មណ្ឌលគិរី: មន្ត្រីពាក់ព័ន្ធមួយចំនួនរបស់ខេត្តមណ្ឌលគីរីបានទទួលចំណេះដឹងស្តីអំពីអភិបាលកិច្ចមូលដ្ឋាន ដើម្បីពង្រឹងនូវសមត្ថភាពកាន់តែប្រសើរឡើងទាក់ទងទៅនឹងអភិបាលកិច្ចមូលដ្ឋានឆ្លើយតបទៅនឹងការអភិវឌ្ឍន៍តាមភូមិ-ឃុំ ។
តាមរយៈសិក្ខាសាលាផ្សព្វផ្សាយបទពិសោធន៍និងចំណេះដឹងស្តីអំពី អភិបាលកិច្ចមូលដ្ឋាននៅប្រទេសជប៉ុន ដែលត្រូវបានរៀបចំទ្បើងដោយមានការគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា រួមសហការជាមួយគំរោងកសាងសមត្ថភាពអភិវឌ្ឍន៍ជនបទនៅក្នុងខេត្តភាគឥសាន្ត ហៅកាត់ថា (PRDNEP) របស់ JICA និង សមាគមមិត្តភាពយុវជនកម្ពុជា-ជប៉ុន (JAAC) កាលពីចុងសប្តាហ៍កន្លងទៅនេះ ។
លោក ហេង សំណាង អភិបាលរងខេត្តមណ្ឌលគីរីបានមានប្រសាសន៍ថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងដែលពាក់ព័ន្ធនឹងការងារ អភិបាលកិច្ចមូលដ្ឋាននៅប្រទេសជប៉ុន និងពិភាគ្សាអំពីបទពិសោធន៍ល្អៗ ដែលអាចយកមកអនុវត្តន៍បាននៅក្នុងភារកិច្ចប្រចាំថ្ងៃ ដើម្បីជាការចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរទ្បើងនូវវិស័យអភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា។ ការចែករំលែកបទពិសោធន៍នេះនឹងធ្វើទ្បើង តាមរយៈបទបង្ហាញរបស់សិក្ខាកាម ដែល បានចូលរួមកម្មវិធី បណ្តុះបណ្តាលសំរាប់អ្នកដឹកនាំវ័យក្មេង នៅប្រទេសជប៉ុន ដែលបានប្រព្រឹត្តទៅកាល ពីថ្ងៃទី១៤ ខែវិច្ឆិកា ដល់ ថ្ងៃទី១ ធ្នូ ឆ្នាំ២០១០ កន្លងទៅនេះ ក្រោមប្រធានបទ អភិបាលកិច្ចមូលដ្ឋាន ។
ជាមួយគ្នានោះលោកអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុន JICA ក៏ដូចជាគំរោង PRDNEP ដែលបានសំរេចជ្រើសរើសយកខេត្តមណ្ធលគីរី ជាទីតាំងក្នុងការរៀបចំសិក្ខាសាលានេះ ។ នេះជាការផ្តល់ឱកាសដ៏ល្អសំរាប់មន្ត្រីពាក់ព័ន្ធនៅ ថ្នាក់ខេត្ត និងថ្នាក់ស្រុក នៅក្នុងខេត្តមណ្ឌលគីរីទាំងមូល អាចរៀនសូត្រនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត សំរាប់ការងារអភិវឌ្ឍមូលដ្ឋានរបស់ពួកគាត់ ។
លោក ភោគ ភីរ៉ា តំណាងការិយាល័យ JICA ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ឱ្យដឹងថា JICA បានផ្តោតលើការយកចិត្តទុកដាក់លើអភិបាលកិច្ចល្អជាអតិភាពមួយក្នុងអតិភាពនានា ដែលជួយដល់កម្ពុជាក្នុងនោះមានគម្រោង២ គឺ PILAC2 និង PRDNEP ព្រមទាំងវគ្គបណ្តុះបណ្តាលនានាដូចជា TPYL ជាដើម៕
ដោយ : សេសា
No comments:
Post a Comment