Tuesday, January 25, 2011

កម្ពុជា​និង UNDP ចុះហត្ថលេខា​ស្តីពី​គម្រោង​កម្ចាត់​គ្រាប់មីន​

ភ្នំពេញ​: ​មន្ត្រី​កម្ពុជា និង​មន្ត្រី​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​បាន​ចុះហត្ថលេខា​លើ​គម្រោង​បោស​សំអាត​មី រយៈពេល​ប្រាំ​ឆ្នាំ​ថ្មី​នា​ថ្ងៃនេះ បាន​ធ្វើ​ការប្តេជ្ញា​ជា​ថ្មី​របស់​ខ្លួន​ក្នុង​ការគាំទ្រ​កិច្ចប្រឹងប្រែង​នានា​ដើម្បី​រំដោះ​ប្រទេស​កម្ពុជា​ពី់​មីន និង​សំណល់​ជា់តិ​ផ្ទុះ ពី​សង្គ្រាម ដើម្បី​លើក​កំពស់​ការអភិវឌ្ឍ​​សេដ្ឋកិច្ច​-​សង្គម ។​
 
​ការចុះហត្ថលេខា​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព ឯ​.​ឧ​. បណ្ឌិត​សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ជា​សក្ខីភាព​នៃ​ការ​ចាប់ផ្តើម​អនុវត្ត​គម្រោង  ប៉ោ​ស​សំអាត​មីន ដើម្បី​លទ្ធផល​«​ដំណាក់កាល​ទី​ពីរ ចាប់ពី​ឆ្នាំ ២០១១ ដល់ ២០១៥»​។​
 
​ឯ​.​ឧ​. បណ្ឌិត សុខ អាន បាន​មានប្រសាសន៍ថា  ការចុះហត្ថលេខា លើ​គម្រោង​ថ្ងៃនេះ​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ការប្តេជ្ញាចិត្ត​របស់​យើង ដោយ​គ្មាន​អល់អែក​ក្នុងការ​រំដោះប្រជាជន​យើង​ពី​ភាព​ភ័យខ្លាច​នៃ​គ្រោះថ្នាក់​ដោ់យសារ​មីន និង​កាក​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ព្រមទាំង​រំដោះ​ផ្ទៃដី​ដែល​មាន​មីន​សំរាប់​ប្រគល់ជូន​សហគមន៍​ជនបទ​របស់​យើង និង​ការអភិវឌ្ឍ​ដែល​ចាំបាច់​។​

​ឯកឧត្តម បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា  កម្លាំងចលករ​ដែល​យើង​បាន​ទទួល​ក្នុង​វិស័យ​នេះ​គឺជា​ផ្លែផ្កា​ដែល​បានមក​ពី​ការប្រឹងប្រែង​បំពេញការងារ និង​កិច្ចប្រឹងប្រែង​រួមគ្នា និង​លំហូរ​ជា​ន្ត​បន្ទាប់​នៃ​ធនធាន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។ 

​ព្រឹត្តិការណ៍​សំខាន់ៗ​មួយចំនួន​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​សកម្មភាព​មីន​នៅ​កម្ពុជា នឹង​កើតមាន​​ឡើង​ក្នុង​កំឡុងពេល​ប្រាំ​ឆ្នាំ ខាងមុខ​។ ទីមួយ នៅ​ចុងឆ្នាំ​២០១១ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​និង​អធិបតី​នៃ​កិច្ចប្រជុំ​លើក​ទី ១១ នៃ​រដ្ឋ​ភាគី​នៃ​សន្ធិសញ្ញា​ហាមប្រាម​ការប្រើប្រាស់​មីនប្រឆាំង​មនុស្ស ដែល​ជា​ព្រឹត្តិការណ៍​ដ៍​សំខាន់​មួយ​នៅក្នុង​ជីវិត​នៃ​សន្ធិសញ្ញា​នេះ​។​

 ទី​ពីរ កម្ពុជា​ត្រូវ​ធ្វើឱ្យ​មាន​វឌ្ឍនភាព​ប្រកប​ដោយ​ខ្លឹមសារ ឈាន​ទៅ​សម្រេច​គោលដៅ​
​ដែល​កំណត់​នៅ​ក្នង​គោលដៅ​អភិវឌ្ឍ​សហ​វត្សរ៍​ទី​៩ និង មាត្រា ៥ នៃ​សំណើ​សុំ​ពន្យារ​ពេល​។​​ឯ​.​ឧ​. ប្រាក់ សុខុន អនុប្រធាន​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​​ជនពិការ​ដោយសារ​មីន និង​អ្នកស្រី អេ​ឡេ​ណា ទី​ឆេន​កូ នាយិកា​កម្មវិធី​អភិវឌ្ឍ​ន៏​សហប្រជាជាតិ UNDP ប្រចាំ​កម្ពុជា បាន​ចុះហត្ថលេខា​រួម​គ្នា​លើ​ឯកសារ​គម្រោង​។ 

