ដើម្បីឱ្យគណបក្សសម រង្ស៊ី អនុវត្ដសមស្របតាមបាវចនាសីលធម៌សច្ចធម៌ និងយុត្ដិធម៌ពិតប្រាកដ, នៅចុងសបា្ដហ៍នេះ សមាជិកគណៈកម្មាធិការនាយក គណបក្សចំនួន៨នាក់ បានធ្វើលិខិតជាលាយលក្ខណ៍អកស្សផ្ញើជូនប្រធានគណបក្ស សម រង្ស៊ី រំឭកអំពីការសន្យារបស់លោកថានឹងបែងចែកអាសនៈសភារបស់គណបក្ស ពាក់កណ្ដាលអាណត្ដិនោះ ។ ប៉ុន្ដែ ក្រុមនេះត្រូវរងការចោទប្រកាន់ថាជាក្រុមសើ រើនិយម ហើយដែលអាចបាត់បង់តំណែងក្នុងបក្សនៅពេលគណបក្សធ្វើវិសុទ្ធិកម្ម (បោសសំអាត) នៅពេលខាងមុខ ។
នៅមុនអាណត្ដិបោះឆ្នោតជ្រើសរើសសភាតំណាងរាស្ដ្រអាណត្ដិទី៤ ឆ្នាំ២០០៨ លោកសម រង្ស៊ី និងមន្ដ្រីស្និទ្ធនឹងលោកមួយចំនួនបានដាក់វិធានការប្រមូលថវិកា ពីក្រុមមន្ដ្រីគណបក្សដែលឈរឈ្មោះលំដាប់លេខរៀងទី១ និងទី២ ដោយសន្យាថា នឹងឱ្យបេក្ខជនទាំងនេះកាន់កាប់អាសនៈសភាពាក់កណ្ដាលអាណត្ដិ ។ ការប្ដូរគ្នា បែបនេះ លោក សម រង្ស៊ី ពន្យល់ថាជាវិធានការនៃកំណែទម្រង់ប្រជាធិបតេយ្យ ស៊ីជម្រៅផ្ទៃក្នុងគណបក្ស ។ អនុលោមតាមកំណែទម្រង់ស៊ីជម្រៅដ៏ចម្លែកខុសគេ នេះ គណបក្សបានប្រមូលថវិកាច្រើនសិបម៉ឺនដុល្លារពីបេក្ខជនលេខរៀងទី១ និង ទី២ ។ មកទល់ពេលនេះ នៅសល់ពេលតែ២ខែទៀតប៉ុណ្ណោះ ដល់ពេលប្ដូរផ្លាស់ នោះហើយ ។ ប៉ុន្ដែបញ្ហានេះទំនងជាទៅមិនរួច ត្បិតមេបក្សកំពុងនីរទេសខ្លួន ហើយមិនពិចារណាលើលិខិតរំឭករបស់បេក្ខជនទាំង៨ទេ, ម្យ៉ាងពេលនេះសោត មន្ដ្រីទទួលខុសត្រូវធំៗរបស់គណបក្សកំពុងស្ថិតនៅប្រទេសហ្វ៉ីលីពីនជួបប្រជុំ ជាមួយមេបក្សដែរ ។ ទោះម្ដេចម្ដា បញ្ហារុះរើផ្លាស់គ្នាអង្គុយអាសនៈសភានា ពាក់កណ្ដាលអាណត្ដិរបស់គណបក្សសម រង្ស៊ី នឹងត្រូវលើក ពិគ្រោះគ្នានៅប៉ុន្មាន ថ្ងៃខាងមុខ គឺនៅក្រោយការត្រឡប់មកវិញរបស់ក្រុមមន្ដ្រីអន្ទ្រើសៗទាំងនោះ ពិសេសគឺប្រធានស្ដីទីគណបក្សលោក គង់ គាំ ។ ក្រុមអ្នកតាមដានសន្និដ្ឋានថា ការប្ដូរផ្លាស់វេនអង្គុយអាសនៈសភារបស់គណបក្សសមរង្ស៊ីនេះ នឹងពុំអាចធ្វើ ទៅរួចទេ, ពីព្រោះម្យ៉ាងក្រុមអ្នកកំពុងអង្គុយអាសនៈសភាបច្ចុប្បន្នដែលពុំទាន់ ស្រង់ដើមរួចនេះ ច្បាស់ជាប្រឆាំងតវ៉ាមិនចុះចេញងាយៗឡើយ ។ ម្យ៉ាងទៀត ក្រុមបេក្ខជនបម្រុងទាំង៨នាក់ នឹងត្រូវគេលាបពណ៌ ថាជាក្រុមសើរើនិយម ហើយក៏ជាមុខសញ្ញាដែលត្រូវកំចាត់នៅពេលខាងមុខដែរ ។
