កំពត: ក្រុមហ៊ុន និងអាជ្ញាធរខេត្តកំពតនឹងផ្អាកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅរមណីយដ្ឋានភ្នំបូកគោ ដើម្បីផ្តល់ឱកាសឲ្យភ្ញៀវទេសចរបានមកកំសាន្ដ ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ ។ រមណីយដ្ឋានភ្នំបូកគោជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្ររបស់ខ្មែរ ដែលមានឈ្មោះល្បីល្បាញ។
លោក យ៉ង ភីរម្យ នាយកឧទ្យានជាតិព្រះមុនីវង្សបូកគោបានឱ្យដឹងថា នាឱកាសបុណចូលឆ្នាំចិនឆ្នាំនេះ រមណីយដ្ឋានភ្នំបូកគោនឹងបើកឲ្យភ្ញៀវទេសចរឡើងរយៈ ៦ ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១១ ហើយឥឡូវនេះខាងលោកបានដាក់លិខិតជូនទៅអាជ្ញាធរខេត្ត ស្នើសុំកម្លាំង ដើម្បីការពារសុវត្ថិភាពក្នុងរយៈពេលបើកនោះ ។ ពេលនេះផ្លូវកៅស៊ូធ្វើរួច ៩០ ភាគរយហើយ នៅសល់តែ ៤ គីឡូម៉ែត្រ គឺពីគីឡូលេខ១៤ ដល់គីឡូលេខ ១៧ ។ ប៉ុន្តែមិនមែនមានន័យថាត្រង់នោះផ្លូវពិបាកនោះទេ ដោយសារកន្លងទៅនេះក្រុមហ៊ុនត្រូវពង្រីកឲ្យធំទូលាយ ពោលគឺពង្រាបបានល្អស្អាតអស់ហើយ ។
លោកអភិបាលខេត្តកំពតបានឲ្យដឹង នាព្រឹកថ្ងៃទី២៤ ខែមករានេះថា នាឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ ក្រុមហ៊ុនសុខាអូតែលនឹងអនុញ្ញាតឲ្យភ្ញៀវឡើងទៅលេងកម្សាន្ត ដោយពេលនេះខាងឧទ្យានុរក្ស បានស្នើសុំកម្លាំងសមត្ថកិច្ច ដើម្បីដាក់ពង្រាយការពារសុវត្ថិភាព សម្រាប់ដំណើរកម្សាន្តរបស់ភ្ញៀវ ។ ការឲ្យឡើងរយៈពេលប៉ុន្មានថ្ងៃវាអាស្រ័យលើក្រុមហ៊ុន ចំណែកអាជ្ញាធរពេលគេសុំកម្លាំងបានត្រឹមតែបញ្ជូន ទៅសហការក្នុងការការពារ សេចក្តីសុខសាន្តជូនប្រជាពលរដ្ឋប៉ុណ្ណោះ ការកំណត់យ៉ាងណាស្ថិតនៅលើក្រុមហ៊ុន ព្រោះសព្វថ្ងៃក្រុមហ៊ុនកំពុងដំណើការសាសង់គ្រប់ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ផ្សេងៗទៀតយ៉ាងមមាញឹក ។
គួរបញ្ជាក់ថា សេវាកម្មទេសចរណ៍ខេត្តកំពតនាពេលបច្ចុប្បន្ន កំពុងមានលក្ខណៈកាន់តែល្អប្រសើរឡើងហើយ ក្នុងនោះនៅទូទាំងខេត្តមានសណ្ឋាគារចំនួន ៥ និងផ្ទះសំណាក់ ៣៧ ជាសរុបមាន៦៨១ បន្ទប់ ។ ដោយឡែកភោជនីយដ្ឋាន និងអាហារដ្ឋានដែលមន្ត្រីនៃមន្ទីរទេសចរណ៍អះអាងថា អនុវត្តបានតាមការណែនាំពីលក្ខណៈអនាម័យ សេវាកម្មបម្រើភ្ញៀវត្រឹមត្រូវនោះមានចំនួន ៣៥ កន្លែង ៕
ដោយ : ចក្រី
No comments:
Post a Comment