បន្ទាយមានជ័យ៖ នៅចម្ងាយប្រមាណ១០០ម៉ែត្រពីព្រំដែនថៃភាគខាងជើងប្រទេសកម្ពុជាត្រង់ចំណុច ភូមិជោគជ័យ ឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យមានប្រជាពលរដ្ឋមួយភាគធំជួបការលំបាករកទឹកប្រើប្រាស់សម្រាប់ធ្វើជាអាហារ ងូត និងស្រោចដំណាំ។
ក្នុងកិច្ចដំណោះស្រាយជាបណ្តោះអាសន្ននាថ្ងៃទី២៤ខែមករានេះក្រុមការងារដឹកនាំដោយ លោក ហួត ឃាងវេង អគ្គនាយករងអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ន លោក នង គន្ធាវី សមាជិកក្រុមការងារស្ថាបនាអណ្តូងទឹកស្អាត និងក្រុមការងារវិទ្យុនិងទូរទស្សន៍បាយ័នជាច្រើនរូបបានអញ្ជើញចុះធ្វើការប្រគល់ទទួលសមិទ្ធផលអណ្តូងទឹកស្អាតចំនួន៥បន្ថែមទៀតជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវ ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ។
យោងតាមប្រសាសន៍របស់មេឃុំលោក សួង មឿន បានឲ្យដឹងថា ទូទាំងឃុំអូរបីជាន់កន្លងមកនៅ រាល់ដើមរដូវប្រាំងនិងដើមរដូវវស្សាប្រជាពលរដ្ឋជាច្រើនមានការលំបាកខ្លាំងក្នុងការរកទឹកមកប្រើប្រាស់ដោយសារកង្វះទឹកស្អាតប្រើប្រាស់នេះហើយទើបធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនជីកត្រពាំង តូចៗ ខ្លះគ្មានទឹកប្រើប្រាស់ត្រូវទៅដងនៅឆ្ងាយដោយការទិញទឹកយកមកប្រើប្រាស់ហើយប្រភពទឹកដែលបានមកទាំងនោះមិនធានាដល់ភាពអនាម័យ និងសុខភាពរបស់គេឡើយ។
តំណាងជាងជីកអណ្តូងបានឲ្យដឹងថា តំបន់នេះមួយភាគធំពិបាកជីកអណ្តូងហើយអណ្តូងដែលជីកបានមកគឺបានជួលឲ្យគេជីកក្នុងតម្លៃខ្ពស់ក្នុងខណៈនេះគេក៏សង្កេតឃើញមានត្រពាំងអណ្តូងទឹករបស់អ្នកភូមិមួយចំនួនមានការរីងស្ងួតដោយសារមានតម្រូវការប្រើប្រាស់ទឹកច្រើនអាកាសធាតុក្តៅហួតហែងនិងការបម្រែបម្រួលអាកាសធាតុជាដើម។ តំណាងប្រជាពលរដ្ឋបានឲ្យដឹងថា ការទទួលបានអណ្តូងទឹកស្អាត ជាអំណោយរបស់សម្តេចតេជោនិងលោកជំទាវ គឺប្រជាពលរដ្ឋនៅក្នុងភូមិមាន ការសប្បាយចិត្តជាខ្លាំង ហើយទឹកអណ្តូងនេះទៀតគឺបានស្ថាបនាទាន់ពេលវេលា និងទាន់តម្រូវការ ចង់បានជាចាំបាច់។
លោក ហួត ឃាងវេង តំណាងឲ្យលោកជំទាវហ៊ុន ម៉ាណា អគ្គនាយិកាអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័នមានប្រសាសន៍ថានេះជាការយកចិត្តទុកដាក់និងរួមចំណែកជួយរំលែកទុក លំបាកប្រជាពលរដ្ឋជួបការខ្វះខាតទឹកស្អាតប្រើប្រាស់នៅតំបន់ដាច់ស្រយាល និងការលើកកំពស់សុខភាពអនាម័យរបស់ប្រជាពលរដ្ឋតាមរយៈការសំណើសុំពីអាជ្ញាធរមូលដ្ឋាន ការស្ថាបនាអណ្តូងទឹកស្អាត ។ លោក ហួត ឃាងវេង បន្តថា អនុវត្តតាមទិសដៅការងារមនុស្សធម៌ អគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័នគ្រោងនិងបន្តអនុវត្តសកម្មភាពការចុះពិនិត្យផ្តល់ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃស្ថាបនាអណ្តូងទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ឲ្យបាននៅគ្រប់ខេត្តក្រុងទូទាំងប្រទេស ដោយឡែកក្នុងរយៈ៣ឆ្នាំកន្លងមកនេះគឺរៀងរាល់ថ្ងៃទី៧ខែមករាក្រុមការងារបានចុះស្ថាបនាអណ្តូង ហើយមានតំបន់ដាច់ស្រយាលជួបការខ្វះខាតទឹកនៅក្នុងប្រមាណ១៥ ខេត្តក្រុងបានទទួលអណ្តូងទឹកដែលជាអំណោយសម្តេចតេជោនិងលោកជំទាវហើយ ការងារនេះ បានធ្វើនៅបុគ្គលិកមានការទំនេរពីការងារ។
លោក ហួត ឃាងវេងបន្តថា អណ្តូងទឹកស្អាតដែលអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍ បាយ័នបានចាប់ផ្តើមសិក្សា និងស្ថាបនានៅថ្ងៃទី៧ខែមករាឆ្នាំ២០១១ នេះហើយការប្រារព្ធពិធីទទួលនិងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការនាពេលនេះនឹងបានរួមចំនែកជួយសម្រាលទុកលំបាកដល់ប្រជាពលរដ្ឋក្នុងការរកទឹកដែលជាអាហារមួយមិនអាចខ្វះបានសម្រាប់ជីវិតមនុស្ស សត្វ និងរុក្ខជាតិទូទៅ ហើយសង្ឃឹមថា បងប្អូនដែលអាស្រ័យផលទឹកអណ្តូងទាំងអស់ត្រូវចេះប្រើប្រាស់រួមគ្នា រួមគ្នាថែរក្សាភាពអនាម័យនិងការធានាបានការប្រើប្រាស់បានយូរអង្វែង។
ក្នុងឱកាសនោះ លោក ហួត ឃាងវេង និងលោក នង គន្ធាវី និងក្រុមការងារ បាន ចែកអំណោយសម្តេចតេជោ និងលោកជំទាវ មានថវិកា ១ម៉ឺនរៀល សារ៉ុង ១ ជូនប្រជាពលរដ្ឋចូលរួមចំនួនប្រមាណជាង២០០នាក់៕
No comments:
Post a Comment