកកោះញែក ខេត្តមណ្ឌលគីរី។
ក្នុងយុទ្ឋនាការ សមត្ថកិច្ចក៏ចាប់បានឈើប្រភេទលេខមួយ (ឈើគ្រឿងផ្ទះ)ដែលស្ថិតនៅ ខាងក្រោយផ្ទះ ប្រជាពលរដ្ឋស្ថិតនៅចំនុចកាបី ឃុំពីធ្នូ ស្រុកស្នួល ដោយការរឹបអូសបានឈើទាំងអស់ចំនួនជិតដប់ម៉ែត្រគូបផងដែរ និង ឃាត់បានរថយន្តប្រភេទច្នៃរ៉េវ បានមួយគ្រឿងទៀត។
សមត្ថកិច្ចក៏បានឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ បាត ស្រីអូន អាយុ៣៩ឆ្នាំ មានទីលំនៅក្នុងឃុំពីធ្នូ ស្រុកស្នួល មកកសាង សំណុំរឿងដែលស្ត្រីរូបនេះត្រូវបានគេដឹងថា ជាម្ចាស់ឈើលេខ១ ដែលសមត្ថកិច្ច បានរុករក ឃើញនៅខាងក្រោយផ្ទះ នៅចំនុចខាងលើទល់មុខនិង ទីស្នាក់ការការពារដែនជំរកសត្វ ភូមិកាបី ។
ការចុះបង្ក្រាប់បទល្មើសឈើអនាធិប្បតេយ្យនៅក្នុងព្រៃដែនជំរកសត្វ ព្រៃស្នួលមានសកម្មភាពក្តៅគគុក ហើយបានចូលរុករកដល់ព្រៃជ្រៅ។ ប៉ុន្តែ គេមិនដឹងថា មុខសញ្ញាឈ្មួញរកស៊ីឈើធំៗមួយចំនួនដែលមានឈ្មោះល្បីរន្ទឺខាងការកាប់ ដឹកឈើប្រណិតក្នុងព្រៃដែជំរកសត្វស្នួលនេះអាចនឹងត្រូវចាប់ខ្លួនបានឬយ៉ាងណានៅឡើយទេ។
តំបន់ព្រៃការពារដែនជម្រកសត្វស្នួលដែលជាតំបន់អភិរក្សរបស់អគ្គនាយកដ្ឋានរដ្ឋបាលកាពារ និងភិរក្សធម្មជាតិនៃក្រសួងបរិស្ថាន ជាតំបន់ដែលឈ្មួញធ្វើសកម្មភាពកាប់បំផ្លាញឈើគ្រប់ប្រភេទ និងមានទ្រង់ទ្រាយធំហើយបើកចំហរយ៉ាងអនាធិប្បតេយ្យ។ កន្លងទៅក៏ធ្លាប់កើតមានការផ្ទុះអាវុធជាញឹកញាប់ ពីសំណាក់ជនទុច្ចរិតជាអ្នករកស៊ីឈើដែលសុទ្ឋសិងជាមួយមន្ត្រីប្រដាប់អាវុធ បានផ្ទុះអាវុធគំរាមដាក់គ្នា ដោយសារសង្គ្រាមកាងឈើផងដែរ៕
ដោយ : សេសាន
No comments:
Post a Comment