Tuesday, January 25, 2011

ឆានវីត កាសេតស៊ីរិ អ្នកប្រវត្ដិសាស្ដ្រថៃ និងលោក ស៊ូប៉ាឡាក់ ហ្គាន់ចាណាក់ឃុនឌី អ្នកនិពន្ធនៃកាសែត The Nation កំពុងបង្កើតគំនិតស្រមើស្រមៃលើបញ្ហាប្រាសាទព្រះវិហារខ្មែរ


នាពេលថ្មីៗនេះមានការលើកឡើងដោយខុសឆ្គងចំពោះបញ្ហាប្រាសាទព្រះវិហារខ្មែរ ដោយ កាសែត The Nation(Charnvit Kasetsiri)របស់ថៃដែលចេញផ្សាយថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១១ ដោយ ដកស្រង់សំដីរបស់លោក ឆានវីត កាសេតស៊ីរិ អ្នកប្រវត្ដិសាស្ដ្រថៃ ក្នុងអ្វីដែលលោកលើក​ឡើង​ថា “បេតិក ភណ្ឌពិភពលោកធម្មជាតិ និងវប្បធម៌ចម្រុះតាមទន្លេមេគង្គ និងដងរែកជាគំរូមួយ​ដើម្បីបញ្ចប់​ជម្លោះ។ *ហើយលោក ឆានវីត បានលើកឡើងនូវគំរូមួយនៃឧទ្យានទឹកធ្លាក់ IguaZu តាំងស្ថិតនៅលើ​ព្រំដែន​នៃ ប្រទេសអាហ្សង់ទីន និងប្រេហ្ស៊ីល ដែលគណៈគម្មាធិការបេតិកភណ្ឌ​ពិភពលោក​បានចុះ​បញ្ជីឧទ្យានជាតិនៃ ប្រទេស អាហ្សង់ទីន ជារមណីយដ្ឋានបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ១៩៨៤ ហើយ​គណកម្មាធិការបេតិក ភណ្ឌក៏បានចុះបញ្ជីចំណែករបស់ប្រទេស​ប្រេហ្ស៊ីលជាសម្បត្ដិបេតិកភណ្ឌ​ពិភព​លោក​ក្នុងឆ្នាំ ១៩៨៦ផងដែរ។ ក្នុងអត្ថបទនេះដដែល លោក ស៊ូប៉ាឡាក់ ហ្គាន់ចាណាក់ឃុនឌី (Supalak Ganjanakhundee) បានសរសេរថា “ថៃនិងកម្ពុជាបានមានជម្លោះលើប្រាសាទ​ព្រះវិហារក្នុង​កន្លះទស្សវត។ សំណើរបស់កម្ពុជា ដើម្បីចុះបញ្ជីប្រាសាទជាបេតិកភណ្ឌពិភពលោក​បានបង្ករឱ្យមាន​ជម្លោះ​ប្រទេសជិតខាង។*ក្រុមអ្នកជាតិ និយមថៃមួយចង់ឱ្យរដ្ឋាភិបាលថៃរារាមងការប៉ុនប៉ងរបស់​កម្ពុជា​ដើម្បីគ្រប់គ្រងប្រាសាទព្រះវិហារ និង បណ្ដេញសហគមន៍ខ្មែរចេញពីតំបន់នៅក្បែរប្រាសាទ។ “សាល​ដីកា​តុលាការយុត្ដិធម៌អន្ដរជាតិរកឃើញថា ព្រះវិហារស្ថិតនៅក្នុងទឹកដីក្រោមអធិបតេយ្យរបស់កម្ពុជា ប៉ុន្ដែក្រុងបាងកកលើកឡើងថា តំបន់ជុំវិញ ប្រាសាទ ហើយសូម្បីដីដែលប្រាសាទតាំង​នៅជាកម្មសិទ្ធ​របស់ថៃ។ “ប្រាសាទព្រះវិហារអាចត្រូវបានចុះ បញ្ជីរួមគ្នាជាសម្បត្ដិបេតិកភណ្ឌពិពិភពលោក នៅពេល​ដែលតួរប្រាសាទស្ថិតក្នុងទឹកដីកម្ពុជា ប៉ុន្ដែតំបន់ជុំវិញ ប្រាសាទស្ថិតក្នុងទឹកដីថៃ។*
