Tuesday, January 25, 2011

ខ្លា​កំណាច​រក​ស៊ី​ឈើ​ប្រណិត​ល្មើស​ច្បាប់​ម្នាក់​បាន​រត់​ផាស​ក្រញាំ​បាត់​ទៅ​ហើយ​នៅ​ពេល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​និង​ព្រះរាជ​អាជ្ញា​ចុះ​ទៅ​បង្ក្រាប

ក្រចេះ ៖ ថៅកែ​ឈើ​ប្រណិត​នៅ​ស្រុក​ស្នួល​ម្នាក់​ដែល​ធ្លាប់​តែ​មាន​ឈ្មោះ​បោះ​សម្លេង​ដ៏​ល្បី​ល្បាញ​ខាង​គំរាម​អ្នក​កាសែត​និង​សមត្ថកិច្ច​តូច​តាច​មួយ​រយៈ​ពេល​កន្លង​មក​ដើម្បី​ការ​ពារ​មុខ​របរ​ល្មើស​ច្បាប់​របស់​ខ្លួន​នោះ​ឥឡូវ​នេះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ទូទាំង​ប្រទេស​ខេត្ត​បាន​សហការ​ជា​មួយ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ព្រម​ទាំង​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ក្រចេះ​ចុះ​ទៅ​បង្ក្រាប​យ៉ាង​ក្ដៅ​គគុក​នៅ​ចំណុច​នៃ​ដែន​ព្រៃ​ជម្រក​សត្វ​ស្រុក​ស្នួល​ដែល​ជា​ទីតាំង​លាក់​និងស្តុក​ឈើ​ប្រណិត​របស់​ថៅកែ​ម្នាក់​នោះ​និង​ក្រុម​ឈ្មួញ​ផ្សេង​ៗ​ទៀត​តែ​ម្ដង​។
បើ​តាម​ប្រភព​ច្បាប់​លាស់​ពី​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​ស្នួល​ដែល​កម្ពុជា​ថ្មី​ទទួល​បាន​កាល​ពី​ម្សិល​មិញ​នេះ​បាន​ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​ថា​ថៅកែ​ឈើ​ប្រណិត​ដ៏​ធំ​ប្រចាំ​នៅ​ស្រុក​ស្នួល​សព្វ​ថ្ងៃ​នេះ​មាន​ឈ្មោះ​ ផល ​កញ្ឆែ​ ហើយ​ថៅកែ​ឈើ​ប្រណិត​រក​ស៊ី​លោតឆ័ត្រ​ចិត្ត​ឆៅ​ពូកែ​គំរាម​កំហែង​គេ​ឯង​និង​បាញ់​បោះ​យ៉ាង​ឆៅ​នោះ​គឺ​គាត់​តែង​តែ​ដឹក​ឈើ​ប្រណិត​នោះ​ចេញ​ពី​ទឹក​ដី​ខេត្ត​មណ្ឌល​គីរី​ដែល​មាន​ព្រំ​ប្រទល់​ជាប់​ទៅ​និង​ព្រៃ​ដែន​ជម្រក​សត្វ​ស្រុក​ស្នួល​តែ​ម្តង​ហើយ​ចំណែក​ឯ​ឈើ​កកោះ​ឃ្លុម​ដែល​មាន​មុខ​កាត់​ធំ​ៗ​ដូច​បាន​រៀប​រាប់​ជូន​ខាង​លើ​នេះ​គឺ​កាប់​នៅ​ក្នុង​ព្រៃ​ដែន​ជម្រក​សត្វ​ស្រុក​ស្នួល​ដែល​ជា​ទី​តាំង​របស់​លោក​ ទូច​ សុភី​ គ្រប់​គ្រង​នា​ពេល​បច្ចុប្បន្ន​នេះ​ហើយ​ឈើ​ធ្នុង​និង​ឈើ​កកោះ​ទាំង​នោះ​មុន​ពេល​ដែល​ជន​ល្មើស​ដឹក​តាម​រថយន្ត​រាប់​គ្រឿង​យក​ទៅ​លក់​ទៅ​ប្រទេស​វៀត​ណាម​គឺ​គាត់​ដឹក​មក​ស្តុក​ទុក​នៅ​ក្នុង​ព្រៃ​នៃ​តំបន់​នោះ​សិន​រង​ចាំ​ឱកាស​ល្អ​គាត់​និង​បញ្ជា​ឲ្យ​កូន​ចៅ​និង​កម្មករ​របស់​គាត់​ដឹក​ចេញ​ជា​បន្ត​ឆ្ពោះ​ទៅ​កាន់​គោល​ដៅ​ចុង​ក្រោយ​របស់​គាត់​តែ​ម្ដង​។

ប្រភព​បាន​បន្ត​ថា​នៅ​តំបន់​នោះ​សព្វ​ថ្ងៃ​នេះ​គ្រាន់​តែ​ឮ​ឈ្មោះ​ ផល​ កញ្ឆែ​ ថៅកែ​ឈើ​ប្រណិត​នេះ​អ្នក​ណា​ៗ​ក៏​ញាក់​សាច់​ដែរ​ព្រោះ​គាត់​ពូកែ​ខាង​បាញ់​បោះ​ខ្លាំង​ពេក​តែ​ឥឡូវ​នេះ​ថៅកែ​ឈើ​ដ៏​ព្រហើន​ម្នាក់​នេះ​បាន​ដាក់​មេ​ប្រូច​បាត​ជើង​ស​ព្រាត​បាត់​ស្រមោល​ទៅ​ហើយ​ក្រោយ​ពី​ទទួល​បាន​ដំណឹង​ថា​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ទូទាំង​ខេត្ត​បាន​សហការ​ជា​មួយ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ព្រម​ទាំង​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ក្រចេះ​ចុះ​ទៅ​បោស​សំអាត​ខ្លា​កំណាច​ដែល​រក​ស៊ី​ឈើ​ប្រណិត​នៅ​តំបន់​នោះ​ទាំង​អំបាលម៉ាន​ដើម្បី​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​៕
ផ្លិតដែក

No comments:

Post a Comment