Tuesday, January 25, 2011

ក្រសួង​សុខា​ភិបាល​ជំរុញ​ការ​បោះ​ពុម្ព​ផ្សាយ​ទស្សនា​វដ្តី​អប់រំ​ផ្នែក​សុខ​​ភាព


ខេត្ត​ព្រះ​សីហនុ ៖ នៅ​​សណ្ឋា​គារ​​តោមាស​​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ មករា មាន​បើក​សិក្ខា​សាលា​មួយ​ស្តី​​ពី​​ការ​ពង្រឹង​ ការ​ចែក​ចាយ និង​ការ​អាន​សៀ​វ​ភៅ​ទស្សនា​វដ្តី​សុខ​ភាព ក្រោម​អធិបតី​ភាព​លោក​ស្រីវេជ្ជ​បណ្ឌិត ឱ វណ្ណ​ឌីន ប្រធាន​នាយក​​ដ្ឋាន​​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ តំណាង​ឱ្យ​លោក​សាស្ត្រា​ចារ្យ អេង ហួត រដ្ឋ​លេខា​ធិការ​ក្រសួង​សុខា​ភិបាល​ លោកវេជ្ជ​​បណ្ឌិត លី ចេង​ហ៊ុយ នាយក​ប្រតិ​បត្តិ​អង្គ​ការ​ពន្លឺ​​សុខ​ភាព លោក​ស្រី​ មិន សុគន្ធា អនុ​ប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត​ ​រួម​ជា​មួយ​សមា​ជិក​ប្រមាណ​​ជា​៣៦​នាក់ មក​ពី​​ចំនួន​៥ គឺ​ខេត្ត​​កែប កំពត តាកែវ កោះ​កុង និង​ខេត្ត​ព្រះ​សីហនុ ក្រោម​ជំនួយ​ឧបត្ថម្ភ​ដោយ​អង្គ​ការ USAD-URC ។
លោក​ស្រី មិន សុគន្ធា អនុ​ប្រធាន​មន្ទីរ​សុខា​ភិបាល​​ខេត្ត​បាន​ឱ្យ​ដឹង​ថា ថ្ងៃ​នេះ​អ្នក​ស្រី​មាន​សេច​ក្តី​​សោមនស្ស​បំផុត​ដែល​បាន​រៀប​ចំ​អង្គ​សិក្ខា​សាលា​​នេះ​ឡើង​​ដែល​មាន​សមា​សភាព​ចូល​រួម​​មក​ពី​៥​ខេត្ត ។ ជា​ពិសេស​តាម​រយៈ​អង្គ​​សិក្ខា​សាលា​នេះ​ នឹង​​ធ្វើ​ឱ្យ​អស់​លោក​អាច​ផ្លាស់​​ប្តូរ​បទ​ពិសោធន៍​ទៅ​វិញ​ទៅ​មក និង​ម្យ៉ាង​ទៀត​ជា​ការ​​​រឹត​កំលាំង​សាម​គ្គី​ភាព​រវាង​ខេត្ត​​និង​ខេត្ត​ផង ។ ​លោក​ស្រី​បន្ត​ថា ក្នុង​នាម​​​លោក​ស្រី​ផ្ទាល់​សូម​ឱ្យ​ក្រសួង​​បោះ​ពុម្ព​សៀវ​​ភៅ​ទស្សនា​​វដ្តី​អប់រំ​ពន្លឺ​សុខ​ភាព​​ឱ្យ​បាន​ច្រើន​។ រហូត​មក​ដល់​ពេល​នេះ​យោង​តាម​របាយ​ការណ៍​​​​នៃ​ការ​អាន​សៀវ​ភៅ​​របស់​ប្រជា​ពល​រដ្ឋ​ទូទាំង​​​ប្រទេស ​​កើន​ឡើង​៦៤%​ហើយ ។ ​លោក​វេជ្ជ​បណ្ឌិត លី ចេង​ហ៊ុយ នាយក​ប្រតិ​បត្តិ​​អង្គ​ការ​ពន្លឺ​សុខ​ភាព​​ក៏​បាន​សំណេះ​សំណាល​ជា​មួយ​​សមា​ជិក​ចូល​រួម​ដែល​បាន​អញ្ជើញ​​មក​ពី​តាម​ខេត្ត​នានា​ចំនួន​៥​នោះ​ដែរ ។
ថ្លែង​​ទៅ​កាន់​អង្គ​ពិធី​ទាំង​មូល​​លោក​​ស្រី​​វេជ្ជ​បណ្ឌិត​ ឱ វណ្ណ​ឌីន ​បាន​ជំរុញ​បន្ថែម​ទៀត ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​លើ​វិស័យ​​អប់រំ ដើម្បី​សុខ​ភាព​ ។ លោក​ស្រី​វេជ្ជ​បណ្ឌិត​បញ្ជាក់​​ថា ទោះ​បី​ជា​បែប​ណា​ ការ​អប់រំ​សុខ​ភាព​​ត្រូវ​​មាន​លក្ខណៈ​សាម​ញ្ញ​ ហើយ​ក៏​មិន​ត្រូវ​ឱ្យ​ស៊ីជំរៅ​ពេក​​ទេ ព្រោះ​វា​ទាក់​ទង​ទៅ​នឹង​កំរិត​យល់​ដឹង​របស់​ប្រជា​ពល​រដ្ឋ ។ លោក​ស្រី​វេជ្ជ​បណ្ឌិត​សំណូម​ពរ​ដល់​លោក​វេជ្ជ​បណ្ឌិត​​លី ចេង​ហ៊ុយ ​ក្នុង​ការ​និពន្ធ​​សៀវ​ភៅ​ទស្សនា​វដ្តី​​ពន្លឺ​សុខ​ភាព​សុំឱ្យ​​ការ​និពន្ធ​ត្រូវ​ប្រកាន់​​យក​នៅគោល​នយោ​បាយ​ចតុ​កោណ​របស់​រាជ​រដ្ឋា​ភិបាល​ ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​​ហើយ​អ្នក​ស្រី​បាន​ថ្លែង​អំណរ​គុណ​ដល់​អង្គ​ការ​ពន្លឺ​សុខ​ភាព​ដែល​មាន​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​រវាង​ក្រសួង​សុខា​ភិបាល​របស់​ប្រទេស​កម្ពុជា និង​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ ពិសេស​ការ​រៀប​ចំ​ឱ្យ​មាន​អង្គ​សិក្ខា​សាលា​នេះ​ឡើង ៕

ដោយ ៖ កោះឯករាជ្យ
(​រូបថត តា​សោម)

No comments:

Post a Comment