ភ្នំពេញ: ទោះបីជាបើកសវនាការ៥លើកហើយក៏ដោយ ក៏រឿងក្តីក្នុងគ្រួសារត្រកូលខូវនៅមិនទាន់ចប់ដែរ ។ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១១ លោកស្រីប៉ែន ជីវណ្ណ អតីតភរិយារបស់លោក ខូវ ជឺលី បានមកចូលឆ្លើយបំភ្លឺនាពេលសវនាការរឿងក្តីភរិយាក្រោយរបស់លោកឧកញ៉ា ខូវ ជឺលី និងមនុស្សចំនួន ៤ នាក់ទៀត ដែលមានការជាប់ពាក់ព័ន្ធនឹងការរៀបគម្រោងសម្លាប់ប្រពន្ធកូន របស់លោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន ព្រមទាំងជាកូនស្រី និងចៅស្រីរបស់លោកឧកញ៉ា ខូវ ជឺលី។
ជនជាប់ចោទទាំង ៥ នាក់ នោះមានឈ្មោះ ចាន់ សុខា ភេទស្រី អាយុ ៣៧ ឆ្នាំ មុខរបរអ្នកបម្រើផ្ទាល់ខ្លួននៅផ្ទះលោកខូវ ជឺលី ឈ្មោះនាង ស៊ីណាត ភេទស្រី អាយុ២៥ឆ្នាំ អ្នកបម្រើនៅផ្ទះស៊ុន ចាន់ថុល, ឈ្មោះ ខន ឡាក់ ហៅសុខ ឡាក់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនខូវ ជឺលី, ឈ្មោះយាន សុធារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុនខូវជឺលី បានត្រូវសមត្ថកិច្ចប៉ូលិសឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១០ និងខែកក្កដា ឆ្នាំ២០១០ ។
ដោយឡែកឈ្មោះ សេង ចន្ទ័ដា ហៅ ខូវ ចន្ទ័ដា ភរិយាលោក ខូវ ជឺលី បានត្រូវសមត្ថកិច្ចប៉ូលិសឃាត់ខ្លួនកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១០ តែនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១០ ចៅក្រមស៊ើបសួរបានសម្រេចមិនឃុំខ្លួនរួចដោះលែង ឲ្យមានសេរីភាពវិញដោយដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ។ ប៉ុន្តែមកដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១០ ប៉ូលិសបានឃាត់លោកស្រី តាមដីការួចបញ្ជូនមកតុលាការចាត់ការតាមច្បាប់ក្នុងរឿងដដែលខាងលើនេះ ។
នាពេលនេះលោកស្រី ប៉ែន ជីវណ្ណ អាយុ៧៨ឆ្នាំ អតីតភរិយាទី២ របស់លោកឧកញ៉ាខូវ ជឺលី ដែលស្ថិតនៅក្នុងបន្ទប់សវនាការ ទាំងអង្គុយលើរទេះរុញបានឆ្លើយបំភ្លឺប្រាប់តុលាការថា ខ្ញុំជាមនុស្សកាន់សីលដូច្នេះខ្ញុំនិយាយអ្វីការពិត ហើយកន្លងមកកូនៗទាំងអស់តែងនិយាយប្រាប់ខ្ញុំថា ពួកគេមានការមិនពេញចិត្តចំពោះលោកស្រី សេង ចន្ទ័ដា ដែលជាភរិយាទី៤ របស់លោកប៉ា ព្រោះពួកយើងតែងមានបញ្ហាជាមួយគាត់រហូត ។ ចំណែកកូនឈ្មោះ ស៊ុន សុថា គឺមិនពេញចិត្តនឹងសេង ចន្ទ័ដា ទេដោយសារតែកូនស្អប់មនុស្សដែលយកប្តីគេ ដូច្នេះទើបកូនម្នាក់នេះមិនទទួលស្គាល់ សេង ចន្ទ័ដា ជាម្តាយទេ ។ ដោយសារតែបញ្ហានេះហើយទើបឈ្មោះ សេង ចន្ទ័ដា មានការមិនពេញចិត្តនឹងកូនឈ្មោះ ស៊ុន សុថាទេ រហូតហៅបក្ខពួកមកប៉ុនប៉ងសម្លាប់ និងរំលោភលើកូនម្នាក់នេះ ។
