កំពត ៖ មន្ត្រីរាជការចូលនិវត្តន៍ក៏ដូចជាជនពិការទូទាំងខេត្តកំពតមានការត្អូញត្អែរទៅនិងមន្ទីរសង្គមកិច្ចខេត្តកំពតរឿងខកខានពុំបានបើកប្រាក់ឧបត្ថម្ភប្រចំាខែដោយបានអូសបន្លាយបន្តរហូតដល់ជិត១ឆ្នាំទើបបើកជូន។
បើតាមការអះអាងពីមន្ត្រីចាស់ចូលនិវត្តន៍រួមទាំងជនពិការជាច្រើនរូបសុទ្ធតែត្អូញត្អែរដូចៗគ្នាដោយពួកគាត់បានលើហេតុផលថាបើតាមអនុក្រឹត្យក៏ដូចជាការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលគឺបានប្រកាសបើកប្រាក់ឧបត្ថម្ភក្នុងអំឡុងខែមិនាឆ្នាំ២០១០ប៉ុន្តែខាងមន្ទីរសង្គមកិច្ចខេត្តកំពតទើបតែបើកលុយឲ្យក្នុងខែមករាឆ្នាំ២០១១នេះទេ
ពួកគាត់បានឲ្យដឹងថាក្នុងរយៈពេលជិតមួយឆ្នាំនេះពួកគាត់រស់នៅអាស្រ័យតែលើប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលដែលតែងតែយកចិត្តទុកដាក់គិតគូរជាប្រចាំខែប៉ុន្តែបែរជាខាងមន្ទីរសង្គមកិច្ចខេត្តកំពតពុំសូវគិតគូរបើកប្រាក់ឧបត្ថម្ភនេះឲ្យបានទាន់ពេលវេលានោះឡើយជាហេតុធ្វើអោយពួកគាត់មានបញ្ហាខាងជីវភាពទៀតផងជាពិសេសដូចជាប៉ះចំថ្ងៃចូលឆ្នាំខ្មែរនិងពិធីបុណ្យភ្ជុំបិណ្ឌពួកគាត់សឹងតែរកលុយមួយរៀលសម្រាប់ទិញសម្ភារៈធ្វើពិធីពុំបានផង។នេះជាការព្រួយបារម្ភកាន់តែខ្លាំងចំពោះមន្ត្រីចូលនិវត្តន៍ក៏ដូចជាជនពិការគ្រប់បណ្ដាស្រុកនៃខេត្តកំពតព្រោះថវិកាក្នុងឆ្នាំ២០១១ដែលអនុក្រឹត្យប្រកាសកាលពីខែមិនាបែរជាមន្ទីរសង្គមកិច្ចបើកនៅខែមករាឆ្នាំ២០១១ទៅវិញ។ទោះបីជាការបើកប្រាក់ឧបត្ថម្ភ២០ភាគរយនិងប្រាក់បន្ថែមរបស់រាជរដ្ឋាភិបាលចំនួន២ម៉ឺនរៀលក្នុងមួយខែបានបើកសរុបគ្រប់ចំនួនក៏ដោយពួកគាត់នៅតែខ្វល់ខ្វាយខ្លាចក្រែងក្នុងឆ្នាំ២០១១នេះខាងមន្ទីរសង្គមកិច្ចអនុវត្តន៍ដូចឆ្នាំ២០១០ទៀតពួកគាត់ពិតជាដាច់ខ្យល់ស្លាប់ជាមិនខាន។
ពាក់ព័ន្ធរឿងរ៉ាវខាងលើកម្ពុជាថ្មីបានភ្ជាប់ទូរស័ព្ទទៅលោក ទេព ឆែម ប្រធានមន្ទីរសង្គមកិច្ចខេត្តកំពតសុំការពន្យល់ជុំវិញបញ្ហានេះលោកក៏បានប្រាប់អោយដឹងថានៅព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០១១នេះថារឿងបើកប្រាក់ឧបត្ថម្ភវាពិតជាមានការយឺតយ៉ាវមែននេះគឺដោយសារតែខាងធនាគារនិងរតនាគារបិទបញ្ជីអស់ទើបខាងមន្ទីរសង្គមកិច្ចបើកប្រាក់ពុំទាន់ពេលវេលាម្យ៉ាងទៀតបញ្ជីហិរញ្ញវត្ថុក៏មានឧបសគ្គខ្លះៗផងដែរទើបបានជាមន្ទីររបស់លោកមានការយឺតយ៉ាវប៉ុន្តែបច្ចុប្បន្នមន្ទីរសង្គមកិច្ចក៏ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តហើយក្នុងឆ្នាំ២០១១នេះលោកក៏សូមសន្យាថាមិនឲ្យមានការយឺតយ៉ាវដូចឆ្នាំ២០១០ទៀតឡើយ៕
ណារិទ្ធ
No comments:
Post a Comment