កណ្តាល: នៅក្នុងពិធីតាំងពិព័រណ៍ពូជគោប្រាម៉ាន់លើកទី២ និង ការតាំងពិព័រណ៍ផលិតផលកសិកម្ម ពាណិជ្ជកម្មនៅភូមិ-ឃុំអរិយក្សត្រ ស្រុកល្វាឯម កាលពីចុងសប្តាហ៍មុន លោកបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ និង សមាគមបង្កាត់ពូជគោបានជំរុញឱ្យមានការបង្កាត់ពូជគោប្រ៉ាម៉ាន់នៅកម្ពុជាចាប់ពីពេលនេះតទៅដើម្បីធ្វើឱ្យកម្ពុជាក្លាយជាស្រុកមួយដែលមានពូជគោធំៗ ។
លោក ជួង សុផល ប្រធានប្រតិបត្តិសមាគមបង្កាត់ពូជគោប្រាម៉ាន់កម្ពុជា បានឱ្យដឹងថាគោចំនួន ១១៣ក្បាល ពូជមកពីបរទេស និង ក្នុងស្រុកបានត្រូវដាក់តាងបង្ហាញឱ្យប្រជាកសិករខ្មែរបានឃើញនិងធ្វើការដេញថ្លៃគោកាលពីថ្ងៃ២២-២៣ មករា ឆ្នាំ២០១១ ។
ពូជគោប្រាម៉ាន់មិនរើសចំណី ធនជំងឺ ធននឹងអាកាសធាតុក្តៅ កម្លាំងខ្លាំង មាឌធំ និង សាច់ល្អ ដែលអាចចិញ្ចឹមយកសាច់ បង្កាត់ពូជ និង សម្រាប់ជាកម្លាំងអូសទាញក៏បាន ។ បើញីសម្បូរទឹកដោះនិងកើតកូនថ្លោស (៣៥គីឡូ) ។ ប្រាម៉ាន់ញីមានទម្ងន់ ៥០០ ទៅ ៦០០ គីឡូ បើឈ្មោល ៨០០ ទៅ ៩០០ គីឡូក្រាមដែលគោធម្មតាមានទម្ងន់តែ ២០០ ទៅ ២៥០ គីឡូក្រាមប៉ុណ្ណោះ ។ កម្ពុជាចាំបាច់ត្រូវនាំពូជគោប្រាម៉ាន់មកកម្ពុជា ព្រោះការប្រើពូជថ្មីនឹងជួយដល់វិស័យផលិតកម្មសត្វ ហើយការតាំងពិព័រណ៍ពូជគោប្រាម៉ាន់នេះនឹងលើកទឹកចិត្តដល់ការចិញ្ចឹមសត្វគោនៅកម្ពុជា ។
លោក ស្រី ចន្ឋូ បានឱ្យដឹងថាថ្មីៗនេះក្រុមហ៊ុន 7NG បានចាប់ដៃគូសហការជាមួយក្រុមហ៊ុនមកពីស៊ុយអ៊ែតក្នុងការបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះនិងសាងសង់រោងចក្រផលិតទឹកដោះគោនៅក្បែរជើងភ្នំគីរីរម្យខេត្តកំពង់ស្ពឺ ដែលវានឹងជួយឱ្យប្រជាជនមានការងារធ្វើបង្កើនប្រាក់ចំណូល។ លោក ស្រី បន្តថា ប្រធានសមាគមបង្កាត់ពូជគោប្រាម៉ាន់កម្ពុជានិងកសិដ្ឋានគំរូ អេច ភី បានបញ្ជាក់ពីគោលបំណងនៃការតាំងពិព័រណ៍ពូជគោប្រាម៉ាន់លើកទី២ និង ការតាំងពិព័រណ៍ផលិតផលកសិកម្ម ពាណិជ្ជកម្ម ថា