Tuesday, January 25, 2011

អនុប្រធាន​ទី​១​ព្រឹទ្ធសភា​បារាំង​ជួប​ជាមួយ​សម​ភាគី​កម្ពុជា​

ភ្នំពេញ: នៅក្នុង​ជំនួប​នា​ព្រឹក​ថ្ងៃ​ទី​២៥​ខែ​មករា​នេះ នៅ​មន្ទីរ​ព្រឹទ្ធសភា លោក​ទេព ង​ន អនុប្រធាន​ព្រឹទ្ធសភា​កម្ពុជា និង​លោកស្រី​កាតឺ​រីន តា​ស្កា​(Catherine Tasca) អតីត​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ បច្ចុប្បន្ន​ជា​អនុប្រធាន​ទី​១​នៃ​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​មិត្តភាព ព្រឹទ្ធសភា​បារាំង​-​កម្ពុជា បាន​ឯកភាពគ្នា​ថា នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យបាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​។​

​អ្នកនាំពាក្យ​នៃ​ជំនួប​សវន​ការ​នេះ​បាន​ឱ្យដឹងថា លោក​ទេព ង​ន បានលើកឡើង អំពី​ទំនាក់ទំនង​មិត្តភាព​រវាង​កម្ពុជា និង​បារាំង ដែល​មាន​ជា​យូរលង់​ណាស់​មកហើយ និង​បាន លើកឡើង​អំពី​ទំនាក់ទំនង​ខាង​ផ្នែក​សេដ្ឋកិច្ច ដែល​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​របស់​បារាំង​មួយ​ចំនួន ដូចជា ក្រុមហ៊ុន​រ៉ែ​ប្រេង បាន​និង​កំពុងតែ​ប្រកប​របរ​រកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​ទេព ង​ន ក៏​បាន​សំណូមពរ​ឱ្យ​ព្រឹទ្ធសភា​បារាំង​ផ្តល់​ជា​អាហារូបករណ៍ ឬក៏ ផ្តល់​ឱកាស​សម្រាប់​មន្ត្រី​ព្រឹទ្ធសភា​កម្ពុជា បាន​ទៅ​សិក្សា​ភាសា​បារាំង ឬ​សិក្សា​លើ​អ្វី​ដែល​ស្ថិតនៅ​ក្នុង​កិច្ច សហប្រតិបត្តិការ​លើ​វិស័យ​ជំនាញ​ផ្សេងៗ​របស់​ព្រឹទ្ធសភា​បារាំង ដើម្បី​ជា​ការផ្លាស់ប្តូរ​នូវ​កិច្ច​សហប្រតិបត្តិ ការ​រវាង​ព្រឹទ្ធសភា​នៃ​ប្រទេស​ទាំង​ពីរ​។​

​ជា​ការឆ្លើយតប លោកស្រី​កាតឺ​រីន តា​ស្កា បាន​ទទួលយក​សំណូមពរ​ឱ្យមាន​ការផ្លាស់ប្តូរ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា និង​បារាំង ហើយ​លោក​ស្រី​សន្យាថា នឹង​ជួយ​ជម្រុញ​ដល់​រដ្ឋាភិបាល​បារាំង ជាពិសេស​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ឱ្យ​ផ្តល់​ឱកាស​ដល់​មន្ត្រី​ព្រឹទ្ធសភា​កម្ពុជា បាន​ទៅ​សិក្សា​នៅ​ប្រទេស បារាំង​។​

​ក្រៅពីនោះ ភាគី​ទាំងពីរ​បាន​ពិភាក្សា​អំពី​សភាពការណ៍​មួយចំនួន ពាក់ព័ន្ធ​ទៅ​នឹង​នយោបាយ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ក៏​សង្ឃឹម​ថា ប្រទេស​ទាំង​ពីរ ជាពិសេស​អង្គការនីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំង​ពីរ នឹង​កាន់តែ​រឹតចំណង​មិត្តភាព សហប្រតិបត្តិការ​ទ្វេ ភាគី ឱ្យបាន​កាន់តែ​ខ្លាំងក្លា​និង​ល្អ​ប្រសើរ​ថែម​ទៀត​។​

​លោកស្រី Catherine Tasca បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​២៤​មករា​ដល់​៣០​មករា​ឆ្នាំ​២០១១៕

ដោយ : សម្បត្តិ

No comments:

Post a Comment