ខេត្តសៀមរាប៖ អាជ្ញាធរស្រុកបន្ទាយស្រីបានចុះស្រង់ស្ថិតិ ប្រជាពលរដ្ឋដែលរស់នៅលើដី ព្រៃជាំក្នុងតំបន់លោកពើយ ប៉ែល គ្រប់គ្រងដើម្បីស្វែងរកចំនួនប្រជាពលរដ្ឋដែលមានផ្ទះរស់នៅទីនោះពិតប្រាកដ ក្រោយពីក្រុមសមត្ថកិច្ចប៉េអិមផ្ទៃប្រទេសធ្វើការចាប់ខ្លួនលោកឧត្ដមសេនីយ៍ក្លែងក្លាយរូបនេះ កាលពីពេលកន្លងទៅ។
ជាមួយនិងការចុះស្រង់ស្ថិតិរបស់អាជ្ញាធរនេះ ក្រុមប្រជាពលរដ្ឋរាប់រយគ្រួសារដែលរស់នៅ លើដីមិនស្របច្បាប់ស្ថិតក្នុងភូមិខ្នារង្វាស់ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានសម្តែងពីការ ព្រួយអារម្មណ៍យ៉ាងខ្លាំងអំពីការបាត់បង់លំនៅដ្ឋានរបស់ខ្លួន ដោយខ្លាចរដ្ឋដកហូតយកដីតំបន់នេះទុកជា សម្បត្តិរដ្ឋវិញ។
អ្នកភូមិម្នាក់ក្នុងចំណោមរាប់រយនាក់បានរៀបរាប់ឲ្យដឹងថា គាត់បានទិញដីនេះពីលោក ពើយ ប៉ែល ដែលមានក្បាលដី៣០ម៉ែត្រនិងបណ្តោយ១០០ម៉ែត្រក្នុងតម្លៃ៣០០ដុល្លារ ហើយសាងសង់លំ នៅដ្ឋានខ្នាតតូចដើម្បីរស់នៅ។ អ្នកភូមិរូបនេះបានបន្តថា ការទិញដីរបស់គាត់ពីលោកពើយ ប៉ែល ពុំមាន ធ្វើលិខិតស្នាមបញ្ជាក់ពីរដ្ឋអំណាចមូលដ្ឋានទេ គឺមានតែស្នាមមេដៃនិងហត្ថលេខារបស់លោកពើយ ប៉ែល ប៉ុណ្ណោះ។
ក្រុមអ្នកភូមិជាច្រើននាក់បានរៀបរាប់ឲ្យដឹងថា ពួកគាត់មករស់នៅទីនេះគឺសុទ្ធតែទិញដី លោកពើយ ប៉ែល ទាំងអស់ដោយធ្វើការបែងចែកជាដីឡូត៍ក្បាល៣០ម៉ែត្របណ្តោយ១០០ម៉ែត្រហើយ មានអ្នកខ្លះគេលក់បន្តទៅអ្នកផ្សេងដើម្បីយកប្រាក់ចំណេញ ចំណែកអ្នកខ្លះទៀតធ្វើផ្ទះរស់នៅ។ ក្រុមអ្នកភូមិបានបន្តថា ក្នុងចំណោមប្រជាពលរដ្ឋទាំងអស់នេះមានអ្នកខ្លះទិញដីពីលោកពើយ ប៉ែល និងអ្នកខ្លះ ទៀតគេមកចាប់យកដីតំបន់នេះដោយមិនបានទិញពីបុគ្គលណាទេ។
ក្រុមប្រជាពលរដ្ឋបានបន្តថា មុនដំបូងមានប្រជាពលរដ្ឋតែជាង២០គ្រួសារប៉ុណ្ណោះដែលរស់ នៅទីនេះរហូតមកទល់ពេលនេះចំនួនប្រជាពលរដ្ឋបានកើនឡើងរហូតដល់រាប់រយគ្រួសារឯណោះ។ ប្រជាពលរដ្ឋបន្តថា នៅពេលដែលឃើញមន្ត្រីរបស់អាជ្ញាធរចុះមកស្រង់ស្ថិតិបែបនេះពួកគាត់មានការព្រួយបារម្មណ៍អំពីការបាត់បង់លំនៅដ្ឋានរបស់ពួកគាត់។ ក្រុមប្រជាពលរដ្ឋក៏បានសំណូមពរដល់អាជ្ញាធរបើដក ហូតយកដីនេះគួរតែដោះស្រាយគោលនយោបាយដល់ពួកគាត់ដែលទិញដីពីលោកពើយ ប៉ែល ផង។