ក្រុម៨នាក់បានអះអាងថា នេះពុំមែនជាការប្រជែងដណ្ដើមកៅអីឬអំណាចអ្វី ទេ ប៉ុន្ដែជាការរំឭកនិងជំរុញមេបក្សឱ្យនឹកឃើញនូវការសន្យារបស់ខ្លួន និងជាការ សាកល្បងឱ្យមេដឹកនាំគណបក្សគោរពតាមបាវចនារបស់បក្សគឺសីលធម៌ សច្ចធម៌ និងយុត្ដិធម៌ឱ្យបានខ្ជាប់ខ្ជួន ដើម្បីជាប្រយោជន៍គណបក្សផង និងជា ប្រយោជន៍ជាតិទាំងមូលផង ។ គួររំឭកថា ការសន្យាបែងចែកអំណាចពាក់ កណ្ដាលអាណត្ដិបែបនេះ លោកសម រង្ស៊ី ធ្លាប់សន្យាតាំងពីឆ្នាំ១៩៩៨ម្ល៉េះ គឺ កាលណោះមេបក្សរូបនេះ បានសន្យាធ្វើនៅព្រឹទ្ធសភា, ប៉ុន្ដែរហូតមកទល់ ពេលនេះ វិធានការប្រជាធិបតេយ្យស៊ីជម្រៅរបស់គណបក្សសមរង្ស៊ីនេះ ត្រូវ ទទួលបរាជ័យរហូត ពោលគឺពុំមានការប្ដូរវេនគ្នាម្ដងណាឡើយ ។ ដូច្នេះហើយ ការសន្យារបស់គណបក្សសម រង្ស៊ី នៅអាណត្ដិទី៤ នេះក៏ជាការសន្យាខ្យល់ឥត ប្រយោជន៍ដែរ ។ បើដូចនេះមែន តើផ្ទៃក្នុងគណបក្សសម រង្ស៊ី នឹងត្រូវប្រឈមនឹង គ្រោះបែកបាក់ប្រេះស្រាំដែរឬទេ នៅមុនការបោះឆ្នោត៣វគ្គ (ព្រឹទ្ធសភា, ឃុំ-សង្កាត់ និងរដ្ឋសភា) ពីឆ្នាំ២០១២ ទៅ២០១៣? វាពិតណាស់ថា អ្នកទាំង៨នេះ នឹងត្រូវខ្ចាត់ខ្ចាយពីគណបក្សជាយថាហេតុ គឺក្រោយពីមិនអាចប្ដូរផ្លាស់អាសនៈ សភានាពាក់កណ្ដាលអាណត្ដិ ហើយថែមទាំងត្រូវគេចោទថាជាក្រុមសើរើនិយម ឬអាចត្រូវគេលាបពណ៌ចោទទៀតថាជារនុកក្នុងរបស់គណបក្សកាន់អំណាច ទៀតផង ។ ដូច្នេះ វាសនារបស់អ្នកទាំង៨ កំពុងស្ថិតនៅក្នុងលក្ខណៈផុយស្រួយខ្លាំង ណាស់ ។
នេះពុំមែនជាការនិយាយពន្លើសឬបន្ថែមបន្ថយ ដើម្បីញុំាងផ្ទៃក្នុងគណបក្ស ប្រឆាំងមួយនេះឱ្យកាន់តែរង្គោះរង្គើនោះទេ ។ ប៉ុន្ដែវាជាការពិតដែលមេដឹកនាំ គណបក្សសមរង្ស៊ី ធ្លាប់កម្ចាត់កម្ចាយគេតាមរូបមន្ដបែបនេះ តាំងពីយូរមក ហើយ គឺថាឱ្យតែនរណាម្នាក់មានគំនិតខុសពីលោកប្រធានហើយ អ្នកទាំងនោះ សុទ្ធតែត្រូវចោទជាមនុស្សក្បត់ និងជាចារកម្មស៊ីរូងផ្ទៃក្នុងគណបក្សទាំងអស់ ហើយចុងក្រោយបង្អស់គេរៀបផែនការកម្ចាត់អ្នកទាំងនោះយ៉ាងហោចណាស់ ក៏ ត្រូវគេដកហូតចេញពីតំណែងឬទំនួលខុសត្រូវផ្សេងៗដែរ ។
ថ្ងៃនេះ មន្ដ្រីធំៗរបស់គណបក្សសម រង្ស៊ី បានវិលចូលប្រទេសវិញហើយ បន្ទាប់ពីចប់ការប្រជុំនៅប្រទេសហ្វីលីពីននៅថ្ងៃទី២៣ មករានេះ ។ ដូច្នេះ វាសនារបស់សមាជិកគណៈកម្មាធិការនាយកទាំង៨នាក់ ក៏នឹងត្រូវគេវិនិច្ឆ័យនៅ ប៉ុន្មានថ្ងៃខាងមុខនេះដែរ ។ ប៉ុន្ដែ ទោះបីជាស្ថិតក្នុងសភាពបែបណា រោង នយោបាយរបស់គណបក្សសម រង្ស៊ីនៅពេលនេះ ចាប់រង្គោះរង្គើឃ្លេងឃ្លោង ពីពេលនេះហើយ គឺពេលដែលមន្ដ្រីគណបក្សទាំង៨ ចាប់បើកការសួរនាំនិងជំរុញ ប្រធានគណបក្សឱ្យប្រតិបត្ដិត្រឹមត្រូវតាមការសន្យានិងបាវចនាគឺ សីលធម៌ សច្ចធម៌និងយុត្ដិធម៌ ។ តើលក្ខណៈបែបនេះ មិនគឺគណបក្សសម រង្ស៊ី រស់ក៏មិន ខ្លាំង ខ្សោយក៏មិនស្លាប់នោះទេឬអី ?៕
No comments:
Post a Comment