គឺជំរុញការចិញ្ចឹមគោនៅកម្ពុជាឱ្យទទូលបានសាច់ ទឹកដោះគោ សមស្របតាមស្តង់ដារ ។ ជាពិសេសដើម្បីជំរុញទឹកចិត្តប្រជាកសិករងាកទៅរកវិស័យចិញ្ចឹមសត្វវិស័យកសិកម្មដើម្បីបង្កើនប្រាក់ចំណូលព្រមទាំងចែករំលែកបទពិសោធន៍រវាងសមាគមនិងកសិដ្ឋាននានា និង កាត់បន្ថយភាពក្រីក្រ។
មានតែមួយគត់កសិដ្ឋានគំរូអេចភីក្នុងការប្រមូលពូជគោផ្សេងៗមកអភិរក្សដូចជា ប្រាម៉ាន់ អ៊េងហ្គឺស....ជាដើម ។ ពូជគោទាំងអស់នេះសាច់របស់វាមានតម្លៃខ្ពស់លើទីផ្សារជាពិសេសពេញនិយមនៅតាមបណ្តាហាងនិងសណ្ឋាគារទំនើបៗ ឱ្យតែយើងមានពូជគោសុទ្ធការចិញ្ចឹមការថែរក្សាផ្តល់ចំណីសមស្របតាមបច្ចេកទេសស្តង់ដារអន្តរជាតិយើងនឹងទទួលផលប្រយោជន៍ជាច្រើន។
លោកបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្មមានប្រសាសន៍ថា សព្វថ្ងៃកម្ពុជាមានគោក្របីជាង ៤ លានក្បាល ក្នុងនោះមានគោ ៣ លាន ៤សែន និងងក្របីជាង ៧០ ម៉ឺនក្បាល ។ ភាគច្រើនគោក្របីដែលយើងមាននេះមិនមែនជាពូជល្អទេ គឺពូជក្នុងស្រុកដែលចេះតែតូចទៅៗដូច្នេះយើងចាំបាច់ត្រូវការពូជគោល្អៗដូចជា ប្រាម៉ាន់ដើម្បីយកមកបង្កាត់ពូជ ។ តាមរយៈពិព័រណ៍ពូជគោប្រាម៉ាន់ជាគំរូសង្ឃឹមថា ទៅអនាគតនឹងមានកសិដ្ឋានច្រើនទៀតនិងធ្វើឱ្យការចិញ្ចឹមសត្វកាន់តែរីកលូតលាស់ផងដែរ ។ ទាក់ទងនឹងពូជគោនោះ លោកបណ្ឌិត ច័ន្ទ សារុន បានមានប្រសាសន៍ថាកម្ពុជាបាននាំពូជគោ អារីយ៉ាណាកមពីឥណ្ឌានៅឆ្នាំ១៩៥៦ ។ នៅទស្សវត្ស១៩៦០និង៧០រដ្ឋាភិបាលបានបង្កើតស្ថានីយ៍ចិញ្ចឹមគោយកទឺកដោះនៅស្ថានីយ៍ព្រះវិហារខេត្តកំពង់ចាម ។ តែនៅទស្សវត្ស៧០និងរបបប៉ុលពតការចិញ្ចឹមសត្វបាត់អស់ទាំងស្រុង ។ ក្រោយថ្ងៃ ៧មករាកម្ពុជាបាននាំពូជគោប្រាម៉ាន់ ១៨៣ ក្បាលនៅឆ្នាំ១៩៨៥ ។ បង្កើតកសិដ្ឋានចិញ្ចឹមគោនៅភ្នំតាម៉ៅ ។ នៅឆ្នាំ២០០៨ បាននាំពូជគោកំផែងសែន ២២ ក្បាលពីថៃ ។ ដូច្នេះនៅកម្ពុជាមានពូជគោ ៤ប្រភេទគឺ គោស្រុក គោអារីយ៉ាណា ប្រាម៉ាន់និងកំផែងសែន ៕
ដោយ : ចក្ខុ
No comments:
Post a Comment