Tuesday, January 25, 2011
គណបក្សសមរង្ស៊ីមិនទាន់មានដំណោះស្រាយរឿងប្តូរតំណាងរាស្ត្រពាក់កណ្តាលអាណត្តិ
ភ្នំពេញ: នៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី២៥មករានេះ គណបក្សសមរង្ស៊ីមិនបានបង្ហាញដំណោះស្រាយណាមួយចំពោះការតវ៉ារបស់បេក្ខជនបំរុងតំណាងរាស្ត្រទាំង៨រូបទេ។ នៅពេលចោទសួរអំពីបញ្ហានេះ លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សប្រឆាំងបានអះអាងថានេះជាសិទ្ធិប្រជាធិបតេយ្យរបស់ពួកគេ។
លោកយឹម សុវណ្ណអះអាងដោយខ្លីថា គណបក្សសម រង្ស៊ីកំពុងអនុវត្តតាមរូបមន្តសមស្របមួយតាមរយៈការផ្តល់តួនាទីខ្លះដល់ពួកគេក្នុងពេលរង់ចាំការបោះឆ្នោតអាណត្តិក្រោយ។ ក្រុមអ្នកចុះហត្ថលេខាលើញ្ញត្តិទាំង៨រូបនៅមិនទាន់មានប្រតិកម្មអ្វីទេនៅព្រឹកនេះដោយពួកគេ អះអាងថារង់ចាំលទ្ធផលនៃការប្រជុំនៅល្ងាចនេះសិន។
បេក្ខជនតំណាងរាស្ត្រ៨នាក់ដែលត្រៀមខ្លួនចូលកាន់តំណែងនៅចុងខែមិនាខាងមុខ បានឆ្លៀតឱកាសដែលលោកសម រង្ស៊ីបានកោះប្រជុំគណៈអចិន្ត្រៃយ៍គណបក្សនៅទីក្រុងម៉ានីលប្រទេសភីលីពីនដើម្បីតវ៉ា។ សមាជិកអចិន្ត្រៃយ៍គណបក្សសម រង្ស៊ី បានធ្វើដំណើរទៅកាន់ទីនោះដើម្បីជួបប្រជុំជាមួយលោកសមរង្ស៊ីប្រធានបក្សប្រឆាំងពីថ្ងៃទី១៦ដល់២៤មរាឆ្នាំ២០១១ព្រោះតែលោកសមរង្ស៊ីមិនអាចចូលស្រុកខ្មែរបានទេព្រោះខ្លាចអាជ្ញាធរចាប់ដាក់ពន្ធនាគារ។
សមាជិកគណៈនាយកគណបក្សសម រង្ស៊ី៨រូបដែលត្រៀមខ្លួនចូលកាន់តំណែងជាសមាជិកសភាពាក់កណ្តាលអាណត្តិបានសរសេរញ្ញត្តិមួយរំលឹកលោកសមរង្ស៊ីឱ្យគោរពការសន្យារបស់ខ្លួនដែលបានសន្យាតាំងពីដើមអាណត្តិថាពួកគេនឹងទទួលតំណែងជាតំណាងរាស្ត្រនៅពាក់កណ្តាលអាណត្តិពោលគឺចាប់ពីថ្ងៃទី២៤មិនាឆ្នាំ២០១១តទៅ។
ញ្ញត្តិនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២២មករាបន្ទាប់ពីមានព័ត៌មានថាលោកសម រង្ស៊ីចង់ បំភ្លេចកិច្ចសន្យានេះចោលវិញដោយសារភាពចម្រូងចម្រាសផ្ទៃក្នុងជាច្រើន។ សមាជិក គណៈនាយកទាំង៨រូបបានរំលឹកឱ្យលោកសមរង្ស៊ីគោរពបាវនារបស់គណបក្សគឺសីលធម៌ សច្ចៈធម៌ និងយុត្តិធម៌។
សូមបញ្ជាក់ថា គោលការណ៍តំណាងរាស្ត្រពាក់កណ្តាលអាណត្តិនេះត្រូវបានគណបក្សសម រង្ស៊ីសម្រេចជាផ្លូវការកាលពីថ្ងៃទី១១ឧសភាឆ្នាំ២០០៨។ ប៉ុន្តែរយៈពេល២ឆ្នាំកន្លះបានកន្លងទៅ គោលការណ៍នេះបានបង្កឱ្យមានភាពចម្រូងចម្រាសជាច្រើននៅក្នុងចំណោមក្បាលម៉ាស៊ីនដឹកនាំគណបក្សសម រង្ស៊ី។ មនុស្សជាច្រើនជាពិសេសតំណាងរាស្ត្រក្នុងតំណែងបានជំទាស់។ រហូតមកទល់ពេលនេះគោលការណ៍នេះនៅតែមិនអាចដោះស្រាយចេញដដែល៕
ដោយ : រតនា
Subscribe to:
Post Comments (Atom)
No comments:
Post a Comment