Tuesday, January 25, 2011

កម្ពុជាស្នើ​សុំ​​ឱ្យបារាំង​​​ជំរុញ​​អ្នក​វិនិ​យោគ​​​របស់ខ្លួន​​មកកាន់តែ​ច្រើន​ថែម​ទៀត

 (រូបថត សំអូន)
រាជធានីភ្នំពេញ ៖ លោកងួន ញ៉ិល ​ប្រធានស្តី​ទី​​រដ្ឋសភា និង​ជា​ប្រធាន​​ក្រុម​សភា​កម្ពុជានិ​យាយភាសាបារាំង បានស្នើសុំ​​ដល់​​លោក​ស្រី​​អនុ​​ប្រធាន​​ទី​១ព្រឹទ្ធសភា​​បារាំង ឱ្យ​​ជំរុញ​​​អ្នកវិនិយោគ​​បារាំង​មកធ្វើការ​​វិនិយោគ​​​​​​នៅ​កម្ពុជា​កាន់តែ​ច្រើនថែមទៀត​​ ដែល​ការស្នើ​នេះ​បាន​​ធ្វើឡើង ខណៈ​​​ជំនួប​​ពិភាក្សា​​​ការងារ​ជា​មួយ​គណៈ​ប្រតិភូ​​​ព្រឹទ្ធសភា​​​បារាំង​ដឹកនាំ​ដោយ​​លោក​ស្រីកាតឺរីន តាស្កា (Catherin Tasca) កាល​ពី​ព្រឹកថ្ងៃទី​​​២៥ មករា ២០១១ នៅវិមានរដ្ឋ
សភា ។
លោកងួន ញ៉ិល ​បាន​មានប្រសាសន៍​​ថា ​លោក​ស្វាគមន៍​​​ចំពោះដំណើរទស្សន​កិច្ច​​​ផ្លូវ​ការ​របស់​ប្រតិភូ​​ព្រឹទ្ធសភា​​បារាំង​​ក្នុងប្រទេស​កម្ពុជា ​ដើម្បី​​​​ពិនិត្យ​មើលការរីកចំរើន​​​លើគ្រប់វិស័យ​​​របស់​កម្ពុជា ​ដូច​ដែល​​​គណៈ​ប្រតិភូ​បានមើល​​​ឃើញ​​​ស្រាប់​នៅពេល​នេះ ។ ​រដ្ឋសភា​​កម្ពុជា​​បាន​ធ្វើការ​​អនុម័ត​​ច្បាប់​​​បានជាង​​​៤០០​ច្បាប់ និង​មាន​ច្បាប់​​ជាច្រើនទៀត​គ្រោង​នឹង​​អនុម័ត​​​នៅ​ពេល​ខាងមុខនេះ ។​ ដំណើរទស្សនកិច្ច​​នេះ​នឹង​ពង្រឹង​​​ទំនាក់ទំនង​រវាង​ប្រទេស​​​​ទាំង​ពីរ​កម្ពុជា-​បារាំងថែមទៀត បន្ទាប់ពី​​​ប្រទេសទាំង​២​​មាន ទំនាក់ទំនង​ការទូត​​ជាមួយគ្នា​យូរយារ​ណាស់​មកហើយ ។​
គួរបញ្ជាក់​ថា លោកស្រី​​​កាតឺរីន ​តាស្កា បាន​មក​ដល់​ប្រទេស​កម្ពុជា កាលពី​​ថ្ងៃចន្ទ ទី​២៤ មករា ​ម្សិល​មិញ​ ក្នុងដំណើរទស្សន​​​កិច្ច​​ផ្លូវ​ការ​​រយៈ​ពេល​​១សប្តាហ៍​​ក្នុងប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃ​​ទី​​​២៤ ដល់ថ្ងៃទី​​​៣០ មករា ។ ​តាមសេចក្តី​​​រាយ​ការណ៍​​​បាន​ឱ្យ​ដឹងថា ដំណើរទស្សន​កិច្ច​​​របស់​លោកស្រីអនុប្រធាន​​ទី​១ ព្រឹទ្ធសភា​​បារាំង​​នា​ពេល​នេះ ធ្វើ​ឡើងក្នុងគោលបំណង​ពិនិត្យ​​​​លទ្ធ​ផល​​ការងា​រលើ​កិច្ច​​​សហប្រតិបត្តិ​​ការដែល​​​កំពុង​អនុវត្ត​​​ជាមួយព្រឹទ្ធ​សភា​កម្ពុជា ជាពិសេស​ក្នុង​ក្រប​ខណ្ឌ​​នៃបណ្តា​​ប្រទេស​និយាយ​ភាសាបារាំង និងការ​កំណត់​​​​ទស្សន​វិស័យ​​សំរាប់អនាគត ។
ក្នុងដំណើរ​​ទស្សន​កិច្ច​​​នេះ​ លោកស្រី​​កាតឺ​រីន​តាស្កា ​រួមជាមួយព្រឹទ្ធសមាជិក​កម្ពុជា នឹង អញ្ជើញ​​ចូលរួមក្នុង​សិក្ខា​សាលា​​​មួយ​ពាក់ព័ន្ធ​​​​នឹង​តួនាទី​​របស់សមាជិកព្រឹទ្ធសភា​ក្រោម​ប្រធានបទ ការងា​រនីតិ​កម្ម ការពិនិត្យ​​​ការអនុវត្ត​​ច្បាប់ និង​សកម្មភាព​ក្នុងមូលដ្ឋាន ។ ​សេចក្តី​​រាយការណ៍​​បាន​បន្តថា គណៈ​ប្រតិ​ភូ​ព្រឹទ្ធ​សភាបារាំង ក៏នឹង​ចូល​ក្រាបបង្គំ​​​គាល់ព្រះករុណា​ព្រះបាទ​​សម្តេច​ព្រះ​​បរ​មនាថ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រ​​នៃព្រះរាជាណាចក្រ​​កម្ពុជា ជួបសវនាការ​ជាមួយ​សម្តេចប្រធាន​ព្រឹទ្ធសភា ជា​ ស៊ីម និង​សម្តេច​តេជោនាយករដ្ឋ​មន្ត្រី​​​ហ៊ុន សែន​ ផងដែរ ។
នៅ​មុន​បញ្ចប់​​ដំណើរ​ទស្សន​កិច្ច​​​ និង​ការ​និវត្តន៍​​ទៅកាន់​ប្រទេស​បារាំង​វិញ លោកស្រី​អនុ​ប្រធាន​ទី​១ ព្រឹទ្ធសភា​​បារាំង នឹង​ធ្វើដំណើរ​​ទៅ​កាន់​​ខេត្ត​សៀមរាប ដើម្បីជួប​ពិភាក្សា​​​ការងារ​ជា​មួយ​លោកស៊ូ ភិរិន្ទ អភិបាល​ខេត្ត​សៀមរាប ទស្សនា​​​សាលា​បារាំង និង​ទស្សនា​ប្រាសាទ​អង្គរ​វត្ត និង​ប្រាង​្គប្រាសាទ​នានាផងដែរ ៕​

ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment