Tuesday, January 25, 2011

ឱសថ​ក្លែងក្លាយ​តម្លៃ​១​លាន​ដុល្លារ​ត្រូវ​ដុតបំផ្លាញ​

កណ្តាល:  ឱសថ​ក្លែងក្លាយ​ខូចគុណភាព ដែលមាន​តម្លៃ​ប្រមាណ ១​លាន​ដុល្លា​អាមេរិក នាំចូល​ពី​ប្រទេស​ចិន​ដោយ​ខុសច្បាប់ ត្រូវបាន​ប៉ូលិស​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បាន​ដុតបំផ្លាញ នៅ​ថ្ងៃទី​២៥ ខែមករា នេះ នៅ​ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ក្រោម​ការដឹកនាំ​ដោយផ្ទាល់​របស់លោក​ឧ​ត្ត​ម​សេនីយ​ទោ ស៊ា​ង ប៊ុន​លាង ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស ។​

​លោក​ឧ​ត្ត​ម​សេនីយ​ទោ ស៊ា​ង ប៊ុន​លាង បាន​មានប្រសាសន៍ថា ទំនិញ​ខុសច្បាប់ និង ឱសថ​ក្លែងក្លាយ​ដែល​ដុតបំផ្លាញ​រួមមាន​ជាង ២១​តោន មាន​ថ្នាំ​ដាក់​ភ្នែក​ចំនួន ២៩៤០០​ដប កាហ្វេ​សម្រក​ទម្ងន់ និង កាហ្វេ​ចំរុះ​ចំនួន ១០១៤​កេស ថ្នាំ​លើសឈាម ២១​កេស កៅ​អ៊ា​ក​១៨៩ ឱសថ​បុរាណ​ចិន ថ្នាំ​អា​ម៉ុក​សី​លីន អំពី​ស៊ី​លីន​មាន​ចំនួន ៦៨​កេស និង​មេស្រា​ចំនួន ៣៣០០​លីត្រ ដែល​ជនល្មើស​ឈ្មោះ ស៊ូ យ៉ុង​ជី​ង អាយុ ៤០​ឆ្នាំ ជនជាតិ​ចិន ជា​អ្នក​នាំ​ឱ​សង​ចូល​ដោយ​ខុសច្បាប់​ត្រូវ​ចាប់ខ្លួន​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១០ ហើយ​ត្រូវ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ហើយ​បាន​ដោះលែង​វិញ​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១០ ។​

​លោក​ឧ​ត្ត​ម​សេនីយ​ប្រធាន​នាយកដ្ឋាន​បានឱ្យដឹង​ទៀតថា ឱសថ​ក្លែងក្លាយ និង​ទំនិញ​ខុសច្បាប់​ទាំងនោះ ត្រូវ​សមត្ថកិច្ច​ប៉ូលីស​នាយដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ធ្វើការ​ បង្ក្រាប​កាលពី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១០ ហើយ​ការដុត​បំផ្លាញ​ឱសថ​ក្លែងក្លាយ និង​ទំនិញ​ខុសច្បាប់​ទាំងនោះ តាម​ការ សម្រេច​របស់​តុលាការ​បន្ទាប់ពី​ធ្វើការ បង្ក្រាប​រយៈពេល​ជាង​៥​ខែ​។​ លោក​បាន​បន្តថា ទំនិញ​ទាំងនេះ​ភាគច្រើន​ជា​ទំនិញ​ក្លែងក្លាយ​...​និង​ថ្នាំ​ផ្សេងៗ​នាំចូល​ ដោយ​គ្មាន​វេជ្ជបញ្ជារ​ពេទ្យ នាំចូល​តាម​ច្រករបៀង ហើយ​ធ្វើឱ្យ​ប្រជាជន​យើង​លេប​ទៅ ប៉ះពាល់​ដល់​សុខភាព លួចលាក់​នាំចូល​តាម​កេស​ទំនិញ ...​ពេលធ្វើ​កោស​លស​វិ​ច្ច័​យ​ទៅ​ថ្នាំ​ទាំងនេះ​មិនអាច​ប្រើ​បាន ហើយ​ឱសថ​ទាំងនោះ​មាន​ប្រភពពី​ប្រទេស​ចិន  ដែល​បាន​ចរាចរ​ក្នុង​ទីផ្សារ​ខ្លះៗ​ហើយ ។ បើតាម​តម្លៃ​លក់​នៅលើ​ទីផ្សារ​ទំនិញ​ដែល​ដុត កម្ទេចចោល​មានតម្លៃ​១​លាន​ដុល្លា​អាមេរិក ។​

​គួរ​បញ្ជាក់ថា ប៉ូលិស​នាយដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ដុតបំផ្លាញ​ទំនិញ​ក្លែងក្លាយ និង​ខូចគុណភាព​ចំនួន​៧​លើក​មកហើយ​ក្នុងនោះ ៤​លើក​ចំនួន​៣៧.៥ តោន សាច់សត្វ​ខូចគុណភាព ដុត​នៅ​បឹង​ជើងឯក​, លើក​ទី​៥- សាច់មាន់​ខូចគុណភាព​ចំនួន ២៩​តោន នៅ​ក្រុងព្រះសីហនុ​, លើក​ទី​៦- ឱសថ​បុរាណ​ចិន ចំនួន ១៩​តោន និង​២៨០ នៅ​ជើងឯក​, លើក​ទី​៧- គ្រឿងសំអាង ស្រា​ក្លែងក្លាយ  ស៊ី​ឌី​ចម្រុះ សាប៊ូ និង​ទឹកដោះគោ​ជូ​ក្លែងក្លាយ​ចំនួន ១៣​តោន និង ៩០​គីឡូក្រាម ។​
​លោក​ប្រធាន​នាយកដ្ឋាន​ប៉ូលីស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បានឱ្យដឹង​ទៀតថា ប៉ូលីស​នឹង​ទទួល​ការ បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ ដើម្បី​ធ្វើការ​បង្ក្រាប​ឱសថ​ក្លែងក្លាយ ជាពិសេស​ឱសថ​ព្យាបាល​គ្រុនចាញ់​ក្លែងក្លាយ ដោយ​ទទួល​ការជួយ​ឧបត្ថម​ថវិកា​ពី​មូលនិធិ​សកល  (Global Fund) ។​

​លោក​ឧ​ត្ត​ម​សេនីយ​ឯក ម៉ក់ ជី​តូ ប្រធាន​នាយកដ្ឋាន​នគរបាល​ក​ណ្តា​ល​យុត្តិធម៌ បាន​មានប្រសាសន៍ថា ការបង្ក្រាប​ឱសថ​ក្លែងក្លាយ ជា​ចំណុចក្តៅ​ដែល​ប៉ូលិស​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ត្រូវធ្វើ​ ជាបន្ទាន់ ព្រោះ ឱសថ​ក្លែងក្លាយ​វា​ធ្វើឱ្យ​ខូច​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ ។ ចំណុច​សំខាន់​មួយទៀត គឺ គ្រឿងឧបភោគ បរិភោគ ជាពិសេស​រ៉ឿ​ង​ឱសថ​ក្លែងក្លាយ​នេះ​វា​សំខាន់ ព្រោះ​ពេល​ឈឺ​ប្រជាពលរដ្ឋ​រក​ថ្នាំលេប និង​មាន​អា​ការៈឈឺ​ម្តង​បន្តិចៗ​ស្លាប់​តែម្តង ៕

ដោយ : ចក្ខុ

No comments:

Post a Comment