ប៉ៃលិន: ផ្លូវប្រវែង ១៤៤Km ដែលមានគំរោងស្ថាបនាផ្លូវលេខ៥៩ ពីកូនដំរីដល់ខេត្តប៉ៃលិន ដែលស្ថាបនាដោយក្រុមហ៊ុនសៀងហៃ របស់ចិន ក្នុងទឹកប្រាក់កម្ចីប្រមាណ ៧២លានដុល្លារ ពីសាធារណៈរដ្ឋប្រជាមានិតចិន ត្រូវបានស្ថាបនាបើកការដ្ឋានជាផ្លូវការ នាថ្ងៃទី១៥ ខែកុម្ភៈ ២០១១ ក្រោមអធិបតីភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ នេះបើតាមការឲ្យដឹងពីលោក លោកបណ្ឌិត លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណៈការ អមដំណើរដោយ លោក ភី សុភាត់ អគ្គនាយករងសាធារណៈការ និងជាប្រធានគំរោងចិន លោក ឆែ សុភាព នាយកគំរោងស្ថាបនា ។
លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន មានប្រសាសន៍ថា ប្រតិភូក្រសួងសាធារណៈការ និងក្រុមហ៊ុនសៀងហៃ ប្រទេសចិន ចុះពិនិត្យការស្ថាបនាផ្លូវជាតិលេខ៥៩ ពីចំណុចកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ទៅដល់ខេត្តប៉ៃលិន ប្រវែង ១៤៤Km ឆ្លងកាត់ស្រុកម៉ាឡៃ ភ្នំព្រឹក សំពៅលូន ដល់ប៉ៃលិន។
លោក ឆែ សុភាព នាយកគំរោងស្ថាបនាផ្លូវលេខ៥៩ បានឲ្យដឹងថា កំណាត់ផ្លូវជាតិពីម៉ាឡៃ ដល់ប៉ៃលិន កូនដំរី ប្រវែង ១៤៤Km ត្រូវស្ថាបនាក្នុងរង្វង់ទឹកប្រាក់កម្ចីពីសាធារណៈរដ្ឋប្រជាមានិតចិន ក្នុងទឹកប្រាក់ ៧២លានដុល្លារ។
ផ្លូវជាតិលេខ៥៩ កូនដំរីដល់ប៉ៃលិនត្រូវបានស្ថាបនាចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១០ ផ្លូវនេះមានទទឹង ១០m ចិញ្ចើមសងខាង ១m មានស្ពានលូ PK31 PK32 PK33 ដូច្នេះក្រុមហ៊ុនសៀងហៃ ខុនត្រាក់សិន (SCG) ចាប់ផ្ដើមស្ថាបនាកៀបង្ហាប់ ហើយសំណង់ជាប់ដីចំណីផ្លូវក្នុងទីប្រជុំជន ត្រូវអាជ្ញាធរសហការឲ្យរុះរើបណ្ដើរៗ ដើម្បីសម្រួលដល់ការស្ថាបនាផ្លូវ។
លោក ទេព ឃុនណាល់ អភិបាលស្រុកម៉ាឡៃ និងលោក ប្រាក់ សារ៉ាត់ អនុប្រធានមន្ទីរសាធារណៈការ ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា យើងត្រៀមរកទីតាំងដើម្បីបើកការដ្ឋាន នាថ្ងៃទី១៥ ខែកុម្ភៈ ២០១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ យើងគ្រោងអ្នកចូលរួមចំនួន ៥.០០០នាក់ នៅស្រុកម៉ាឡៃ៕
ដោយ : សុផុន
No comments:
Post a Comment