ភ្នំពេញ៖ ស្ពានចេញចូលកោះពេជ្រចំនួន២ខ្សែទៀត នឹងត្រូវសាងសង់ឡើងនៅចុងខែមករា ឆ្នាំ២០១១ នេះ ដោយក្រុមហ៊ុនវិនិយោគទុកអណិកជនកម្ពុជា OCIC ដែលគ្រោងនឹងចំណាយថវិកាចំនួន២,៥៥៥,០៩០ដុល្លារសហរដ្ឋអាមេរិក និងប្រើរយៈពេលសាងសង់ចំនួន៩ខែ។
តាមការគ្រោងទុក កម្មវិធីសម្ពោធបើកការដ្ឋាននេះ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកជំទាវបណ្ឌិត។
គួររំឭកថា កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១០ សាលារាជធានីភ្នំពេញ និងក្រុមហ៊ុនកោះពេជ្របានរៀបពិធីសែនក្រុងពាលីនៅគល់ស្ពានពេជ្រផ្នែកខាងកើត ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី បើកដំណើរការជាថ្មី ក្រោយពីបិទរយៈពេល១៦ថ្ងៃ បន្ទាប់ពីកើតមាននូវឧបទ្ទវហេតុកាលពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ បណ្ដាលឲ្យមានមនុស្សស្លាប់៣៥៣នាក់ និងរងរបួស៣៩៤នាក់ នាឱកាសនោះដែរ ដោយយោងតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន សាលារាជធានីភ្នំពេញគ្រោងនឹងសាងសង់ស្ពាន២ខ្សែបន្ថែមទៀត មានទទឹង១២ម៉ែត្រ បណ្ដោយ១០១ ម៉ែត្រ មានបង្កាន់ដៃកម្ពស់១.០៥ម៉ែត្រ នៅក្បាលស្ពានទាំងសងខាង គឺមានរូបក្បាលនាគ ឯបង្កាន់ដៃជាតួខ្លួននាគដើម្បីសម្រួលចរាចរណ៍ចេញចូលមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ។
តាមការប៉ាន់ប្រមាណសំណង់ស្ពាននាគទាំង២ខ្សែថ្មីនេះទំនងជាស្ថាបនារួចរាល់ស្របពេលគ្នានឹងពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ នាចុងឆ្នាំ២០១១ ខាងមុខនេះ៕
No comments:
Post a Comment