ការលើកឡើងរបស់លោក ឆានវីត និងលោក ស៊ូប៉ាឡាក់ ហ្គាន់ចាណាក់ឃុនឌី គឺបានផ្ទុយ​ស្រឡះ ពីការពិតក្នុងប្រវត្ដិសាស្ដ្រ និងច្បាប់អន្ដរជាតិ។ វាជាការគួឱ្យខ្មាស់អៀនដែលលោក ឆានវីត កាសេតស៊ីរិ និងលោក ស៊ូប៉ាឡាក់ ហ្គាន់ចាណាក់ឃុនឌី បានបង្កើតគំនិតដោយស្មានមិនប្រាកដ គ្មានភាព​សមហេតុផលតាម តក្កវិទ្យានៃច្បាប់អន្ដរជាតិដែលអាចធ្វើឱ្យមជ្ឈដ្ឋានជាតិ និងអន្ដរជាតិទទួល​យក​បានឡើយ។ អ្នកប្រវត្ដិ សាស្ដ្រដូចជារូមលោក ឆានវីត កាសេតស៊ីរិ គួរគប្បីសរសេរនូវហេតុការណ៍​ពិតទាំងឡាយក្នុងពេលវេលា ច្បាស់លាស់ ដើម្បីទុកឱ្យមនុស្សជំនាន់ក្រោយទទួលបាន​នូវការពិត​ដែលសច្ចធម៌ក្នុងប្រវត្ដិសាស្ដ្រដោយមិន ត្រូវធ្វើការបកស្រាយឱ្យខុសពីការពីតឡើយ។
ការពិតក្នុងប្រវត្ដិសាស្ដ្ររវាងកម្ពុជា និងថៃ មិនដែលមានជម្លោះលើបញ្ហាព្រំដែន ឬ បញ្ហា​ប្រាសាទ ព្រះវិហារឡើយ។ ទើបតែក្នុងឆ្នាំ១៩៤៩ប៉ុណ្ណោះ កងទ័ពថៃបានចូលឈ្លានពានទឹកដីកម្ពុជា ដោយរំលោភ ទៅនឹងធម្មនុញ្ញសហប្រជាជាតិក្នុងមាត្រា២ កថាខណ្ឌទី៣ និងរំលោភខ្សែបន្ទាត់ព្រំដែន​អន្ដរជាតិ​រវាងប្រទេស ទាំងដែលត្រូវបានកំណត់រួចហើយអស់រយៈពេលជាងកន្លះ​សតវត្សចាប់ពី​ឆ្នាំ១៩០៨។ ជម្លោះតែម្ដងគត់ជា មួយនឹងថៃលើបញ្ហាអធិបតេយ្យដែនដីត្រង់​ព្រះវិហារត្រូវបានដោះ​ស្រាយ​នៅតុលាការយុត្ដិធម៌អន្ដរជាតិក្រុង ឡាអេក្នុងឆ្នាំ១៩៥៩។ ហើយក្នុងឆ្នាំ១៩៦២តុលាការ​យុត្ដិធម៌​អន្ដរជាតិជាតិក្រុងឡាអេបានសម្រេចលើ ជម្លោះអំពីអធិបត្យេដែនដីត្រង់តំបន់ព្រះវិហារ​ដោយចៅក្រម​អន្ដរជាតិបានពិនិត្យលើទិដ្ឋភាពច្បាប់ ក្នុងនោះ មានអនុសញ្ញាឆ្នាំ ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ទាក់ទងទៅនឹងការកំណត់ព្រំដែនរវាងប្រទេសទាំងពីរ  និងផែនទីឆ្នាំ១៩០៨ ដែលជាផែនទីឧបសម្ព័ន្ធ១ សន្លឹកដងរែក ព្រមទាំងអំពើរបស់ភាគីទាំងពីរក្នុងឆ្នាំ១៩២៥ ,១៩៣៧ ព្រមទាំងដំណោះស្រាយ​ចុង​ក្រោយឆ្នាំ១៩៤៦។ តុលាការយុត្ដិធម៌អន្ដរជាតិបានរកឃើញថា នៅ ឆ្នាំ១៩០៨-១៩០៩ ថៃពិតជាបាន​ព្រម​ទទួល​យក​ផែនទីឧបសម្ព័ន្ធ១ ថាជាលទ្ធផលនៃការងារកំណត់ព្រំដែន ដែលជាហេតុនាំឱ្យ​ខ្លួនទទួល​ស្គាល់ខ្សែបន្ទាត់នៅលើផែនទីនោះ ជាខ្សែព្រំដែនដែលអនុភាពនៃការទទួល យកនេះ គឺដាក់ប្រាសាទ​ព្រះវិហារស្ថិតនៅក្នុងទឹកដីកម្ពុជា។ តុលាការយុត្ដិធម៌អន្ដរជាតិ យល់ឃើញថា ការព្រមទទួលយកផែនទី ឧបសម្ព័ន្ធ១ ដោយភាគីទាំងពីរនាំឱ្យផែនទីនេះ ចូលទៅក្នុងដំណោះស្រាយ សន្ធិសញ្ញា និងក្លាយ​ជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់បាននៃដំណោះស្រាយសន្ធិសញ្ញនេះ។ ហើយតុលការ យុត្ដិធម៌​អន្ដជាតិយល់ថា ភាគីទាំងពីរបានសម្រេចយកការបកស្រាយមួយនៃដំណោះស្រាយសន្ធិសញ្ញា ដែល បណ្ដាលឱ្យខ្សែនៅលើផែនទីនេះ មានអានុភាពលើសលុបលើបទប្បញ្ញត្ដិផ្សេងៗទៀតរបស់សន្ធិសញ្ញ។ ដូច្នេះ តុលាការយុត្ដិធម៌អន្ដរជាតិ បានសម្រេចដោយសម្លេង ៩ ទល់នឹង ៣ សម្រេចថា ប្រាសាទ​ព្រះវិហារ និង តំបន់ស្ថិតនៅជុំវិញប្រាសាទស្ថិតក្នុងទឹកដីក្រោមអធិបតេយ្យរបស់កម្ពុជា។  ត្រង់ចំណុច​នេះ លោក ឆានវីត និងអ្នកនិពន្ធអត្ថបទនេះ ត្រូវរៀនសូត្រឱ្យបានយល់ដឹងត្រឹមត្រូវ ដើម្បីជៀសវាង​ធ្វើការបកស្រាយខុសដែល អាចនាំឱ្យមានការយល់ដឹងខុស ឬ យល់ដឹងមិនត្រឹមត្រូវ​ក្នុងចំណោម​មជ្ឈដ្ឋានជនជាតិថៃ ក្នុងឋានៈលោក ជាអ្នកប្រវត្ដិសាស្ដ្រថៃម្នាក់។
ចំពោះ ប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទជាកម្មសិទ្ធរបស់កម្ពុជា ដែលលោក ឆានវីត និងលោក ស៊ូប៉ាឡាក់ ហ្គាន់ចាណាក់ឃុនឌី អាចបើកមើលឃើញក្នុង​គេហទំព័ររបស់​តុលាការ​យុត្ដិធម៌អន្ដរជាតិ ក្រុងឡាអេ នឹងបានមើលឃើញយ៉ាងប្រាកដ។ ឥឡូវនេះ វាមានរយៈពេល​៤៨​ឆ្នាំហើយ ដែលកម្ពុជាបាន គ្រប់គ្រងស្រាទព្រះវិហារតាមអំណាចនៃសាលដីកាតុលាការយុត្ដិធម៌ជាតិ។ នៅក្នុងឆ្នាំ ២០០៨ គណៈកម្មាធិ ការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដែលជាផ្នែក​មួយនៃអង្គការសហប្រជាជាតិ បានអនុម័ត ដោយសម្លេងឯកឆ័ន្ឆដាក់ប្រាសាទ​ព្រះវិហាររបស់កម្ពុជា​ចូលជាសម្បត្ដិបេតិកភណ្ឌពិភពលោក នៅទីក្រុង កេបិចប្រទេស កាណាដា ហើយក្នុងសម័យ​ប្រជុំ​លើកទី ៣៤ នៃគណកម្មាធិការបេតិកភណ្ឌ នាទីក្រុង