​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី តំណាង​ដៃគូ​អភិវឌ្ឍ៍​នានា ដូចជា CIDA, AusAID, និង DFID
 (​អូស្ត្រាលី​) និង​អេ​ស្ប៉ាញ​ផងដែរ ដែល​ប្រទេស​របស់​ពួកគេ​បាន​ផ្តល់​ការគាំទ្រ ផ្នែក​ហិរញ្ញវត្ថុ​នៅ​ដំណាក់កាល​ទាំងពីរ  នៃ​សកម្មភាព​មីន​នៅ​កម្ពុជា​។​

​ឯ​.​ឧ​. ប្រាក់ សុខុន បាន​មានប្រសាសន៍ថា  គម្រោង​នេះ​មិនអាច​កើត​ឡើង នៅពេល​ណា​ប្រសើរ​​ជាង​នេះ​ឡើយ​។ ខ្ញុំ​មាន​សេចក្តី​រីករាយ ក្នុង​ការទទួលស្គាល់​ភាព​ជា​ដៃគូ និង​កិច្ចសហការ​របស់​យើង​ជាមួយ​ដៃគូ​អភិវឌ្ឍ៍​នានា ដែល​មាន​សភាព​រឹងមាំ​ជាង​ពេល​ណាៗ​ទាំងអស់​។ 

​គម្រោង​នៅក្នុង​ដំណាក់កាល​ថ្មី​នេះ កសាង​លើ​មូលដ្ឋាន​នៃ​ការបញ្ចប់​ដោយ​ជោគជ័យ​នូវ​ដំណាក់​​កាល​ទីមួយ​ពី​ឆ្នាំ ២០០៦ ដល់ ២០១០​និង​មានបំណង​បោសសំអាត​ផ្ទៃដី ដែល​មាន​គ្រាប់មីន​​ប្រមាណ​ជា ៣៥ គីឡូម៉ែត្រ​ក្រឡា នៅក្នុង​តំបន់​ដែល​រង​ផលប៉ះ​ពាល់​ខ្លាំង​បំផុត​នៃ​កម្ពុជា​។​

​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាង​មុខ គម្រោង​នេះ​មានបំណង​ស្វែងរក​នូវ​ប្រាក់​មូលនិធិ​ប្រមាណ​ជា ២៤ ​លាន​ដុល្លារ អាមេរិក តាមរយៈ​ការរួម វិភាគទាន​ពី UNDP និង​ដៃគូ​អភិវឌ្ឍ​ដទៃទៀត ដូចជា​CIDA, AusAID, និង DFID​។​

​ប្រទេស​កម្ពុជា​មាន​ការ​រីកចំរើន​គួរឱ្យ​ចាប់​អារម្មណ៍​ក្នុង​ការ​បោសសំអាត​គ្រាប់​មីន និង​សំណល់​​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ក្នុង​រយៈពេល ពីរ​ទសវត្សរ៍​កន្លង​ទៅ ប៉ុន្តែ​អាវុធ​ដ៏​គ្រោះថ្នាក់​ទាំងនេះ​នៅតែ​ជា​ឧបសគ្គ​ចំបង​ចំពោះ​សន្តិសុខ​មនុស្ស​។ 

 
​នៅ​ឆ្នាំ​២០១០ ​អត្រា​គ្រោះថ្នាក់​ទាក់ទង​នឹង​ព្រឹត្តិការណ៍​បង្កដោយ​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​បាន ​និង​កំពុង​ធ្លាក់ចុះ​ជា​លំដាប់​ពី​ចំនួន​ជាង ២.៧០០ នាក់ ក្នុង​មួយ​ឆ្នាំ នៅ​ចុង​ទសវត្សរ៍ ១៩៩០ មក ២៤៤ នាក់ នៅ​ឆ្នាំ ២០០៩​។ 

​ផ្តៃដី​ប្រមាណ ៥៦០ គីឡូម៉ែត្រ​ក្រឡា នៃ​ផ្ទៃដី​ដែល​មាន​មីន​ត្រូវបាន​បោសសំអាត ចាប់តាំងពី​ឆ្នាំ ១៩៩២ ឬ​ស្មើ​ជិត​ពាក់កណ្តាល នៃ​ផ្ទៃដី​សរុប​ដែល​​បាន​ប៉ាន់ស្មាន​ថា​មាន​មីន​។ ទោះជា​យ៉ាងណាក្តី នៅ​មាន​ផ្ទៃដី​ទំហំ​ប្រហែល ៦៥០ ​គីឡូម៉ែត្រ​ក្រឡា ទៀត ដែល​ជា​អទិភាព​ត្រូវ​បោសសំអាត ហើយ​ដែល​ទាមទារ​នូវ​កិច្ច​ប្រឹង​​ប្រែង​យ៉ាង​ខ្លាំងក្លា ​ក្នុង​រយៈពេល​ពី ១០ ទៅ ១៥ ឆ្នាំ​ទៀត​៕
 
ដោយ : រតនា

No comments:

Post a Comment