អភិបាលស្រុកបន្ទាយស្រីលោក ម៉ឹង វុទ្ធី បានថ្លែងប្រាប់តាម ទូរស័ព្ទថា ការចុះស្រង់ស្ថិតិរបស់អាជ្ញាធរនេះគឺក្នុងគោលបំណងស្វែងរកចំនួនប្រជាពលរដ្ឋដែលកំពុងរស់នៅលើដីនេះឲ្យបានពិតប្រាកដដើម្បីភាពងាយស្រួលក្នុងការគ្រប់គ្រងរដ្ឋបាលប៉ុណ្ណោះ។ លោកអភិបាលស្រុកបានបន្តថា ដីតំបន់ព្រៃជាំដែលបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្ថាប័នរដ្ឋបាលព្រៃឈើដូច្នេះការសម្រេចបែបណានោះគឺអាស្រ័យលើស្ថាប័នមួយនេះ។
មន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់កន្ទួតខ្នារក្រៅដែលមានភារកិច្ចគ្រប់គ្រងតំបន់ព្រៃជាំនេះបានឲ្យដឹងថា ដីព្រៃឈើតំបន់ព្រៃជាំជាប្រភេទព្រៃពាក់កណ្តាលស្រោងនិងព្រៃរបោះហើយត្រូវលោក ពើយ ប៉ែល កាប់ទន្ទ្រានកាន់កាប់អស់ចំនួនជាង១៨០០ហិកតា។ មន្ត្រីរដ្ឋបាលព្រៃឈើបានបន្តថា សមត្ថកិច្ចរដ្ឋបាលព្រៃឈើបានចុះទប់ស្កាត់ជាច្រើនលើកតែត្រូវលោកពើយ ប៉ែល ប្រើកងកម្លាំងយោធាដែល ខ្លួនគ្រប់គ្រងប្រឆាំងរារាំងភារកិច្ចរបស់មន្ត្រីជំនាញ។
មន្ត្រីដដែលបានបន្តទៀតថា ដោយសារតែសកម្មភាពរំលោភបំពានរបស់លោកពើយ ប៉ែល ចេះតែរីករាលដាលធំឡើង ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបបានដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីចាត់ការបុគ្គលនេះតាមផ្លូវច្បាប់ ហើយតុលាការក៏បានជំនុំជម្រះលើសំណុំរឿងនេះរួចម្តងមកហើយ។
នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាបលោកទា គឹមសុទ្ធ បានឲ្យដឹងថា ស្ថាប័នរដ្ឋបាល ព្រៃឈើកំពុងខិតខំប្រឹងប្រែងធ្វើកិច្ចការនេះដើម្បីយកដីព្រៃឈើតំបន់ព្រៃជាំនេះមករក្សាទុកជាសម្បត្តិសាធារណៈរបស់រដ្ឋវិញ។ លោកបានបន្តថា រដ្ឋបាលព្រៃឈើត្រៀមគម្រោងរួចជាស្រេចក្នុងការដាំដើមឈើ ឡើងវិញនៅតំបន់នេះក្នុងនោះនិងដាំដើមឈើប្រភេទប្រណិតដូចជា ឈើបេង ឈើគ្រញូងជាដើម៕
អង្គរជ័យ
No comments:
Post a Comment