លោកស្រី ខូវ ជឺឡាសាឌី កូនស្រីច្បងរបស់លោកឧកញ៉ា ខូវ ជឺលី បានឆ្លើយបំភ្លឺថា សេង ចន្ទ័ដា ជាអ្នករៀបគម្រោងការចង់ធ្វើបាបពួកខ្ញុំ ទើបនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១០ ខ្ញុំ និងបងប្អូន៤នាក់ទៀតបានសម្រេចចិត្ត សរសេរលិខិតទៅប៉ូលិស ដើម្បីឲ្យជួយអន្តរាគមន៍ ។ កន្លងមកឈ្មោះ ចាន់ សុខា ដែលនៅជិតជាមួយប៉ា គឺតែងរាយការណ៍អ្វីដែលជាប់ពាក់ព័ន្ធនឹងប៉ា ហើយនៅថ្ងៃមួយ ចាន់ សុខា បានប្រាប់ថា មីងឈ្មោះ សេង ចន្ទ័ដា បានឲ្យប៉ាយួរកាបូបទាំងសងខាងកាន់ឡើងកាំជណ្តើរ ថែមទាំងពេលលោកប៉ាឈឺ គឺមីងមិនបានមើលថែទេ ។ នៅពេលដែលខ្ញុំលឺពាក្យនេះហើយ ខ្ញុំមានការខូចចិត្តយ៉ាងខ្លាំង ។
ខូវ ជឺឡាសាឌី បានបន្តទៀតថា បន្ទាប់ពី ចាន់ សុខា ជាប់ក្នុងពន្ធនាគារនាងប្រាប់តាមប្អូនថា ចង់ជួបខ្ញុំ ទើបនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១០ ខ្ញុំបានចូលជួបនាងនៅពន្ធនាគារ ។ នៅពេលនោះនាងបានសារភាពពីអ្វីដែលនាងបាន ធ្វើមកលើប្អូនស្រីឈ្មោះ ស៊ុន សុថា ហើយខ្ញុំបានកត់ត្រាជាលាយលក្ខ័អក្សរ ព្រមទាំងបានថតសម្លេងថែមទៀត ។ ចំណែកប្រាក់ ១០០ ដុល្លារ និងផ្លែឈើគឺខ្ញុំបានឲ្យនាងព្រោះតែការអាណិតតែប៉ុណ្ណោះ មិនមែនជាការទិញទឹកចិត្តទេ ហើយខ្ញុំក៏បានឲ្យប្រាក់ទៅឈ្មោះ នាង ស៊ីណាត ចំនួន ១០០ ដុល្លារអាមេរិកដូចគ្នានឹងការអាណិតនាងដែរ ។
គួរបញ្ជាក់ថា លោកមេធាវី ប៉ាល់ ចន្ទ័តារា បានចាក់វីឌីអូក្នុងបន្ទប់សវនាការ ស្តីពីសកម្មភាពដែលប៉ូលិសបានសាកសួរចម្លើយលើជនជាប់ចោទឈ្មោះ ចាន់ សុខា ដោយពុំមានធ្វើទារុណ្ឌកម្ម និងការគំរាមកំហែង ហើយឈ្មោះ នេះបាននិយាយសារភាពពីគម្រោងការប៉ុនប៉ងធ្វើឃាតលើឈ្មោះ ស៊ុន សុថា ។
តំណាងអយ្យការបានធ្វើសេចក្តីសន្និដ្ឋានស្នើសុំឲ្យតុលាការផ្តន្ទា ទោសជនជាប់ចោទទាំង ៥ នាក់តាមច្បាប់ ដែលបានកំណត់ ។ ដោយឡែកមេធាវីតំណាងឲ្យដើមបណ្តឹងក៏បានធ្វើសេចក្តីសន្និដ្ឋានស្រដៀងគ្នានេះដែរ ប៉ុន្តែដោយសារពេលវេលាខ្លីមេធាវីការពារជនជាប់ចោទមានដល់ទៅ ៦ នាក់ រួចបានធ្វើសេចក្តីសន្និដ្ឋានតែ ២ នាក់នោះ ដូច្នេះតុលាការបានសម្រេចផ្អាកសវនាការលើកទី៥ នេះសិន រួចបន្តទៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១១ ខាងមុខនេះ ពោលគឺជាសវនាការលើកទី៦ ៕
ដោយ : រតនា
No comments:
Post a Comment