ប្រេហ្ស៊ីលីយ៉ានៃប្រទេសប្រេហ្ស៊ីល​បានព្រមទទួល​យកផែនការគ្រប់គ្រងដើម្បីការអភិរក្ស និងអភិវឌ្ឍប្រា សាទព្រះវិហារប្រកបដោយចីរភាពរបស់កម្ពុជា ហើយគណៈកម្មាធិការបេតិកភណ្ឌបានលើកទឹកចិត្ដឱ្យកម្ពុជា បន្ដការងារនេះ ដោយស្នើឱ្យមាន​កិច្ចសហការអន្ដជាតិក្នុងក្របខ័ណ្ឌគណកម្មាធិការសម្របសម្រួលអន្ដរជាតិ-ព្រះវិហារ។
ដូច្នេះ វាគ្មានហេតុផលណាមួយដែលប្រាសាទព្រះវិហារ​ខ្មែរត្រូវធ្លាក់ចូលទៅក្នុងគំនិតស្រមើ​ស្រមៃ របស់លោក ឆានវីត កាសេតស៊ីរិដែលនិយាយាថា បេតិកភណ្ឌពិភពលោកធម្មជាតិ និងវប្បធម៌​ចម្រុះតាម ទន្លេមេគង្គ និងដងរែកជាគំរូមួយដើម្បីបញ្ចប់ជម្លោះ ឬ ថា ប្រាសាទព្រះវិហារអាច​ត្រូវ​បានចុះបញ្ជីរួមតាម គំនិតស្មានមិនប្រាកដរបស់លោក ស៊ូប៉ាឡាក់ ហ្គាន់ចាណាក់ឃុនឌីឡើយ។ លោក ឆានវីត កាសេតស៊ីរិ និងលោក ស៊ូប៉ាឡាក់ ហ្គាន់ចាណាក់ឃុនឌី ត្រូវរៀនសូត្រយល់ដឹងឱ្យបានច្បាស់ថា ខ្សែបន្ទាត់ព្រំដែរវាង កម្ពុជា និង ថៃជាខ្សែបន្ទាត់ព្រំដែនអន្ដរជាតិច្បាស់លាស់ និងស្ថាពរដែលមាន​អាយុជាង១០០ឆ្នាំ ហើយ ហេតុផលទាំងឡាយក្នុងសាលដីកាតុលាការ​យតុត្ដិធម៌អន្ដរជាតិបាន​បកស្រាយ​បញ្ជាក់យ៉ាងច្បាស់លាស់ដែល អាចជាពន្លឺជួយឱ្យលោក ឆានវីត កាសេតស៊ីរិ និងលោក ស៊ូប៉ាឡាក់ ហ្គាន់ចាណាក់ឃុនឌី បានយល់ដឹង ត្រឹមត្រូវ។ ព្រោះ ការយល់ដឹងមិនត្រឹមរបស់លោក  ឆានវីត កាសេតស៊ីរិ និងលោក ស៊ូប៉ាឡាក់ ហ្គាន់ចាណាក់ឃុនឌី អាចនាំឱ្យមានការយល់ដឹង​មិន​ត្រូវក្នុងមជ្ឈដ្ឋានជនជាតិថៃផងដែរ។
តាមការពិត លោក ឆានវីត កាសេតស៊ីរិ និងលោក ស៊ូប៉ាឡាក់ ហ្គាន់ចាណាក់ឃុនឌី ត្រូវយល់​ឱ្យបានច្បាស់ថា ជម្លោះរវាងកម្ពុជា និងថៃ ត្រូវបានបង្កើតឡើងដោយផែនទីឯកតោភាគី និងជាផែនទី​សម្ងាត់ របស់ថៃដែលអន្ដរជាតិមិនបានទទួលស្គាល់។ ផ្ទុយទៅវិញ កម្ពុជា និងថៃមានផែនទីតែមួយគត់ គឺផែនទីឆ្នាំ ១៩០៨ ដែលជាផែនទីអន្ដរជាតិកើតចេញពីអនុសញ្ញា១៩០៤ និងសន្ធិសញ្ញា ១៩០៧ និងការងារនៃគណ កម្មការចម្រុះកំណត់ព្រំដែនបារាំង-សៀម ហើយតុលាការយុត្ដិធម៌​អន្ដរជាតិ​បានប្រើប្រាស់ផែនទី១៩០៨ ផែនទីសន្លឹកដងរែកក្នុងរឿងក្ដីព្រះវិហារឆ្នាំ១៩៦២។

ដោយ សេកស

No comments:

Post a Comment